ភ្នំពេញ: ថ្ងៃ១៥ មិថុនា ឆ្នាំ១៩៦២-ថ្ងៃ១៥ មិថុនា ឆ្នាំ២០១០ គឺជាខួបលើកទី៤៨ ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ បានសម្រេចលើសំណុំរឿងប្រាសាទព្រះវិហារ ដោយសម្លេង ៩ ទល់នឹង ៣ ។ សេចក្តីសម្រេចនេះ បានដាក់ប្រាសាទព្រះវិហារ និងតំបន់នៅជុំវិញប្រាសាទបុរាណនោះ ស្ថិតនៅក្នុងទឹកដី ក្រោមអធិបតេយ្យ បូរណភាពដែនដីរបស់ព្រះរាជាណាចក្រកម្ពុជា ។
សម្រាប់ខួបលើកទី៤៨ ឆ្នាំ នៅពេលនេះ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវជាថ្មីម្តងទៀត ឲ្យរដ្ឋាភិបាលថៃ ដែលចាញ់ក្តី ក្នុងសំណុំរឿងប្រាសាទព្រះវិហារ ត្រូវគោរពនូវសាលក្រម របស់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ។
ថ្ងៃទី១៥ មិថុនា គឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្ពុជា បានឈ្នះក្តីលើប្រទេសថៃ តាមរយៈសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ។ សាលក្រម ៣ ចំនុច របស់តុលាការអន្តរជាតិ ដែលបានសម្រេច គឺទី១-ប្រាសាទព្រះវិហារ និងដីនៅជុំវិញតំបន់ប្រាសាទប្រាសាទព្រះវិហារ គឺស្ថិតនៅក្នុងអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ។ ទី២ -តុលាការយុត្តិធម៌អន្តរជាតិ បានបង្គាប់ឲ្យថៃ ដកចេញនូវទាហានឆ្មាំពីប្រាសាទព្រះវិហារ ដែលថៃបានចូលទន្ទ្រានកាន់កាប់ទាំងខុសច្បាប់ និងទី៣-ថៃត្រូវប្រគល់វត្ថុបូរាណ ដែលខ្លួនបានឆក់ប្លន់ រឹបអូស មកឲ្យកម្ពុជាវិញ ។
សម្រាប់ថ្ងៃជាប្រវត្តិសាស្ត្រនេះ លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ថ្ងៃ១៥ ខែមិថុនានេះ យើងនឹកឃើញនូវស្នាមព្រហស្ថរបស់អតីតព្រះមហាក្សត្រ ព្រះវររាជបិតា សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានពុះពារនៅក្នុងកិច្ចការពារអធិបតេយ្យ ដោយមានភស្ថុតាង ឯកសារ និងទិដ្ឋភាពច្បាប់ច្បាស់លាស់ ដើម្បីតវ៉ាប្រឆាំងចំពោះមហិច្ឆតាឈ្លានពានរបស់ថៃ មកលើប្រាសាទព្រះវិហាររបស់កម្ពុជា ។
នៅឱកាសខួបលើកទី៤៨ ឆ្នាំ នៃការសម្រេចក្តីរបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលបានប្រគល់ប្រាសាទព្រះវិហារ ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជាឡើងវិញ លោក ទិត សុធា បានអំពាវនាវដល់រដ្ឋាភិបាលថៃបច្ចុប្បន្ន គួរគប្បីគោរពច្បាប់អន្តរជាតិ ដោយមិនគួរមានគំនិតមហិច្ឆតា ឈ្លានពានមកលើតំបន់ប្រាសាទព្រះវិហារទៀតនោះទេ ពីព្រោះយើងមានច្បាប់អន្តរជាតិ ដែលបានសម្រេចឲ្យកម្ពុជា ឈ្នះហើយ ។
សំអាងលើសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ កាលពី ៤៨ ឆ្នាំមុន មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា លោក ទិត សុធា បានបញ្ជាក់ថា រាល់ព្រឹត្តិការណ៍ណាមួយ ដែលកើតមានដោយការប៉ះទង្គិច ដោយអាវុធ រហូតដល់កើតមានការចូលទន្ទ្រានលើអធិបតេយ្យកម្ពុជា គឺជាចេតនាមួយបង្កហេតុពីសំណាក់ថៃ ដែលកម្ពុជាបានប្រកាន់យកការដោះស្រាយ ដោយសន្តិវិធី ។ រដ្ឋាភិបាលថៃ ដែលធ្លាប់ជាប្រទេសស៊ីវិល័យ គួរតែគោរពច្បាប់អន្តរជាតិ ដើម្បីកុំឲ្យកេរ្តិ៍ឈ្មោះរបស់ខ្លួន ( ថៃ ) កាន់តែអាម៉ាស់ថែមទៀតនៅលើឆាកអន្តរជាតិ ។
សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ថ្ងៃទី១៥ ខែមិថុនា ស្អែកនេះ រាជរដ្ឋាភិបាលកម្ពុជា មិនមានរៀបចំពិធីជួបជុំសាទរអ្វីធំដុំទេ ។ ក៏ប៉ុន្តែនៅថ្ងៃជ័យជម្នះនៃការទាមទារប្រាសាទព្រះវិហារ ពីប្រទេសថៃ មកវិញនេះ នឹងមានជាសេចក្តីថ្លែងការណ៍ និងការជួបជុំសាទរពីសំណាក់អ្នកស្នេហាជាតិមួយចំនួន ៕
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment