ខេត្ដកំពង់ចាម ៖ សកម្មភាពដឹកជញ្ជូនឈើអារតាមម៉ូតូប្រៀបដូចសត្វកណ្ដៀរ ដែលក្នុងមួយថ្ងៃមានពី២០ទៅ៣០គ្រឿង និងរថយន្ដឈ្នួលម៉ាកតូយ៉ូតា១បាំងកន្លះ ក៏មានដឹកឈើព្រោងព្រាត បើកឆ្លងកាត់មុខសាលាស្រុកមេមត់ ដោយមិនឃើញមានចំណាត់ការពីស្ថាប័នមានសមត្ថកិច្ច ឬជំនាញរដ្ឋបាលព្រៃឈើសង្កាត់មេមត់ឡើយ ។ ទោះបីជាមុននេះមានការបង្ក្រាបឃ្លាំងស្ដុកឈើប្រណីតនៅស្រុកមេមត់យ៉ាងណាក្ដី ដែលធ្វើ ឱ្យឈ្មួញមុខឃ្មួតល្បីល្បាញមួយចំនួនរត់គេច ចោលផ្ទះសំបែងមិនដឹងចាទៅសំងំនៅឯណាឡើយ ។
តាមប្រភពពីក្រុមរកស៊ីឈើដឹកតាមម៉ូតូ បានឱ្យកោះសន្ដិភាពដឹងនារសៀលថ្ងៃទី១២ មិថុនា ឆ្នាំ២០១០ ថាឈើអារប្រភេទក្ដារបានដឹកនាំចេញមកពីខាងខ្សឹម ស្រុកស្នួល ខេត្ដក្រចេះ តាមផ្លូវជាតិលេខ៧ ដើម្បីឆ្ពោះ យកមកលក់នៅខាងខេត្ដព្រៃវែង ។ ប្រភពដដែលបានបន្ដថា ក្នុងម៉ូតូ១គ្រឿងអាចដឹកឈើបានប្រមាណជា២ផ្លានដែរ សំរាប់លុយ ចំណាយរត់ការតាំងពីចំណូចចេញជាមួយនឹងសមត្ថកិច្ចនានារួមទាំងមន្ដ្រីរដ្ឋបាលព្រៃឈើ ទំរាំដល់គោលដៅអស់ពី៤០.០០០រៀល ទៅ៥០.០០០រៀលឯណោះ ។ តាមពិតឈើអារ ដែលដឹកតាមម៉ូតូត្រូវចំណាយពេលដល់ទៅ ២ថ្ងៃលុះពេលដឹកចេញមកត្រូវតែបង់លុយ ឱ្យគេហើយផាត់រាល់ការចំណាយសព្វបែបយ៉ាងអាចចំណេញបាន៤០.០០០រៀលដែរ។
បុរសម្នាក់រស់នៅស្រុកអូររាំងឪរកស៊ីឈើដឹកតាមម៉ូតូបានប្រាបុ់ឱ្យដឹងដែរថា ដោយសារតែសុខភាពមិនសូវរឹងមាំល្អដូចគេ គាត់ត្រូវក្រោកឡើងនៅចន្លោះម៉ោង៣ ទៅម៉ោង ៤ទៀបភ្លឺ ចេញដំណើរពីផ្ទះទៅកាន់ចំណុច ខ្សឹមស្រុកស្នួល ដើម្បីដឹកឈើអារប្រភេទក្ដារ បានចំនួន២០សន្លឹកប៉ុណ្ណោះ ចំណាយលុយទិញអស់១១៥.០០០រៀល ។ ពេលដែលដឹកចេញមកតាមផ្លូវរត់ការជាមួយស្ថាប័នផ្សេងៗរួមមានមន្ដ្រីបរិស្ថានមេព្រៃ បើឈើច្រើនវិញត្រូវបង់រហូតដល់៥.០០០រៀល ត្រូវលើកដៃអង្វរគេដូចសត្វឆ្កែអ៊ីចឹង ក្នុង១ជើងចំណេញបាន២៥.០០០រៀលទាំងលំបាក ។
សមត្ថកិច្ចស្រុកមេមត់មួយរូបបានប្រាប់ថា ក្រោយពីសកម្មភាពបង្ក្រាបឈើប្រណីត តាមបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅស្រុកមេមត់នាពេលកន្លងមកនោះសកម្មភាពជួញឈើបានស្ងប់ស្ងាត់គួរឱ្យកត់សំគាល ។ ក្រុមរកស៊ីឈើដឹកតាមម៉ូតូបាន បាត់មុខប្រហែលជិត១ខែដែរ ក្រោយមកបានរើបឡើងវិញ តែគ្មានឃើញស្ថាប័នណា មួយចេញមុខយកមកលុយទេ សព្វថ្ងៃនេះ ក្រុមឈ្មួញដែលលេចមុខដឹកឈើតាមរថយន្ដតូចៗមានឈ្មោះជា និងឈ្មោះឆៃ គាន ។ ហើយក្រោយមកឈ្មួញបានចូលបង់លុយឱ្យតាមស្ថាប័នដែលធ្លាប់កាលពីមុនៗនោះ ។
គួររំលឹកថា ក្រុមគណៈកម្មការចំរុះដែល ចុះបង្ក្រាបឈើនាពេលកន្លងមកក្នុងដែនដី ស្រុកមេមត់ មេឈ្មួញល្បីល្បាញរកស៊ីឈើប្រណីតមានដូចជា ១-ឈោះលឹម បូណា ហៅ ខ្មារ រស់នៅស្រុកពញាក្រែក ២-ឈ្មោះសំអុល រស់នៅស្រុកមេមត់ រួមនិងផ្សេងៗទៀតមិន ទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ ។ កោះសន្ដិភាពបានព្យាយាមសុំការបំភ្លឺពីលោកងួន ប៊ុន ណារ៉ា នាយរងផ្នែកមេមត់ជុំវិញករណីម៉ូតូដឹកឈើ និងរថយន្ដមួយបាំងកន្លះដឹកឈើមាន ព្រោងព្រាតតាមផ្លូវជាតិលេខ៧ តែមិនអាចទាក់ទងបាន ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment