ខេត្ដកំពង់ឆ្នាំង ៖ ខណៈពេលដែលសាលាដំបូងខេត្ដ កំពុងបើកការស៊ើបអង្កេតលើសំណុំរឿងបណ្ដឹងឈ្មោះនួន សុវណ្ណរិទ្ធ ហៅ ចូច ដែលជាអ្នកកាប់ទន្ទ្រានដីរដ្ឋនៅចំណុចអូររលុះធ្វើកម្មសិទ្ធិ ហើយបែរជាប្ដឹងអ្នកកាសែតពីបទបរិហារកេរ្ដិ៍នោះ ពេលនេះ ឈ្មោះចូច និងបុគ្គលមួយចំនួនទៀតកំពុង ឡើងចាងបន្ដការកាប់រានដីព្រៃរដ្ឋជាបន្ដទៀតនៅឡើយ ដែលមកដល់ពេលនេះដីព្រៃរដ្ឋនៅចំណុចអូររលុះស្ថិតនៅឃុំពេជចង្វា និងឃុំអញ្ចាញរូង ស្រុកបរិបូណ៌នោះ ស្ទើរក្លាយជាដីវាលគ្មានព្រៃទៅហើយ ។ ភ្នាក់ងារកោះសន្ដិភាពជាម្ចាស់អត្ថបទ ធ្លាប់បានចូលខ្លួនបំភ្លឺនៅចំពោះមុខចៅក្រមស៊ើបសួរ លោក សាន សុផាត រួចហើយ ពីរឿងកាប់រានព្រៃយកដីរដ្ឋនៅចំណុចអូរ រលុះនោះ ដោយស្រង់យកនូវសំដីសាក្សីមាន លោកស្រីយិន ប៉ិច ប្រធានសហគមន៍ព្រៃឈើពេជចង្វាដែលបានអះអាងថា ដីនៅចំណុចអូររលុះនោះ គឺពិតជាដីរបស់រដ្ឋពិតមែន ។
ចំណែកលោកគឹម គន មេភូមិតាំងធ្នឹមក៏បានអះអាងថា ស្ដ្រីឈ្មោះកាំង ម៉ៅ ពិតជាបានលក់ដីទៅឱ្យឈ្មោះនួន សុវណ្ណរិទ្ធ ហៅចូចពិតមែន ។ ដោយឡែកភ្នាក់ការកោះសន្ដិភាពក៏បានជួបសំភាសន៍ជាមួយស្ដ្រីឈ្មោះ កាំង ម៉ៅ នោះដែរ ដោយមានថតវីដេអូទុកជាភស្ដុតាងទៀតផង ដែលឈ្មោះនេះឆ្លើយថា ខ្លួនបានលក់ដីទៅឱ្យឈ្មោះនួន សុវណ្ណរិទ្ធ ហៅចូចជាង២ហិកតា ពេលលក់នោះនៅពុំទាន់កាប់ព្រៃទៅជាវាលដូចអ៊ីចឹងទេ។ លុះពេលនួន សុវណ្ណរិទ្ធ ហៅចូចទិញបានក៏ជួល ឱ្យគេកាប់ព្រៃនោះបន្ដ ។ លោកសុក មី នាយសង្កាត់រដ្ឋបាលព្រៃឈើបរិបូណ៌ក៏បាននិយាយថា ដីនៅចំណុចអូររលុះ គឺជាដីព្រៃរបស់រដ្ឋពិតប្រាកដមែន ប៉ុន្ដែលោកពុំបានដឹងច្បាស់ទេថាតើនរណាជាអ្នកកាប់រានព្រៃរបស់រដ្ឋនោះ ។
នៅព្រឹកថ្ងៃទី១៤ មិថុនា ២០១០ នេះលោកសុក មី បានបញ្ជាក់ប្រាប់តាមទូរស័ព្ទយ៉ាងច្បាស់ថា បន្ទាប់ពីចុះស្រាវជ្រាវលើករណីកាប់រានដីព្រៃរដ្ឋថ្មីៗនេះបន្ថែម គឺបានដឹងថា ដីដែលកំពុងកាប់បំផ្លាញ គឺមានឈ្មោះ នួន សុវណ្ណរិទ្ធ ហៅចូចចំនួន២ហិកតា៣៦ ដីរបស់ឈ្មោះកាំង ម៉ៅ ២ហិកតា៨៨ ដែលរបាយការណ៍នេះលោកបានដាក់ជូនសាលាដំបូងខេត្ដរួចអស់ហើយតាមរយៈលោកស៊ិន កុសល នាយខណ្ឌរដ្ឋបាលព្រៃឈើ ។ លោកបានបន្ដថា ថ្មីៗនេះក៏មានមន្ដ្រីព្រៃឈើចុះធ្វើការស្រាវជ្រាវដល់ដីព្រៃរដ្ឋចំណុចអូររលុះនោះ បានជួបប្រជាពលរដ្ឋចំនួន៥នាក់ ដែលកំពុងស៊ីឈ្នួលកាប់ព្រៃឱ្យឈ្មោះទាំងពីរនាក់ ខាងលើក្នុងតំលៃ១ម៉ឺនរៀលក្នុងមួយថ្ងៃ ។
គួរបញ្ជាក់ថា កោះសន្ដិភាពបានចុះផ្សាយកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០០៩ ច្បាប់លេខ៦៦៤២ មានចំណងជើងថា “ដីព្រៃជាង២០ហិកតាត្រូវបានគេកាប់ទន្ទ្រានយកដី មន្ដ្រីរដ្ឋបាលព្រៃឈើបានអះអាងថា ទីនោះគឺជាដីរបស់រដ្ឋ” ដែលក្នុងខ្លឹមសារបាន សរសេរថា មានឈ្មោះនួន សុវណ្ណរិទ្ធ ហៅចូច ជាអ្នកកាប់ទន្ទ្រានយកប្រមាណ៥ហិកតា ។ ក្រោយមកស្រាប់តែឈ្មោះនួន សុវណ្ណរិទ្ធនេះ ប្ដឹងភ្នាក់ងារកាសែតកោះសន្ដិភាពថា សរសេរបរិហារកេរ្ដិ៍ ក្នុងនោះប្ដឹងទាំងលោក សុក មី ទៀតពីបទសមគំនិត និងបរិហារកេរ្ដិ៍ ដែលមន្ដ្រីរដ្ឋបាលព្រៃឈើរូបនោះគ្រាន់ តែបានផ្ដល់សំភាសន៍ថា ពិតជាដីរបស់រដ្ឋមែនហើយនៅចំណុចអូររលុះនោះ ។ ក្នុងបណ្ដឹងរបស់បុគ្គលកាប់រានដីរដ្ឋរូបនេះ ក៏នៅបានប្ដឹងលោកនូ ចាន់ ម្នាក់ទៀតផងដែរជាភ្នាក់ងារកាសែតខ្មែរស្ថាបនាពីបទសមគំនិត និងបរិហារកេរ្ដិ៍ផងដែរ ។
មកដល់ពេលនេះ ភស្ដុតាងសាក្សីបានបញ្ជាក់ថា ឈ្មោះនួន សុវណ្ណរិទ្ធ ពិតជាមានដីនៅចំណុចនោះជាង២ហិកតាមែនដែលបានកាប់រានយកព្រៃរបស់រដ្ឋ។ សួរតុលាការថា ត្រង់ណាទៅដែលថា បរិហារកេរ្ដិ៍ ។ ក្រោយពីព័ត៌មានស្ដីពីបុគ្គល នួន សុវណ្ណរិទ្ធ ហៅចូច ប្ដឹងអ្នកកាសែតនិងមេព្រៃដែលពួកគេសរសេរនិងផ្ដល់នូវព័ត៌មានស្ដីពីការកាប់រានដីព្រៃរបស់រដ្ឋ នៅចំណុចអូររលុះ ស្ថិតក្នុងស្រុកបរិបូណ៌ក្នុងគោលបំណងជួយការពារ ថែរក្សាដីរបស់រដ្ឋ ដោយការសរសេរមាន វិជ្ជាជីវៈយ៉ាងត្រឹមត្រូវមក ក៏មានបណ្ដាអង្គការអ្នកសារព័ត៌មាន ដូចជាក្លឹបអ្នកកាសែតកម្ពុជា ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាបានធ្វើលិខិត និងសេចក្ដីថ្លែងការណ៍ក្នុងគោលបំណងការពារអ្នកសារព័ត៌មានដែលសរសេរ មានវិជ្ជាជីវៈដែលកំពុងរងបណ្ដឹងពីបុគ្គលកាប់រានព្រៃរបស់រដ្ឋយ៉ាងអយុត្ដិធម៌នោះផងដែរ ។
ជុំវិញហេតុការណ៍ជនខិលខូចកំពុងបន្ដកាប់ទន្ទ្រានយកដីរដ្ឋ ដែលពេលនេះកំពុងត្រៀមបោះបង្គោលរបងព័ទ្ធយកដីចំណុចអូររលុះនោះ មានមតិរិះគន់ជាច្រើនបាននិយាយថា ចំណាត់ការរបស់សាលាដំបូងខេត្ដតាមបណ្ដឹងអ្នកកាប់បំផ្លាញព្រៃឈើ ហាក់ដូចជា ទី១-ទុកឱកាសឱ្យក្រុមជនទាំងនោះកំពុងបន្ដឱកាសកាប់រានដីព្រៃរដ្ឋបន្ដទៀត និងទី២-ហាក់ដូចជាលើកទឹកចិត្ដដល់ក្រុមបំផ្លាញព្រៃឈើរដ្ឋឱ្យកាន់តែបានចិត្ដបន្ដការបំផ្លាញថែមទៀត ហើយងាកមករិត.កអ្នកកាសែតជាម្ចាស់អត្ថបទជួយរដ្ឋនេះទៅវិញ ។
កោះសន្ដិភាពសូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ មានក្រសួងយុត្ដិធម៌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជួយជំរុញ ឱ្យស្ថាប័នជំនាញនៅខេត្ដ មានខណ្ឌរដ្ឋបាលព្រៃឈើប្រញាប់ធ្វើសំណើដកហូតដីរបស់រដ្ឋត្រឡប់មកវិញ និងចាប់ជនខិលខូចដែលកំពុងបន្ដកាប់រានដីរបស់រដ្ឋមកផ្ដន្ទាទោស តាមច្បាប់កុំទុកឱ្យជនខិលខូចទាំងនោះបន្ដសកម្មភាពរបស់ខ្លួនតទៅទៀត ។ កោះសន្ដិភាពនឹងផ្សាយបន្ដពីចំណាត់ការរបស់ស្ថាប័នយុត្ដិធម៌ខេត្ដកំពង់ឆ្នាំង លើសំណុំរឿងមួយនេះដែលមានរយៈពេល១ឆ្នាំទៅហើយឱ្យ ច្បាស់លាស់ថែមទៀត ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment