ព្រះសង្ឃពុទ្ធសាសនាខ្មែរកម្ពុជាក្រោមច្រូតស្រូវនៅក្នុងទឹកដីកម្ពុជាក្រោម (ក្នុងប្រទេសវៀតណាម)
អ្នកចូលរួមក្នុងការប្រារព្ធពិធីបាត់បង់ទឹកដីខ្មែរក្រោមកាលពីពេលថ្មីៗនេះ បានលើកឡើងដោយមិនពេញចិត្តថា លោកនាយករដ្ឋមន្ត្រីមិនបានបង្ហាញឆន្ទៈស្រឡាញ់ទឹកដីខ្មែរក្រោម និងការគិតគូរមកដល់ខ្មែរក្រោមដែលកំពុងរងគ្រោះ ក្រោយពីទឹកដីនេះត្រូវធ្លាក់ក្នុងការកាន់កាប់របស់វៀតណាមឡើយ។
ការបន្ទោសនេះបានធ្វើឡើង ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសាជាថ្មីទៀតហើយ នៅថ្ងៃពុធ ទី៩ ខែមិថុនានេះ នៅឯវិទ្យាស្ថានជាតិអប់រំ ក្នុងឱកាសផ្ដល់សញ្ញាបត្រដល់និស្សិតនៅសាកលវិទ្យាល័យ ន័រតុន ថា លោកមិនចូលរួមក្នុងការទាមទារយកទឹកដីខ្មែរក្រោមនោះមកវិញទេ។
លោកនាយករដ្ឋមន្ត្រី ដែលហៅអ្នកសន្យាយកទឹកដីខ្មែរក្រោមនោះមកវិញថាជាអ្នកសន្យាហួស ហើយលោកសូមឲ្យមានការប្រុងប្រយ័ត្ន ចំពោះការសន្យារបស់ខ្លួន បានអះអាងទៀតថា ការទាមទារយកទឹកដីខ្មែរក្រោមនោះ វាហួសពេលទៅហើយ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ៖ «អ្នកខ្លះទៅសន្យានៅថ្ងៃទី៤កន្លងទៅ គាត់ថា បើគាត់បានធ្វើនាយករដ្ឋមន្ត្រី គាត់នឹងយកកម្ពុជាក្រោមមកវិញ។ ខ្ញុំថា អញ្ជើញទៅចុះ! អញមិនទៅជាមួយទេវ៉ើយ! គេហ៊ានសន្យាដល់ប៉ុណ្ណឹង! ចុះបើធ្វើមិនបាន ត្រូវធ្វើម៉េច? ម៉ោងនេះហើយធ្វើបានទេ? សូម្បីតែព្រះករុណាបិតានោះ ព្រះអង្គបានតម្កល់ផែនទីនៅឯអង្គការសហប្រជាជាតិ មិនបានជាប់ដីកម្ពុជាក្រោមចូលមកក្នុងអធិបតេយ្យរបស់កម្ពុជាទេ!»។
កាលពីថ្ងៃទី៤ មិថុនាកន្លងទៅនេះ ប្រជាពលរដ្ឋខ្មែរក្រោមជាច្រើននាក់ រួមជាមួយក្រុមអង្គការសមាគមខ្មែរក្រោម និងឥស្សរជននយោបាយជាន់ខ្ពស់ផងនោះ បាននាំគ្នាប្រារព្ធពិធីរំឭកខួបអនុស្សាវរីយ៍ និងសេចក្ដីឈឺចាប់ ដែលបារាំងបានកាត់ទឹកដីខ្មែរក្រោម ឬហៅថា ដែនដីកូសាំងស៊ីន ដែលមានទំហំ ៦៧.៧០០គីឡូម៉ែត្រក្រឡា ឲ្យទៅវៀតណាមកាន់កាប់នៅឆ្នាំ១៩៤៩។
នៅក្នុងឱកាសនោះ លោក ម៉ម សូណង់ដូ អតីតប្រធានគណបក្សសំបុកឃ្មុំ និងជាប្រធានវិទ្យុសំបុកឃ្មុំ នាពេលបច្ចុប្បន្ន បានមានប្រសាសន៍ថា បើសិនជាលោកធ្វើជានាយករដ្ឋមន្ត្រី លោកនឹងទាមទារយកទឹកដីខ្មែរក្រោមនោះមកវិញ។
លោក ម៉ម សូណង់ដូ បានប្រាប់ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃនេះបន្ថែមទៀតថា មេដឹកនាំខ្មែរដែលមិនទាមទារយកទឹកដីខ្មែរក្រោមនោះមកវិញ គឺគ្រាន់តែជាមេដឹកនាំគ្មានសមត្ថភាពប៉ុណ្ណោះ។
លោកថ្លែងបញ្ជាក់អំពីវិធីរបស់លោកក្នុងការទាមទារយកទឹកដីខ្មែរក្រោមនោះមកវិញ ដោយស្របច្បាប់ ដូច្នេះ ៖ «ដែលគ្រប់គ្រងប្រទេសកាលពីមុនវាគ្មានសមត្ថភាព ប៉ុន្តែពូមានសមត្ថភាព។ សមត្ថភាពរបស់ពូ ផ្លូវទឹកចិត្ត ហើយប្រជាពលរដ្ឋខ្មែរភាគច្រើនក៏គិតតាមពូដែរ ហើយគេរួមចំណែកដើម្បីទាមទារកម្ពុជាក្រោមមកវិញ។ ត្រង់ហ្នឹងហើយ កម្លាំងរបស់ពូ! យល់ឬនៅ? ពីព្រោះគ្មានអ្នកណាតវ៉ា ខ្លាចយួនទាំងអស់គ្នា ចង់បានអំណាចទាំងអស់គ្នា! តែប៉ុណ្ណឹងទេ!»។
ការថ្លែងចំអករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ត្រូវបានលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស រិះគន់ផងដែរថា ប្រមុខរដ្ឋាភិបាលមិនគួរមានប្រសាសន៍បន្លាច បន្ទច់បង្អាក់សកម្មភាពរបស់អ្នកស្រឡាញ់ទឹកដីនោះទេ បើទោះបីជាក្នុងខណៈនេះ លោកនាយករដ្ឋមន្ត្រីត្រូវគេមើលឃើញថា មិនបានគិតគូរអំពីសុខទុក្ខពលរដ្ឋខ្មែរក្រោមដែលកំពុងតែរងគ្រោះក៏ដោយ។
លោក កឹម សុខា ថ្លែងថា លោកនាយករដ្ឋមន្ត្រីកំពុងតែខ្លាចវៀតណាម មិនហ៊ានធ្វើអ្វីឲ្យប៉ះពាល់ដល់វៀតណាម ៖ «រឿងអ្វីដែលគាត់ប៉ះពាល់ជាមួយខាងវៀតណាម គឺគាត់មិនសូវហ៊ានទេ! យើងជាខ្មែរដូចគ្នាគួរតែលើកទឹកចិត្តគ្នា ទោះជាយើងធ្វើក៏ដោយ យើងមិនធ្វើក៏ដោយ! ខ្ញុំជឿថា ខ្មែរក្រោមគឺជាខ្មែរ ដូច្នេះយើងមិនទាមទារថា យើងត្រូវតែដណ្ដើមដីហ្នឹងយកមកវិញ ឬមិនយកទេ! អាហ្នឹងតាមស្ថានភាពប្រទេសជាតិទៅមុខទៀត អាហ្នឹងជាក់ស្ដែង! ប៉ុន្តែពេលឥឡូវនេះគឺចាំបាច់យើងត្រូវការពារសិទ្ធិរបស់ខ្មែរក្រោមដែលជាខ្មែរដែរ»។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា សម្ដែងថា លោកនាយករដ្ឋមន្ត្រីបើមិនគិតអំពីទឹកដីខ្មែរក្រោម ក៏គួរគិតអំពីប្រជាពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅទីនោះផងដែរ។
ព្រះតេជព្រះគុណ យឿង ស៊ិន សង្ឃនាយកនៃសមាគមខ្មែរក្រោម បានមានព្រះថេរដីកាថា វាជារឿងដដែលៗ ដែលលោកនាយករដ្ឋមន្ត្រីមិនអើពើអំពីរឿងខ្មែរក្រោម។ ព្រះអង្គសម្ដែងទៀតថា លោកនាយករដ្ឋមន្ត្រីក៏ជាខ្មែរ ដូច្នេះការថ្លែងបែបនេះប្រហែលជាលោកមានផលវិបាករបស់លោក។
ព្រះតេជព្រះគុណ យឿង ស៊ិន មានព្រះថេរដីកាថា ៖ «គាត់ក៏មានការលំបាករបស់គាត់ដែរ អាហ្នឹងយើងមិនបាច់និយាយទេ! ធ្វើម៉េចបើយើងកើតមកក្នុងសង្គមអ៊ីចឹង! មានតែខំតស៊ូទៅ! អាត្មាជឿថា គាត់(ហ៊ុន សែន)ឈាមជ័រជាខ្មែរដែរ!»។
ព្រះតេជព្រះគុណបានសម្ដែងទៀតថា បើទោះបីជាលោកនាយករដ្ឋមន្ត្រីថ្លែងចំអកដល់ខ្មែរក្រោមយ៉ាងណាក៏ដោយ ក៏មិនមានសញ្ញាណាមួយថា ក្រុមខ្មែរក្រោមបាក់ទឹកចិត្តឡើយ។
ឯកសាររបស់ខ្មែរក្រោមដែលចងក្រងដោយលោក ត្រាំង ឆាតប៊ុត បានរៀបរាប់ថា ទឹកដីខ្មែរក្រោម ឬហៅថា កូសាំងស៊ីន គឺជាវៀតណាមខាងត្បូងនាពេលបច្ចុប្បន្ន មានទំហំ ៦៧.៧០០គីឡូម៉ែត្រក្រឡា ដោយរាប់ទាំងកោះត្រល់ និងកោះត្រឡាចផងនោះ ត្រូវបានបារាំងប្រគល់ឲ្យវៀតណាមកាន់កាប់នាឆ្នាំ១៩៤៩។
ខេត្តចំនួន ២០ នៅក្នុងនោះរួមមានព្រះសួគ៌ា កំពង់ឫស្សី ត្រពាំងចង្វា លង់ហោរ ព្រែកឫស្សី មាត់ជ្រូក កំពង់ក្របី កោះគង ពាម ពាមបារាជ មេស ក្រមួនស ផ្សារដែក ព្រៃនគរ ឃ្លាំង កំពង់គោ រោងដំរី ទួលតាមោក ព្រះត្រពាំង និងពល្លាវ។ បច្ចុប្បន្នឈ្មោះទាំងអស់នេះត្រូវបានវៀតណាមប្ដូរឈ្មោះអស់ទៅហើយ។
ចាប់តាំងពីទឹកដីនេះត្រូវបានវៀតណាមកាន់កាប់មក ការគាបសង្កត់ និងអំពើរំលោភសិទ្ធិមនុស្សមកលើប្រជាពលរដ្ឋខ្មែរក្រោម ត្រូវបានគេរាយការណ៍ជាបន្តបន្ទាប់មកទល់នឹងពេលនេះ៕
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអាស៊ីសេរី)
No comments:
Post a Comment