ប្រជាពលរដ្ឋចំនួន ៨០នាក់ កំពុងតវ៉ារឿងដីធ្លីនៅមុខវត្តបទុមវតី ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៤ មិថុនា ២០១០
នៅថ្ងៃច័ន្ទ ទី១៤ ខែមិថុនានេះ នៅមុខវត្តបទុមវតី និងនៅមុខគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រជាពលរដ្ឋជាច្រើនរយគ្រួសារមកពីខេត្តកំពង់ចាម បានទទូចសុំឲ្យប្រមុខរដ្ឋាភិបាលជួយអន្តរាគមន៍ ចំពោះការប្រឈមមុខនឹងការបាត់បង់ដីស្រែចម្ការ និងទីលំនៅរបស់ពួកគាត់។
ប្រជាពលរដ្ឋខ្មែរចំនួន ៨០នាក់ តំណាងឲ្យគ្រួសាររងគ្រោះ ចំនួនសរុប ១៣៦គ្រួសារ នៅក្នុងស្រុកមេមត់ ខេត្តកំពង់ចាម នៅថ្ងៃច័ន្ទ ទី១៤ ខែមិថុនានេះ បាននាំគ្នាអង្គុយរង់ចាំដោយស្ងៀមស្ងាត់ រយៈពេល ២ថ្ងៃមកហើយ តាំងពីថ្ងៃអាទិត្យមក នៅមុខវត្តបទុមវតី នៅក្នុងទីក្រុងភ្នំពេញ ដើម្បីសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ប្រគល់ដីធ្លីជាង ២០០ហិកតារ មកឲ្យពូកគាត់វិញ ដោយសារតែដីធ្លីនេះ បានរងការរឹបអូសយកដោយលោក ហែម ខន។
ក្រុមប្រជាពលរដ្ឋអ្នកតវ៉ាពីបញ្ហាដីធ្លី បានឲ្យដឹងទៀតថា ពួកគាត់មិនមានស្បៀងអាហារសម្រាប់បរិភោគ សម្រាប់រយៈពេលច្រើនថ្ងៃទេ ក្នុងការរង់ចាំរកដំណោះស្រាយនោះ។
ការមកសំដែងការតវ៉ា ជុំវិញសំណុំរឿងដីធ្លី របស់ប្រជាពលរដ្ឋនានា នៅក្នុងទីក្រុងភ្នំពេញជាបន្តបន្ទាប់មកនេះ គឺស្របពេលដែលអ្នករាយការណ៍ពិសេស ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក Surya Subedi កំពុងតែបំពេញទស្សនកិច្ចលើកទី៣ នៅក្នុងប្រទេសកម្ពុជា ហើយលោកមានគម្រោងការជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទីព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆាប់ៗនេះ នៅឯទីស្ដីការគណៈរដ្ឋមន្ត្រី។
ប្រជាពលរដ្ឋ ឈ្មោះ ភេត ចាន់ថន អាយុ៥៣ឆ្នាំ មកពីភូមិសោមចាន់ ឃុំគុំពាន់ ស្រុកមេមត់ ខេត្តកំពង់ចាម បានថ្លែងថា ប្រជាពលរដ្ឋរស់នៅលើដីនោះ តាំងពីដូនតាមក និងឆ្នាំ១៩៧៩មក ប៉ុន្តែលោក ហែម ខន បានប្ដឹងរឹបអូសយកដីធ្លីនោះ នៅក្នុងឆ្នាំ២០០៦ ហើយបានឈ្នះក្តីទៀត។
លោកមានប្រសាសន៍បន្តថា ៖ «ឲ្យសម្ដេចជួយធ្វើម៉េច ឲ្យបានដីហ្នឹង ឲ្យកូនចៅធ្វើវិញ ហើយកុំឲ្យគេប្ដឹងផ្ដល់ កុំឲ្យគេដេញចាប់។ អ៊ីចឹងរវល់តែភ័យ អត់បានធ្វើអី ផ្ទះក៏គេឲ្យរុះ ដំណាំកៅស៊ូស្វាយគេឲ្យកាប់ចេញ។ ហើយប្រជាពលរដ្ឋមិនដឹងជាមានអី»។
ប្រជាពលរដ្ឋចំនួន ៥នាក់ ដែលបានរងការប្តឹងដោយឈ្មោះ ហែម ខន កំពុងតែរត់លាក់ខ្លួនពីផ្ទះសំបែង។
ប្រជាពលរដ្ឋម្នាក់ទៀត ឈ្មោះ ជ្រះ យ៉ោក អាយុ៥២ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែឧសភាថ្មីៗនេះ ដាក់ក្នុងពន្ធនាគារ។
ប្រជាពលរដ្ឋ ឈ្មោះ ចាប ថេន អាយុ៣៥ឆ្នាំ នៅក្នុងចំណោមប្រជាពលរដ្ឋមកតវ៉ារឿងដីធ្លីខាងលើនេះ បានថ្លែងថា ៖ «ធ្លាប់ប្ដឹងប្រជាពលរដ្ឋ ឈ្មោះគេ ហែម ខន តែមិនដឹងមុខលោក ហែម ខន ហ្នឹងដូចម៉េចទេ មុខលោក ហែម ខន ហ្នឹង»។
វិទ្យុអាស៊ីសេរី បានទាក់ទងទៅលោក ប៊ុន សុខ មន្ត្រីខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសាកសួរ ថាតើនឹងមានការជួយដោះស្រាយបែបណា ដល់គ្រួសារប្រជាពលរដ្ឋទាំងនោះ ប៉ុន្តែលោកមិនបានឆ្លើយនឹងសំណួរនោះទេ ហើយបិតទូរស័ព្ទ។
ឯកសារសាលក្រម ដែលវិទ្យុអាស៊ីសេរីទទួលបាន បានឲ្យដឹងថា កាលពីខែធ្នូ ឆ្នាំ២០០៦កន្លងទៅ តុលាការខេត្តកំពង់ចាម បានកាត់សេចក្ដី ឲ្យលោក ហែម ខន ឈ្នះក្តី ក្នុងនាមដើមបន្តឹង ប្ដឹងប្រជាពលរដ្ឋចំនួន ៦នាក់ ដើម្បីរឹបយកដីធ្លី។ តុលាការបានបង្គាប់ឲ្យប្រជាពលរដ្ឋចាញ់ក្តីទាំងនោះ រួមគ្នាសងជំងឺចិត្តលោក ហែម ខន ចំនួន១០លានរៀល។
ប្រជាពលរដ្ឋ ដែលមកតវ៉ា បានឲ្យដឹងថា ពួកគាត់បានប្ដឹងតវ៉ាទៅអាជ្ញាធរមូលដ្ឋាននានា ប្ដឹងមកខុទ្ទកាល័យរបស់លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានសភាជាតិ ប៉ុន្តែគ្មានដំណោះស្រាយទេ។ ប្រជាពលរដ្ឋមិនស្គាល់ឈ្មោះ ហែម ខន នោះជានរណាទេ ហើយមានឋានៈជាអ្វីឡើយ។
ពួកគាត់បានថ្លែងថា ការមកតវ៉ាសុំកិច្ចអន្តរាគមន៍ ពីមន្ត្រីខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលនេះ គឺជាជម្រើសចុងក្រោយរបស់ពួកគាត់៕
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអាស៊ីសេរី)
No comments:
Post a Comment