Tuesday, June 15, 2010

សម្តេច​ឪ​នឹង​យាង​ទៅ​កាន់​ប្រទេស​ចិន​វិញ​នៅ​ចុង​ខែ​មិថុនា​នេះ

សម្តេចឪ នរោត្តម សីហនុ និង​សម្តេច​ម៉ែសម្តេច​ឪ​ នរោត្តម​​ សីហនុ​ នឹង​យាង​ត្រលប់​ទៅ​កាន់​​ប្រទេស​​ចិន​​វិញ​​នៅ​​ចុង​​ខែ​នេះ ​ដើម្បី​​ត្រួត​​ពិនិត្យ​ព្រះ​រាជ​សុខ​ភាព​បន្ទាប់​ពី​​គង់​ប្រថាប់​​នៅ​​ កម្ពុជា​រយៈ​ពេល​ ៣​ ​ខែ​រួច​មក។ ការ​យាង​ត្រឡប់​ទៅ​ចិន​វិញ​របស់​សម្តេច​ឪ​ សម្តេច​ម៉ែ ​ដែល​ត្រូវ​បាន​មន្ត្រី​ព្រះ​បរម​រាជ​វាំង​ឲ្យ​ដឹង​ថា ​នឹង​អាច​ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះ​អង្គ​បញ្ចប់​ព្រះ​ទស្សន​កិច្ច​ នៅ​ប្រទេស​វៀតណាម​វិញ។ ទស្សន​កិច្ច​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​មិថុនា​នេះ។

សម្តេច​ឪ​ នរោត្តម​ សីហនុ​ បាន​មាន​ព្រះ​ឱង្កា​ដែល​ត្រូវ​បាន​ទូរទស្សន៍​ជាតិ​កម្ពុជា​ចាក់​ផ្សាយ​កាល​ពី​ចុង​សបា្តហ៍​នេះ​ថា​ ព្រះ​អង្គ​មិន​មាន​រោគា​អ្វី​ទេ ​ព្រះ​រាជ​សុខ​ភាព​ព្រះ​អង្គ​មាន​លក្ខណៈ​ធម្មតា​នៅ​ពេល​នេះ​ បន្ទាប់​ពី​ក្រុម​គ្រូ​ពេទ្យ​ចិន​បាន​ព្យាបាល​ជំងឺ​មហារីក​របស់​ព្រះ​អង្គ​បាន​ជា​សះ​ស្បើយ។​សម្តេច​ឪ​ នរោត្តម​ សីហនុ​ ដែល​មាន​ព្រះ​ជន្ម ​៨៨ ​ព្រះ​វស្សា​ បាន​មាន​ព្រះ​រាជ​ឱង្កា​បន្ត​ថា ​​ក្រុម​គ្រូ​​ពេទ្យ​ចិន​បាន​យាង​​ព្រះ​អង្គ​ត្រឡប់​ទៅ​ទីក្រុង​ប៉េកាំង​​វិញ​ នៅ​ចុង​ខែ​មិថុនា​នេះ ​ដើម្បី​តាម​ដាន​សុខភាព​ថ្វាយ​ព្រះ​អង្គ ​ជាពិសេស​ដើម្បី​ពិនិត្យ​តាម​ដាន​សភាព​ជំងឺ​​តាម​បែប​វិទ្យាសាស្ត្រ​ ដើម្បី​ទប់​ស្កាត់​ការ​វិល​ត្រលប់​មក​វិញ​នូវ​ជំងឺ​មហារីក។

រហូត​មក​ទល់​នឹង​ថ្ងៃ​ចន្ទ​នេះ ​មិន​ទាន់​មាន​ព័ត៌មាន​ ជាក់​លាក់​ពី​ពេល​វេលា​ដែល​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​យាង​ទៅ​កាន់​ប្រទេស​ចិន​នោះ​ទេ។ ប៉ុន្តែ​ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ​ ធម្មិកោ ​ឧត្តម​ទីប្រឹក្សា​ព្រះ​មហា​ក្សត្រ​ខ្មែរ​ មាន​បន្ទូល​ឲ្យ​ដឹង​ថា​ សម្តេច​ឪ​អាច​នឹង​យាង​ទៅ​កាន់​ក្រុង​ប៉េកាំង​ បន្ទាប់​ពី​ ព្រះ​អង្គ​បញ្ចប់​ព្រះ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម។

