កម្មវិធីឃោសនានយោបាយតាមវិទ្យុរបស់គណបក្សសម្ពន្ធ័ដើម្បីប្រជាធិបតេយ្យដែលដឹកនាំដោយលោកខឹមវសនាអតីតអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីវបានក្រសួងព័ត៌មានបញ្ជាឲ្យបិទក្រោមហេតុផលថាបានបំពានទៅលើសេចក្តីប្រកាសរបស់ក្រសួង។លោក ខឹមវាសនាបានចាត់ទុកទង្វើនេះថាជាការបំបិទសិទ្ធិសេរីភាពនិងជា ការរើសអើងគណបក្សនយោបាយ។
នៅក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី១០មិថុនាលោកខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាឲ្យម្ចាស់ស្ថានីយ៍វិទ្យុ FM90MHz បញ្ឈប់ការជួលម៉ោងផ្សាយរបស់ខ្លួនទៅឲ្យអង្គការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ហៅកាត់ថា DTO ដែលជាអង្គការមួយផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សសម្ពន្ធ័ដើម្បីប្រជាធិបតេយ្យរបស់លោកខឹមវាសនា។
លោកខៀវកាញារីទ្ធបានបញ្ជាក់នៅក្នុងលិខិតនោះថាស្ថានីយ៍វិទ្យុFM90MHz បានជួលម៉ោងផ្សាយទៅឲ្យអង្គការខាងលើដោយបំពានលើសេចក្តីប្រកាសរបស់ក្រសួងដែលត្រូវបានផ្សព្វផ្សាយកាលពីខែតុលាឆ្នាំ២០០៩។បើយោងតាមប្រភពពីមន្ត្រីក្រសួងព័ត៌មានសេចក្តីប្រកាសនោះមានខ្លឹមសារតម្រូវឲ្យម្ចាស់ស្ថានីយ៍វិទ្យុទាំងឡាយគោរពសេចក្តីណែនាំរបស់ក្រសួងព័ត៌មានមុននឹងចាក់ផ្សាយកម្មវិធីអ្វីមួយ។ទទួលបានលិខិតរបស់ក្រសួងម្ចាស់ស្ថានីយ៍វិទ្យុ FM90MHz បានសម្រេចបញ្ឈប់ការជួលម៉ោងឲ្យអង្គការ DTO។
លោកខឹមវាសនាប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការនេះនិងក៏ជាប្រធានគណបក្សសម្ពន្ធ័ដើម្បីប្រជាធិបតេយ្យបានហៅទង្វើរបស់ក្រសួងព័ត៌មានថាជាការបំបិទសិទ្ធិសេរីភាពនិងជាការរើសអើងគណបក្សនយោបាយ។ប៉ុន្តែមន្ត្រីក្រសួងព័ត៌មានបានបដិសេធការចោទប្រកាន់នេះដោយអះអាងថានេះជាបញ្ហាបច្ចេកទេសផ្លូវច្បាប់សុទ្ធសាធពោលគឺបញ្ហាបណ្តាលមកពីស្ថានីយ៍វិទ្យុឬអង្គការខាងលើមិនសុំការអនុញ្ញាតពីក្រសួងព័ត៌មាន។
លោកខឹមវាសនាអតីតតំណាងរាស្រ្តគណបក្សសមរង្ស៊ីបានបង្កើតគណបក្សសម្ពន្ធ័ដើម្បីប្រជាធិបតេយ្យនៅឆ្នាំ២០០៥បន្ទាប់ពីរូបលោកត្រូវបានគេបណ្តេញចេញពីគណបក្សសមរង្ស៊ី។គណបក្សសម្ពន្ធ័ដើម្បីប្រជាធិបតេយ្យក៏ដូចជាគណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្សដែរបានជួលម៉ោងនៅតាមស្ថានីយ៍វិទ្យុមួយចំនួនដើម្បីឃោសនានយោបាយឲ្យគណបក្សរបស់ខ្លួន។ប៉ុន្តែកម្មវិធីរបស់គណបក្សសមរង្ស៊ីនិងគណបក្សសិទ្ធិមនុស្សនៅតែបន្តការផ្សាយរបស់ខ្លួនជាធម្មតា។
ខណៈដែលការបោះឆ្នោតកាន់តែខិតជិតចូលមកដល់ការបិទកម្មវិធីឃោសនានយោបាយរបស់គណបក្សសម្ពន្ធ័ដើម្បីប្រជាធិបតេយ្យបានធ្វើឲ្យប្រធានគណបក្សនេះត្អូញត្អែរអំពីការលំបាកក្នុងការបន្តសកម្មភាពនយោបាយរបស់ខ្លួន។លោកមានបំណងសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដើម្បីបន្តកម្មវិធីឃោសនាតាមវិទ្យុជាបន្តទៀត៕
(ដកស្រង់ចេញពីគេហទំព័រ FRI ខេមរភាសា)
No comments:
Post a Comment