Friday, June 11, 2010

អាជ្ញាធរ​ខែត្រ​កណ្ដាល​បន្ទច់​បង្អាក់​ការ​ពិនិត្យ​ព្យាបាល​របស់​ពេទ្យ​អាមេរិកាំង


ក្រុម​គ្រូ​ពេទ្យ​យោធា​សហរដ្ឋ​អាមេរិកព្យាបាល​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​៩ មិថុនា ២០១០។




ក្រុម​គ្រូ​ពេទ្យ​យោធា​អាមេរិកាំង និង​ខ្មែរ បាន​សហការ​គ្នា​ព្យាបាល​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល ប៉ុន្តែ​កិច្ចការ​មនុស្សធម៌​នេះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​តម្រូវ​ឲ្យ​ផ្លាស់​ប្ដូរ​ទីតាំង​ពិនិត្យ​ព្យាបាល​អ្នក​ជំងឺ​នោះ​ទៅ​វិញ។

អាជ្ញាធរ​ខេត្ត​កណ្ដាល​ធ្វើ​សកម្មភាព​បន្ទច់​បង្អាក់​ចំពោះ​ក្រុម​ពេទ្យ​អាមេរិកាំង ដែល​ស្ម័គ្រចិត្ត​ចូល​ព្យាបាល​ជំងឺ​មិន​គិត​ថ្លៃ​ក្នុង​មណ្ឌល លោក ពុង្ស ពេញចេង សង់​ក្នុង​វត្ត​ពោធិសាត់ ស្រុក​កណ្ដាល​ស្ទឹង ដោយ​ទាមទារ​ឲ្យ​ដូរ​ទីតាំង​ពី​មណ្ឌល លោក ពុង្ស ពេញចេង ឲ្យ​ទៅ​ពិនិត្យ​នៅ​វត្ត​ឧបុល្លជូត្តណារ៉ាម នៅ​ឆ្ងាយ​ពី​ទីតាំង​ចាស់​ប្រមាណ ៦​គីឡូ​ម៉ែត្រ។ ការ​រារាំង​នេះ​បាន​ធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៩ ខែ​មិថុនា ឆ្នាំ​២០១០។

មន្ត្រី​មក​ពី​សាលា​ខេត្ត​កណ្ដាល​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​ពី​ការ​មិន​អនុញ្ញាត​នោះ​ថា ៖ «ការ​ផ្លាស់​ប្ដូរ​នេះ​ដោយសារ​មណ្ឌល​សុខភាព​ពោធិសាត់​ហ្នឹង គឺ​ជា​គ្លីនិក​មួយ​អត់​មាន​ច្បាប់ អត់​ស្រប​ច្បាប់។ អ៊ីចឹង​បាន​ជា​មាន​ការ​ផ្លាស់​ប្ដូរ​មក​ទី​កន្លែង​នេះ​វិញ»

លោក​ស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​អង្គការ​លីកាដូ ដែល​ជា​អ្នក​រៀបចំ​ការ​ព្យាបាល​ដោយ​មិន​គិត​ថ្លៃ បាន​មាន​ប្រសាសន៍​ក្រោយ​ការ​រារាំង​នោះ​ថា ៖ «ខ្ញុំ​មាន​ការ​សោកស្ដាយ​ដែរ ហើយ​ប្រជា​ពលរដ្ឋ​លោក​អញ្ជើញ​មក​តាំង​ពី​ម្សិលមិញ​ម៉េ្លះ មក​សម្រាន្ត​នៅ​ហ្នឹង ហើយ​ព្រឹក​មិញ​ខ្ញុំ​មក​ដល់​ឃើញ​ជាង ១​ពាន់​នាក់​នៅ​ចាំ​នៅ​ហ្នឹង។ ស្រាប់​តែ​ថា ទៅ​វត្ត​ផ្សេង​ទៅ​ទៀត!»

