Showing posts with label បារាំង. Show all posts
Showing posts with label បារាំង. Show all posts

Monday, June 14, 2010

ការវិនិយោគ​ផ្ទាល់​របស់​បារាំង នៅ​កម្ពុជាមាន​ការ​កើន​ឡើង

លោកស្រី​អាន-ម៉ារី អ៊ីដ្រាក់ (Anne-Marie Idrac) និង​លោក​សុខ អានការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ ប្រទេស​កម្ពុជា​និង​ប្រទេស​បារាំង​នៅ​មាន​ទំហំ​តូច​មែន​ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​បង្ហាញ​ជំហរ​ជម្រុញ​សហ ​ប្រតិបត្តិការ​សេដ្ឋកិច្ច​បន្ថែម​ទៀត​នា​ពេល​អនាគត។

ការ​នាំ​ចេញ​ទំនិញ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​បារាំង​ និង​ការ​វិនិយោគ​ផ្ទាល់​របស់​បារាំង​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ដូចគ្នា​នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។

សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​ក្រោយ​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​លោកស្រី អាន-ម៉ារី-អ៊ីដ្រាក់ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ឧស្សហកម្ម​ និង​ការងារ​បារាំង​ទទួល​បន្ទុក​ក្រៅ​ប្រទេស​ថា ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​បារាំង​មាន​ការ​កើន​ឡើង​ប្រមាណ​ជា​១២​លានអឺរ៉ូ​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ ពោល​គឺ​វា​បាន​កើន​ឡើង​ពី​៧១​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០០៧​មក​ដល់​៨៣​លាន​អឺរ៉ូ​នៅ​ក្នុង​ឆ្នាំ​២០០៩​កន្លងមក។

សេច​ក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ទៀត​ថា ការ​វិនិយោគ​ផ្ទាល់​របស់​បារាំង​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ពី​៧៥​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០០៦​មក​ដល់​៩១​លានអឺរ៉ូ​នៅ​ឆ្នាំ​២០០៨​កន្លងមក។ បើ​ទោះ​បី​ជា​ការ​វិនិយោគ​របស់​បារាំង​នៅ​កម្ពុជា​និង​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​បារាំង​មាន​ការ​កើន​ឡើង​មែន​ក្តី​ ក៏​ប៉ុន្តែ​សេច​ក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​បញ្ច្រាស់​ថា ការ​នាំចូល​ទំនិញ​របស់​បារាំង​មក​កាន់​ទីផ្សារ​កម្ពុជា​មាន​ការ​ថយចុះ​ទៅ​វិញ។

កាល​ពី​ឆ្នាំ​២០០៧​កន្លង​មក​ ប្រទេស​កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​ប្រទេស​បារាំង​ក្នុង​ទឹកប្រាក់​៥៤​លាន​អឺរ៉ូ​ ប៉ុន្តែ​ចំនួន​នេះ​បាន​ធ្លាក់​មក​នៅ​ត្រឹម​តែ​៤៥​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០០៩​កន្លងមក។ ការ​ធ្លាក់ចុះ​នេះ​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ពី​មូលហេតុ​ពិត​ប្រាកដ​នោះ​ទេ។ សូម​បញ្ជាក់​ថា ប្រាក់​អឺរ៉ូ​មួយ​អឺរ៉ូ​មាន​តម្លៃ​ស្មើ​និង​១​ដុល្លារ​៣​កាក់​អាមេរិក។​

ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃ​ទី​១១​ខែ​មិថុនា​កន្លង​មក​នេះ លោក​ស្រី អាន-ម៉ារី-អ៊ីដ្រាក់ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ឧស្សាហកម្ម​និង​ការងារ​បារាំង​បាន​បញ្ជាក់​ថា នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទីមួយ​នៅ​កម្ពុជា​របស់​មន្រ្តី​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​បារាំង​ចាប់តាំង​ពី​ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​នៅ​ឆ្នាំ​១៩៥៣​មក។​ ដូច្នេះ​ដំណើរ​ទស្សនកិច្ច​នេះ​សបញ្ជាក់​ពី​ការ​យកចិត្ត​ទុកដាក់​របស់​ប្រទេស​បារាំង​ចំពោះ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។

លោកស្រី អាន-ម៉ារី-អ៊ីដ្រាក់ បាន​បន្ត​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ទៀត​ថា ប្រទេស​បារាំង​បង្ហាញ​ការ​គាំទ្រ​ផ្តល់​កម្ចី​ដើម្បី​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ថ្នាក់​មូលដ្ឋាន​នៅ​កម្ពុជា​នា​ពេល​អនាគត​ជា​ពិសេស​ក្នុង​វិស័យ​កសិកម្ម​និង​វិស័យ​ទេសចរណ៍។

បើ​ទោះ​បី​ជា​ការ​វិនិយោគ​ផ្ទាល់​របស់​បារាំង​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ដល់​៩១​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០០៨​ក៏​ដោយ​ ក៏​អ្នក​វិភាគ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​​បាន​បញ្ជាក់​ថា នេះ​គឺ​ជា​ចំនួន​ទឹក​ប្រាក់​តិចតួច​ប៉ុណ្ណោះ។

មិន​មែន​តែ​ប្រទេស​បារាំង​ទេ​ដែល​បោះទុន​វិនិយោគ​តិចតួច​នៅ​កម្ពុជា​នោះ​ តាមពិត​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ធំៗ​មួយ​ចំនួន​ផ្សេង​ទៀត​​​ដូចជា ៖​ ប្រទេស​អាមេរិក​ ប្រទេស​ជប៉ុន​ ក៏​មិនមាន​ការ​វិនិយោគ​ច្រើន​ដែរ​នៅ​ក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ។

រហូត​មក​ដល់​ពេល​នេះ​ប្រទេស​ដែល​បោះទុន​វិនិយោគ​ច្រើន​ជាង​គេ​នៅ​កម្ពុជា​ គឺ​ប្រទេស​កូរ៉េ​ខាង​ត្បូង ប្រទេស​ចិន​ប្រជាមានិត​ ប្រទេស​វៀតណាម។ល។

(ដកស្រង់ចេញពីគេហទំព័រ FRI ខេមរភាសា)

Friday, June 11, 2010

កម្ពុជា-បារាំងប្រជុំសេដ្ឋកិច្ចថ្នាក់ខ្ពស់

M2i2othlzmភ្នំពេញ: កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១០ នៅ​វិមាន​រដ្ឋាភិបាល​រាជធានី​ភ្នំពេញ មាន​រៀបចំ​កិច្ចប្រជុំ​សេដ្ឋកិច្ច​របស់ គណៈកម្មាធិការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បារាំង​-​កម្ពុជា ក្រោម​សហ​អធិបតីភាព​លោក សុខ ចិន្តា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោកស្រី អាន​-​ម៉ា​រី អ៊ីដ្រាក់  រដ្ឋ លេខាធិការ​ក្រសួង​សេដ្ឋកិច្ច ឧស្សាហកម្ម និង​ការងារ ទទួលបន្ទុក​ពាណិជ្ជកម្ម​ក្រៅ ប្រទេស ។​
យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាថ្ងៃទី៩ខែមិថុនានេះដែរបាននិយាយថា​ក្នុង​កិច្ចប្រជុំ​នេះ មាន​ការចូលរួម​ពី​សំណាក់​​​រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ នៃ​ក្រសួង​ទេសចរណ៍ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ  ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មួយចំនួនទៀត ។ ចូលរួម​ក្នុង​ឱកាស​នោះដែរ មាន​វត្តមាន​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា  និង ថ្នាក់ដឹកនាំ​សភាពាណិជ្ជកម្ម​កម្ពុជា​មួយ​ចំនួន​ទៀត ព្រមទាំង​វត្តមាន​វិនិយោគិន​បារាំង​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​កម្ពុជា ។​


Ogu2ymq4mgព្រឹត្តិការណ៍​នេះ ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរការ​ជំរុញ​កិច្ចសហប្រតិបត្តិកា​របា​រាំង​-​កម្ពុជា ដែល​ត្រូវបាន ផ្តួចផ្តើម​ឡើង​កាលពី​ខែកក្កដា ឆ្នាំ​២០០៩ នៅក្នុង​ជំនួប​រវាង
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក នី​កូឡា សា​កូស៊ី  ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង ។ ក្នុង​កិច្ចប្រជុំ​នេះ ប្រទេស​ទាំង​ពីរ​បាន​បញ្ជាក់​ជា​ថ្មី​ឡើងវិញ​ពី
​ការសម្រេច​របស់​ខ្លួន ក្នុង​ការកំណត់​សកម្មភាព សហប្រតិបត្តិការ ដើម្បី​ជា​ប្រយោជន៍​ដល់​ការបង្កើត​ការងារ និង​គាំទ្រ​ដល់​ការវិនិយោគ​ប្រកបដោយ​ផ្លែផ្កា ។ ការប្រជុំ ខាង លើ​អនុញ្ញាតឱ្យ​អ្នកចូលរួម​អាច​ពិភាក្សាគ្នា​អំពី​សន្ទុះ​នៃ​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា ព្រមទាំង​គោលនយោបាយ​ជាតិ តាម​វិស័យ​នី​មួយៗ រួមមាន​ ៖ វិស័យ​កសិកម្ម ឧស្សាហកម្ម និង​ទេសចរណ៍ ។​
​ក្នុងឱកាស​នោះ ភាគី​បារាំង​បាន​ប្រគល់​ជូន​ភាគី​កម្ពុជា​នូវ​សៀវភៅ​ស មួយ​ក្បាល ស្តីពី ការវិនិយោគ​បារាំង និង​ការចូល​ទីផ្សារ​កម្ពុជា  ដែល​រៀបចំ​តាក់តែង​ឡើង​ដោយក្រុម​ ទីប្រឹក្សា​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស នៃ​ប្រទេស​បារាំង ប្រចាំ​កម្ពុជា ។ ក្រៅពីនេះ ក៏​មាន​ការពិនិត្យ​ផងដែរ​លើ​លទ្ធភាព​ធ្វើ​កិច្ច​សហការ​ថ្មីៗ​ទៀត រវាង​ក្រុមហ៊ុន​សហគ្រាស នៃ​ប្រទេស​ទាំង​ពីរ ។​

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)