Tuesday, June 15, 2010

សង្គម​ស៊ីវិល​ថ្កោលទោស​អាជ្ញាធរ​ខែត្រ​តាកែវ​ជុំវិញ​រឿង​ព្រំដែន


រូបថត​ផ្ដល់​ដោយ​ក្រុម​អ្នក​បច្ចេកទេស​ខណ្ឌ​សីមា​បង្គោល​ព្រំដែន​គោក​កម្ពុជា​ទី​៤



បង្គោល​តម្រុយ​កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម លេខ​២៧០ នៅ​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ស្រុក​បុរីជលសា ខេត្ត​តាកែវ ដែល​អ្នក​ស្រុក​អះអាង​ថា បោះ​នៅ​លើ​ដី​ស្រែ​ពួក​គាត់។

ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​១៤ មិថុនា​នេះ ថ្កោលទោស​អាជ្ញាធរ​ខេត្ត​តាកែវ ក្នុង​ការ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ចូល​មើល​តម្រុយ​បង្គោល​ព្រំដែន ក្រោយ​ពី​មាន​របាយការណ៍​ថា ការ​បោះ​បង្គោល​នៅ​ក្នុង​ស្រុក​បុរី​ជលសា បាន​ប៉ះពាល់​ដី​ស្រែ​ពលរដ្ឋ។

មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ច​ព្រំដែន លោក វ៉ា គឹមហុង បាន​បដិសេធ​នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ មិថុនា​នេះ ថា អាជ្ញាធរ​មិន​បាន​បិទ​បាំង មិន​ឲ្យ​មាន​ការ​ឃ្លាំ​មើល​ការ​បោះ​បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា​វៀតណាម​ឡើយ ប៉ុន្តែ​ការ​រារាំង​កន្លង​មក​នេះ​បាន​ធ្វើ​ឡើង​ដោយសារ​គេ​កំពុង​ការពារ​មិន​ឲ្យ​មាន​ការ​បំផ្លាញ​បង្គោល​តម្រុយ​នោះ​ប៉ុណ្ណោះ។

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ថ្លែង​ថា បង្គោល​នោះ​គឺ​ជា​បង្គោល​ដែល​គេ​បាន​ធ្វើ​ឡើង​ទ្វេ​ភាគី ប្រើ​ពេល​អស់ ២​ឆ្នាំ ហើយ​បើ​សិន​ជា​មាន​ការ​បំផ្លាញ​នោះ វា​នឹង​នាំ​ឲ្យ​មាន​បញ្ហា​ច្រើន ដូច្នេះ​ហើយ​ទើប​គេ​រង់ចាំ​ឲ្យ​មាន​ការ​បោះ​ឲ្យ​បាន​ស្រេច​បាច់ ដើម្បី​បើក​ឲ្យ​មើល​ជា​សាធារណៈ។

លោក វ៉ា គឹមហុង បាន​បញ្ជាក់​ថា ៖ «ដើរ​ជាន់ បាក់​ខូច ទៅ​ដក រពឹស​ដៃ​ដូច​មុន ទៅ​ដក​ចោល​របស់​ខ្ញុំ​ទៅ! យើង​ខាត​លុយ​អស់​ច្រើន​ណាស់ មួយ​ឆ្នាំ ពីរ​ឆ្នាំ យើង​ធ្វើ​ការ​ទម្រាំ​បាន​ទីតាំង​ហ្នឹង ហើយ​ទៅ​ដក​ចោល! ដល់​គេ​មាន​វិធានការ ថា​រដ្ឋាភិបាល​អាក្រក់ រដ្ឋាភិបាល​កាច... ច្បាប់​មាន​ហើយ​តើ! គេ​ថា អត់​មាន​ហាម​ឃាត់​ទេ ប៉ុន្តែ​លុះត្រាតែ​បង្គោល​នោះ​បាន​បោះ​រួច ជា​បង្គោល​អចិន្ត្រៃយ៍»

លោក វ៉ា គឹមហុង ថ្លែង​បារម្ភ​ខ្លាច​មាន​ការ​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​យ៉ាង​ដូច្នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ចំហ​មួយ នៅ​ថ្ងៃ​ដដែល​នេះ ថ្កោលទោស​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​រារាំង​ពួក​គេ​មិន​ឲ្យ​ចូល​មើល​បង្គោល​ព្រំដែន​លេខ​២៧០ នៅ​ក្នុង​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ស្រុក​បុរីជលសា ខេត្ត​តាកែវ។

