"គឺជាទឹកផ្លែឈើដើម្បីជំនួយសុខភាព បានន័យថា ជាអាហារបន្ថែមរូបមន្តពិសេសក្នុងទម្រង់នៃភេសជ្ជៈជាឱសថបុរាណដែរ មានសារធាតុនៃរុក្ខជាតិផ្កាស្លឹកឈើនិងគ្រាប់ មិនមែនជាថ្នាំព្យាបាលរោគទេ តែជួយបង្កើនជំនួយសុខភាព វារឹងមាំរបស់រាងកាយ"។
នៅក្នុងប្រទេសកម្ពុជាប្រជាពលរដ្ឋមួយចំនួននិយមប្រើប្រាស់អាហាររូបត្ថម្ភ ឬអាហារបំប៉នសុខភាពដែលគេជឿជាក់ថាអាចជួយព្យាបាលរោគផង និងជួយរក្សាសម្ភស្សបានផង។ ដោយមានក្រុមហ៊ុនមួយចំនួនបានរកស៊ីកាក់កបក្នុងការលក់ផលិតផលនេះ ក៏ប៉ុន្តែអតិថិជនមួយចំនួនបានត្អូញត្អែរថា អាហារនេះមានតម្លៃខ្ពស់ពេក។
នាង ធីតា វីនសូមជូនសេចក្តីពិស្តារអំពីរឿងនេះ។
ប្រជាពលរដ្ឋខ្មែរមួយចំនួនមានការចាប់អារម្មណ៍ប្រើប្រាស់ អាហាររូបត្ថម្ភដើម្បីជំនួយសុខភាព បើទោះបីជាផលិតផលនោះមានតម្លៃខ្ពស់បន្តិចក៏ដោយ។
ក្រុមហ៊ុនឯកជនមួយចំនួនបាននាំចូលផលិតផលប្រភេទជាអាហាររូបត្ថម្ភដែលចម្រាញ់ ចេញពីគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ ស្លឹក ដើម ឬសផ្ការបស់រុក្ខជាតិមួយចំនួន ដែលគេជឿថា មានផលល្អសម្រាប់សុខភាព។ ផលិតផលទាំងនោះមានប្រភេទជាគ្រាប់ ម្សៅ និងទឹកជាដើម។
នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម មានផ្លាកសំគាល់តូចមួយរបស់ក្រុមហ៊ុន ខេលីន ដែលយើងមើលពីខាងក្រៅមិនអាចដឹងថាជាក្រុមហ៊ុនលក់អាហារបំប៉ននោះទេ។ អ្នកដែលមកទិញអាហារនៅទីនេះសុទ្ធតែបានដឹងតៗគ្នា។
នៅក្នុងបន្ទប់បិទជិតមួយដែលមិនមានការតាំងផលិតផលអ្វីសោះឡើយ លោក លុត លើយ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ខេលីន ដែលនាំចូលអាហារូបត្ថម្ភពីប្រទេស ជប៉ុន ឥណ្ឌា និង សហរដ្ឋអាមេរិកបានឲ្យដឹងថាក្រុមហ៊ុនបាននាំចូលផលិតផលនេះជាងមួយឆ្នាំកន្លងមកហើយ ក៏ប៉ុន្តែរយៈពេលប៉ុន្មានខែចុងក្រោយនេះមានការគាំទ្រច្រើនពីអតិថិជន។ ហើយតម្លៃអាហារនេះ មានចន្លោះពី ១៨ ទៅ ៣៧ ដុល្លារអាមេរិកាំងដែលអាចប្រើបានរយៈពេលប្រហែលជា១ខែ។
លោកបានឲ្យដឹងបន្តថា អាហារូបបត្ថម្ភនេះមិនមែនជាឱសថសម្រាប់ព្យាបាលនោះទេ វាគ្រាន់តែជាអាហារសម្រាប់ជួយទ្រទ្រង់រាងកាយដូចជា សំអាតជាតិពុលចេញពីក្នុងខ្លួន បង្គ្រប់សារធាតុចិញ្ជឹមក្នុងកោសិកានៅក្នុងរាងកាយមនុស្ស ដើម្បីកោសិកាមានលទ្ធភាពបង្កើនកោសិកាថ្មីការពារ និងមានតុល្យាភាពក្នុងរាងកាយ។
