ខេត្ដកណ្ដាល ៖ ដើមរាំងទឹកចំនួន២២ដើម ដឹកតាមរថយន្ដធុនយីឌុប២គ្រឿង ដែលគេសង្ស័យថា ប្រុងលោតឆត្រទៅប្រទេសវៀតណាម ត្រូវបានប៉ូលិសព័ទ្ធចាប់កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១១ មិថុនា នៅចំណុចកំពង់ចំលងស្វាយអាត់ ក្នុងភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ។ ប៉ុន្ដែនៅវេលាព្រឹកឡើងត្រូវបានដោះលែងឱ្យទៅវិញ ដោយប្រាប់ថា មានច្បាប់អនុញ្ញាតត្រឹមត្រូវ ។ តាមមន្ដ្រីប៉ូលិស ថាការដឹកនេះ ត្រូវបានគេបង្ហាញលិខិតដែល ចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លេខ៣៣៧៧ (ក.ស.ក) ចុះថ្ងៃទី៧ មិថុនា ដែលឱ្យឈ្មោះសុខ សម្បត្ដិ ដឹកជញ្ជូនមិនមែនតែដើមរាំងទេ គឺដើមជ្រៃធំ និងដើមជ្រៃក្រឹម រហូតដល់៣០០ដើមទៀតផង ។
ការអនុញ្ញាតនោះ គឺដើម្បីឱ្យឈ្មោះសុខ សម្បត្ដិ យកទៅដាំនៅឧទ្យានរបស់ខ្លួននៅ ភូមិបុស្សមនលើ ឃុំបុស្សមន ស្រុករំដួល ខេត្ដស្វាយរៀង ។ ទោះបីជាបែបណា ចំណុចដែលគេថា ជាឧទ្យាននោះគឺជាការបោកប្រាស់លើគោក ។ តាមប្រភពពីខេត្ដស្វាយរៀងថា ភូមិបុស្សមនលើនោះ នៅជាប់ព្រំដែនវៀតណាម ដែលចំណុចនោះស្ថិតនៅជិត ច្រកព្រំដែនទ្វេភាគីបុស្សមន។ អ្នកភូមិបុស្សមនបដិសេធថា គ្មានឧទ្យានសុខ សម្បត្ដិ អ្វីនោះទេ ទាំងប្រធានភូមិ-ឃុំ មន្ដ្រីសមត្ថកិច្ច មានការភ្ញាក់ផ្អើលកាលបើមានការសាកសួរ រកឧទ្យានសុខ សម្បត្ដិ ពួកគាត់គ្រវីក្បាល និងនិយាយថា បើមានគេដឹកគល់រាំងយកទៅលក់ឱ្យវៀតណាម គឺពិតជាមានមែន តែរឿងឧទ្យានគឺគ្មានទេ។
មន្ដ្រីប៉ូលិសខេត្ដកណ្ដាលបានឱ្យដឹងពីការព័ទ្ធស្ទាក់ចាប់រថយន្ដយីឌុប ដឹកដើមរាំងទឹកចំនួន២២ដើមនេះថា គឺធ្វើឡើងក្រោមការ បញ្ជារបស់លោកឈុន ស៊ីរុន អភិបាលខេត្ដ ហើយរថយន្ដយីឌុបដែលធ្វើការឃាត់នោះ ១ គ្រឿងម៉ាក FUSO ពាក់ស្លាកលេខភ្នំពេញ ៣A-៣២២៣ ពណ៌បៃតង និងមួយគ្រឿងទៀតម៉ាក FUSO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ៣A-៦៩៦៥ ។ ចំណែកឈ្មួញអ្នកដឹក ដើមរាំងទឹកទាំងនោះឈ្មោះសុខ សម្បត្ដិ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅផ្ទះលេខ៤៥៨ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាម៉ោង ១១យប់ ថ្ងៃទី១១ មិថុនា រថយន្ដយីឌុប ចំនួន២គ្រឿង បានដឹកដើមរាំងទឹកពេញឡាន ចុះពីផ្លូវជាតិលេខ៦A ឆ្លងកំពង់ចំលងស្វាយអាត់ ឆ្ពោះទៅកាន់ខេត្ដស្វាយរៀង ។
