Monday, June 14, 2010

ការបោះឆ្នោតសភា​នៅ​ប៊ែលហ្សិក៖​តើ​គេ​ត្រូវ​បោះឆ្នោត​រួច ហើយ​ទើប​លែង​លះគ្នា​ឬ យ៉ាងណា?

ប្រជាជន​នៃ​ប្រទេស​ប៊ែលហ្សិក​ត្រូវ​ចាប់​ធ្វើការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ទី១៣​មិថុនា​នេះ​ដើម្បី​ជ្រើស​តាំង​សមាជិក​សភា​១៥០នាក់​ នៅ​ក្នុង​បរិបទ​នៃ​វិបត្តិ​រវាង​សហគមន៍​Flamande និយាយ​ភាសា​ហុល្លង់ដឺ៍​ហើយនិង​សហគមន៍​Wallon​និយាយ​ភាសា​បារាំង។មូលហេតុ​នេះ​បូក​បន្ថែម​នឹង​បញ្ហា​ភាសា​ បាន​មក​ជំរុញ​ឲ្យ​ពួក​ហ្វ្លាម៉ង់ដឺ៍​ដែល​មាន​និន្នាការ​អ្នកជាតិ​និយម​ជ្រុល ​មក​បំពុល​បរិយាកាស​នយោបាយ​និង​បំផុស​បំផុល​ឲ្យ​មាន​គំនិត​ចង់​បែង​ចែក​ព្រះ ​រាជា​ណា​ចក្រ​​ប៊ែលហ្សិក​ជា​រដ្ឋ​ពីរ​ដាច់ពី​គ្នា។

បើ​យោងតាម​ការ​ស្ទាបស្ទង់​មតិ​នៅ​ពេល​ចុងក្រោយ​នេះ​បាន​ឲ្យ​ដឹង​ថា​ គណបក្ស​ឯករាជនិយម​នៃ​សហគមន៍​Flamande និយាយ​ភាសា​ហុល្លង់ដឺ៍​ដែល​មាន​ឈ្មោះ​ថា​ Nouvelle alliance flamande ( NVA ) ឬ​គណបក្ស​សម្ពន្ធភាព​ថ្មី​ហ្វ្លាម៉ង់ដឺ៍​នឹង​ទទួល​បាន​ជោគជ័យ​ដោយ​អាច​នឹង​ទទួល​បាន​សម្លេង​ឆ្នោត​គាំទ្រ​ដល់ទៅ​២៥%​ដែល​ជា​កម្រិត​មួយ​ដ៏​ខ្ពស់​ពុំ​ដែល​កើត​មាន​សម្រាប់​គណបក្ស​ហ្វ្លាម៉ង់ដឺ៍​មួយ​នេះ។
ចំណែកឯ​ខាង​សហគមន៍​Wallon​និយាយ​ភាសា​បារាំង​វិញ​ គណបក្ស​សង្គមនិយម​នឹង​អាច​ទទួល​បាន​យ៉ាងតិច​៣០%​ ទន្ទឹម​គ្នា​នេះ​គណបក្ស​សេរីនិយម​ដែល​មាន​ឥទ្ធិពល​ខ្លាំង​នៅ​រាជធានី​Bruxelles និង​ជាយក្រុង​ ប្រហែល​ជា​អាច​នឹង​ទទួល​បាន​សម្លេង​ឆ្នោត​គាំទ្រ​ប្រមាណ​២០%។