ក្រោយ​ពី​មន្ត្រី​ស្ថានទូត​អាមេរិកាំង ឈ្មោះ​លោក បេន ដែល​សុំ​មិន​ផ្ដល់​បទ​សម្ភាសន៍ បាន​សហការ​ជាមួយ​អង្គការ​លីកាដូ បាន​ទាក់ទង​ទៅ​អាជ្ញាធរ​ខេត្ត​កណ្ដាល សុំ​ការ​អនុញ្ញាត​ពី​អភិបាល​ខេត្ត។ នៅ​ម៉ោង​ជាង ១០​ព្រឹក ការ​ដោះស្រាយ​បាន​អនុញ្ញាត​ឲ្យ​រើ​កន្លែង​ពិនិត្យ​ពី​វត្ត​ពោធិសាត់ ទៅ​កាន់​វត្ត​ឧបុល្លជូត្តណារ៉ាម ហៅ​វត្ត​ភ្នូន នៅ​ក្នុង​ស្រុក​កណ្ដាល​ស្ទឹង​នេះ​ដែរ ចម្ងាយ​ប្រមាណ ៦​គីឡូ​ម៉ែត្រ។

អ្នក​ជំងឺ​ជា​ច្រើន​រយ​នាក់​មក​ពី​ខេត្ត​កំពង់ស្ពឺ កណ្ដាល តាកែវ បាន​តម្រង់​ជួរ​យក​លេខ និង​រង់ចាំ​ចូល​ពិនិត្យ​រហូត​ដល់​ម៉ោង ២​រសៀល ទើប​ពេទ្យ​ចាប់ផ្ដើម​ពិនិត្យ។

ក្រុម​ពេទ្យ​យោធា​មក​ពី​សហរដ្ឋ​អាមេរិក​ចំនួន ២២​រូប និង​ក្រុម​ពេទ្យ​យោធា​ខ្មែរ ១៥​រូប រួម​ទាំង​និស្សិត​ពេទ្យ ១៥​រូប បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​ការ​ព្យាបាល​ជំងឺ​ភ្នែក ធ្មេញ និង​ជំងឺ​ទូទៅ ជូន​ប្រជាជន​កម្ពុជា​ក្នុង​វត្ត​ភ្នូន ក្រោយ​ការ​រារាំង។

អ្នក​ជំងឺ​មក​ពី​ខេត្ត​តាកែវ​ដែល​បាន​ទទួល​ការ​ពិនិត្យ​រួច ឲ្យ​ដឹង​ថា ៖«ពេទ្យ​អាមេរិកាំង​បាន​ឲ្យ​ថ្នាំ​ហ្នឹង​ទាំង​ពី​ថ្នាំ​បំបាត់​ចុក​ជើង វីតាមីន ទាំង​ពី​ច្រាស់​ដុស​ធ្មេញ ថ្នាំ​ដុស​ធ្មេញ ហើយ​និង​សាក់កាដូ...»

ការ​ព្យាបាល​មិន​គិត​ថ្លៃ​នេះ​ត្រូវ​បាន​គេ​ត្រៀម​ធ្វើ​ចំនួន ៣​ថ្ងៃ គឺ​ពី​ថ្ងៃ​ពុធ ទី​៩ ដល់​ថ្ងៃ​សុក្រ ទី​១១ ខែ​មិថុនា។ ចំណែក​ឱសថ និង​សម្ភារៈ​ដែល​ពេទ្យ​យោធា​អាមេរិកាំង​បាន​យក​មក​ចែក​ជូន​អ្នក​ជំងឺ បាន​គ្រោង​ក្នុង ១​ថ្ងៃ នឹង​មាន​អ្នក​ជំងឺ​ប្រមាណ ១​ពាន់​នាក់ គេ​បាន​ចែក​ជូន​ថ្នាំ​លេប និង​ទឹក​សេរ៉ូម សម្រាប់​ព្យាបាល​មួយ​សប្ដាហ៍ រួម​ទាំង​សម្ភារៈ​ប្រើប្រាស់​ផង​ដែរ៕

(ដកស្រង់ចេញពីគេហទំព័រ ​វិទ្យុ​អាស៊ីសេរី)

No comments:

Post a Comment