"ដំណើរការនៃការទទួលយកសេវាកម្មរបស់យើងពីអតិថិជនគឺមានការកើនឡើង។ នៅពេលដែលយើងមានអាហារគ្រប់គ្រាន់ កោសិកាយើងក៏រឹងប៉ឹងដែរ នៅពេលដែលកោសិកាយើងរឹងប៉ឹងគឺយើងអត់ឈឺទេ ប៉ុន្តែនៅពេលដែលដំណាក់កាលគាត់ឈឺ ហើយមានមេរោគវាយលុកធ្ងន់ធ្ងរ ហើយមិនអាចមកត្រូវការការជួសជុលកោសិកាដែលយើងត្រូវការរយៈពេលនេះទេ គឺគាត់ត្រូវការបន្ទាន់ គឺគាត់ត្រូវទៅធ្វើសហការជាមួយពេទ្យ" ។
ចំណែកឯនៅតាមបណ្តោយផ្លូវសហព័ន្ធរូស្ស៊ីវិញគេសង្គេតឃើញមានការដាក់តាំងរូបដបផលិតផលអាហារបំប៉នយ៉ាងធំនៅពីមុខក្រុមហ៊ុនអ៊ិនត្រាហើប ដែលជាក្រុមហ៊ុននាំផលិតផលជាប្រភេទអាហារជំនួយសុខភាពពីប្រទេសកាណាដា។
នៅក្នុងផ្ទះល្វែងមួយដែលរៀបចំតុបតែងរបៀបលក្ខណៈជាក្រុមហ៊ុន ដែលមានការដាក់តាំងផលិតផលដបទឹក អ៊ិនត្រា នៅតាមជញ្ជាំង លោក បែន គឹមសាន្ត ជាជំនួយការប្រធានក្រុមហ៊ុន អ៊ិនត្រាហើប បានឲ្យដឹងថាទឹកអ៊ិនត្រា ជាប្រភេទអាហារបំរុងរាងកាយ អាចជួយបង្កើនប្រព័ន្ធ ភាពស៊ាំការពារនៅក្នុងរាងកាយនិងមានសារធាតុ កំចាត់ជាតិពុលចេញពីរាងកាយ និងជួយ សម្រួលកំរិតស្ករ និងខ្លាញ់ក្នុងសរសៃឈាមជាដើម។ លោកបានឲ្យដឹងបន្តថានៅពេលនេះទឹក អ៊ិនត្រា មិនទាន់បានដាក់លក់ជាសាធារណៈនៅឡើយ ក៏ប៉ុន្តែមានអតិថិជនខ្លះបានដឹងពីសារៈប្រយោជន៍ក៏បានទិញយកទៅ ប្រើប្រាស់រួចហើយដែរ។
"គឺជាទឹកផ្លែឈើដើម្បីជំនួយសុខភាព បានន័យថា ជាអាហារបន្ថែមរូបមន្តពិសេសក្នុងទម្រង់នៃភេសជ្ជៈជាឱសថបុរាណដែរមានសារធាតុនៃរុក្ខជាតិផ្កាស្លឹកឈើនិងគ្រាប់ មិនមែនជាថ្នាំព្យាបាលរោគទេ តែជួយបង្កើនជំនួយសុខភាព វារឹងមាំរបស់រាងកាយ"។
ដោយសារតែផលិតផលប្រភេទអាហារូបបត្ថម្ភ ឬអាហារបំប៉នសុខភាពមានការពេញនិយមច្រើនពីសំណាក់អ្នកប្រើប្រាស់នៅក្នុងអំឡុងពេលនេះបណ្តាលឲ្យ មានក្រុមហ៊ុនដែលនាំចូលអាហារូបបត្ថម្ភមួយចំនួនមិនបានចុះបញ្ជីនៅក្រសួងសុខាភិបាលឡើយ។ ហើយមានក្រុមហ៊ុនខ្លះបានឆ្លៀតឱកាសឃោសនាបំផ្លើសការពិតទាំងស្រុងថា អាហារនេះអាចជួយព្យាបាលជំងឺបានដូចជា ទឹកនោមផ្អែម ខ្លាញ់ក្នុងឈាម ឈឺក្បាល វិលមុខ ដេកមិនលក់ ជ្រុះសក់ សម្រកទំងន់ ក្រពះ ពោះវៀន ឆ្អឹងពុក ឬ ស្ពូត និងធ្វើអាចធ្វើឲ្យស្បែកសស្អាតស្រស់ថ្លាជាដើម។
ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ទាំងក្រសួងសុខាភិបាលនិងក្រុមហ៊ុនមួយចំនួនដែលនាំចូលអាហារបំប៉ន ទាំងនោះបានអះអាងថាអាហារនេះមិនអាចជួយព្យាបាលជំងឺអ្វីបាននោះទេ វាគ្រាន់តែសម្រាប់ជំនួយសុខភាពតែប៉ុណ្ណោះ។
លោក ប្រេម ណូរ៉ុន អនុប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿង សំអាងបានឲ្យដឹងថាមានក្រុមហ៊ុនអាហារបំប៉នមួយចំនួន បានមកចុះបញ្ជីនៅក្រសួង ហើយក្រុមហ៊ុនខ្លះបានផ្សព្វផ្សាយឆបោកនិងបំផ្លើសការពិតទៅប្រាប់ ប្រជាជនថាអាហារនេះ ជួយព្យាបាលជំងឺបានយ៉ាងស័ក្កិសិទ្ធដើម្បីធ្វើយ៉ាងណាលក់ផលិតផលរបស់ខ្លួនឲ្យបានច្រើន។
លោក បានបញ្ជាក់ថាអាហារបំប៉នមិនមានប្រសិទ្ធភាពអ្វីក្នុងការព្យាបាលនោះទេ វាគ្រាន់តែជាជំនួយកំលាំងសម្រាប់អ្នកដែលទើបតែងើបពីឈឺតែប៉ុណ្ណោះ។
លោក អ៊ីម លាភ អាយុ៦០ឆ្នាំជាកសិកររស់នៅខេត្តបន្ទាយមានជ័យបានឲ្យដឹងថា បន្ទាប់ពីគាត់ប្រើទឹក អ៊ិនត្រា មកគឺគាត់សង្កេតឃើញថាសុខភាពរបស់គាត់មានភាពល្អប្រសើរជាងមុន ដូចជាការហេវហត់អស់កម្លាំង វិលមុខ ឈឺខ្នងចង្កេះមានការធូរស្រាល។
លោក បានឲ្យដឹងបន្តដែរថា មុនដំបូងគាត់ក៏មានការព្រួយបារម្ភពីផលប៉ះពាល់នៃការប្រើប្រាស់អាហារជំនួយសុខភាពនេះដែរ ក៏ប៉ុន្តែបន្ទាប់ពីគាត់បានឃើញឯកសារមួយចំនួនដែលពាក់ព័ន្ធពីរបៀបផលិតទឹកនេះឡើងទើបគាត់ហ៊ានប្រើប្រាស់។
"ខ្ញុំ ប្រើទឹកនេះទៅ ឃើញថាសុខភាពជារួមវាស្រួលដែរ តាមពិសោធន៍ខ្ញុំឃើញថា ផ្តាសាយអីពីមុនខ្ញុំធ្លាប់តែគេផ្តាសាយ ឆ្លងលឿនណាស់ ឥឡូវដូចអត់អីក្រពះពោះវៀនធ្លាប់តែរាគរូសហើមពោះអីច្រើនក៏អន់ បាត់ដែរ អាខ្លាញ់ក្នុងឈាមអីឃើញគេប្រើត្រូវមួយចំនួនដែរ។
ប្រជាពលរដ្ឋមួយចំនួនមានជំនឿថា អាហារូបត្ថម្ភឬអាហារបំប៉ននេះមានសារៈសំខាន់ចំពោះ គាត់ពីព្រោះអាហារនេះជួយឲ្យសុខភាពរបស់ពួកគាត់មានភាពល្អប្រសើរឡើង ក៏ប៉ុន្តែអាហារនេះមានតម្លៃខ្ពស់ ចាប់ពីជាង ១០ដុល្លាររហូតដល់រាប់រយដុល្លារអាមេរិកាំងហើយជាមធ្យម អ្នកប្រើប្រាស់ម្នាក់ប្រើអស់ទឹកប្រាក់ប្រមាណជា ៧០ដុល្លារអាមេរិកាំងក្នុង១ខែដែលជាការចំណាយមួយខ្ពស់សម្រាប់ ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាដែលភាគច្រើនមានជីវភាពក្រីក្រដែលជា ហេតុធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនបង្ខំចិត្តឈប់ប្រើអាហារនេះ។