លោក ស្រី បេន អភិបាល​ខេត្ត​តាកែវ បាន​បញ្ជាក់​បន្ថែម​ថា អាជ្ញាធរ​មូលដ្ឋាន​គ្រាន់​តែ​ចង់​ការពារ​មិន​ឲ្យ​មាន​ការ​ប៉ះពាល់​ទៅ​ដល់​សន្តិសុខ​ផ្នែក​សតិ​អារម្មណ៍​របស់​ប្រជា​ពលរដ្ឋ។

លោក ស្រី បេន បាន​មាន​ប្រសាសន៍​ថា ៖ «គេ​ធ្វើ​អី ការងារ​ការពារ​សន្តិសុខ​ជូន​ប្រជា​ពលរដ្ឋ​រស់​នៅ​សុខសាន្ត​អ៊ីចឹង​ទៅ! ភារកិច្ច​គេ​អ៊ីចឹង​ណា៎! ហើយ​ក្រៅ​ពី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជា​ពលរដ្ឋ ឲ្យ​សុខសាន្ត​ទាំង​កម្លាំង​កាយ និង​សតិ​អារម្មណ៍ គេ​ធ្វើ​ការងារ​របស់​គេ គេ​ដឹង​តើ! គេ​មាន​អាជីព វិជ្ជាជីវៈ»

បើ​ទោះ​បី​ជា​មាន​ការ​បក​ស្រាយ​ដូច្នេះ​ក្ដី ការ​រារាំង​នេះ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​ចោទ​ប្រកាន់​ថា ជា​ការ​បំបិទ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​សេរី និង​ការ​ខ្វាយខ្វល់​អំពី​បញ្ហា​ទឹក​ដី​របស់​ខ្លួន។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ និង​ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​មាន​ប្រសាសន៍​ថា ពួក​គេ​ចង់​ស្វែង​យល់​អំពី​រឿង​នេះ ៖ «គ្រាន់តែ​ជា​ការ​អះអាង​ដើម្បី​លាក់​បាំង​នូវ​ការ​ពិត​តែ​ប៉ុណ្ណោះ! ហើយ​បើ​សិន​ជា​យើង​ចង់​ច្បាស់ យើង​ទៅ​មើល​ទាំង​អស់​គ្នា មិន​ចាំបាច់​ប្រើប្រាស់​កម្លាំង​អាជ្ញាធរ បញ្ជា​ឲ្យ​ឃាត់​ដំណើរ​អ្នក​តំណាង​រាស្ត្រ ក៏​ដូច​ជា​តំណាង​អង្គការ​សង្គម​ស៊ីវិល ជា​ពិសេស​ប្រតិភូ​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​ធ្វើ​ដំណើរ​ដឹកនាំ​ដោយ​រូប​ខ្ញុំ​ផ្ទាល់ នៅ​ថ្ងៃ​ទី​១៣ (មិថុនា)»

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ដែល​មាន​គ្នា​ចំនួន ៦​នាក់​សុទ្ធ​សឹង​តែ​ជា​គ្រូ​បង្រៀន បាន​នាំ​គ្នា​ចូល​ទៅ​មើល​តម្រុយ​ព្រំដែន​លេខ​២៧០ ក្រោយ​ពី​មាន​ព័ត៌មាន​ថា បង្គោល​តម្រុយ​ព្រំដែន​នោះ​បាន​បោះ​ចូល​ទៅ​ក្នុង​ដី​ខ្មែរ​ប្រហែល ១៥០​ម៉ែត្រ។

មក​ដល់​ចំណុច​ភូមិ​ដើម​ត្រសេក ចម្ងាយ​ប្រមាណ ១​គីឡូម៉ែត្រ​ពី​បង្គោល​តម្រុយ​ព្រំដែន​នោះ ក្រុម​អ្នក​ឃ្លាំ​មើល​ក៏​ត្រូវ​បាន​ប៉ូលិស​ឃាត់។

នេះ​ជា​ការ​ឃាត់​ឃាំង​មិន​ឲ្យ​ចូល​ទៅ​ជិត​ព្រំដែន​លេខ​២៧០ លើក​ទី​២​ហើយ  ក្រោយ​ពី​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ព្យាយាម​ចូល​ទៅ​ជិត​កន្លែង​នោះ​ម្ដង​រួច​ទៅ​ហើយ កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ។

បើ​ទោះ​បី​ជា​មាន​ការ​ចោទ​ប្រកាន់ មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​បាន​មាន​ប្រសាសន៍​ដដែល​ៗ​ថា ពួក​គេ​ធ្វើ​ការងារ​នេះ​យ៉ាង​ត្រឹមត្រូវ ហើយ​បើ​សិន​ជា​មាន​ការ​មិន​សុខ​ចិត្ត គេ​សូម​ឲ្យ​មាន​ការ​តវ៉ា​តាម​រយៈ​រដ្ឋ​សភា៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអាស៊ីសេរី)

No comments:

Post a Comment