រាជធានីភ្នំពេញ ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានទទួលជួបលោក Chy Sila នាយកក្រុមហ៊ុន CIDC កាលពីព្រឹកថ្ងៃទី១១ មិថុនា ២០១០ នៅទីស្ដីការក្រសួងព័ត៌មាន។ នៅក្នុងជំនួបនោះលោក Chy Sila បានជំរាបពីគោលបំណង និងសកម្មភាពការងាររបស់ក្រុមហ៊ុននៅកម្ពុជា ដែលបានអនុវត្ដកន្លងមក ។ ក្រុមហ៊ុនរបស់លោកបានផ្ដល់សេវាព័ត៌មានកំសាន្ដសប្បាយតាមប្រព័ន្ធអ៊ីនធើរណេតតាមសេវាកម្ម ទូរស័ព្ទដៃ និងការលក់កុំព្យុទ័រមានតម្លៃសមរម្យសំរាប់អ្នកទិញយកទៅប្រើប្រាស់ ។ ក្រុមហ៊ុនក៏បានផ្ដល់កម្មវិធីកំសាន្ដជាភាសាខ្មែរ អាចស្ដាប់វិទ្យុ និងមើលដំណឹងផ្សេងៗ បានហើយបច្ចុប្បន្នមានអតិថិជនរាប់ម៉ឺននាក់ ទាំងក្នុងនិងក្រៅប្រទេសបានបើកមើល គេហទំព័ររបស់ក្រុមហ៊ុន ។
ជាមួយគ្នានេះលោកនាយកក្រុមហ៊ុន ក៏បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ដែលតែងតែផ្ដល់ការគាំទ្រ និងផ្ដល់ដំបូន្មានល្អៗដល់ក្រុមហ៊ុនលោកឱ្យ ដំណើរការទៅដោយរលូន ។ ពាក់ព័ន្ធទៅនឹងបញ្ហាដែលកើតមានឡើងថ្មីៗកន្លងមកនេះ អំពីការលេងល្បែងកំសាន្ដតាមរយៈ ប្រព័ន្ធអ៊ីនធើរណេត លោកនាយកក្រុមហ៊ុន បានបញ្ជាក់ថា នឹងខិតខំធ្វើការកំរិតនូវម៉ោង សំរាប់ឱ្យអ្នកបើកលេងកំសាន្ដជាពិសេស សំរាប់ក្មេងៗដើម្បីកុំឱ្យពួកគេលេងហួស កំរិតកំណត់ ក្នុងនោះក៏បានគាំទ្រចំពោះ ប្រសាសន៍លើកឡើងរបស់លោករដ្ឋមន្ដ្រី ក្រសួងព័ត៌មាន ដែលបានបញ្ជាក់ថា ការលេងល្បែងកំសាន្ដតាមប្រព័ន្ធអ៊ីនធើរណេត គឺមិនខុសច្បាប់ ប៉ុន្ដែគឺជាការកំសាន្ដរបស់ មនុស្សម្នាក់ៗ ទោះជាយ៉ាងណាក៏ដោយ ក៏ត្រូវមានដែនកំណត់ផងដែរ ។
លោកនាយកក្រុមហ៊ុនក៏បានបញ្ជាក់ថែមទៀតថា ក្រុមហ៊ុនបានត្រៀមធ្វើការសហការជាមួយក្រសួងព័ត៌មាន និងក្រសួងដទៃទៀត ដែលពាក់ព័ន្ធទៅនឹងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ។ លោករដ្ឋមន្ដ្រីខៀវ កាញារីទ្ធ បានកោត សរសើរចំពោះក្រុមហ៊ុនដែលធ្វើការបំរើសេវា បច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ដែលជាការរួមចំណែកធ្វើឱ្យវិស័យព័ត៌មានវិទ្យាមានការរីកចំរើន ។ លោករដ្ឋមន្ដ្រីក៏បានស្នើសុំឱ្យ ក្រុមហ៊ុនធ្វើយ៉ាងណាឱ្យសេវាកម្មលើផ្នែក ប្រព័ន្ធព័ត៌មានវិទ្យានេះ មានតម្លៃថោកជាងមុន ដើម្បីឱ្យអតិថិជនដែលជីវភាពមានកំរិតអាចប្រើប្រាស់បាន ។ នៅក្នុងឱកាសនោះលោករដ្ឋមន្ដ្រីបានលើកឡើងថា កាលពីឆ្នាំ១៩៩២ ការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទដៃ និងទូរស័ព្ទមានតម្លៃថ្លៃជាងប្រទេសនានា ប៉ុន្ដែឥឡូវនេះយើងពិនិត្យឃើញថា វាមានតម្លៃសមរម្យ ហើយប្រព័ន្ធអ៊ីនធើរណេតក៏សំបូរបែប តែទោះជាយ៉ាងណាក៏អ្នកប្រើប្រាស់ ទាមទារឱ្យមានការបញ្ចុះតម្លៃបន្ថែមទៀតផងដែរ ។
លោករដ្ឋមន្ដ្រីបានបញ្ជាក់បន្ថែមទៀតថា នឹងខិតខំពិនិត្យមើលច្បាប់ក្នុងការលេង ល្បែងកំសាន្ដតាមរយៈប្រព័ន្ធអ៊ីនធើរណេត ដើម្បីកំណត់អំពីរយៈពេលដែល ត្រូវលេង និងការកំសាន្ដបែបសប្បាយ និងទទួលបានចំណេះដឹង និងភាពវៃឆ្លាតផងដែរ ។ នៅក្នុងឱកាសនោះ ក្រុមហ៊ុនក៏បានផ្ដល់កុំព្យូទ័រ Desktop ចំនួន៥គ្រឿង និង Laptop ១គ្រឿង ដែលជាផលិតផលរបស់ក្រុមហ៊ុនផ្ទាល់ជូនដល់ក្រសួងព័ត៌មានផងដែរ ។
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment