ភ្នំពេញ: កូដកម្មអហិង្សាមួយបានកើតឡើង នៅរោងចក្រកាត់ដេរ OCEAN Garment Co, LTD ដែលមានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី១៤ មិថុនានេះ ដោយមានសហជីពចំនួន២ តំណាងឲ្យកម្មករសរុបប្រមាណ ៣៥០០នាក់ បានដាក់ក្បាលមេក្រូទល់មុខគា្ន ជេរបញ្ចោរគ្នាដោយសំអាងហេតុផលរៀងៗខ្លួន ។
ភាគីម្ខាងគឺសម្ព័ន្ធសហជីព ចលនាកម្មករ ដឹកនាំដោយលោក ប៉ាវ ស៊ីណា ។ ចំណែកភាគីម្ខាងទៀត គឺសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក ម៉ាន់ សេងហាក់ ដោយលោកថៅកែរោងចក្រជាជនជាតិបង់ក្លាដែស ។ កម្មករកម្មការិនីប្រមាណ ៣៥០០នាក់ គ្នាចេញធ្វើកូដកម្មអហិង្សា នៅពេញមុខរោងចក្រ ។
លោក ម៉ាន់ សេងហាក់ បាននិយាយថា សហជីពរបស់លោក បានទាមទារដល់លោកថៅកែរោងចក្រ នៅថ្ងៃបើកប្រាក់ខែ សុំឲ្យកម្មករឈប់សម្រាកពីការងារនៅម៉ោង ៤ល្ងាច ដើម្បីបើកប្រាក់ខែ ។ ប៉ុន្តែសំណើនេះត្រូវបានខាងរោងចក្របដិសេធ និងចោទប្រកាន់មេដឹកនាំសហជីព ៧រូបថា ជាអ្នកបះបោរ ហើយចេញសេចក្តីសម្រេចព្យួរការងារ មានឈ្មោះ សន ភេទប្រុស, ឃឹម សុធា ភេទប្រុស, កៅ សុខុម ភេទប្រុស, ចេង សុវណ្ណី ភេទស្រី, យិន សុរ៉ាម ភេទស្រី, ម៉ៅ សុផាត ភេទស្រី, និងឈ្មោះ មួង សុផាត ភេទស្រី ។
លោក ម៉ាន់ សេងហាក់ បានឲ្យដឹងទៀតថា នៅពេលដែលកម្មករបានដឹង ពីការព្យួរការងារតំណាងសហជីពទាំង ៧នាក់ខាងលើ កម្មករកម្មការិនីទាំងអស់ បាននាំគ្នាធ្វើកូដកម្ម ដើម្បីទាមទារឲ្យតំណាងរបស់ខ្លួនបានចូលធ្វើការវិញ ។
លោក ហ្វា សាលី អគ្គលេខាធិការសម្ព័ន្ធសហជីពចលនាកម្មករ បានឲ្យដឹងថា សហជីពរបស់លោក បានអំពាវនាវឲ្យកម្មករ កម្មការិនីទាំងអស់ចូលធ្វើការវិញ ហើយកុំជឿតាមការញុះញង់របស់សហជីព សេរីកម្មករ ព្រោះវាធ្វើឲ្យបាត់ផលប្រយោជន៍បងប្អូនទាំងអស់គ្នា ។ ចំពោះការព្យួរការងារមនុស្សទាំង ៧នាក់ខាងលើ គឺខាងរោងចក្រយោងតាមមាត្រា ៧១ និង ៧២ នៃច្បាប់ការងារ ព្រោះកន្លងមកពួកគាត់មិនបានបំពេញការងារ ជាអ្នកដឹកនាំមិនស្តាំនាយករោងចក្រ និងប្រធានរដ្ឋបាល ហើយអាងអីគំរាមទៅ Buyer ( អ្នកបញ្ហាទិញ ) ធ្វើឲ្យការដាក់ទុនវិនិយោគរបស់វិនិយោគិនថយចុះ កម្មករបាត់ឱកាសធ្វើការងារ ។
ទោះបីយ៉ាងណាការធ្វើកូដកម្មរវាងសហជីពទាំង ២ក្រុម មិនមានអំពើហិង្សាឡើយ ប៉ុន្តែការជេរដៀលគ្នាទៅវិញទៅមក ក៏អាចជាឈ្នួនមួយមិនល្អ ហើយមានកិច្ចអន្តរាគមន៍ពីអង្គការពាក់ព័ន្ធ ជាពិសេសសង្គមកិច្ច ប៉ូលិស ប៉េអឹម ត្រូវជួយសម្របសម្រួល កិច្ចការនេះឲ្យបានល្អ ។
ប៉ូលិសមួយរូបបានឲ្យដឹងថា ក្រសួងការងារ នឹងកោះហៅសហជីពទាំង២ នឹងលោកថៅកែរោងចក្រ ជួបចរចាគ្នានៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី ១៥ មិថុនានេះ ៕
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment