Monday, June 14, 2010

គណៈកម្មាធិការ​ទន្លេមេគង្គ​: ទំនប់​វា​រី​អគ្គិសនី​ញែក​ទន្លេមេគង្គ​ជា៦​កង់​ធំៗ

N2i2yja0nw


ទីតាំង​ដែល​រដ្ឋាភិបាល​ឡាវ​បាន​គ្រោង​នឹង​កសាង​ទំនប់​វា​រី​អគ្គិសនី ហ្សា​យ៉ាបូ​រី ដែល​គេ​រំពឹងថា
ជា​ទំនប់​ទី​មួយ​ដែល​ត្រូវបាន​គេ​កសាង​ឡើង​នៅ​អាង​ទន្លេមេគង្គ​ក្រោម




ភ្នំពេញ​: ការសិក្សា​មួយ​របស់​គណកម្មាធិកា​រ​ទន្លេមេគង្គ បាន​អះអាង​ថា ទំនប់​វា​រី​អគ្គិសនី​បាន​ញែក​ទន្លេមេគង្គ​ទាំងមូល​ជា ៦ កង់​ធំៗ ។

​    ​របាយការណ៍​ហេតុ​ប៉ះពាល់​បិរ​ស្ថាន​បណ្តាលមកពី​ផែនការ​កសាង​ទំនប់​វា​រី​អគ្គិសនី​ដែល​ត្រូវបាន គណៈកម្មាធិការ​ទន្លេមេគង្គ​ធ្វើការ​សិក្សា​ហើយ​ប្រកាស​លទ្ធផល​កាលពី​ពេល​ថ្មីៗ​នេះ​បាន​អះអាងថា ទន្លេ មេគង្គ​ទាំងមូល​ត្រូវបាន​គេ​បែងចែក​ជា ៦​កង់ ។ ដោយ​នៅ​ក្នុង​នោះ​ចាប់ពី​ប្រភព​របស់​វា​នៅ​ខ្ពង់រាប​ទីបេ​ទៅ ដល់​តំបន់ត្រីកោណមាស​គេ​ហៅ​វា​ថា ជា​តំបន់​ទន្លេ​ឡាន​សាង ។ កង់​ទី​ពីរ​គឺ​ពី​ឈាង​សេន ទៅដល់​ទីក្រុង​វៀង​ចាន់ រដ្ឋធានី​ប្រទេស​ឡាវ ។ កង់​ទី​បី គឺ​ពី​វៀង​ចាន់​ទៅ​ដល់​បាក់​សេ នៅក្នុង​ទឹកដី​ឡាវ ។ កង់​ទី​៤ គឺ​ពី​បាក់​សេ ទៅ​ក្រចេះ​នៅក្នុង​ប្រទេស​កម្ពុជា ។ កង់​ទី​៥ គឺ​ពី​ក្រចេះ​ទៅ​ដល់​រដ្ឋធានី​ភ្នំពេញ ។ និង​កង់​ទី​៦ គឺ ពី​រដ្ឋធានី​ភ្នំពេញ​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង ។

​    ​ប្រភព​ខាងលើ​នេះ​បានឱ្យដឹងថា នៅ​ក្នុង​មួយ​កង់ៗ​មាន​លក្ខណៈ​ពិសេស និង​គម្រោង​អភិវឌ្ឍន៍ ព្រមទាំង​មាន​សក្តានុពល​ខុសៗ​គ្នា ។

​    ​កង់​ទី​១ ដែល​គេ​ហៅថា ទន្លេ​ឡាន​សាង នេះ​មាន​បណ្តោញ​ប្រមាណ​ជា ១.៩០០ គម ទី​នោះ​គ្មាន​មាន​ដៃទន្លេ​ទេ ។ ទន្លេ​មាន​សភាព​តូច​ហូរ​ខ្លាំង និង​សំបូរ​ទៅ​ដោយ​ថ្ម​ពិបាក​នៅក្នុង​ការធ្វើ​ចរាច​រណ៍ ប៉ុន្តែ​វា​មាន​សក្តានុពល​សំរាប់​ចិន​ធ្វើការ​អភិវឌ្ឍន៍​ទំនប់​វា​រី​អគ្គិសនី ។ សព្វថ្ងៃនេះ​មាន​ទំនប់​មួយចំនួន​កំពុង តែ​ត្រូវបាន​ប្រទេស​ចិន​ទាញ​យក​ថាមពល និង​កំពុងតែ​សាងសង់​ទំនប់​វា​រី​អគ្គិសនី ហើយក៏​កំពុងតែ​ធ្វើ​ការសិក្សា​ថែមទៀត​ផង​ដែរ ។

