Monday, June 14, 2010

ការវិនិយោគ​ផ្ទាល់​របស់​បារាំង នៅ​កម្ពុជាមាន​ការ​កើន​ឡើង

លោកស្រី​អាន-ម៉ារី អ៊ីដ្រាក់ (Anne-Marie Idrac) និង​លោក​សុខ អានការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ ប្រទេស​កម្ពុជា​និង​ប្រទេស​បារាំង​នៅ​មាន​ទំហំ​តូច​មែន​ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​បង្ហាញ​ជំហរ​ជម្រុញ​សហ ​ប្រតិបត្តិការ​សេដ្ឋកិច្ច​បន្ថែម​ទៀត​នា​ពេល​អនាគត។

ការ​នាំ​ចេញ​ទំនិញ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​បារាំង​ និង​ការ​វិនិយោគ​ផ្ទាល់​របស់​បារាំង​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ដូចគ្នា​នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។

សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​ក្រោយ​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​លោកស្រី អាន-ម៉ារី-អ៊ីដ្រាក់ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ឧស្សហកម្ម​ និង​ការងារ​បារាំង​ទទួល​បន្ទុក​ក្រៅ​ប្រទេស​ថា ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​បារាំង​មាន​ការ​កើន​ឡើង​ប្រមាណ​ជា​១២​លានអឺរ៉ូ​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ ពោល​គឺ​វា​បាន​កើន​ឡើង​ពី​៧១​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០០៧​មក​ដល់​៨៣​លាន​អឺរ៉ូ​នៅ​ក្នុង​ឆ្នាំ​២០០៩​កន្លងមក។

សេច​ក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ទៀត​ថា ការ​វិនិយោគ​ផ្ទាល់​របស់​បារាំង​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ពី​៧៥​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០០៦​មក​ដល់​៩១​លានអឺរ៉ូ​នៅ​ឆ្នាំ​២០០៨​កន្លងមក។ បើ​ទោះ​បី​ជា​ការ​វិនិយោគ​របស់​បារាំង​នៅ​កម្ពុជា​និង​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​បារាំង​មាន​ការ​កើន​ឡើង​មែន​ក្តី​ ក៏​ប៉ុន្តែ​សេច​ក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​បញ្ច្រាស់​ថា ការ​នាំចូល​ទំនិញ​របស់​បារាំង​មក​កាន់​ទីផ្សារ​កម្ពុជា​មាន​ការ​ថយចុះ​ទៅ​វិញ។

កាល​ពី​ឆ្នាំ​២០០៧​កន្លង​មក​ ប្រទេស​កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​ប្រទេស​បារាំង​ក្នុង​ទឹកប្រាក់​៥៤​លាន​អឺរ៉ូ​ ប៉ុន្តែ​ចំនួន​នេះ​បាន​ធ្លាក់​មក​នៅ​ត្រឹម​តែ​៤៥​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០០៩​កន្លងមក។ ការ​ធ្លាក់ចុះ​នេះ​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ពី​មូលហេតុ​ពិត​ប្រាកដ​នោះ​ទេ។ សូម​បញ្ជាក់​ថា ប្រាក់​អឺរ៉ូ​មួយ​អឺរ៉ូ​មាន​តម្លៃ​ស្មើ​និង​១​ដុល្លារ​៣​កាក់​អាមេរិក។​

ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃ​ទី​១១​ខែ​មិថុនា​កន្លង​មក​នេះ លោក​ស្រី អាន-ម៉ារី-អ៊ីដ្រាក់ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ឧស្សាហកម្ម​និង​ការងារ​បារាំង​បាន​បញ្ជាក់​ថា នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទីមួយ​នៅ​កម្ពុជា​របស់​មន្រ្តី​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​បារាំង​ចាប់តាំង​ពី​ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​នៅ​ឆ្នាំ​១៩៥៣​មក។​ ដូច្នេះ​ដំណើរ​ទស្សនកិច្ច​នេះ​សបញ្ជាក់​ពី​ការ​យកចិត្ត​ទុកដាក់​របស់​ប្រទេស​បារាំង​ចំពោះ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។

លោកស្រី អាន-ម៉ារី-អ៊ីដ្រាក់ បាន​បន្ត​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ទៀត​ថា ប្រទេស​បារាំង​បង្ហាញ​ការ​គាំទ្រ​ផ្តល់​កម្ចី​ដើម្បី​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ថ្នាក់​មូលដ្ឋាន​នៅ​កម្ពុជា​នា​ពេល​អនាគត​ជា​ពិសេស​ក្នុង​វិស័យ​កសិកម្ម​និង​វិស័យ​ទេសចរណ៍។

បើ​ទោះ​បី​ជា​ការ​វិនិយោគ​ផ្ទាល់​របស់​បារាំង​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ដល់​៩១​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០០៨​ក៏​ដោយ​ ក៏​អ្នក​វិភាគ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​​បាន​បញ្ជាក់​ថា នេះ​គឺ​ជា​ចំនួន​ទឹក​ប្រាក់​តិចតួច​ប៉ុណ្ណោះ។

មិន​មែន​តែ​ប្រទេស​បារាំង​ទេ​ដែល​បោះទុន​វិនិយោគ​តិចតួច​នៅ​កម្ពុជា​នោះ​ តាមពិត​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ធំៗ​មួយ​ចំនួន​ផ្សេង​ទៀត​​​ដូចជា ៖​ ប្រទេស​អាមេរិក​ ប្រទេស​ជប៉ុន​ ក៏​មិនមាន​ការ​វិនិយោគ​ច្រើន​ដែរ​នៅ​ក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ។

រហូត​មក​ដល់​ពេល​នេះ​ប្រទេស​ដែល​បោះទុន​វិនិយោគ​ច្រើន​ជាង​គេ​នៅ​កម្ពុជា​ គឺ​ប្រទេស​កូរ៉េ​ខាង​ត្បូង ប្រទេស​ចិន​ប្រជាមានិត​ ប្រទេស​វៀតណាម។ល។

(ដកស្រង់ចេញពីគេហទំព័រ FRI ខេមរភាសា)

No comments:

Post a Comment