ប្រជាជនមានជម្លោះដីធ្លីគ្រោង ប្រគល់ញត្តិជម្លោះដីធ្លីរបស់ខ្លួនទៅជូនតំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅក្នុងប្រទេសកម្ពុជានៅថ្ងៃចន្ទខាង មុននេះនៅទីក្រុងភ្នំពេញ។ ការប្រគល់ញត្តិនេះ គឺក្នុងគោលបំណងចង់អោយលោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ឺឌី ជួយអន្តរគមន៍ក្នុងរឿងជម្លោះដីធ្លីផង។
តំណាងប្រជាជនដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុននិងជាមួយអ្នកមានអំណាចនៅក្នុងប្រទេសកម្ពុជាគ្រោងនឹងយកញត្តិរបស់ពួកគេទៅប្រគល់ជូនលោកស៊ូយ៉ា ប្រាសាត ស៊ូប៊ឺឌី តំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅថ្ងៃចន្ទខាងមុខនេះនៅទីក្រុងភ្នំពេញ។
លោក អ៊ូច ឡេង មន្រ្តីកម្មវិធីដីធ្លីរបស់អង្គការការពារសិទ្ធិមនុស្ស Adhoc បានបញ្ជាក់ថា តំណាងប្រជាជនទាំងនេះអាចមកពីខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តកំពង់ចាមនិងតំណាងប្រជាជនមកពីទីក្រុងភ្នំពេញ។
សូមបញ្ជាក់ថា លោក ស៊ូប៊ឺឌី តំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាកំពុងបំពេញបេសកកម្មរបស់លោកនៅក្នុងប្រទេសកម្ពុជាដើម្បីវាយតម្លៃការវិវត្តន៍នៃប្រព័ន្ធតុលាការកម្ពុជា។
នៅក្នុងញត្តិនេះប្រជាជននឹងរៀបរាប់ពីប្រវត្តិរឿងរ៉ាវជម្លោះដីធ្លីនិងថ្លាថ្លែងពីទុក្ខលំបាកប្រឈមនឹងការដេញចេញរបស់ពួកគេពីសំណាក់ក្រុមហ៊ុនប្រាប់តំណាងពិសេសរបស់អង្គការសហប្រជាជាតិដើម្បីអោយតំណាងរូបនេះធ្វើការចចារជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោក អ៊ូច ឡេង មន្រ្តីនៃអង្គការ Adhoc បានបញ្ជាក់នៅថ្ងៃសៅរ៍នេះថា ជម្លោះដីធ្លីដែលគេលឺឬគេឃើញស្ទើររាល់ថ្ងៃនៅក្នុងប្រទេសកម្ពុជានាពេលនេះគឺភាគច្រើនបណ្តាលមកពីមូលហេតុពីរយ៉ាងធំៗ។ ទីមួយ៖គឺបណ្តាលមកពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជាទៅអោយក្រុមហ៊ុនវិនិយោគក្នុងទំហំដីធំៗជិត១ម៉ឺនហិចតាឬលើសពីនេះក្នុងរយៈពេលយូរពោលគឺអាចមានហូតទៅដល់៩៩ឆ្នាំឯណោះ។ការផ្តល់ដីវិនិយោគក្នុងទំហំធំយ៉ាងដូច្នេះគឺវាបានប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជនក្រីក្រនៅតាមតំបន់ទាំងនោះ។
ទីពីរ៖គឺបណ្តាលមកពីគម្រោងអភិវឌ្ឍន៍សំណង់អគារធំៗឬសំណង់មជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុងភ្នំពេញ។ គម្រោងទាំងនេះ ភាគច្រើនត្រូវបានទទួលសិទ្ធិវិនិយោគនៅលើតំបន់ដែលគេហៅថាតំបន់សំណង់មិនរៀបរយឬតំបន់សំណង់អាណាធិប្បតេយ្យ។ ការវិនិយោគនៅក្នុងទម្រង់ទីពីរនេះភាគច្រើនត្រូវបង្ខំអោយប្រជាជនចាកចេញពីលំនៅដ្ឋានជាថ្នូរនឹងទឹកប្រាក់សំណងដែលប្រជាជនមិនពេញចិត្ត។របាយការណ៍របស់អង្គការ Adhoc ក្នុងរយៈពេល៥ខែដើមឆ្នាំ២០១០នេះបានបង្ហាញថា មានជម្លោះដីធ្លី៦០ករណីធំៗបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។ កាលពីឆ្នាំ២០០៩កន្លងមកពេញមួយឆ្នាំករណីជម្លោះដីធ្លីធំៗមានតែជាង១០ករណីប៉ុណ្ណោះ។
មន្រ្តីការពារសិទ្ធិមនុស្សបានកត់សម្គាល់ថា ជម្លោះដីធ្លីមានការកក្រើកឡើងវិញហើយនៅឆ្នាំ២០១០ហើយរាល់ករណីជម្លោះ ប្រជាជនមិនងាយឈ្នះនោះទេ។ អ្វីដែលប្រជាជនទទួលបានមកវិញពីជម្លោះដីធ្លីនោះគឺគ្មានអ្វីក្រៅពីការបង្ហូរទឹកភ្នែក ការទ្រហ៊ោយំនិងការរត់ចោលផ្ទះនោះទេ។របាយការណ៍របស់អង្គការ Adhocដដែលបានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះប្រជាជនចំនួន១៨៧នាក់ត្រូវបានតុលាធ្វើការចោទប្រកាន់ទាក់ទងទៅនឹងជម្លោះដីធ្លីនិងមានមនុស្ស៤២នាក់កំពុងជាប់ពន្ធនាគារ៕
(ដកស្រង់ចេញពីគេហទំព័រ FRI ខេមរភាសា)
No comments:
Post a Comment