ទង់ជ័យនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ត្រូវបានគេដាក់នៅតាមបណ្តោយរុក្ខវិថីមួយក្នុងទីក្រុងសេប៊ុប្រទេសហ្វីលីពីន។
"គំនិតរបស់ខ្ញុំ ក្នុងនាមជាប្រធានក្រុមជាតិ AIPA កម្ពុជា ខ្ញុំបានផ្តល់គំនិតមួយអំពីជម្លោះព្រំដែនប្រទេសជាប់ជិតខាងគ្នា ហើយប្រទេសជាប់ភូមិផងជាមួយ ចេះតែរុញឱ្យគ្នា (កម្ពុជា- ថៃ) ដោះស្រាយ។ ប៉ុន្តែភាគីម្ខាងទៀតមិនព្រមដោះស្រាយ ដូចជាថៃឈ្លោះជាមួយយើងអញ្ចឹងឹ។ ថៃមិនព្រមធ្វើឱ្យយើងមានការលំបាក។ អញ្ចឹងគេ (បណ្តា ប្រទេសអាស៊ាន) ជួយឈឺឆ្អាលឱ្យគេធ្វើអ្នកសម្របសម្រួល" ។
រដ្ឋសភាកម្ពុជានឹងធ្វើសំណើផ្តួចផ្តើមគំនិតសម្រាប់ដោះស្រាយបញ្ហាជម្លោះ ព្រំដែនប្រទេសជាប់ជិតខាងគ្នាក្នុងចំណោមបណ្តាប្រទេសអាស៊ាននៅក្នុងមហាសន្និបាត AIPA ប្រចាំឆ្នាំនៅប្រទេសវៀតណាម ក្នុងខែកញ្ញាខាងមុខនេះ។
លោក ជន សក្តា រាយការណ៏ជូនដូចតទៅ៖
រដ្ឋសភាកម្ពុជាកំពុងរៀបចំសំណើផ្តួចផ្តើមគំនិតថ្មីមួយ សម្រាប់ដាក់ជូនមហាសន្និបាតអន្តរសភាអាស៊ានប្រចាំឆ្នាំលើកទី៣១ នៅទីក្រុងហាណូយក្នុងខែកញ្ញា សំដៅស្វះស្វែងរកបណ្តាប្រទេសអាស៊ាន ឱ្យធ្វើជាអ្នកសម្របសម្រួលដោះស្រាយបញ្ហាជម្លោះព្រំដែនដែលបានអូសបន្ទាយពេលរវាងប្រទេសកម្ពុជា និងប្រទេសថៃ។
មហាសន្និបាតអន្តរសភាអាស៊ានប្រចាំឆ្នាំលើកទី ៣១ នឹងធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃ ទី ១៩ ដល់ថ្ងៃទី ២៥ ខែកញ្ញា ដើម្បីពិភាក្សាបញ្ហាផ្សេងៗ សំដៅបង្កើនកិច្ចសហប្រតិបត្តិការ និងប្រសិទ្ធិភាពប្រតិបត្តិការទាំងអស់របស់ខ្លួននៅក្នុងបណ្តាប្រទេស អាស៊ាន។
បណ្តារដ្ឋជាសមាជិក AIPA រួមមានប្រទេសកម្ពុជា លាវ វៀតណាម ភូមា ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ប្រុយណេ សង្ហឹបូរី និង ហ្វីលីពិន។មហាសន្និបាតអន្តរសភាអាស៊ាន AIPA ប្រចាំឆ្នាំលើកទី ៣១ នេះ ដែលនឹងត្រូវបានដឹកនាំដោយ
ប្រធានសភាវៀតណាមមានគោលសំដៅជួយជម្រុញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរ និងការយោគយល់គ្នាទៅវិញទៅមក នៅក្នុងសហគមន៏ AIPA ដើម្បីបង្កើនតួនាទី មុខងារ ប្រសិទ្ធិភាពប្រតិបត្តិការរបស់អង្គការនេះ សម្រាប់សន្តិភាពនិងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។
លោក ជាម យៀប ប្រធានក្រុមជាតិ AIPA កម្ពុជា បានថ្លែងប្រាប់ VOA ថាលោកនឹងប្រជុំពិភាក្សាគ្នាលើសំណើផ្តួចផ្តើមគំនិតថ្មីស្តីពីជម្លោះព្រំដែនប្រទេសជាប់ជិតខាងរបស់លោកនៅក្នុងចំណោមប្រធានគណៈកម្មការរដ្ឋសភាកម្ពុជា។
លោក ជាម យៀប បានបន្តថាលោកនឹងលើកសំណើស្តីពីបញ្ហាជម្លោះព្រំដែនប្រទេសជាប់ ជិតខាងរវាងកម្ពុជានិងថៃនៅក្នុងមហាសន្និបាតអន្តរសភាអាស៊ានប្រចាំ ឆ្នាំលើកទី ៣១ នៅទីក្រុងហាណូយ ដើម្បីសុំឱ្យបណ្តាប្រទេសអាស៊ានជួយដោះស្រាយជម្លោះព្រំដែននេះ។
លោក ជាម យៀប បានបញ្ចាក់ថាយើងចង់ឱ្យបណ្តាប្រទេសអាស៊ាន ជួយដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ សហគមន៏អន្តរជាតិតែងតែជម្រុញប្រទេសកម្ពុជា និងប្រទេសថៃ ដោះស្រាយបញ្ហាជម្លោះព្រំដែនរបស់ខ្លួន តាមមធ្យោបាយទ្វេភាគី ប៉ុន្តែប្រទេសថៃមិនយល់ព្រម។
"គំនិតរបស់ខ្ញុំ ក្នុងនាមជាប្រធានក្រុមជាតិ AIPA កម្ពុជា ខ្ញុំបានផ្តល់គំនិតមួយអំពីជម្លោះព្រំដែនប្រទេសជាប់ជិតខាងគ្នា ហើយប្រទេសជាប់ភូមិផងជាមួយ ចេះតែរុញឱ្យគ្នា (កម្ពុជា- ថៃ) ដោះស្រាយ។ ប៉ុន្តែភាគីម្ខាងទៀតមិនព្រមដោះស្រាយ ដូចជាថៃឈ្លោះជាមួយយើងអញ្ចឹងឹ។ ថៃមិនព្រមធ្វើឱ្យយើងមានការលំបាក។ អញ្ចឹងគេ (បណ្តា ប្រទេសអាស៊ាន) ជួយឈឺឆ្អាលឱ្យគេធ្វើអ្នកសម្របសម្រួល" ។
លោក ជាម យៀប បានបន្តថាដំណោះស្រាយតាមវិធីនេះ នឹងជួយផ្តល់ផលប្រយោជន៏ដល់ប្រទេសកម្ពុជា និងសហគមន៏អាស៊ានទាំងមូល ហើយសំណើរបស់លោកគឺជាផលប្រយោជន៏រួមរបស់សហគមន៏អាស៊ាន។
លោក ជាម យៀប បានបន្ថែមថា យើងចង់ឱ្យមានស្ថេរភាពនយោបាយ និងសន្តិសុខសម្រាប់ប្រទេសអាស៊ានទាំងអ ស់។ យើងត្រូវការរស់នៅក្នុងសន្តិសហវិជ្ជមាន ក្នុងចំណោមប្រទេសជាប់ជិតខាង និងតំបន់ទាំងមូលរបស់យើង។
កងទ័ពកម្ពុជា និងថៃបានវ៉ាយប្រយុទ្ធគ្នាទៅវិញទៅមកជាច្រើនលើកនៅតំបន់ជម្លោះព្រំដែននៅ ក្បែរប្រាសាទព្រះវិហារ ដែលបានសម្លាប់ទាហានយ៉ាងតិច ៨ នាក់ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ចីបេតិកភណ្ឌពិភពលោក នៅក្នុងខែកក្កដា ឆ្នាំ ២០០៨។
ប្រទេសថៃមានជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា ប្រទេសភូមា ប្រទេសលាវ និងប្រទេសម៉ាឡេស៊ី។ បន្ថែមលើជម្លោះព្រំដែននេះ រដ្ឋាភិបាលថៃបានសម្តែងការមិនសប្បាយចិត្តយ៉ាងខ្លាំង ខណៈដែល
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំងអតីតនាយករដ្ឋមន្ត្រី Thaksin Shinawatra ឱ្យធ្វើជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា។
លោក Thaksin Shinawatra ត្រូវបានបណ្តេញចេញពីអំណាចដោយរដ្ឋប្រហារយោធានៅក្នុងឆ្នាំ ២០០៦ ៕
(ដកស្រង់ចេញពីគេហទំព័រ សំឡេងសហរដ្ឋអាមេរិក ▪ ខ្មែរ)
No comments:
Post a Comment