គួរកត់​សម្គាល់​ថា​ ការ​ដួល​រលំ​នៃ​រដ្ឋាភិបាល​ចម្រុះ​នៃ​បក្ស​គ្រឹស្តឺ៍​សាសនា​​ប្រជាធិបតេយ្យ​ហ្វ្លាម៉ង់ដឺ៍​របស់​លោក​Yves Leterme នៅ​ចុង​ខែ​មេសា​កន្លង​ទៅ​បាន​ត្រូវ​បង្ក​ឡើង​ដោយ​ហេតុ​តែ​មាន​អធិករណ៍​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រើ​ភាសា​ សិទ្ធិ​ក្នុង​ការ​បោះឆ្នោត​និង​បញ្ហា​តុលាការ​នៃ​សហគមន៍​Wallon​និយាយ​ភាសា​បារាំង​នៅ​ជាយ​ទីក្រុង​Bruxelles ​ដែល​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​ហ្វ្លាម៉ង់ដឺ៍​ ហើយ​ដែល​សហគមន៍​Flamande និយាយ​ភាសា​ហុល្លង់ដឺ៍​ចង់​លុប​ចោល​​នូវ​សិទ្ធិ​សេរីភាព​ទាំងនេះ​របស់​សហគមន៍​Wallon។

សន្ទុះ​កើនឡើង​ខ្លាំង​នៃ​សម្លេង​ឆ្នោត​គាំទ្រ​ពួក​អ្នក​ឯករាជនិយម​ហ្វ្លាម៉ង់​ដឺ៍​នាឱកាស​បោះឆ្នោត​សភា​មុន​ចប់​អាណត្តិ​នៅ​ថ្ងៃ​អាទិត្យ​ទី១៣​មិថុនា​នេះ​ បើ​ប្រសិន​ជា​កើតមាន​មែន​នោះ វា​ច្បាស់​ជា​នឹង​បង្ក​ឲ្យ​មាន​ការ​លំ​បាក​ច្រើន​ក្នុង​ការ​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល​សហព័ន្ធ​មួយ​សម្រាប់​គ្រប់​គ្រង​ប្រទេស​ប៊ែលហ្សិក។​ ហើយ​វា​ក៏​ជា​សញ្ញា​មួយ​ឈាន​ទៅ​រក​ការ​បែងចែក​ប្រទេស​ប៊ែលហ្សិក​ឲ្យ​ក្លាយ​ទៅ​ជា​រដ្ឋ​ពីរ​ឬបី​ផងទៀត។

នៅ​ប្រទេស​ប៊ែលហ្សិក​នរណា​ក៏​និយាយ​ពី​ការ​បែង​ចែក​ប្រទេស​ប៊ែលហ្សិក​ជា​រដ្ឋ​ពីរ​ឬបី​នេះដែរ។​ គណបក្ស​នយោបាយ​ហ្វ្លាម៉ង់ដឺ៍​មាន​គំនិត​គាំទ្រ​ការ​បែងចែក​ដោយ​ផ្តាច់​តំបន់​ហ្វ្លាម៉ង់ដឺ៍​ចេញ​ពី​តំបន់​Wallonie​ ​ដែល​និយាយ​ភាសា​បារាំង។​ ពួក​ហ្វ្លាម៉ង់ដឺ៍​ដែល​តែង​ឋិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ក្នុង​វិស័យ​នយោបាយ​និង​វិស័យ​សេដ្ឋកិច្ច​របស់​ពួក​វ៉ាឡុង​ដែល​និយាយ​ភាសា​បារាំង​ជា​យូរ​ពេល​មក​ហើយ​ លើក​​នេះ​ពួក​សហគមន៍​Flamande ​ដែល​និយាយ​ភាសា​ហុល្លង់ដឺ៍​ចង់​បង្ហាញ​ឲ្យ​សហគមន៍​​Wallon​ដែល​និយាយ​ភាសា​បារាំង​ឃើញ​អានុភាព​របស់​ពួក​គេ​ម្តង។

នៅ​ប្រទេស​ប៊ែលហ្សិក​សហគមន៍​ទាំងពីរ​ពោលគឺ​សហគមន៍​Flamande ​និយាយ​ភាសា​ហុល្លង់ដឺ៍​ហើយនិង​សហគមន៍​Wallon​និយាយ​​ភាសា​បារាំង​ពុំ​សូវ​ដែល​ស្គាល់​ភាព​សុខដុមរមនា​ស្របគ្នា​ឡើយ។​ នៅ​ខណៈ​ដែល​ស្ថានភាព​សេដ្ឋកិច្ច​និង​ស្ថាន​ភាព​ហិរញ្ញវត្ថុ​នៃ​ឧស្សាហកម្ម​ធុន​ធ្ងន់​របស់​ពួក​សហគមន៍​Wallon​និយាយ​ភាសា​បារាំង​ជួប​នឹង​វិបត្តិ​វិនាស​ហិនហោច​ ឧស្សាហកម្ម​រថយន្ត​របស់​សហគមន៍​Flamande និយាយ​ភាសា​ហុល្លង់ដឺ៍​ឯណោះ​បាន​ស្គាល់​ការ​រីក​ចម្រើន។​ បន្តិច​ម្តងៗ​ពួក​ហ្វ្លាម៉ង់ដឺ៍​ចាប់​យល់ថា​ ពួក​គេ​បាន​បង់​វិភាគទាន​ច្រើន​ហួស​ក្នុង​ការ​ជួយ​យិត​យោង​ពួក​វ៉ាឡុង។​ មូលហេតុ​នេះ​បូក​បន្ថែម​នឹង​បញ្ហា​ភាសា​ បាន​មក​ជំរុញ​ឲ្យ​ពួក​ហ្វ្លាម៉ង់ដឺ៍​ដែល​មាន​និន្នាការ​អ្នកជាតិ​និយម​ជ្រុល​មក​បំពុល​បរិយាកាស​នយោបាយ​និង​បំផុស​បំផុល​ឲ្យ​មាន​គំនិត​ចង់​បែង​ចែក​ព្រះ​រាជា​ណាចក្រ​ប៊ែលហ្សិក​ជា​រដ្ឋ​ពីរ​ដាច់ពី​គ្នា។

“​អត្តទត្ថបុគ្គល​"​ទល់​នឹង”​បុគ្គល​ខ្ជិល​ច្រអូស​រស់​ដោយ​ផ្ញើប្រាណ​នឹង​គេ​"

លទ្ធផល​គឺ​នៅ​ទី​បំផុត​ ពួក​វ៉ាឡុង​បាន​ចាត់ទុក​ពួក​ហ្វ្លាម៉ង់ដឺ៍​ថា​ជា​“​អត្តទត្ថបុគ្គល​"​និង​ជា​មនុស្ស​ព្រហើន​កោងកាច។​ ចំណែកឯ​ពួក​ហ្វ្លាម៉ង់ដឺ៍​វិញ​ បាន​ស្តី​បន្ទោស​សហគមន៍​Wallon​និយាយ​ភាសា​បារាំង​ថា​ជា​ពួក​មនុស្ស​ខ្ជិល​ច្រអូស​ រស់​ដោយ​សារ​តែ​ប្រាក់​សាមគ្គី​ជាតិ​បាន​មក​ពី​ការ​បង់​ពន្ធដារ​របស់​សហគមន៍​Flamande និយាយ​ភាសា​ហុល្លង់ដឺ៍។

សេណារីយ៉ូ​បែប​ត្រូវ​រំលាយខ្លួន​របស់​ប្រទេស​ប៊ែលហ្សិក​ហាក់​ដូច​ជា​ពិបាក​នឹង​សម្រេច​ទៅ​រួច។​ ដោយ​ហេតុ​ថា​ តើ​គេ​ត្រូវ​ដោះ​ស្រាយ​ដោយ​វិធីណា​ទៅ​ ពាក់ព័ន្ធ​នឹង​បញ្ហា​កិច្ច​ការពារ​សុវត្ថិភាព​សង្គម​?​ បញ្ហា​ប្រព័ន្ធ​ចូល​និវត្តន៍?​ បញ្ហា​កង​កម្លាំង​យោធា?​ បញ្ហា​ប្រាក់​បំណុល​របស់​ប្រ​ទេស​​ប៊ែលហ្សិក​ដែល​ខាំ​ចាក់​ស្រេះ​គ្នា​យ៉ាង​ស្អិត​ល្មួត​បែបនេះ?

ហើយ​បើ​ប្រទេស​ប៊ែលហ្សិក​នឹង​ត្រូវ​បែងចែក​ជា​រដ្ឋពីរ​ដាច់ពី​គ្នា​មែន​ តើ​បញ្ហា​នៃ​ទីក្រុង​Bruxelles ​នឹង​ត្រូវ​គេ​ដោះ​ស្រាយ​យ៉ាងណា​ដែរ?​ ទីក្រុង​Bruxelles​ដែល​ឋិត​នៅ​ក្នុង​តំបន់​មួយ​ដាច់​ដោយ​ឡែក​ពី​គេ​ ជា​ពិសេស​ ទីក្រុង​Bruxelles​ជា​ទីកន្លែង​ដែល​មាន​ទី​ស្នាក់ការ​នៃ​ស្ថាប័ន​សំខាន់ៗ​របស់​សហភាព​អឺរ៉ុប​និង​បក្ស​សម្ពន្ធ​អាត្លង់ទិក។​ ឬមួយ​ក៏​គេ​ត្រូវ​បង្កើត​តំបន់​នៃ​ទីក្រុង​Bruxelles​ឲ្យ​ក្លាយ​ទៅ​ជា​រដ្ឋ​ទីបី?​ ឬជា​ទីក្រុង​សេរី?​ ឬជា​សាធារណរដ្ឋ​មួយ​សម្រាប់​អ្នក​រដ្ឋការ?

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​​ក៏​ដោយ​ ក៏​វិបត្តិ​រវាង​សហគមន៍​Flamande និយាយ​ភាសា​ហុល្លង់ដឺ៍​ហើយនិង​សហគមន៍​Wallon​និយាយ​ភាសា​បារាំង​កំពុង​តែ​មាន​សភាព​ពុះ​កញ្ជ្រោល​នា​ឱកាស​បោះឆ្នោត​សភា​ ហើយ​​កំពុង​តែ​បិទបាំង​និង​ធ្វើ​ឲ្យ​គេ​ភ្លេច​គិត​ដល់​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​ប៊ែលហ្សិក​បច្ចុប្បន្ន​ថា​តើ​គេ​ត្រូវ​ខិតខំ​រិះរក​ដោះ​ស្រាយ​ដោយ​វិធី​ណា?

បច្ចុប្បន្ន​នេះ​ វិបត្តិ​នយោបាយ​ប៊ែលហ្សិក​មាន​ជាប់​នៅ​លើ​បបូរមាត់​របស់​ប្រជាជន​គ្រប់​រូប។​ ក៏​ប៉ុន្តែ​បើ​យោង​តាម​ការ​ស្ទាប​ស្ទង់​មតិ​នៅ​ពេល​​ថ្មីៗ​នេះ​ លទ្ធផល​ដែល​អាច​ប្រសូត​ចេញ​ពី​ការ​បោះ​ឆ្នោត​សភា​មុន​ចប់​អាណត្តិ​នេះ​ ហាក់​ដូច​ជា​បង្ក​ឲ្យ​មាន​ការ​លំបាក​យ៉ាង​ច្រើន​ក្នុង​ការ​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល​មួយ​សម្រាប់​គ្រប់គ្រង​ប្រទេស​ប៊ែលហ្សិក។

សូម​បញ្ជាក់ថា​ ប្រទេស​ប៊ែលហ្សិក​ត្រូវ​ឡើង​មក​កាន់​តំណែង​ធ្វើជា​ប្រធាន​ផ្លាស់​វេន​នៃ​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ទី១​កក្កដា​ខាងមុខ​នេះ។​ បើ​មាន​វិបត្តិ​នយោបាយ​តែ​យ៉ាង​នេះ​ មើលទៅ​ប្រទេស​ប៊ែលហ្សិក​ហាក់​ដូច​ជា​គ្មាន​សង្ឃឹម​ឡើយ​ថា​នឹង​អាច​មាន​រដ្ឋាភិបាល​ថ្មី​ឡើង​មក​កាន់​តំណែង​ធ្វើជា​ប្រធាន​នៃ​សហគមន៍​អឺរ៉ុប៕

(ដកស្រង់ចេញពីគេហទំព័រ FRI ខេមរភាសា)

No comments:

Post a Comment