ខេត្ដកំពត ៖ កាលពីព្រឹកថ្ងៃទី៨ មិថុនា ប្រតិភូវៀតណាមដឹកនាំដោយលោកង៉ោ ធិញឌិក អនុរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូននៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងអ្នកជំនាញជាច្រើនរូបទៀត និងប្រតិភូកម្ពុជាដឹកនាំដោយលោកលីម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក វ៉ា ស៊ីមសូរិយា អគ្គនាយករដ្ឋបាល ព្រមទាំងមានការចូលរួមពីមន្ដ្រីទូតអូស្ដ្រាលីផងបានធ្វើទស្សនកិច្ចមួយ នៅតាមមាត់ច្រកសមុទ្ររបស់កម្ពុជា ។
លោកម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដកែប មានប្រសាសន៍ថា មន្ដ្រីខេត្ដកែបគ្រាន់តែជូនដំណើរគណៈ ប្រតិភូមកពីក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូវៀតណាមចុះមកពិនិត្យ និងសិក្សារួមគ្នាលើគំរោងសាងសង់ផ្លូវ និងការអភិវឌ្ឍន៍នៅច្រករបៀងផ្សេងៗ ជាប់ភូមិសាស្ដ្រប្រទេសវៀតណាម ។ លោកស្រីព្រំ ចំរើន អភិបាលរងខេត្ដកែប បានមានប្រសាសន៍ថា នេះគ្រាន់តែជាការសិក្សាប៉ុណ្ណោះ រីឯលោកវ៉ា ស៊ីមសូរិយា អគ្គ នាយករដ្ឋបាលក្រសួងសាធារណការបានមានប្រសាសន៍ថា ការចុះពិនិត្យស្ថានភាពជាក់ស្ដែងនេះមានគណៈប្រតិភូចំរុះកម្ពុជា-វៀតណាម បានធ្វើទស្សនកិច្ចសិក្សាទៅកាន់តំបន់ទំនាបទន្លេមេគង្គ និងច្រករបៀងមាត់សមុទ្រ សំរាប់ការតភ្ជាប់ពីវៀតណាមមកកម្ពុជា ។
គណៈប្រតិភូចំរុះបានពិនិត្យជាក់ស្ដែងរួមគ្នា និងអភិវឌ្ឍន៍ការងារសាងសង់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្សេងទៀតដូចជាផ្លូវដែក និងកំពង់ផែ ។ល។ ពិសេសពិនិត្យមើលការអភិវឌ្ឍន៍របៀងមាត់ច្រកសមុទ្រ ប៉ែកខាងត្បូងប្រទេសកម្ពុជា ដូចជាខេត្ដតាកែវ កំពត-កែប ។ បន្ទាប់មកគណៈប្រតិភូបានបន្ដដំណើរ ទៅកាន់ច្រកទ្វារអន្ដរជាតិព្រែកចាក ប៉ុន្ដែអ្វីដែលប្រជាពលរដ្ឋស្រុកកំពង់ត្រាចចាប់អារម្មណ៍គឺផ្លូវលេខ៣៣តភ្ជាប់ពីទីរួមស្រុក កំពង់ត្រាច ទៅដល់ច្រកទ្វារមានចំងាយ១៧ គីឡូម៉ែត្រ ស្ថិតក្នុងស្ថានភាពដ៏លំបាក រង់ចាំ ការស្ថាបនាឱ្យបានល្អស័ក្ដិសមជាច្រកទ្វារអន្ដរជាតិ ។
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment