ដោយស្ថានភាពនៅក្នុងប្រទេសគីរជីស្ថានដែលឋិតនៅក្នុងតំបន់អាស៊ីកណ្ដាលកំពុងតែមានសភាពកាន់តែហិង្សានិងគ្រោះថ្នាក់នោះ រុស្ស៊ីក៏បញ្ចេញនូវ ប្រតិកម្មផងដែរ។
ទាហានបម្រុងរុស្ស៊ី ចំនួនយ៉ាងតិចបំផុត ១៥០នាក់បានទៅដល់គីរជីស្ថាន ដើម្បីការពារមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានអាកាសចរណ៍ជាច្រើន របស់រុស្ស៊ី ដើម្បីកុំឲ្យខូចខាតដោយសារអំពើហិង្សាជាតិពន្ធ ដែលបានធ្វើឲ្យមនុស្សជាង១០០នាក់បាត់បង់ជីវិតរួចទៅហើយ និង របួសប្រហែលជា ១មួយពាន់៤រយនាក់ផ្សេងទៀត។
មានសេចក្តីរាយការណ៍មកថា ពួកក្រុមជនទំនើងប្រដាប់អាវុធ នៅក្នុងភាគខាងត្បូងនៃប្រទេសគីរជីស្ថាន បានបង្កើនការវាយប្រហាររបស់ខ្លួន ទៅពលរដ្ឋអ៊ូបេដែលជាជនជាតិភាគតិច។ ជនជាតិភាគតិចអ៊ូបេរាប់ពាន់នាក់ កំពុងភៀសខ្លួនឆ្លងទល់ដែន ទៅកាន់ទីសុវត្ថិភាពនៅអ៊ូបេគីស្ថាន។
រដ្ឋាភិបាលបណ្ដោះអាសន្នរបស់គីរជីស្ថានបានសំណូមពរសុំឲ្យរុស្ស៊ីបញ្ជូនកងកម្លាំងរក្សាសន្តិភាព។
យ៉ាងណាមិញ ក្រុមូស្គូ បានច្រានចោលនូវសំណូមពរនោះដោយនិយាយថា នៅគ្រាឥឡូវនេះគេពុំទាន់សម្លឹងឃើញមូលហេតុក្នុងការបញ្ជូន កងកម្លាំង រុស្ស៊ីឲ្យទៅចូល រួមនៅក្នុងកិច្ចប្រតិបត្តិការនៅគីរជីស្ថាននោះទេ។
ទោះជាយ៉ាងណាក្តី ក៏ការបញ្ជូនទ័ពបន្ថែមទៀតរបស់រុស្ស៊ី ជាសញ្ញាមួយបង្ហាញថា រុស្ស៊ីកំពុងតែធ្វើការឃ្លាំពិនិត្យយ៉ាងដិតដល់ទៅនឹងភាពចលាចល នៅក្នុងប្រទេសគីរជីស្ថាន ដែលរុស្ស៊ី និងសហរដ្ឋអាម៉េរិក មានមូលដ្ឋានទ័ពនៅទីនោះ៕
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)
No comments:
Post a Comment