ភ្នំពេញ: មេដឹកនាំសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជាបានពន្យារពេលដឹកនាំកម្មករ កម្មការិនីរោងចក្រកាត់ដេរធ្វើកូដកម្មរយៈពេល៣ថ្ងៃ ដែល គ្រោងធ្វើនៅថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ ២០១០ ប៉ុន្តែដោយសារតែនៅដើមសប្តាហ៍ក្រោយនេះមានកិច្ចប្រជុំរវាង រាជរដ្ឋាភិបាលជាមួយវិស័យឯកជននៅកម្ពុជា ទើបមេដឹក នាំសហជីពដែលមាន និន្នាការគាំទ្រគណបក្សប្រឆាំងត្រូវរង់ចាំលទ្ធផលនៃកិច្ចប្រជុំសិន ។
លោក ជា មុនី (ប្អូនប្រុសសព លោកជា វិជ្ជា) ប្រធានសហជីព សេរីកម្មករនៃព្រះរាជា ណាចក្រកម្ពុជា បាននិយាយឲ្យដឹងតាមទូរស័ព្ទកាល ពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១០ ថា គម្រោងការដឹកនាំកម្មករកម្មការិនីរោងចក្រកាត់ដេរធ្វើកូដកម្មរយៈពេល ៣ថ្ងៃ គឺត្រូវពន្យារពេលទៅអំឡុងចុងខែមិថុនា។ លោកបញ្ជាក់ថា ការធ្វើកូដកម្មនោះមិនហួសខែមិថុនាឆ្នាំ ២០១០ឡើយ ដោយសារតែកម្មករ កម្មការិនីត្រូវការឱ្យថៅកែដំឡើងប្រាក់ ឈ្នួលដល់ពួកគេឱ្យបានឆាប់ ។
លោក ជា មុនី បានឱ្យដឹងថា លោកបានចែកផ្សព្វផ្សាយលិខិតអំពាវនាវដល់កម្មករនៅតាមបណ្តារោងចក្រ កាត់ដេរទាំងចំនួន ១៩៣រោងចក្រ ដែលមានកម្មករជាសមា ជិកសហជីព សេរីកម្មករចំនួន៨ម៉ឺន៦ពាន់នាក់ ដែល បានព្រមព្រៀងធ្វើកូដកម្មពីការងារ រយៈពេល៣ថ្ងៃ ហើយលោកជឿជាក់ថា នឹងមានកម្មករមកពីបណ្តា សហជីពឯទៀតៗមកចូលរួមធ្វើ កូដកម្ម រយៈពេល៣ថ្ងៃ ពីព្រោះជាផល ប្រយោជន៍ របស់កម្មករ ។
លោកជា មុនី បានឱ្យដឹងទៀតថា សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកកំពុងដឹកនាំ នោះស្នើឱ្យកម្មករធ្វើកូដកម្មទាមទារឱ្យ មានការដំឡើងប្រាក់ឈ្នួលចំនួន២០ ដុល្លារ បន្ថែមពីលើប្រាក់ខែគោល ដោយសារតែកម្ពុជារងនូវវិបត្តិសេដ្ឋកិច្ចពិភពលោក ប៉ុន្តែមានសម្ព័ន្ធភាព សហជីពខ្លះ ទាមទារឱ្យថៅកែរោងចក្រ ដំឡើងប្រាក់ឈ្នួលកម្មករដល់ទៅចំនួន ៩៣ដុល្លារឯណោះ ។
លោក សោម អូន ប្រធានសភា សម្ព័ន្ធសហជីពជាតិកម្ពុជា បានមាន ប្រសាសន៍បញ្ជាក់ថា ការអំពាវនាវ របស់លោកជា មុនី ឱ្យកម្មករធ្វើកូដកម្មពីការងាររោងចក្រ រយៈពេល៣ថ្ងៃនេះ គឺគ្រាន់តែជាការឆ្លៀតឱកាសស្វែងរកប្រជាប្រិយភាព នយោបាយតែប៉ុណ្ណោះ ហើយការធ្វើកូដកម្មឬបាតុកម្មមិនមែនជាដំណោះ ស្រាយល្អក្នុងការទាម ទារឱ្យថៅកែរោងចក្រដំឡើងប្រាក់ឈ្នួលឱ្យកម្មករ ឡើយ ។
លោកសោម អូន បាននិយាយទៀតថា ក្រុមប្រឹក្សាការងារស្តីពីប្រាក់ឈ្នួលកម្មករ ដែល មានរូបលោកជាប្រធាន បានកំពុងដំណើរការជួបពិភាក្សាទ្វេភាគីជាមួយ សមា គមថៅកែរោងចក្រកាត់ដេរ ដើម្បី ឱ្យមានការដំឡើងប្រាក់ខែគោល៩៣ ដុល្លារឱ្យកម្មករ ដោយឈរលើកត្តា ចំនួន៣គឺ ការចំណាយរបស់កម្មករ ប្រាក់សន្សំ និងប្រាក់បញ្ញើទៅក្រុម គ្រួសារ ។ ហើយស្ថិតនៅក្នុងដំណាក់ កាលកំពុងចរចាគ្នានេះ គឺមិនអនុញ្ញាត ឱ្យសហព័ន្ធណាមួយគំរាមធ្វើបាតុកម្ម ឬកូដកម្មឡើយ ដែលបណ្តាលឱ្យថៅកែ រោងចក្រ សហគ្រាស មិនសប្បាយចិត្ត។ លោក សោម អូន ពន្យល់ទៀតថា វិស័យ សេដ្ឋកិច្ចជាពិសេសវិស័យកាត់ដេរនៅ កម្ពុជា ទើបតែល្អប្រសើរបានបន្តិច ប៉ុណ្ណោះ ហើយកិច្ចពិភាក្សាចរចាដំឡើង ប្រាក់ឈ្នួលអាចធ្វើឡើងម្តងទៀតនៅចុង ឆ្នាំ២០១០ ។
លោកទិត សុធា ទីប្រឹក្សារាជ-រដ្ឋាភិបាល និងជាអ្នកនាំពាក្យអង្គភាព ព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការ គណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា រាល់ការ ធ្វើកូដកម្ម បាតុកម្មត្រូវតែមានច្បាប់ អនុញ្ញាតពីក្រសួងមហាផ្ទៃជាមុន ហើយ ក្នុងកាលៈទេសៈនេះ សេដ្ឋកិច្ចប្រទេស កំពុងរងនូវវិបត្តិសេដ្ឋកិច្ចពិភពលោក លោកជា មុនី ពុំគួរដឹកនាំធ្វើកូដកម្ម ឡើយ ម្យ៉ាងទៀតក្រសួងការងារកំពុង តែពិភាក្សាជាមួយសមាគមកាត់ដេរ ដើម្បីពិចារណាដំឡើងប្រាក់ឈ្នួលជូន កម្មករកម្មការិនីឱ្យមានជីវភាពរស់នៅសមរម្យ៕
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment