Saturday, June 12, 2010

អង្គការសហប្រជាជាតិ បារម្ភពីការបោះឆ្នោត នៅភូមា

មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិមួយរូបកំពុងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ដើម្បីពិភាក្សាអំពីស្ថានភាព នៅ ប្រទេសភូមា។

លោក Vijay Nambiar ទីប្រឹក្សាពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីបញ្ហានៅភូមា បច្ចុប្បន្នកំពុងស្នាក់នៅក្នុងប្រទេសសិង្ហបុរី។

លោកបានមកដល់ប្រទេសសិង្ហបុរីហើយបន្ទាប់ពីលោកបានបញ្ចប់ដំណើរទស្សនកិច្ចនៅទីក្រុង ញូវដេលី ប្រទេសឥណ្ឌា ដែលនៅទីនោះលោកបាន ជួបពិភាក្សាជាមួយនឹង រដ្ឋលេខាធិការក្រសួងការពារជាតិឥណ្ឌា លោក Nirupama Rao និង លោក Shiv Shankar Menon ទីប្រឹក្សាសន្តិសុខជាតិ។

លោកទីប្រឹក្សាពិសេស Vijay Nambiar នឹងធ្វើដំណើរបន្តទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃសុក្រនេះ ដើម្បីធ្វើការពិភាក្សាបន្ថែមទៀតជាមួយអាជ្ញាធរចិន ។

ប្រទេសភូមានឹងត្រូវធ្វើការបោះឆ្នោតជាតិជាលើកទីមួយរបស់ខ្លួនក្នុងអំឡុងពេលពីរទសវត្សរ៍នេះ នៅចុងឆ្នាំ២០១០ ហើយអង្គការសហប្រជាជាតិ បានប្រកាសពីការព្រួយបារម្ភដែលថា ច្បាប់បោះឆ្នោតថ្មីនៃប្រទេសភូមាមិនអាចធ្វើបានតាមអ្វីដែលជាការរំពឹងទុករបស់អន្តរជាតិ ដែលតម្រូវឲ្យភូមា រួមបញ្ចូលបក្សប្រឆាំងនៅក្នុងដំណើរការបោះឆ្នោតលើកនេះផង។

អង្គការសហប្រជាជាតិកំពុងតែអំពាវនាវសុំឲ្យមាន ការបោះឆ្នោតប្រកបដោយយុត្តិធម៌ តម្លាភាព និង អាចជឿទុកចិត្តបាន សម្រាប់ប្រជាពលរដ្ឋភូមា ទាំងអស់ដោយរួមបញ្ចូលទាំង លោកស្រីអាំងសាន ស៊ូជី ឥស្សរជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏សំខាន់មួយរូបនោះ ក៏អាចចូលរួមដោយសេរី នៅក្នុង ការបោះឆ្នោតនេះផងដែរ៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)

No comments:

Post a Comment