នៅពេលឡើងពីកំពង់ចំលងមក ស្រាប់តែឃើញកំលាំងប៉ូលិសបានស្ទាក់ចាប់រថយន្ដដឹកដើមរាំងទាំងនោះ ។ នៅក្នុងពេលព័ទ្ធចាប់នោះមានរថយន្ដឡង់គ្រីស្ស័រ ពណ៌ក្រមៅ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ ២F-២៨៦៦ បានប្រាប់ពី អត្ដសញ្ញាណថា ឈ្មោះសុខ សម្បត្ដិ ជាម្ចាស់សួនឧទ្យានសុខ សម្បត្ដិ នៅខេត្ដស្វាយរៀង និងធ្វើការអះអាងថា ដើមរាំងទាំងនេះ គឺសុទ្ធតែមានច្បាប់អនុញ្ញាត ។ យ៉ាងណាក្ដី ក៏កំលាំងប៉ូលិសស្រុកនៅតែធ្វើការឃាត់ទុក ដដែល ដើម្បីធ្វើកំណត់ហេតុ ។ ដើមរាំងទឹក ដែលគេសង្ស័យថា មានបំណងលោតឆត្រទៅប្រទេសវៀតណាម គឺពិតជាមានច្បាប់ពីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ដែលក្នុងការអនុញ្ញាត នោះបានបញ្ជាក់ថា សំរាប់យកទៅលំអក្នុងឧទ្យាន សុខ សម្បត្ដិ នៅក្នុងភូមិបុស្សមនលើឃុំបុស្សមន ស្រុករំដួល ខេត្ដស្វាយរៀង ដែលម្ចាស់អះអាងថា បានទិញពីប្រជាពលរដ្ឋក្នុង ឃុំសំបួរមាស ស្រុកមុខកំពូល និងឃុំកំពង់អុស ស្រុកពញាឮ ខេត្ដកណ្ដាល ។
មន្ដ្រីមូលដ្ឋាននៅឃុំបុស្សមន បានសួរ ដាយឆ្ងល់ថា ហេតុអ្វីបានជាគេភូតកុហកថា មានឧទ្យានត្រូវដាំលំអដើមរាំង បើមូលដ្ឋាន របស់ខ្លួនគ្មាននរណាបានស្គាល់ថា មានឧទ្យាននោះផង ។ មន្ដ្រីក្រសួងកសិកម្មដែលត្រូវបាន សាកសួរជុំវិញការផ្ដល់ឱ្យមានការដឹកជញ្ជូន ដើមរាំងនេះ បាននិយាយថា យើងអនុញ្ញាត បានតែនៅក្នុងស្រុក តែបើគេលួចនាំចេញ គឺខុសច្បាប់ហើយ ។ អ្នកយកព័ត៌មានកោះសន្ដិភាពបានផ្ដល់ព័ត៌មានថា មិនមានឧទ្យានណា ត្រូវការដាំលំអលេងនៅចំណុចបុស្សមន ទល់ដែនយួននោះទេ មន្ដ្រីរូបនោះ អះអាងថា នឹងទៅធ្វើការត្រួតពិនិត្យឡើងវិញ។ ប៉ុន្ដែមន្ដ្រី មិនបានអះអាងថា តើការអនុញ្ញាតបែបនេះ មានសំអាងច្បាស់លាស់ទេថា នៅតំបន់នោះ មានឧទ្យាន? នេះគឺជាការទទួលខុសត្រូវមួយ របស់អ្នកមានសិទ្ធិអំណាចក្នុងការអនុញ្ញាត។ តាមប្រភពពីច្រកទ្វារទ្វេភាគីបុស្សមនថា គ្មានដើមរាំងណាមួយស្ថិតនៅក្នុងដីខ្មែរទេ តែបើស្ថិតនៅក្រោយប៉ុស្ដិ៍ប៉ូលិសវៀតណាម គឺ មានគល់រាំងដឹកចេញពីដីខ្មែរទៅច្រើនណាស់ ព្រោះគេដឹកស្ទើរតែហល់លក់ឱ្យឈ្មួញយួន ៕
(ដកស្រង់ចេញពីគេហទំព័រ កោះសនិ្តភាព)
No comments:
Post a Comment