Tuesday, June 15, 2010

អង្គការ​លីកាដូ​ថា តុលាការ​ខេត្ត​កំពង់​ឆ្នាំង​ឃុំ​ខ្លួន​មនុស្ស​ហួស​ថេរវេលា



គេហទំព័រ​របស់​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការ​ពារ​សិទ្ធិ​មនុស្ស លីកដូ (LICADHO)។


តុលាការ​ខេត្ត​កំពង់ឆ្នាំង បាន​មាន​ប្រតិកម្ម​ចំពោះ​របាយការណ៍​របស់​អ្នក​ស៊ើប​អង្កេត​អង្គការ​លីកាដូ ដែល​ថា មាន​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​បណ្ដោះ​អាសន្ន​លើស​នីតិ​វិធី​ច្បាប់។

តុលាការ​ខេត្ត​កំពង់ឆ្នាំង បាន​ច្រាន​ចោល​តួ​លេខ​នៃ​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​បណ្ដោះ​អាសន្ន លើស​នីតិ​វិធី​ច្បាប់ ដែល​អង្គការ​លីកាដូ​បាន​លើក​ឡើង​ក្នុង​របាយការណ៍​របស់​ខ្លួន នា​ពេល​ថ្មីៗ​កន្លង​ទៅ។

ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លោក ពេញ វិបុល មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា​ថា តួលេខ​ដែល​មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ បាន​លើក​ឡើង​មក​នោះ គឺ​ជា​តួ​លេខ​មិន​ពិត​ឡើយ។ លោក​បន្ត​ថា ក្នុង​ខេត្ត​កំពង់ឆ្នាំង ពុំ​មាន​ករណី​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​បណ្ដោះ​អាសន្ន​លើស នីតិ​វិធី ដូច​ក្នុង​របាយ​ការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​នោះ​ទេ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «ខ្ញុំ​មិន​អាច​ទទួល​យក​បាន នូវ​របាយការណ៍​របស់​អង្គការ​លីកាដូ ដែល​លើក​ឡើង​ថា នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​នេះ បាន​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ហួស​ថេរវេលា​កំណត់ ចំនួន ១៩​នាក់ តាំង​ពី​ខែ​មករា ដល់​ខែ​មេសា ២០១០ នោះ​ទេ។ ដោយ​ហេតុ​ថា កន្លង​មក​នេះ ខ្ញុំ​បាន​ទទួល​របាយការណ៍​ពី​ពន្ធនាគារ​ខេត្ត នៅ​ថ្ងៃ​ទី​៦ ឧសភា ឆ្នាំ​២០១០ ថា មាន​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ហួស​ថេរវេលា​កំណត់​តែ​៨​នាក់​ទេ»

លោក​សំណូមពរ​ឲ្យ​គ្រប់​អង្គការ ដែល​ពាក់ព័ន្ធ​មេត្តា​មក​ទាក់​ទង​ជា​មួយ​តុលាការ ដើម្បី​ទទួល​បាន​នូវ​របាយការណ៍​ពេញ​លេញ ត្រឹម​ត្រូវ មុន​នឹង​យក​ទៅ​ប្រើ​ប្រាស់​វា​ជា​ផ្លូវ​ការ​នោះ។

របាយការណ៍​របស់​អង្គការ​លីកាដូ​បង្ហាញ​ថា នៅ​ដើម​ឆ្នាំ​២០១០ នេះ គឺ​ចាប់​ពី​ខែ​មករា ដល់​ខែ​មេសា អង្គការ​លីកាដូ​បាន​រក​ឃើញ​ថា តុលាការ​នៅ​បណ្ដា​ខេត្ត​មួយ​ចំនួន បាន​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​បណ្ដោះ​អាសន្ន​លើស​នីតិ​វិធី​ចំនួន ៩២​ករណី។ ក្នុង​នោះ នៅ​ខេត្ត​ព្រះសីហនុ មាន ៤​ករណី ខែត្រ​កំពង់ស្ពឺ ២២​ករណី កំពង់ឆ្នាំង ១៩​ករណី កំពង់ធំ ៤​ករណី ពោធិ៍សាត់ ៤១​ករណី និង​ស្វាយរៀង ២​ករណី។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីការដូ លោក អំ សំអាត បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា​ថា ករណី​នៅ​ខេត្ត​កំពង់ឆ្នាំង អាច​មាន​ការ​យល់​ច្រឡំ​គ្នា ចំពោះ​ថិរវេលា​នៃ​របាយការណ៍​នោះ។ លោក​បន្ត​ថា តួ​លេខ​ដែល​លោក​បាន​លើក​យក​មក​និយាយ គឺ​គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​មេសា ឆ្នាំ​២០១០។ ឯ​ការ​បំភ្លឺ​របស់​ព្រះ​រាជ​អាជ្ញា គឺ​នៅ​ដើម​ខែ​មិថុនា។

លោក​ថា ចំនួន​អាច​មាន​ការ​ថយ​ចុះ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ៖ «តាម​ការ​ចេញ​ផ្សាយ​ថា ១៩​នោះ បើ​តាម​យើង​មើល​ពី​ខែ​១ ដល់​ខែ​បួន​នោះ ខ្ញុំ​ថា​ខ្ញុំ​យក​តែ​មធ្យម​ភាគ​ផង​ទេ»

នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក សុក សំអឿន មាន​ប្រសាសន៍​ថា ជា​រឿយៗ​គេ​តែង​សង្កេត​ឃើញ​មាន​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​បណ្ដោះ​អាសន្ន​លើស​នីតិ​វិធី នៅ​បណ្ដា​ខេត្ត​មួយ​ចំនួន​នោះ​មែន។ យ៉ាង​ណា​ក៏​ដោយ លោក​បាន​ក្រើន​រំលឹក​អំពី​នីតិ​វិធី​នៃ​ការ​ឃុំ​ខ្លួន​ថា ចំពោះ​បទ​ឧក្រិដ្ឋ ចៅក្រម​ស៊ើប​សួរ អាច​ធ្វើ​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​បណ្តោះ​អាសន្ន​រយៈ​ពេល ៦​ខែ ប៉ុន្តែ​បើ​សិន​ជា​ការ​ស៊ើប​អង្កេត​មិន​ទាន់​បញ្ចប់ ចៅក្រម​មាន​សិទ្ធិ​បន្ត​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ២​ដង​ទៀត សរុប​ចំនួន ១៨​ខែ។

ការ​បន្ត​ឃុំ​ខ្លួន​នេះ ត្រូវ​មាន​ដីកា​បន្ត​ឃុំ​ខ្លួន និង​មូលហេតុ​ច្បាស់​លាស់។ រី​ឯ​បទ​ល្មើស​មជ្ឈិម អាច​ឃុំ​ខ្លួន​បាន​ពី ៤ ទៅ​៦​ខែ។ លោក សុក សំអឿន​បន្ត​ថា ការ​ឃុំ​ខ្លួន​លើស​នីតិ​វិធី គឺ​ជា​ការ​រំលោភ​ច្បាប់ និង​រំលោភ​សិទ្ធិ​មនុស្ស៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអាស៊ីសេរី)

No comments:

Post a Comment