ការស្វែងរកអ្នករងគ្រោះបានចាប់ ធ្វើឡើងវិញ នៅថ្ងៃសៅរ៍ម្សិលមិញ នៅក្នុងព្រៃនៃរដ្ឋArkansasខាងត្បូងសហរដ្ឋអាមេរិកជាទីដែលទឹក ជំនន់បណ្តាលមកពីភ្លៀងធ្លាក់ច្រើន ជាហេតុធ្វើឱ្យមានអ្នកស្លាប់យ៉ាងតិច១៨នាក់ រួមមានកុមារ៦នាក់ផង នៅយប់ថ្ងៃព្រហស្បតិ៍១០មិថុនាឆ្លងមកថ្ងៃសុក្រ១១មិថុនា។
ការបោះជំរំកំសាន្តនៅក្នុងឩទ្យានព្រៃព្រឹក្សាជាតិ Monts Ouachita បានប្រែក្លាយទៅជាសុបិនអាក្រក់នៅរដ្ឋArkansasខាងត្បូងសហរដ្ឋអាមេរិក យ៉ាងហោចណាស់មានមនុស្សស្លាប់១៨នាក់ រួមមានកុមារ៦នាក់ផង អាយុពីពីរទៅ៧ឆ្នាំ និងអ្នកបាត់ខ្លួន៣៦នាក់ផ្សេងទៀត បណ្តាលមកពីទឹកជំនន់ជាគំហុកភ្លាមៗ។
រាល់អ្វីៗបានកើតមានយ៉ាងឆាប់រហ័សណាស់ ក្នុងយប់ថ្ងៃព្រហស្បតិ៍ ១០ មិថុនាឆ្លងមកថ្ងៃសុក្រទី១១មិថុនា នៅក្បែរមាត់ស្ទឹង ទីដែលការបោះជំរំកំសាន្ត នៅកណ្តាលព្រៃ ជាទីកន្លែងពិបាកចូលដល់ ស្រាប់តែមានទឹកបានហៀចេញពីពោះស្ទឹងឡើងដល់កម្ពស់ជាង៦ម៉ែត្រ ក្នុងរយៈពេលតែប៉ុន្មាននាទី ដោយហូរពាំនាំទៅជាមួយខ្លួននូវសំពត់តង់ និងពួកអ្នកដេកលក់ក្នុងជំរំសំពត់ទាំងនេះ។
អាជ្ញាធរក្នុងតំបន់និយាយថា គេសឹងតែពុំអាចប្រមើទប់ទឹកជំនន់នេះ ជាមុនបានឡើយ។ សភាពអាសន្នត្រូវបានប្រកាសនៅម្តុំម៉ោងពីរភ្លឺ នៅខណៈដែលទឹកស្ទឹងចាប់ផ្តើមហូរហៀ ប៉ុន្តែនៅពេលម៉ោងស្មើហ្នឹង ទាំងអស់គ្នាកំពុងតែដេកលក់ ហើយទោះជាយ៉ាងណាក្តី មណ្ឌលនេះសឹងតែគ្មានបណ្តាញទូរស័ព្ទដៃទេ។
នៅពេញមួយថ្ងៃម្សិលមិញ ក្រុមអ្នកជួយសង្គ្រោះបានខំប្រឹងរិះរកសាកសពអ្នករងគ្រោះ និងពួកអ្នកដែលអាចមានជីវិត រស់នៅ រួចផុតពីគ្រោះថ្នាក់ជាយថាហេតុ។ កម្លាំងទឹកហូរខ្លាំងណាស់ទាល់តែសាកសពអ្នករងគ្រោះថ្នាក់ម្នាក់បានរកឃើញនៅចម្ងាយប្រមាណ១០គ.ម. ខាងក្រោមទឹក។
គេយល់ថា ប្រហែលត្រូវប្រើពេលជាច្រើនថ្ងៃទៀត មុននឹងដឹងចំនួនជាក់លាក់ ពិតប្រាកដ នៃចំនួនអ្នករងគ្រោះមហន្តរាយធម្មជាតិនេះ៕
No comments:
Post a Comment