នៅក្នុងសម័យកាលសម្ដេចតេជោហ៊ុន សែន ប្រាសាទព្រះវិហារត្រូវបានប្រជាជន ខ្មែរគ្រប់រូបបានយល់ដឹងតាមរយៈកិច្ចចុះ បញ្ជីនៃប្រាសាទនេះ ចូលក្នុងបញ្ជីបេតិក ភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅថ្ងៃ ទី៧ ខែកក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា ។ អ្វីដែលប្រជាជនខ្មែរ គ្រប់រូបនៅចងចាំមិនភ្លេចនោះគឺកាលពី៤៨ ឆ្នាំមុន ក្នុងជម្លោះអំពីអធិបតេយ្យដែនដី រវាងកម្ពុជា និងថៃ នៅតំបន់ប្រាសាទព្រះ វិហារ តុលាការយុត្ដិធម៌អន្ដរជាតិក្រុងឡាអេ បានសម្រេចនៅថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ ១៩៦២ ដោយសម្លេង៩ ទល់នឹង៣ ដាក់ ប្រាសាទព្រះវិហារនិងតំបន់នៅជុំវិញប្រាសាទស្ថិតនៅក្នុងទឹកដីក្រោមអធិបតេយ្យភាព របស់ប្រទេសកម្ពុជា។ តុលាការយុត្ដិធម៌អន្ដរ ជាតិមានហេតុផលសំខាន់ៗ ដ៏រឹងមាំក្នុងមូល ដ្ឋានទាំងអង្គហេតុ និងអង្គច្បាប់ ដែលមតិ ជាតិនិងអន្ដរជាតិ បានយល់ដឹងនិងចងចាំជា រៀងរហូតមក។នៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥៩ រដ្ឋាភិបាល កម្ពុជាបានប្ដឹងទៅតុលាការយុត្ដិធម៌អន្ដរជាតិក្រុងឡាអេ ដោយភ្ជាប់ជាមួយផែនទីសន្លឹក ដងរែកជាឧបសម្ព័ន្ធ១ ដើម្បីស្នើសុំឱ្យសម្រេច លើជម្លោះអំពីអធិបតេយ្យដែនដី ក្នុងតំបន់ ប្រាសាទព្រះវិហារ ហើយតុលាការបានទទួល ស្គាល់សមត្ថកិច្ចរបស់ខ្លួនដើម្បីវិនិច្ឆ័យលើ ជម្លោះនោះ។
យោងតាមសេចក្ដីស្នើសុំចុង ក្រោយរបស់រដ្ឋាភិបាលកម្ពុជា ដែលត្រូវអាន ក្នុងពេលសវនាការនាថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៦២ រដ្ឋាភិបាលកម្ពុជាបានស្នើសុំតុលាការ យុត្ដិធម៌អន្ដរជាតិសម្រេចលើ ៥ ចំណុច ទី១ វិនិច្ឆ័យ និងប្រកាសថា ផែនទីតំបន់ដងរែក ឧបសម្ព័ន្ធ១ បានត្រូវគូសឡើង និងបោះពុម្ភ ផ្សាយក្នុងនាម និងជាប្រយោជន៍ដល់គណៈ កម្មការចម្រុះកំណត់ព្រំដែន ដែលបានបង្កើត ឡើងដោយអនុសញាចុះថ្ងៃទី១៣ កុម្ភៈ ឆ្នាំ ១៩០៤ថា ផែនទីនេះជាសេចក្ដីសម្រេចពី មុនរបស់គណៈកម្មការខាងលើនេះ ដោយ សារហេតុការណ៍ និងតាមហេតុផលនៃកិច្ច ព្រមព្រៀងជាបន្ដបន្ទាប់ និងសកម្មភាព របស់គូភាគីថា ផែនទីនេះមានលក្ខណៈជា សន្ធិសញា។ ទី២ វិនិច្ឆ័យ និងប្រកាសថា ខ្សែព្រំដែនកម្ពុជា និងថៃ នៅតំបន់ជម្លោះ នេះក្នុងបរិវេណព្រះវិហារជាខ្សែព្រំដែនត្រូវ បានគូសនៅលើផែនទីរបស់គណៈកម្មការ កំណត់ព្រំដែនឥណ្ឌូចិន-សៀម។ ទី៣ វិនិច្ឆ័យ និងប្រកាសថា ប្រាសាទព្រះវិហារ មានទីតាំងស្ថិតនៅក្នុងដែនដីក្រោមអធិប តេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ ទី៤ វិនិច្ឆ័យ និងប្រកាសថា រាជាណាចក្រ ថៃមានកាតព្វកិច្ចត្រូវដកចេញកងកម្លាំង ប្រដាប់អាវុធដែលខ្លួនបានបោះទីតាំងនៅ វិកិណ្ណដ្ឋាននៃប្រាសាទព្រះវិហារនៅក្នុងដែនដីកម្ពុជាចាប់តាំងពីឆ្នាំ១៩៥៤មក។ ទី៥ វិនិច្ឆ័យ និង ប្រកាសថា រាល់រូបចម្លាក់ សិលាចារឹក បំណែកនៃប្រាសាទ គំរូថ្មភក់ និងកុលាលភាជន៍បុរាណ ដែលត្រូវបានយក ចេញពីប្រាសាទដោយអាជ្ញាធរថៃ តាំងពីឆ្នាំ ១៩៥៤មករដ្ឋាភិបាលថៃត្រូវប្រគល់មកឱ្យ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាវិញ។
ដើម្បីដោះស្រាយបញ្ហាអធិបតេយ្យភាព ដែនដីនេះតុលាការយុត្ដិធម៌អន្ដរជាតិបាន ពិនិត្យមើលខ្សែព្រំដែន រវាងរដ្ឋទាំងពីរនៅ ក្នុងតំបន់នោះដោយផ្អែកលើផែនទីឧបសម្ព័ន្ធ១ ដែលកម្ពុជាបានពឹងផ្អែកជាសំខាន់ ដើម្បី គាំទ្រដល់ការទាមទាររបស់ខ្លួនចំពោះអធិប តេយ្យលើប្រាសាទព្រះវិហារ ។ ថៃបាន ជំទាស់ចំពោះការទាមទារណាមួយដោយ ផ្អែកលើផែនទីឧបសម្ព័ន្ធ១ ដោយសំអាងលើ ហេតុពីរចំណុច ទី១ៈ ផែនទីនេះមិនមែន បានមកពីការងាររបស់គណៈកម្មការចម្រុះ ទេ ហេតុដូច្នេះហើយទើបផែនទីនេះពុំមាន លក្ខណៈតម្រូវឱ្យអនុវត្ដតាម។ ទី២ៈ នៅ ត្រង់តំបន់ព្រះវិហារផែនទីនេះមានកំហុស ផ្នែកសម្ភារដែលមិនអាចពន្យល់បាន ដោយ ផ្អែកលើការអនុវត្ដនូវអំណាចឆន្ទានុសិទ្ធិក្នុង ការកែប្រែដែលគណៈកម្មការអាចមាន។ យោងតាមការតវ៉ារបស់ថៃ កំហុសនោះ គឺថា ខ្សែព្រំដែនដែលត្រូវបានបង្ហាញលើ ផែនទីនេះ មិនមែនជាខ្សែបែងចែកទឹកពិត ប្រាកដក្នុងតំបន់នោះឡើយ។
តុលាការបានពិចារណាលើចំណុចទី ១ ប៉ុណ្ណោះ ដោយបានកត់សំគាល់ថា អ្វីដែល ច្បាស់នោះគឺផែនទីនេះ បានផ្អែកលើការងារ របស់មន្ដ្រីឋានលេខានៅតំបន់ភ្នំដងរែក ហើយដោយពុំមានវិមតិសង្ស័យឡើយ។
ដោយផែនទីនេះ ជាផែនទីមួយក្នុងចំណោម ផែនទី ស៊េរីផែនទី នៃតំបន់ព្រំដែនដែលបាន ផលិតដោយអ្នកជំនាញឋានលេខាសាស្ដ្រ របស់រដ្ឋាភិបាលបារាំងតាមសំណើរបស់អាជ្ញាធរសៀម ដែលត្រូវបានបោះពុម្ភ និងផ្សព្វ ផ្សាយដោយក្រុមហ៊ុនល្បីឈ្មោះមួយនៅ ប៉ារីស គ្រប់ចំណុចទាំងអស់ត្រូវបានបង្ហាញ យ៉ាងច្បាស់នៅលើផែនទីនេះ ហេតុដូច្នេះ ហើយផែនទីនេះមានលក្ខណៈផ្លូវការ ហើយ ផែនទីនេះ មានអំណាចរបស់ខ្លួនតាមលក្ខណៈ បច្ចេកទេស ព្រមទាំងមានប្រភពកំណើត ចំហ និងច្បាស់លាស់។ តុលាការយុត្ដិធម៌ អន្ដរជាតិបានយល់ឃើញថា ការជំទាស់គ្រប់ ចំណុចរបស់ថៃអំពីផែនទីនេះមិនចំបញ្ហាជាក់ស្ដែងពាក់ព័ន្ធទៅនឹងផែនទីនេះ។ តុលាការយុត្ដិធម៌អន្ដរជាតិបានយល់ ឃើញផ្សេងពីថ្ងៃ ដោយផ្អែកលើកំណត់ ហេតុបង្ហាញយ៉ាងច្បាស់ថា ការបោះពុម្ភ និងការជូនដំណឹងអំពីផែនទីទាំង១១ផ្ទាំង រួមទាំងទាំផែនទីឧបសម្ព័ន្ធ១ គឺជាព្រឹត្ដិ ការណ៍សំខាន់មួយ។ នេះមិនមែនជាការដោះ ដូរគ្នារវាងរដ្ឋាភិបាលបារាំង និងរដ្ឋាភិបាល សៀមនោះទេ ផ្ទុយទៅវិញវាមានលក្ខណៈ គ្រប់គ្រាន់តាមផ្លូវច្បាប់ ។ ផែនទីទាំង អស់ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅដល់គ្រប់មជ្ឍដ្ឋាន បច្ចេកទេសពាក់ព័ន្ធទាំង អស់ ព្រមទាំងបានជូនដំណឹងដល់ស្ថាប័នភូមិ សាស្ដ្រឈានមុខនៅក្នុងប្រទេសសំខាន់ៗ និងទៅដល់មជ្ឍដ្ឋានដទៃទៀតក្នុងតំបន់ ដែលមានពាក់ព័ន្ធនឹងស្ថានបេសកកម្មការទូតសៀមអមរដ្ឋាភិបាលអង់គ្លេស អាល្លឺម៉ង់ រុស្ស៊ី និងអាមេរិក និងទៅដល់គ្រប់សមាជិក ទាំងអស់នៃគណៈកម្មការចម្រុះកំណត់ ព្រំដែនបារាំង-សៀមផង។
ការចែកចាយ ដំបូងមាន១៦០ច្បាប់ដែលមួយច្បាប់ៗមាន ១១ផ្ទាំង។ ផែនទី៥០ ផ្ទាំងត្រូវបានចែកទៅ ឱ្យរដ្ឋាភិបាលសៀមដូចបានបង្ហាញក្នុងលិខិតចុះថ្ងៃទី ២០ ខែ សីហា ឆ្នាំ១៩០៨ របស់អគ្គ រាជទូត សៀមនៅទីក្រុងប៉ារីស ផ្ញើជូនរដ្ឋមន្ដ្រី ក្រសួងការបរទេសសៀមនៅទីក្រុងបាង កកដែលក្នុងលិខិតនោះ លោកបានមាន ប្រសាសន៍ថា “ទាក់ទងនឹងសំណើរបស់គណៈ កម្មការចម្រុះកំណត់ព្រំដែន និងសមាជិក សៀមដែលសុំឱ្យសមាជិកគណៈកម្មការ បារាំងរៀបចំព្រំដែនផ្សេងៗ ឥឡូវនេះ សមជិកគណៈកម្មការបារាំងបានរៀបចំការ ងាររបស់ខ្លួនចប់សព្វគ្រប់ហើយ ៉។ អគ្គរាជ ទូតសៀមរូបនោះបានបញ្ជាក់ថា លោកបាន ទទួលផែនទី១ ស៊េរី ដើម្បីបញ្ជូនទៅឱ្យរដ្ឋ មន្ដ្រីក្រសួងការបរទេសសៀម។ លោកបាន បន្ដរៀបរាប់អំពីឈ្មោះផែនទីទាំង១១ ផ្ទាំងដែលមួយផ្ទាំង មាន៥០ ច្បាប់រួមទាំង ផែនទីតំបន់ដងរែកផង។ នៅចុងបញ្ចប់ លោកនិយាយថា គាត់រក្សាទុកផែនទីនីមួយៗ ចំនួន២ច្បាប់ ហើយគាត់បានផ្ញើទៅស្ថាន បេសកកម្មការទូតរបស់សៀមនៅទីក្រុងឡុង ប៊ែរឡាំង រុស្ស៊ី និងសហរដ្ឋអាមេរិក ក្នុង មួយស្ថានបេសកកម្មការទូត១ច្បាប់។ តុលាការយុត្ដិធម៌អន្ដរជាតិបានយល់ ឃើញថា អាជ្ញាធរសៀមតាមរយៈសកម្ម ភាពរបស់ខ្លួនបញ្ជាក់ថា បានទទួលយកផែន ទីទាំងនោះនិងទទួលស្គាល់នូវលក្ខណៈនៃផែនទីនោះ គឺត្រូវបានបង្ហាញតាមរយៈសកម្មភាព របស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃព្រះអង្គម្ចាស់ ដាមរ៉ុង ក្នុងការថ្លែងអំណរគុណចំពោះឯក អគ្គរដ្ឋទូតបារាំងនៅទីក្រុងបាងកកចំពោះ ផែនទីទាំងនេះ និងស្នើសុំឱ្យលោកអគ្គរដ្ឋទូត ផ្ដល់ផែនទី១៥ច្បាប់ទៀតដើម្បីបញ្ជូនទៅឱ្យ អភិបាលខេត្ដរបស់សៀមជាច្រើនទៀត ផង។
តុលាការយុត្ដិធម៌អន្ដរជាតិបានយល់ ឃើញថាអាជ្ញាធរសៀមតាមរយៈសកម្មភាពរបស់ខ្លួនបញ្ជាក់ថា បានទទួលយកផែនទីទាំង នោះនិងទទួលស្គាល់នូវលក្ខណៈនៃផែនទី នោះ គឺត្រូវបានបង្ហាញតាមរយៈសកម្មភាព របស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ព្រះអង្គម្ចាស់ ដាមរ៉ុង ក្នុងការថ្លែងអំណរគុណចំពោះឯក អគ្គរដ្ឋទូតបារាំងនៅទីក្រុងបាងកកចំពោះ ផែនទីទាំងនេះ និងស្នើសុំឱ្យលោកអគ្គរដ្ឋទូត ផ្ដល់ផែនទី១៥ ច្បាប់ទៀតដើម្បីបញ្ជូនទៅ ឱ្យអភិបាលខេត្ដរបស់សៀមជាច្រើនទៀត ផង។ ប្រវត្ដិនៃការបោះពុម្ភ និងការផ្ដល់ជូន ផែនទីបង្ហាញយ៉ាងច្បាស់ថា ផែនទីនេះត្រូវ បានមើលឃើញ និងទទួលយកដោយបុគ្គល ជាច្រើនដូចជាព្រះអង្គម្ចាស់ ដេវ៉ាវង្សសេ រដ្ឋ មន្ដ្រីការបរទេសសៀម ព្រះអង្គម្ចាស់ដាម រ៉ុង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃសៀម សមាជិក សៀមរបស់គណៈកម្មការទី១ សមាជិក សៀមរបស់គណៈកម្មការប្រតិចារឹក ហើយ ត្រូវបានសន្និដ្ឋានផងដែរថា ផែនទីឧបសម្ព័ន្ធ ១ នេះត្រូវបានមើលឃើញដោយអភិបាល ខេត្ដឃូខាន់ 9គហាុកហានប ជាខេត្ដរបស់ សៀមនៅជាប់នឹងតំបន់ព្រះវិហារភាគខាង ជើង ដែលគាត់ជាអភិបាលខេត្ដម្នាក់ក្នុង ចំណោមអភិបាលខេត្ដមួយចំនួន ដែលបាន ទទួលផែនទីថតចម្លងបន្ថែមដែលត្រូវបាន ស្នើសុំបន្ថែមដោយព្រះអង្គម្ចាស់ដាមរ៉ុង។ ព្រះអង្គម្ចាស់ដាមរ៉ុង មានចំណាប់អារម្មណ៍ ផ្ទាល់ខ្លួនយ៉ាងខ្លាំងលើការកំណត់ព្រំដែននេះ និងមានចំណេះដឹងជ្រាលជ្រៅអំពីប្រាសាទ បុរាណ។ វាមិនអាចជឿបានទាល់តែសោះ ដែលថាអភិបាលខេត្ដឃូខាន់ ដែលជាខេត្ដ បង្កើតឡើងជាប់នៅនឹងព្រះវិហាររហូតដល់ មានដំណោះស្រាយនៅឆ្នាំ១៩០៤ មិនដឹងអំពី អត្ថិភាពរបស់ប្រាសាទព្រះវិហារនោះ។
តាមរយៈការកឃើញជាហូរហែបានឱ្យ ដឹងថាអាជ្ញាធរសៀមពិតជាបានទទួលដោយ ត្រឹមត្រូវនូវផែនទីឧបសម្ព័ន្ធ១នេះ ហើយថា អាជ្ញាធរសៀមបានព្រមទទួលយកផែនទី នេះ។ ក៏ប៉ុន្ដែនៅពេលនោះពាក់ព័ន្ធនឹងតំបន់ ទំនាស់នៃព្រះវិហារ មានការជំទាស់ក្នុងនាម ប្រទេសថៃថាមានកំហុសដែលអាជ្ញាធរ សៀមមិនបានដឹងនៅពេលដែលខ្លួនព្រម ទទួលយកផែនទីនាពេលនោះ។ តុលាការ យល់ឃើញថា គ្រាន់តែបុគ្គលិកលក្ខណៈ និង សមត្ថភាពរបស់បុគ្គលដែលបានឃើញផែនទីឧបសម្ព័ន្ធ១ តែខាងភាគីសៀមម្នាក់ប៉ុណ្ណោះ នឹងពិបាកធ្វើឱ្យមានការលំបាក ចំពោះ ប្រទេសថៃក្នុងការអះអាងអំពីកំហុសនេះ ណាស់តាមផ្លូវច្បាប់។ តុលាការយុត្ដិធម៌ អន្ដរជាតិបានយល់ឃើញថា មានកាលៈ ទេសៈផ្សេងទៀតជាច្រើនញាក់ព័ន្ធនឹងផែនទីឧបសម្ព័ន្ធ១នេះ ដែលធ្វើឱ្យការអះអាងអំពី កំហុសនេះលំបាកនឹងទទួលយកបាន។ អាជ្ញាធរសៀមបានដឹងរួចហើយថា ផែនទី ឧបសម្ព័ន្ធ១នេះជាលទ្ធផលការងាររបស់ មន្ដ្រីឋានលេខាសាស្ដ្របារាំង ដែលអាជ្ញា ធរសៀមខ្លួនឯងបានផ្ដល់សេចក្ដីទុកចិត្ដឱ្យធ្វើការងារផលិតផែនទីទាំងនេះ។ អាជ្ញាធរ សៀមបានទទួលយកផែនទីនេះដោយមិន មានការស្រាវជ្រាវដោយឯករាជ្យមួយទេ ដូច្នេះហើយឥឡូវនេះអាជ្ញាធរសៀមមិន អាចអះអាងអំពីកំហុសដើម្បីលុបចោលនូវ ការយល់ព្រមពិតប្រាកដរបស់ខ្លួន បាននោះ ទេ។ហេតុដូច្នេះហើយតុលាការយុត្ដិធម៌អន្ដរជាតិសន្និដ្ឋានថា ការលើកឡើងអំពីកំហុស មិនអាចយកជាការបានទេ។
ក្រៅពីការយល់ឃើញខាងលើនេះ តុលាការយុត្ដិធម៌អន្ដរជាតិក៏ពិចារណាលើ ព្រឹត្ដិការណ៍នានាជាច្រើនទៀតដែលកើត ឡើងក្រោយឆ្នាំ១៩០៩ ។ នៅក្នុងឆ្នាំ ១៩៣៤-១៩៣៥ ថៃបានធ្វើការវាស់វែង ដោយខ្លួនឯងនៅក្នុងតំបន់ព្រះវិហារ ហើយ តាមទស្សនៈរបស់ថៃការវាស់វែងនេះបង្ហាញថា មានភាពខុសគ្នារវាងខ្សែបន្ទាត់នៅលើ ផែនទី និងខ្សែបែងចែកទឹកពិតប្រាកដ ដែលភាពខុសគ្នាមួយនេះនាំទៅដល់ការដាក់ ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីកម្ពុជា។ ថៃក៏បានដឹងថា ផែនទីនេះមិនត្រឹមត្រូវ ក៏ប៉ុន្ដែថៃមិនបានលើកឡើងអំពីបញ្ហាណា មួយ ចំពោះផែនទីឧបសម្ព័ន្ធ១ឡើយ។ នៅក្នុងឆ្នាំ១៩២៥ និង១៩៣៧ មានការ ចរចាលើសន្ធិសញាមិត្ដភាព ពាណិជ្ជកម្ម និងនាវាចរណ៍រវាងបារាំង-សៀមតាមរយៈ នោះមានបទប្បញត្ដិមួយចំនួនដែលភាគីទាំង ពីរបានតម្កល់ទុកជាបានការចំពោះខ្សែព្រំដែន ដែលមានស្រាប់ទោះបីខ្សែព្រំដែននោះយ៉ាងណាក៏ដោយបន្ទាប់ពីមានកិច្ចព្រមព្រៀង ដំណោះស្រាយ ខែវិច្ឆិកា ឆ្នាំ១៩៤៦ រវាង បារាំង និងសៀម ភាគីទាំងពីរព្រមព្រៀង បង្កើតគណៈកម្មការសម្រុះសម្រួលបារាំង-សៀមដែលបានជួបប្រជុំគ្នានៅក្នុងឆ្នាំ ១៩៤៧ នៅទីក្រុងវ៉ាស៊ីនតោនស្ដីពីបញ្ហាការ ដោះដូរ ផ្ទេរទឹកដីរវាងបារាំង-សៀម។ ពេលនោះមិនត្រឹមតែមិនបានលើកឡើង អំពីតំបន់ព្រះវិហារប៉ុណ្ណោះទេ សៀមថែម ទាំងដាក់ជូនគណៈកម្មការនូវផែនទីមួយដែលបង្ហាញថា ព្រះវិហារស្ថិតនៅក្នុងទឹកដីកម្ពុជា ទៀតផង។
នៅក្នុងឆ្នាំ១៩៣០ ព្រះអង្គម្ចាស់ដាមរ៉ុង អតីតរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ហើយនៅ ពេលនោះ ជាប្រធានវិទ្យាស្ថានភូមិន្ទសៀម ទទួលបន្ទុកការងារទាក់ទងនឹងបណ្ណាល័យ ជាតិ និងបូជនីយដ្ឋានបុរាណវត្ថុវិទ្យាបានទៅ ធ្វើទស្សនកិច្ចប្រាសាទព្រះវិហារ ដែលជាផ្នែក មួយនៃទស្សនកិច្ចបុរាណវិទ្យាដោយមានការអនុញាតពីព្រះមហាក្សត្រសៀម។ ដំណើរ ទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ដាមរ៉ុង បាន បង្ហាញកាន់តែច្បាស់នូវការទទួលស្គាល់ដោយ តុណ្ហីភាពរបស់សៀមចំពោះអធិបតេយ្យ របស់កម្ពុជាលើប្រាសាទព្រះវិហារ។ តុលាការដោយផ្អែកលើព្រឹត្ដិការណ៍បន្ដ បន្ទាប់យល់ឃើញថា ឥឡូវនេះ តាមរយៈ សកម្មភាពរបស់ខ្លួនថៃមិនអាចត្រូវបានដក ចេញពីការអះអាងថា ខ្លួនមិនបានព្រមទទួល យកផែនទីនេះនោះទេ។ ទោះបីយ៉ាងណាក៏ដោយ តុលាការយុត្ដិ ធម៌អន្ដរជាតិរកឃើញថា ប្រទេសថៃក្នុងឆ្នាំ ១៩០៨-១៩០៩ បានព្រមព្រៀងទទួលយក ផែនទីឧបសម្ព័ន្ធ១ ដែលជាលទ្ធផលនៃការ ងារកំណត់ព្រំដែន ហើយបានទទួលស្គាល់ខ្សែ ព្រំដែនលើផែនទីនោះថា ជាខ្សែព្រំដែនដែល មានអានុភាពដាក់ប្រាសាទព្រះវិហារឋិតក្នុង ទឹកដីកម្ពុជា។ តុលាការក៏បានសន្និដ្ឋ្កានថា ការព្រមព្រៀងទទួលយកផែនទីឧបសម្ព័ន្ធ១ ដោយគូភាគីបណ្ដាលឱ្យផែនទីត្រូវចូលជា ដំណោះស្រាយសន្ធិសញា ហើយក្លាយជាផ្នែក ទាំងស្រុងនៃដំណោះស្រាយសន្ធិសញា។ ដូច្នេះជម្លោះលើផែនទី ឬជម្លោះលើអធិប តេយ្យភាពត្រង់តំបន់ព្រះវិហារ ឬប្រាសាទ ព្រះវិហារត្រូវបានដោះស្រាយក្នុងដំណោះ ស្រាយរួមដែលមានន័យថា ថៃបានព្រម ព្រៀងទទួលយកផែនទីឆ្នាំ១៩០៨។
មាត្រា៦០ នៃលក្ខន្ដិកៈតុលាការយុត្ដិធម៌ អន្ដរជាតិផ្ដល់ថា សាលដីកាតុលាការឡាអេ បានផ្ដល់ឱកាសឱ្យថៃធ្វើការប្ដឹងសើរើឡើង វិញក្នុងរយៈពេល១០ឆ្នាំ ក៏ប៉ុន្ដែថៃមិនបាន ប្ដឹងសុំសើរើក្នុងឆ្នាំ១៩៧២ឡើយ។ ដូច្នេះ ថៃគ្មានសិទ្ធិរក្សាទុកជាអចិន្ដ្រៃយ៍ផ្អែកលើ ច្បាប់អន្ដរជាតិណាមួយ ដើម្បីទាមទារយក ប្រាសាទព្រះវិហារ ឬតំបន់នៅជុំវិញប្រាសាទ ព្រះវិហារបានឡើយ។ ដូច្នេះ អ្នកនយោ បាយថៃខ្លះ មិនត្រូវយល់ខុសអំពីមាត្រា៦០ នៃលក្ខន្ដិកៈតុលាការយុត្ដិធម៌អន្ដរជាតិ ឡើយ។មួយសបា្ដហ៍ក្រោយពីចាញ់ក្ដីនៅឡាអេ លោកសេនាប្រមុខ សុរិទ្ធ ថៈនៈរ៉ាត់ ជាមេដឹក នាំរដ្ឋាភិបាលយោធាថៃ នាពេលនោះបាន បង្ហាញតាមទូរទស្សន៍ដោយថ្លែងប្រាប់ប្រជា ជនថៃថា ៉បងប្អូនប្រជាជនថៃជាទីស្រឡាញ់ ខ្លួនខ្ញុំបាទផ្ទាល់ក៏ជាជនជាតិថៃម្នាក់ដែរ ដែលមានអារម្មណ៍នឹកគិតដូចជាបងប្អូនទាំងឡាយ ហើយបើនិយាយពីការស្រឡាញ់ជាតិ មាតុភូមិវិញ ខ្ញុំបាទមានជំនឿយ៉ាងមុតមាំថា ខ្ញុំបាទមានការស្រឡាញ់ជាតិមិនតិចជាងបងប្អូនប្រជាជនថៃផងទាំងឡាយទេ ។ ប៉ុន្ដែ រដ្ឋាភិបាលចាំបាច់ត្រូវតែប្រតិបត្ដិទៅតាមក្រឹត្យក្រមច្បាប់របស់ អង្គការសហប្រជាជាតិ ក៏ព្រោះតែចង់រក្សាកិត្ដិយសរបស់ប្រទេស ដែលយើងបានកសាងទុកអស់រយៈកាលជា ច្រើនរយឆ្នាំ លើសពីប្រាសាទព្រះវិហារនោះ ទៅទៀត។ ដូច្នេះហើយយើងត្រូវទទួលយក សាលដីកានៃតុលាការនេះ ៉។
លោកអតីតនាយករដ្ឋមន្ដ្រីថៃ សាម៉ាក់ ស៊ុនដារ៉ាវេច ថ្លែងក្នុងកិច្ចប្រជុំសួរដេញ ដោលក្នុងសភាថៃ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៨ថា ទង់ជាតិរបស់កម្ពុជាបានដាក់ លើប្រាសាទព្រះវិហារជាង៤៦ឆ្នាំមកហើយ គ្មានអ្នកនយោបាយថៃណាម្នាក់ទៅតវ៉ាយក ចេញឡើយ។ រីឯលោកណុបប៉ាដន ប៉ាតាម៉ា កាលនៅធ្វើជារដ្ឋមន្ដ្រីក្រសួងការបរទេសថៃ បានឆ្លើយតបការសួរដេញដោលរយៈពេល ជាងប្រាំពីរ-ប្រាំបីម៉ោងក្នុងសភាថៃ នាថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០០៨ថា ៉ ខ្ញុំសូម ជម្រាបថា ដែលមានថ្ងៃទី១៥ មិថុនា ឆ្នាំ ១៩៦២នេះ ជាថ្ងៃនាំមកនូវភាពសោកសៅ ដល់ប្រជារាស្ដ្រថៃទាំងពួង។ ខ្ញុំអាយុទើបបាន ១ខួបប្រហែលមិនសូវបានដឹងរឿងថា ប្រជា ជនថៃបាត់បង់អ្វីទៅខ្លះទេ ។ ថ្ងៃនោះ តុលាការយុត្ដិធម៌អន្ដរជាតិកាត់ក្ដីឱ្យអាណា ខេត្ដដែលតួប្រាសាទតាំងនៅនោះជារបស់ កម្ពុជា ឬមានការយល់ឃើញថា ប្រាសាទព្រះ វិហារតាំងនៅក្នុងរង្វង់អធិបតេយ្យភាពរបស់កម្ពុជា។ យើងមិនត្រូវធ្វើការធិប្បាយទៀត ទេថាយើងចាញ់ ព្រោះហេតុអ្វី ព្រោះរឿងក្ដី នេះជាបទដ្ឋាននៃច្បាប់អន្ដរជាតិក្នុងរឿង សែតៀផផលេសឡាឹ ឬច្បាប់បិទមាត់ ៉។ ដោយថ្លៃងសំដៅដល់លិខិតមួយច្បាប់ របស់លោកវរសេនីយ៍ឯកថៈណាត់ ខម៉ាន់ ដែលជារដ្ឋមន្ដ្រីការបរទេសថៃនាសម័យ នោះបានផ្ញើជូនលោកអ៊ូថាន់ អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិជាជនជាតិភូមាថា ៉ភាគីថៃ សូមរក្សាសិទ្ធិដែលមាននៅពេល បច្ចុប្បន្ន ឬនៅពេលអនាគត ដែលនឹងទាម ទារប្រាសាទព្រះវិហារត្រឡប់មកវិញ លោកណុបប៉ាដន ប៉ាតាម៉ាថ្លែងថាការកាត់ក្ដី តុលាការអន្ដរជាតិ ដែលអាចសើរើដល់ទី បំផុតក្នុងរយៈពេល១០ឆ្នាំ ដូច្នេះ៤៥ឆ្នាំកន្លង មកនេះ វាហួសអស់ទៅហើយ ៉។
ប៉ុន្ដែជាការគួរឱ្យសោកស្ដាយដែលអ្នក នយោបាយនិងអ្នកប្រវត្ដិសាស្ដ្រថៃខ្លះ បាន កាឡៃប្រវត្ដិសាស្ដ្រអំពីការបាត់បង់ប្រាសាទ ព្រះវិហារ ដើម្បីបង្កើតគំនិតជ្រុលនិយមក្នុង សង្គមថៃ ហើយអ្នកជ្រុលនិយមទាំងនោះ បដិសេធសាលដីកាតុលាការឆ្នាំ១៩៦២។ ការកាឡៃប្រវត្ដិសាស្ដ្រថៃ បានបង្កើតឱ្យ មានការយល់ដឹងខុស 9ធាលសេ ភរេចផេតិៀនប ហើយការយល់ដឹងខុសនេះ បាននិងកំពុង នាំទៅរកជម្លោះរវាងប្រទេសទាំងពីរ។ ដូច្នេះ អ្នកនយោបាយ និងអ្នកប្រវត្ដិសាស្ដ្រថៃ ត្រូវ តែពិនិត្យនិងកែតម្រូវឡើងវិញដើម្បីឆ្លុះ បញ្ចាំងនូវការពិតនៃប្រវត្ដិសាស្ដ្រ។ ឆ្លង តាមបទពិសោធន៍នៃជម្លោះរវាងកម្ពុជា-ថៃ កន្លងមកនេះ កម្ពុជា-ថៃ បានបង្កើតឱ្យមាន រួចទៅហើយនូវគណៈកម្មការវប្បធម៌កម្ពុជា និងថៃ ដែលមានភារកិច្ចនៅក្នុងការកាត់ បន្ថយអរិភាព និងបង្កើនការយល់គ្នាតាម រយៈការយល់ដឹងត្រឹមត្រូវអំពីប្រវត្ដិសាស្ដ្រ ពិតទៅវិញទៅមក ដែលមធ្យោបាយបែប នេះ នឹងអាចធ្វើឱ្យប្រទេសទាំងពីរជាអ្នក ជិតខាងគ្នាដ៏ល្អ រួមរស់ជាមួយគ្នាដោយ សន្ដិភាព ក្នុងសម័យកាលនៃសកលភាវូប នីយកម្ម និងការពឹងពាក់អាស្រ័យគ្នាទៅវិញ ទៅមកខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ សន្ដិសុខ និងបច្ចេកវិទ្យា ពិសេសក្នុង សហគមន៍អាស៊ានមួយដែលនឹងត្រូវបង្កើត ឡើងនៅឆ្នាំ២០១៥ នាពេលខាងមុខនេះ។
ឥឡូវនេះមានរយៈពេលជាងកន្លះ សតវត្សមកហើយ ដែលជម្លោះអំពីអធិប តេយ្យដែនដីរវាងកម្ពុជា និងថៃត្រូវបាន ដោះស្រាយ ហើយផ្ដល់ឱ្យប្រទេសទាំងពីរ មានខ្សែព្រំដែនអន្ដរជាតិច្បាស់លាស់ ស្ថិរភាព និងស្ថាពរ។ ការចុះហត្ថលេខារលើ អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ បានបង្ហាញនូវបំណងបន្ដពង្រឹងចំណងមិត្ដ ភាពបច្ចុប្បន្នរវាងប្រទេសទាំងពីរ ហើយជឿ ជាក់ថា ការខ័ណ្ឌព្រំសីមាព្រំដែនគោករវាង ប្រទេសទាំងពីរកម្ពុជា-ថៃ ដែលមានរួច ស្រេចអស់រយៈពេលយូរលង់ណាស់មក ហើយនឹងជួយទប់ស្កាត់ជម្លោះកើតឡើងតាមបណ្ដោយព្រំដែន និងបន្ដពង្រឹងទំនាក់ទំនង មិត្ដភាព ដែលមានស្រាប់រវាងប្រទេសទាំង ពីរ ហើយសម្របសម្រួលការធ្វើដំណើរ និង កិច្ចសហប្រតិបត្ដិការរបស់ប្រជាជននៃ ប្រទេសទាំងពីរនៅតាមបណ្ដោយព្រំដែន។ ចំពោះការងារខ័ណ្ឌសីមាព្រំដែនគោក ប្រទេសទាំងពីរបានបង្កើតឱ្យមានគណៈ កម្មការចម្រុះកិច្ចការព្រំដែនគោកដែលមានភារកិច្ចវាស់វែង និងរុករកបង្គោលព្រំដែន ដែលបានបាត់ដោយកត្ដាផ្សេងៗ យកមកដាក់ ឱ្យត្រឹមត្រូវចំកន្លែងដើមវិញដោយអនុវត្ដ តាមបែបបទការងារដែលប្រទេសទាំងពីរ បានឯកភាពគ្នា។កម្ពុជាជាប្រទេសប្រកាន់យកសន្ដិភាព និយមបាននិងកំពុងសម្លឹងមើលហួសពីបញ្ហា ព្រំដែនចង់រួមរស់ជាមួយប្រទេសជិតខាង ដោយសន្ដិភាព ប្រាថ្នាចង់បានទំនាក់ទំនងល្អ ដើម្បីកិច្ចសហប្រតិបត្ដិការស្មើភាព និង ស្មើសិទ្ធិ ក្នុងចំណងមិត្ដភាព និងកិច្ចសហ ប្រតិបត្ដិការអភិវឌ្ឍលើគ្រប់វិស័យ ហើយ ពង្រីកលើកិច្ចសហប្រតិបត្ដិការលើវិស័យ ផ្សេងទៀតទៅថ្ងៃអនាគតរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ដើម្បីជាផលប្រយោជន៍យូរ អង្វែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជានិងថៃ ៕
ដោយ ឡុង សុគុណ
អ្នកស្រាវជ្រាវរឿងក្ដីប្រាសាទព្រះវិហារ នៅតុលាការយុត្ដិធម៌អន្ដរជាតិឡាអេ
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment