លោក ឆាំង យុ និងមិត្តចាស់កាលពីនៅកងចល័តជាមួយគ្នាកំពុងតែដើរលើផ្លូវផ្សះផ្សា
ភ្នំពេញ: ក្រោយពីបានទទួលសំណូមពរពីប្រជាជនដែលរស់នៅឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីសាងសង់ផ្លូវមួយដែលមានប្រវែងប្រមាណ ២០០ម៉ែត្រ មជ្ឈមណ្ឌលឯកសារកម្ពុជា ក៏បានចំណាយថវិកាធ្វើផ្លូវនេះឡើង ។
ឃុំព្រះនេត្រព្រះនេះនេះ គឺជាកន្លែងដែលលោក ឆាំង យុ និងក្រុមគ្រួសាររបស់គាត់រស់នៅនា សម័យកាលកម្ពុជាប្រជាធិតេយ្យ ។ ក្រោយពីចំណាយពេលស្ថាបនាអស់រយៈពេលប្រហែលជាប្រាំខែនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០នេះ ផ្លូវនេះក៏បានបើកសម្ពោធជាផ្លូវការ ។ លោក ឆាំង យុ ដាក់ឈ្មោះថា “ ផ្លូវផ្សះផ្សា ” ក្នុងគោលបំណងដើម្បីឧទ្ទិសដល់លោកឪពុកមារបស់លោក ឈ្មោះ កែវ ឈឿន និងអ្នក ដែលបានស្លាប់នៅក្នុងភូមិត្រពាំងវែង និងស្រុកព្រះនេត្រព្រះទាំងមូល នៅក្នុងរបបខ្មែរក្រហម និងសូមឱ្យក្លាយទៅជាផ្លូវមួយសម្រាប់ឱ្យអ្នក ដែលរស់រានមានជីវិតពីរបបខ្មែរក្រហមធ្វើដំណើរទៅរកការផ្សះផ្សា និងភាពរុងរឿង ។
នៅថ្ងៃបើកសម្ពោធនេះ មានប្រជាជនជាច្រើនកុះករបានចូលរួម ក្រោមអធិបតីភាពលោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាក្រសួងអប់រំ យុវជន និងកីឡា លោកអភិបាលស្រុកព្រះនេត្រព្រះ លោក ឆាំង យុ ព្រមទាំងបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា និងអ្នកចូលរួមផ្សេងទៀត ។ អ្នកភូមិមានការសប្បាយចិត្តជាខ្លាំងដែលផ្លូវនេះត្រូវបានកសាងឡើង ក្នុងនោះមានលោកយាយម្នាក់អាយុ ៧២ឆ្នាំបានរៀបរាប់ថា ផ្លូវផ្សះ ផ្សាមានផលប្រយោជន៍ជាខ្លាំងសម្រាប់ឱ្យប្រជាជនងាយស្រួលធ្វើដំណើរ ជាពិសេសផ្លូវនេះមានឈ្មោះថា ផ្សះផ្សា ដែលអាចផ្សះផ្សារវាងជនរងគ្រោះ និងជនដៃដល់ និងអាចឱ្យពួកគាត់ដើរលើផ្លូវតែមួយដែលអាចបញ្ចប់ការសងសឹក និងការគុំគួនដែលមានពីមុន ហើយនាំគ្នារួបរួមគ្នាកសាងប្រទេសឡើងវិញ ។
(ពីឆ្វេងទៅស្តាំ) លោកអភិបាលស្រុកព្រះនេត្រព្រះ លោកជំទាវ ទន់ សាអ៊ីម និង
លោកមេឃុំព្រះនេត្រព្រះ ហុង ហ៊ុយ (ទីបួន) កំពុងដើរលើផ្លូវផ្សះផ្សាក្រោយពីកាត់ខ្សែបូររួច
ចំណែកលោកយាយម្នាក់ទៀតដែលមានអាយុ ៨០ឆ្នាំ បានរៀបរាប់ថា នៅក្នុងរបបខ្មែរក្រហម គាត់មានបងប្អូនបីនាក់ ។ ក្រោយពីរបបនេះដួលរលំទៅបងប្អូនរបស់គាត់បានបាត់បង់ជីវិតអស់ហើយ ។ ឥឡូវនេះពេលដែលមានការសាងសង់ផ្លូវនេះ និងបានដាក់ឈ្មោះថា ផ្លូវផ្សះផ្សា ធ្វើឱ្យគាត់កាន់តែនឹកឃើញពីការរស់នៅក្នុងរបបខ្មែរក្រហមជាខ្លាំង ជាពិសេសនឹកដល់ប្អូនរបស់គាត់ដែលបានស្លាប់ រួមទាំងសាច់ញាតិរបស់គាត់ដែលបានស្លាប់នៅក្នុងស្រុកនេះផង ។ ចុងក្រោយលោកយាយបានបន្ថែមថា សូមឱ្យផ្លូវផ្សះផ្សានេះធ្វើឱ្យប្រជាជនទាំងអស់បញ្ឈប់ការចងកំហឹងនឹងគ្នាទៀត ហើយសូមឱ្យអ្នកស្លាប់ធ្វើដំណើរទៅកាន់សុគតិភព ។
ចំណែកកូនសិស្សម្នាក់ដែលមានអាយុ ២០ឆ្នាំម្នាក់ បែរជារៀបរាប់ថា “ ខ្ញុំកើតមិនទាន់របបខ្មែរក្រហមទេ ហើយក៏មិនដឹងថា ការផ្សះផ្សានេះមានអត្ថន័យធំប៉ុនណានោះដែរសម្រាប់អ្នកដែលបានឆ្លងកាត់របបនេះ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ខ្ញុំសប្បាយចិត្តជាខ្លាំងដែរ ដែលផ្លូវនេះសាងសង់ឡើងក្នុងគោលបំណងឱ្យអ្នកដែលរស់រានមានជីវិតពីរបបនេះធ្វើការផ្សះផ្សាគ្នា ចេះអត់ឱន និងអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ដែលវាជាកត្តាមួយធ្វើឱ្យប្រទេសឆ្ពោះទៅរកភាពរុងរឿងថែមទៀត ” ។
ទោះបីជាផ្លូវផ្សះផ្សានេះមានប្រវែងខ្លីក៏ដោយ ប៉ុន្តែផ្លូវនេះមានអត្ថន័យយ៉ាងធំធែង ដែលធ្វើឱ្យជនរងគ្រោះ និងជនដៃដល់អាចដើរលើផ្លូវតែមួយឆ្ពោះទៅរកការផ្សះផ្សាមួយដែលនាំប្រទេសទៅរកភាពរុងរឿង និងបញ្ចប់គំនុំនឹងគ្នា ៕
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment