Monday, June 14, 2010

មានការត្អូញត្អែរថា គ្រូបង្រៀននៅវិទ្យាល័យកូប លក់ក្រដាសប្រឡង ស្ទើរគ្រប់មុខ

សិស្សខ្មែរនៅបន្ទាយមានជ័យ។ រូបភាពដោយប៊ុន ឡឺវីសីដាអាណាព្យាបាលសិស្សនិងសិស្សមួយចំនួននៅវិទ្យាល័យកូប ស្រុកអូរ ជ្រៅ ខេត្តបន្ទាយជ័យ បានត្អូញត្អែរថា លោកគ្រូអ្នកគ្រូមួយចំនួន នៅសាលា
វិទ្យាល័យនេះ បានលក់ក្រដាសប្រឡង ក្នុងពេលប្រឡង ឆមាសលើកទី២ នេះ ស្ទើរគ្រប់មុខ ។ ប៉ុន្តែលោកនាយកនៃសាលានេះបានថ្លែងថាលោក កំពុង ខិតខំធ្វើយ៉ាងណា ដើម្បីលប់បំបាត់អោយអស់រាល់ការលក់ក្រដាស ផ្សេងៗដល់សិស្សសាលានេះ។

លោក សុខ សាវី ធ្វើសេចក្តីរាយការណ៍ពិស្តារ ៖

គង់ហុងជាសិស្សថ្នាក់ទី៧នៃវិទ្យាល័យកូប ស្រុកអូរជ្រៅ ម្នាក់បាននិយាយ ថាគេចាំបាច់ត្រូវចំណាយលុយទិញ ក្រដាសប្រឡង ៥០០រៀល លើមួយ មុខវិជ្ជានិង មុខវិជ្ជាខ្លះដែលលោកគ្រូអ្នកគ្រូទារលើសពីនេះ បើទោះជា គេពុំមានលុយ សម្រាប់ទទួលទានអាហារពេលព្រឹកក៏ដោយ ។

ប្អូនបានរៀបរាប់នេះខណៈពេលប្អូនទើបតែប្រឡងឆមាសលើកទីពីរ ចប់កាលពីព្រឹកថ្ងៃសុក្រទី១១មិថុនានេះ ។ប្អូនបានរៀបរាប់ទៀតថាការលក់សំណៅមេរៀន និង លក់ក្រដាសប្រឡង នេះមានយូរមកហើយ ដែលបានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់
ជីវភាព របស់ប្អូន ដោយពេលខ្លះសុខចិត្តអត់ញ៉ាំអាហារពេលព្រឹក ទុកលុយទិញក្រដាសមេរៀន។

សិស្សម្នាក់ទៀតនៃវិទ្យាល័យនេះដែរ បានត្អូញត្អែរស្រដៀងគ្នាដែរថា៖

(សំឡេង)

លោក អៀងសុខុមដែលកូនរបស់គាត់រៀននៅសាលាវិទ្យាល័យកូប នេះដែរបានថ្លែងថាគាត់មានលទ្ធភាពអោយកូនតែ ២០០០រៀល ក្នុងមួយថ្ងៃដើម្បី
ទៅរៀនតែប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលគ្រូលក់ក្រដាសគ្រប់យ៉ាងដូច្នេះវាអាចប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារផងដែរ។

(សំឡេង លោក អៀង សុខុម)

ទាក់ទងបញ្ហានេះ វិទ្យុអូស្រ្តាលីមិនអាចទំនាក់ទំនងលោកគ្រូអ្នកគ្រូមួយចំនួនដែលរងការចោទប្រកាន់បាននោះទេ ។

ទោះបីយ៉ាងណាលោកគ្រូ ឌិត ឆន នាយកវិទ្យាល័យកូប ស្រុកអូរជ្រៅមានប្រសាសន៍ថានាថ្ងៃប្រឡងឆមាសទី២ នៅថ្ងៃដំបូង ទី៩ មិថុនា លោក
ទទួលព័ត៌មានពីបញ្ហានេះខ្លះៗដែរ តែលោកបានមានវិធានការទប់ស្កាត់ភ្លាមៗមិនអោយមានការលក់ក្រដាសប្រឡងដល់សិស្សនោះទេ នៅថ្ងៃបន្ទាប់ទៀត ។

(សំឡេង លោក គ្រូ ឌិត ឆន)

លោក គ្រូឌិត ឆន បានមានប្រសាសន៍ថា កន្លងមកលោកបានដាក់ចេញបទបញ្ជាតឹងរ៉ឹងចំពោះការលក់ និងការទារលុយពីសិស្សនានា ដល់លោកគ្រូអ្នកគ្រូ ដោយមានទាំងបិទសេចក្តីណែនាំ តាមបន្ទប់ថ្នាក់ទៀត ។លោកបញ្ជាក់ថាសកម្មភាពនេះវាបាន កាត់បន្ថយស្ទើរទាំងស្រុងទៅហើយ។

(សំឡេង លោក គ្រូ ឌិត ឆន)

សូមបញ្ជាក់ថាការលិចឮនូវបញ្ហាលក់សំណៅមេរៀន លក់ក្រដាសប្រឡងការបង្រៀនកួរដល់សិស្សនេះវាបានកើតឡើងនៅតាមសាលា នានានាពេលកន្លងមកនេះដោយ លោកគ្រូអ្នកគ្រូមួយចំនួន បានត្អូញត្អែរ អំពីប្រាក់ខែទាប ទំនិញទីផ្សារថ្លៃ ពួកគាត់ ត្រូវតែឆ្លៀតរកក្រៅខ្លះ ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)

No comments:

Post a Comment