ក្រសួងសង្គមកិច្ចនិងអតីតយុទ្ធជនបានចំណាយពេលវេលាដើម្បីរៀបចំចងក្រងជាអនុក្រឹត្យមួយដើម្បីកំណត់អំពីផែនការទទួលជនពិការឲ្យចូលបំរើ នៅក្នុងការងារសង្គម។ លោក សរសុវណ្ណារ៉ា ធ្វើសេចក្តីរាយការណ៍ ពីរាជធានីភ្នំពេញមកថាអនុក្រឹត្យនេះ ក្រោយពេលបានអនុម័ត នឹងជួយស្តារមុខ មាត់ជនពិការនៅក្នុងសង្គម។
ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ចនិងអតីតយុទ្ធជន បានឲ្យដឹងថា នៅពេលអនាគតឆាប់ៗនេះជនពិការនឹងមានសិទ្ធិទទួលការជ្រើសរើស ឲ្យចូលធ្វើការងារ នៅក្នុងស្ថាប័នរដ្ឋនិងវិស័យឯកជន។ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចនិងអតីតយុទ្ធជនបានឲ្យដឹងថា ក្រសួងកំពុងធ្វើអនុក្រឹត្យមួយដើម្បី បើកផ្លូវឲ្យជនពិការមានសិទ្ធិដើម្បីបានចូលក្នុងការងារដើម្បីមានប្រាក់ចំណូល។
(សំឡេងលោក អ៊ិត សំហេង )
សូមបញ្ជាក់ថា រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់ស្តីអំពីកិច្ចការពារសិទ្ធិជនពិការតាំងពីឆ្នាំ២០០៩មក។ ច្បាប់នេះបានបើកផ្លូវឲ្យក្រសួងស្ថាប័នរដ្ឋ ដែល មានភារកិច្ចពាក់ពន្ធ័ធ្វើសេចក្តីប្រកាសនិងអនុក្រឹត្យដើម្បីអនុវត្តកិច្ចការពារជនពិការទាំងសុខភាព ការអប់រំនិងសិទ្ធិបំពេញការងារដើម្បីអភិវឌ្ឍខ្លួន ឯង។ លោក អ៊ិត សំហេងបានឲ្យដឹងទៀតថា ស្ថាប័នចំនួន៤រួមមានក្រសួងសង្គមកិច្ចនិងអតីតយុទ្ធជន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងរៀបចំបង្កើតមូលនិធិសម្រាប់ជនពិការ។
(សំឡេងលោក អ៊ិត សំហេង )
យោងតាមរបាយការណ៍បានឲ្យដឹងថាជនពិការនៅកម្ពុជាមានប្រមាណ៣ភាគរយ នៃស្ថិតិប្រជាពលរដ្ឋខ្មែរ។ហើយជនពិការកន្លងមកនេះស្ថិតនៅក្នុង ស្ថានភាពរើសអើង គ្មានលទ្ធភាពទទួលការអប់រំវិជ្ជាជីវៈនិងមានស្ថានភាពក្រីក្រ។ប៉ុន្តែការចេញច្បាប់ជនពិការនេះត្រូវបានគេសង្ឃឹមថានឹងអាចជួយ ដោះស្រាយបញ្ហានេះបាន៕
(របាយការណ៍ដោយសរសុវណ្ណារ៉ា )
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)
No comments:
Post a Comment