​    ​កង់​ទី​២ មាន​ចំងាយ​ប្រមាណ​ជា ១.១០០ គម ។ ទីនោះ​ទន្លេ​ហូរ​កាត់​តំបន់ភ្នំ​សំបូរ​ទៅដោយ​ព្រៃឈើ មាន​ជ្រលង​ច្រើន ហើយ​ភាគច្រើន​គឺ​វា​ហូរ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ឡាវ និង​ប្រទេស​ថៃ ។ មកដល់ពេលនេះ រដ្ឋាភិបាល​ប្រទេស​ឡាវ និង ថៃ​បាន​លើក​គម្រោង​កសាង​ទំនប់​វា​រី​អគ្គិសនី​ចំនួន​ប្រមាណ​ជា ៦ គម្រោង ។

​    ​កង់​ទី​៣ មាន​ចំងាយ​ប្រមាណ​ជា ៦០០ គម ។ គឺជា​តំបន់​ដែល​ទន្លេ​ទទួល​របប​ទឹក​ច្រើន​ពី​ដៃទន្លេ​ផ្សេងៗ ។ សំបូរ​ផ្លូវទឹក ហើយ​ទន្លេ​ហូរ​ភាគច្រើន​ស្រប​នឹង​ព្រំដែន​ឡាវ​និង​ថៃ​ដដែល ។ ទីនោះ​មាន​គម្រោង​កសាង​ទំនប់​វា​រី​អគ្គិសនី​ចំនួន ២ ។

​    ​កង់​ទី​៤ គឺ​មាន​ចំងាយ​ប្រមាណ​ជា ៣០០ គម ។ ទីនោះ​គឺជា​តំបន់​ដែល​មាន​ទេសភាព​ស្អាត ហើយ កំពុងតែ​ទាក់ទាញ​ទេសចរណ៍ ដែល​ភាគច្រើន​គេ​ស្គាល់​ថា ល្បាក់ខោន ។ ទឹកទន្លេ​នៅក្នុង​តំបន់​នោះ គឺជា ប្រភព​សេដ្ឋកិច្ច​ដ៏​សំខាន់​សំរាប់​ប្រជាពលរដ្ឋ ដោយសារ​តែ​ទីនោះ​សំបូរ​ត្រី​ឆ្លង់កាត់ និង​ពង​កូន ។ ហើយ ក៏​អាច​នឹង​ធ្វើ​នាវាចរណ៍​បាន​ងាយស្រួល ។ មកដល់​ពេល​នេះ​កម្ពុជា និង​ប្រទេស​ឡាវ​បាន​លើក​គម្រោង​កសាង​ទំនប់​វា​រី​អគ្គិសនី​ចំនួន ៥ គម្រោង ។

​    ​កង់​ទី ៥ មាន​ចំងាយ​ប្រមាណ​ជា ២០០ គម ។ ទីនោះ​មាន​សារៈសំខាន់​ផ្នែក​អេកូឡូស៊ី ដោយសារ តែ​វា​គឺជា​តំបន់​ដែល​របប​ទឹក​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និត​នឹង​របប​ទឹក​នៅ​បឹង​ទន្លេសាប ។ មកដល់​ពេល នេះ​តំបន់​នេះ​ទាំងមូល​នៅ​មិនទាន់​មាន​គម្រោង​កសាង​ទំនប់​វា​រី​អគ្គិសនី​ទេ ។

​    ​កង់​ទី​៦ មាន​ចំងាយ​ប្រមាណ​ជា ពី ១០០ ទៅ ១៥០ គម ។ ទី​នោះ​ភាគច្រើន​គឺជា​តំបន់​ដែលមាន សក្តានុពល​សំរាប់​កសិកម្ម ដោយសារ​តែ​ទឹក​ទន្លេមេគង្គ​ត្រូវបាន​គេ​ទាញយក​ប្រយោជន៍​ជាច្រើន​តាមរយៈ ការ​ព្រែកជីក​ផ្សេងៗ​ជាពិសេស​នៅក្នុង​ប្រទេស​វៀតណាម ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

No comments:

Post a Comment