រហូត​មក​ទល់​នឹង​ថ្ងៃ​ចន្ទ​នេះ ​គេ​គ្រាន់​តែ​ដឹង​ថា​សម្តេច​ឪ​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​​វៀតណាម​នៅ​ចុង​ខែ​នេះ​ ហើយ​បើ​តាម​ ព័ត៌មាន​ក្រៅ​ផ្លូវការ​ខ្លះ​ថា ​អាច​នឹង​ធ្វើ​ឡើ​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​២២​ ដល់​ថ្ងៃ​ទី​២៥​ ខែ​មិថុនា​នេះ។ ទោះ​បី​យ៉ាង​ណា​ព្រះ​អង្គ​ ម្ចាស់​ស៊ីសុវត្ថិ​ ធម្មិកោ ​មាន​បន្ទួល​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា​ កាល​បរិច្ឆេទ​ពិត​ប្រាកដ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ឪ​ទៅ​កាន់​ប្រទេស​វៀតណាម​ និង​ព័ត៌មាន​លម្អិត​មួយ​ចំនួន​ទៀត​ នឹង​ជម្រាប​ជូន​ នៅ​ពេល​លោក ​គង់ ​សំអុល​ រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​រាជវាំង ​ត្រឡប់​មក​ពី​ប្រទេស​វៀតណាម​វិញ​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ ឆ្នាំ​២០១០។ ដំណើរ​ទស្សនកិច្ច​ដ៏ ​កម្រ​របស់​សម្តេច​ឪ​ទៅ​កាន់​បរទេស​ចាប់​តាំង​ពី​ព្រះ​អង្គ​ដាក់​រាជ្យ​នៅ​ឆ្នាំ ​២០០៤​ ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​ ប្រធានាធិបតី​វៀតណាម​ លោកង្វៀនមិញទ្រៀត​ (​Nguyên​ Minh​ Triêt)​​ កាលពីខែកុម្ភៈកន្លងទៅ។ទស្សនកិច្ចនេះត្រូវបានមន្ត្រីព្រះបរមរាជវាំងអះអាងថាដើម្បីរឹតចំណងមិត្តភាពរវាងប្រទេស ទាំងពីរនិងគ្មានរបៀបវារៈណាផ្សេងឡើយខណៈបក្ស ប្រឆាំងបានផ្ញើលិខិតមួយច្បាប់ថ្វាយសម្តេចឪលើបញ្ហាព្រំដែន។

នៅ​ពេល​ទាក់​ទង​នៅ​ថ្ងៃ​ចន្ទ ​លោក​ យឹម​ សុវណ្ណ​ តំណាង​រាស្ត្រ​ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សម​ រង្ស៊ី​ បាន​ ថ្លែង​ថា​គណបក្ស​លោក​មិន​ទាន់​ទទួល​បាន​ចម្លើយ​យ៉ាង​ណា​នោះ​ទេ។ លោក​ យឹម​ សុវណ្ណ ​បាន​ពន្យល់​ថា​កាល​ដែល​ គណបក្ស​សម​ រង្ស៊ី​ ស្នើ​សូម​សម្តេច​ឪ​លើក​ពី​បញ្ហា​ព្រំដែន​ជាមួយ​មេ​ដឹក​នាំ​វៀតណាម​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ ព្រះ​អង្គ​នៅ​វៀតណាម​ខាង​មុខ​ ដោយ​សារ​តែ​ខ្លួន​យល់​ឃើញ​ថា​ មាន​តែ​អង្គ​សម្តេច​ឪ​ទេ​ដែល​អាច​នឹង​លើក​ពី​ភាព​មិន​ប្រក្រតី​លើ​ការ​បោះ​បង្គោល​ព្រំដែន​ទៅ​ពិភាក្សា​ជា​មួយ​ថ្នាក់​ដឹក​នាំ​វៀតណាម​បាន។ បក្ស​សម​ រង្ស៊ី​បង្ហាញ​ជំនឿ​ថា​តាម​រយៈ​ បទ​ពិសោធន៍​ដោះ​ស្រាយ​បញ្ហា​ជាតិ​នា​ពេល​អតីតកាល​ សម្តេច​ឪ​អាច​នឹង​ធ្វើ​ឲ្យ​ប្រទេស​វៀត​ណាម​គោរព​ពេញ​លេញ​ និង​ខ្ជាប់​ខ្ជូន​នូវ​បូរណភាព​ និង​អធិបតេយ្យភាព​ទឹក​ដី​កម្ពុជា។​ លោក ​យឹម​ សុវណ្ណ​ ក៏​បាន​ថ្លែង​ថា​ ការ​ស្វែង​រក​ព្រះ​រាជ​ អន្តរាគមន៍​ពី​សម្តេច​ឪ​លើ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​នេះ​ គឺ​ដោយ​សារ​តែ​ការ​ស្នើ​សុំ​របស់​ខ្លួន​ទៅ​រដ្ឋ​សភា ​និង​រដ្ឋាភិបាល​ឲ្យ​ដោះ​ស្រាយ​បញ្ហា​នេះ​ តែ​ពុំ​ទទួល​បាន​លទ្ធផល​អ្វី​ទាំង​អស់។ មន្ត្រី​បក្ស​ប្រឆាំង​សង្ឃឹម​ថា ​សម្តេច​ ឪ​ នឹង​មាន​ព្រះ​តម្រិះ​លើ​បញ្ហា​នេះ។​ ប៉ុន្តែ​ព្រះ​អង្គ​ម្ចាស់ ​ស៊ីសុវត្ថិ​ ធម្មិកោ​ ធ្លាប់​បាន​មាន​បន្ទូល​ហើយ​ថា ​ដំណើរ​ទស្សន​កិច្ច​របស់​សម្តេច​ឪ​ទៅ​វៀតណាម​ នឹង​មិន​លើក​ឡើង​ពី​បញ្ហា​នយោ​បាយ​ទេ ​ហើយ បានសង្កត់ធ្ងន់ថាអតីតព្រះមហាក្សត្រខ្មែរមិនអាចលូកដៃចូលក្នុងកិច្ចការនយោបាយ បានឡើយ។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ក្រុម​មន្ត្រី​ជំនាញ​​របស់​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​-វៀតណាម​ បាន​​ប្តេជ្ញា​សន្យា​ថា​​នឹង​បញ្ចប់​ការ​បោះបង្គោល​​ព្រំដែន​រវាង​ប្រទេស​កម្ពុជា ​និង​វៀតណាម ​​នៅ​ឆ្នាំ​២០១២​ខាងមុខ​ ក្រោយ​ពី​មាន​ការ​ដាក់​កំណត់​ពី​នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​ទាំង​ពីរ។ មន្ត្រី​គណៈ​កម្មាធិការ​ព្រំដែន​បាន​ថ្លែង​ថា​ រហូត​មក​ដល់​ពេល​នេះ​ ​បង្គោល​ព្រំ​ដែន​ចំនួន​ ១៩០​ ក្នុង​ចំណោម​បង្គោល​ព្រំដែន​ចំនួន ​៣៧៥ ​​ត្រូវ​បាន​ដាំ​រួច​រាល់​ហើយ​ ដោយ​គណៈកម្មាធិការ​​នៃ​ប្រទេស​ទាំង​ពីរ។

ការ​បោះ​បង្គោល​ព្រំដែន​ និង​តម្រុយ​បង្គោល​ព្រំដែន​ដែល​បង្ក​ការ​តវ៉ា​យ៉ាង​ខ្លាំង​ពី ​សំណាក់​ក្រុម​គណបក្ស​ប្រឆាំង​ ដោយ​បាន​លើក​ឡើង​ថា​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​កម្ពុជា ​បាត់​បង់​ទឹក​ដី។ ប៉ុន្តែ​មន្ត្រី​រដ្ឋា​ភិបាល​បាន​អះអាង​ ការងារ​បោះ​បង្គោល​ព្រំដែន​ធ្វើ​ឡើង​ត្រឹម​ត្រូវ​តាម​បច្ចេកទេស​ និង ​គ្មាន​ការ​បាត់​បង់​ទឹក​ដី​ទេ៕

(ដកស្រង់ចេញពីគេហទំព័រ RFI ខេមរភាសា)

No comments:

Post a Comment