ទោះបីជាយ៉ាងណាក៏ដោយក៏មានប្រជាពលរដ្ឋមួយចំនួនដែលធ្លាប់បានប្រើ អាហារូបបត្ថម្ភឬអាហារបំប៉ននេះដែរ តែពួកគាត់សំរេចចិត្តឈប់ប្រើទៅវិញដោយសារប្រើទៅមិនមាន ប្រសិទ្ធភាពអ្វីហើយមានអ្នកខ្លះក៏មានការស្ទាក់ស្ទើរក្នុងការ ប្រើប្រាស់អាហារនេះដែរពីព្រោះពួកគាត់ខ្លាចមានការប៉ះពាល់ដល់ សុខភាពនៅពេលខាងមុខ។
ស្របពេលជាមួយគ្នានេះដែរ អ្នកស្រី កែវ ចាន់ឌី អាយុ៣៨ឆ្នាំរស់នៅខេត្តកំពង់ឆ្នាំងបាន ឲ្យដឹងដែរថាគាត់ធ្លាប់មានជំងឺដូចជា ឈឺក្បាល ស្ពឹកមួយចំហៀង គេងមិនលក់ បត់ជើងតូច ច្រើននៅពេលយប់ ហើយគាត់ព្យាយាមព្យាបាលដោយទៅពិភាក្សាជាមួយគ្រូពេទ្យនឹងប្រើ ប្រាស់ ថ្នាំពេទ្យអស់រយៈពេលយ៉ាងយូរក៏មិនបានប្រសើរឡើយ ទើបគាត់សំរេចចិត្តប្រើប្រាស់អាហារូបត្តម្ភរបស់ក្រុមហ៊ុន ខេលីន តាមការណែនាំពីមិត្តភក្តិ។
អ្នកស្រីបានឲ្យដឹងបន្តថាគាត់ឃើញថាសុខភាពរបស់គាត់មានភាពល្អ ប្រសើរឡើងវិញ បន្ទាប់ពីគាត់បានប្រើប្រាស់អាហារូបត្តម្ភនេះអស់រយៈពេល ៣ខែ ក៏ប៉ុន្តែនៅពេលនេះគាត់បាន ផ្អាកការប្រើមួយរយៈសិនដោយសារគាត់មិនមានថវិកាគ្រប់គ្រាន់ក្នុង ការចំណាយ ពីព្រោះក្នុង១ខែគាត់ត្រូវចំណាយថវិកាប្រហែលជាង ៧០ដុល្លារអាមេរិកាំងសម្រាប់ទិញអាហារនេះ។
"ខ្ញុំ ឈឺក្បាលជាប្រចាំ ហើយស្ពឹកតែម្តង ហើយឥឡូវនេះគឺខ្ញុំបាត់ឈឺក្បាលដែរ ខ្ញុំស្ពឹកនេះ ទីមួយទីពីរការណ៍ដែលខ្ញុំចូលបន្ទប់ទឹកមួយយប់ៗអត់ឈប់សោះនោះ ឥឡូវវាបាត់ទៀត ហើយទីបីគឺ ក្រពះរបស់ខ្ញុំវាលែងមានបញ្ហាអីហើយ ក្នុងរាងកាយខ្ញុំវាស្រួលច្រើនតែម្តង"។
ប្រជាពលរដ្ឋខ្មែរមួយចំនួនក្រៅពីជ្រើសរើសយកថ្នាំពេទ្យមកព្យាបាលជំងឺឬ សម្រាប់ជំនួយសុខភាពនោះ គេសង្កេតឃើញថាមានការប្រើប្រាស់ប្រភេទជាឱសថបុរាណខ្មែរដែល ចម្រាញ់ចេញពីឬស ដើម ស្លឹកឈើមួយចំនួនដែលគេមានជំនឿតៗគ្នាមកថា អាចព្យាបាលរោគបានយ៉ាងស័ក្តិសិទ្ធិ។
នៅពេលបច្ចុប្បន្ននេះទោះបីជាផ្នែកវេជ្ជសាស្រ្តមានការរីកចំរើន ខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋមួយចំនួនជាពិសេសប្រជាពលរដ្ឋនៅតាមជនបទមានការពេញ និយមប្រើប្រាស់ឱសថបុរាណចម្រាញ់ពីរុក្ខជាតិ ដើម្បីព្យាបាលជំងឺឬសម្រាប់ជំនួយសុខភាពជាជាងការប្រើប្រាស់ថ្នាំ ពេទ្យដោយអ្នកទាំងនោះយល់ឃើញថាឱសថបុរាណទាំងនោះមិនមានជាតិគីមី ឬផលប៉ះពាល់ ដូចជាថ្នាំពេទ្យនោះទេ៕
(ដកស្រង់ចេញពីគេហទំព័រ សំឡេងសហរដ្ឋអាមេរិក-ខ្មែរ)
No comments:
Post a Comment