ក្រុមចៅក្រមនិងព្រះរាជអាជ្ញារបស់សាលាក្ដីខ្មែរក្រហម នៅក្នុងតុលាការកាត់ទោសខ្មែរក្រហម។
“លទ្ធផលវិជ្ជមានមួយ គឺយើងបានឮសូរថា គាត់បានធ្វើការស៊ើបអង្កេត ប៉ុន្ដែខ្វែងគំនិតគ្នា។ វាសំខាន់ គឺប៉ះពាល់ទៅដល់ដំណើរការស្វែងរកយុត្តិធម៌ នៅក្នុងការធានាថា យុត្តិធម៌សម្រាប់សាលាក្ដីនេះ អាចមានលទ្ធភាពស៊ើបអង្កេត តាមឯករាជវិជ្ជាជីវៈរបស់ខ្លួន ឬមួយក៏មានហេតុផលអ្វីនៅពីក្រោយខ្នង"។
ក្រុមសង្គមស៊ីវិល បានបង្ហាញទស្សនៈផ្សេងគ្នា នៅជុំវិញភាពមិនចុះសម្រុងគ្នារបស់សហចៅក្រមស៊ើបអង្កេត ក្នុងការចាប់ផ្ដើមស៊ើបអង្កេតជនសង្ស័យចំនួន ៥ នាក់បន្ថែមទៀត។ អ្នកឃ្លាំមើលដំណើរការសាលាក្ដីខ្មែរក្រហមខ្លះចាត់ទុកថា នេះគឺជាជម្លោះធម្មតា ក៏ប៉ុន្ដែអ្នកខ្លះទៀតចាត់ទុកថា ទំនាស់នេះ អាចធ្វើឲ្យប៉ះពាល់ដល់យុត្តិធម៌សម្រាប់ជនរងគ្រោះ។
លោក គង់ សុឋានរិទ្ធ រាយការណ៍ពិស្ដារជូនពីទីក្រុងភ្នំពេញ ដូចតទៅ៖
មួយថ្ងៃក្រោយពីការបង្ហាញជាសាធារណៈ អំពីការខ្វែងគំនិតគ្នា ក្នុងចំណោមសហចៅក្រមស៊ើបអង្កេត ទាក់ទិនទៅនឹងការចាប់ផ្ដើមស៊ើបអង្កេតសំណុំរឿងលេខ ០០៣ និង ០០៤ ក្រុមមន្ដ្រីអង្គការសង្គមស៊ីវិល បានលើកពីទស្សនៈប្លែកៗគ្នា អំពីភាពមិនចុះសម្រុងគ្នានេះ។
លោក ឡាត់ គី អ្នកសម្របសម្រួលកម្មវិធីសាលាក្ដីខ្មែរក្រហម របស់អង្គការការពារសិទ្ធិមនុស្ស អាដហុក អធិប្បាយថា ទំនាស់រវាងសហចៅក្រមស៊ើបអង្កេតទាំងពីរបានបង្ហើបនូវពត៌មានចំនួនពីរ ចេញពីដំណើរការស៊ើបអង្កេតក្នុងសំណុំរឿងលេខ ០០៣ និង ០០៤ នេះ។
“លទ្ធផលវិជ្ជមានមួយ គឺយើងបានឮសូរថា គាត់បានធ្វើការស៊ើបអង្កេត ប៉ុន្ដែខ្វែងគំនិតគ្នា។ វាសំខាន់ គឺប៉ះពាល់ទៅដល់ដំណើរការស្វែងរកយុត្តិធម៌ នៅក្នុងការធានាថា យុត្តិធម៌សម្រាប់សាលាក្ដីនេះ អាចមានលទ្ធភាពស៊ើបអង្កេត តាមឯករាជវិជ្ជាជីវៈរបស់ខ្លួន ឬមួយក៏មានហេតុផលអ្វីនៅពីក្រោយខ្នង"។
សំណុំរឿងលេខ ០០៣ និងលេខ ០០៤ មានជនជាប់សង្ស័យចំនួន ៥ នាក់ ដែលត្រូវបានដៅទុកសម្រាប់ជាគោលដៅនៃការចោទប្រកាន់។ គឺអាចជាអតីតកម្មាភិបាលជាន់ខ្ពស់បំផុតរបស់ខ្មែរក្រហម។
សណុំរឿងលេខ ០០៣ និង ០០៤ នេះត្រូវបានស្នើដោយអតីតសហព្រះរាជអជ្ញាអន្ដរជាតិ លោក រ៉ូប៊ែ ប៉ឺទី ដែលសុំលាលែងពីការងារក្រោយពីសំណើររបស់លោកត្រូវបានជំទាស់ ដោយសហព្រះរាជអជ្ញាជាតិ លោកស្រី ជា លាង ដែលលោកស្រីមានជំហរស្របគ្នាជាមួយលោកនាយករដ្ឋមន្ដ្រីខ្មែរ ហ៊ុន សែន ដែរ ពោលគឺថា ការស៊ើបអង្កេតសំដៅចាប់ខ្លួនជនសង្ស័យបន្ថែមណាមួយមិនមានការចាំបាច់នោះទេ និងអាចបង្កឲ្យមានសង្រ្គាមស៊ីវិលកើតឡើងសារជាថ្មី។
លោក ឡាត់ គី ចាត់ទុកថា ប្រសិនបើសហចៅក្រម មិនបានស៊ើបអង្កេតសំណុំរឿងនេះទេ នោះគឺជាការខកខានក្នុងការគាស់កកាយនូវអាថ៌កំបាំងបន្ថែមទៀត នៃអំពើឃោរឃៅក្នុងសម័យខ្មែរក្រហម។
កាលពីថ្ងៃពុធ សហចៅក្រមស៊ើបអង្កេតរបស់សាលាក្ដីខ្មែរក្រហម បានទទួលស្គាល់ជាសាធារណៈថា ពួកខ្លួនកំពុងតែមិនចុះសម្រុងគ្នាក្នុងការចាប់ផ្ដើមស៊ើបអង្កេតជនសង្ស័យ ក្នុងសំណុំរឿងដ៏ចម្រូងចម្រាស់នេះ ដោយសារតែសហចៅក្រមស៊ើបអង្កេតអន្ដរជាតិ លោក ម៉ាកសែល ឡឺម៉ុង ទទូចឲ្យមានការចាប់ផ្ដើមស៊ើបអង្កេត ក៏ប៉ុន្ដែសហចៅក្រមកម្ពុជា លោក យូ ប៊ុនឡេង បានជំទាស់ថា វាមិនទាន់ដល់ពេលនៅឡើយ។
លោក សុខ សំអឿន នាយកប្រតិបត្ដិនៃអង្គការក្រុមអ្នកការពារសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍ថា ការខ្វែងគំនិតគ្នានេះ នឹងធ្វើឲ្យការងារមួយចំនួននៅក្នុងសាលាក្តីត្រូវបានរាំងស្ទះ ក៏ប៉ុន្ដែមិនមែនជាការប៉ះពាល់ដល់យុត្តិធម៌នោះទេ។
លោក សុខ សំអឿន លើកឡើងថា សហចៅក្រមស៊ើបអង្កេត មិនមែនសុទ្ធតែស្ថិតក្នុងភាពស្របយោបល់គ្នា គ្រប់ពេលនោះទេ ប៉ុន្ដែអ្វីដែលសំខាន់នោះគឺថា ប្រជាពលរដ្ឋកម្ពុជាត្រូវចេះសម្លឹងមើលថា តើការបកស្រាយរបស់ភាគីនិមួយៗ បានពឹងផ្អែកលើផ្លូវច្បាប់ ឬបានឈរលើមូលហេតុអ្វីមួយ នៅពីក្រោយខ្នងនៃទំនាស់នេះ។
លិខិតឆ្លើយឆ្លងគ្នា កាលពីថ្ងៃទី ២ ខែមិថុនា ដែលត្រូវផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃពុធ បានបង្ហាញថា លោកសហចៅក្រមសញ្ជាតិបារាំង ម៉ាកសែល ឡឺម៉ុង ស្នើឲ្យសហចៅក្រមស៊ើបអង្កេតកម្ពុជា លោក យូ ប៊ុនឡេង ចូលរួមចុះហត្ថលេខា លើលិខិតបង្កើតក្រុមគណកម្មការស៊ើបសួរជំនួស ដើម្បីចាប់ផ្ដើមបើកការស៊ើបអង្កេត លើមូលដ្ឋានឧក្រិដ្ឋកម្ម មុននឹងអាចធ្វើការចោទប្រកាន់ទៅលើជនសង្ស័យបាន។
លោក យូ ប៊ុនឡេង បានចុះហត្ថលេខាលើលិខិតបង្កើតក្រុមគណកម្មការស៊ើបអង្កេតជំនួសនោះ ក៏ប៉ុន្ដែក្រោយមក លោកបានលប់ហត្ថលេខានោះចោលវិញ ដោយលោកមិនយល់ស្របឲ្យមានការចាប់ផ្ដើមស៊ើបអង្កេតណាមួយកើតឡើងនៅក្នុងពេលនេះទេ។
លោកសហចៅក្រមកម្ពុជា បានសំអាងថា លោកបានគិតគូរយ៉ាងម៉ត់ចត់ លើគោលការណ៍ទូទៅនៃយុត្តិធម៌។ លោកបានគិតពីបរិបទសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងផលប៉ះពាល់ជាយថាហេតុលើសំណុំរឿងលេខ ០០២ ដែលសហចៅក្រមស៊ើបអង្កេតកំពុងមមាញឹកសរសេរដីការបញ្ជូនរឿង ទៅជំនុំជម្រះ។
លោក ចៅក្រម យូ ប៊ុនឡេង បានគូសបញ្ជាក់ថា ដូច្នេះវាមិនទាន់ដល់ពេលចាត់ការសំណុំរឿងលេខ ០០៣ និង០០៤ នៅឡើយទេ។ ហើយលោកចង់លើកករណីទាំងពីរនេះទៅជជែកគ្នា នៅក្នុងខែ កញ្ញា ឆ្នាំ ២០១០នេះ។
លោក ចៅក្រម ម៉ាកសែល ឡឺម៉ុង មានប្រសាសន៍ថា លោកមិនអាចរង់ចាំការចុះហត្ថលេខាពីគូភាគី របស់លោកបានទេ ហើយលោកនឹងធ្វើកំណត់ហេតុផ្លូវការអំពីការខ្វែងគំនិតគ្នានេះ ដោយលោក ព្រមានថាការខ្វែងគំនិតគ្នានេះ នឹងបង្កឲ្យមានផលវិបាកជាអវីជ្ជាមានទេ។ លោក ឡឺម៉ុង បានលើក ហេតុផលថា ខណៈដែលកិច្ចស៊ើបសួរនៅក្នុងសំណុំរឿងលេខ ០០២ ត្រូវបានបញ្ចប់រួចរាល់ហើយ នោះ សហចៅក្រមស៊ើបអង្កេតមិនត្រូវទុកឲ្យអ្នកស៊ើបអង្កេតទទួលប្រាក់ខែ ដោយអត់ការងារធ្វើ នោះទេ។ ហើយសហចៅក្រមស៊ើបអង្កេតក៏មិនត្រូវរង់ចាំតទៅទៀតដែរ ត្បិតការចាត់តាំង ក្រុមការងារក៏ត្រូវបានរៀបចំរួចរាល់ហើយដែរ។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មើលឃើញថា សហចៅក្រមកម្ពុជាមិនទាន់បដិសេធសហការយ៉ាងដាច់ខាត ក្នុងការធ្វើសហការជាមួយសហចៅក្រមបរទេសនោះទេ។
“តាមការជាក់ស្ដែង គឺចៅក្រម យូ ប៊ុនឡេង មិនបានបដិសេធទេ ឱកាសមិនទាន់បិទនៅឡើយ" ។
របបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម បានបង្កឲ្យប្រជាជនកម្ពុជា ស្លាប់បាត់បង់ជីវិតអស់ជិត ២ លាននាក់។ បច្ចុប្បន្នមានជនសង្ស័យចំនួន ៥ នាក់កំពុងជាប់ឃុំឃាំងជាបណ្ដោះអាសន្ន ក្នុងសំណុំរឿងលេខ ០០១ និង០០២ ហើយជនជាប់ចោទម្នាក់ក្នុងចំណោមនោះ គឺកាំង ហ្គិចអ៊ាវ ហៅ ឌុច អតីតប្រធានគុកទួលស្លែងដ៏ទារុណកម្ម កំពុងតែរង់ចាំការប្រកាសសាលក្រមស្ដីពីការកំណត់ការដាក់ទោស។
ថ្វីបើក្នុងពេលនេះ សហចៅក្រមកម្ពុជាមិនព្រមធ្វើសហការ ក្នុងការបើកការស៊ើបអង្កេតលើសំណុំរឿង លេខ ០០៣ និង០០៤ ក៏ដោយ ក៏អ្នកនាំពាក្យខាងភាគីអង្គការសហប្រជាជាតិ ក្នុងសាលាក្ដី លោក ឡាស អលសិន មានប្រសាសន៍ថា សហចៅក្រមបរទេស លោក ម៉ាកសែល ឡឺម៉ុង នឹងចាប់ផ្ដើមការស៊ើបអង្កេតករណីទាំងពីរនេះ។
ក៏ប៉ុន្ដែ លោក ឆាំង យុ គិតថា អ្នកស៊ើបអង្កេតរបស់សហចៅក្រមបរទេស នឹងជួបនូវឧបសគ្គជាច្រើន ក្នុងការងាររបស់ពួកគេ ជាពិសេសជនត្រូវសួរ ឬសាក្សី អាចនឹងបដិសេធ មិនព្រមធ្វើសហការ។ យ៉ាងណាក៏ដោយវាក៏បានបង្ហាញអំពីការខ្វែងគំនិតគ្នា នៅក្នុងការបកស្រាយរវាងអ្នកនាំពាក្យខាង ភាគីអង្គការសហប្រជាជាតិ និងអ្នកនាំពាក្យខាងភាគីកម្ពុជាដែរ។ យ៉ាងណាក៏ដោយវាក៏បានបង្ហាញអំពីការខ្វែងគំនិតគ្នា នៅក្នុងការបកស្រាយរវាងអ្នកនាំពាក្យខាង ភាគីអង្គការសហប្រជាជាតិ និងអ្នកនាំពាក្យខាងភាគីកម្ពុជា ដែរ៕
(ដកស្រង់ចេញពីគេហទំព័រ សំឡេងសហរដ្ឋអាមេរិក ▪ ខ្មែរ)
No comments:
Post a Comment