លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ ៖
ប្រជាពលរដ្ឋប្រមាណ ១០នាក់ តំណាងឲ្យ ៣៥គ្រួសារ រស់នៅក្រុមទី៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ នៅថ្ងៃសុក្រនេះ បានប្រមូលផ្តុំគ្នាតវ៉ានៅពីមុខការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា ដើម្បីឲ្យជួយអន្តរាគមន៍រឿងវិវាទដីធ្លី។
ការប្រមូលផ្តុំតវ៉ារបស់ប្រជាពលរដ្ឋនេះ ស្របពេលនឹងដំណើរទស្សនកិច្ចរយៈពេល ១០ថ្ងៃរបស់ លោក ស៊ូយ៉ា បា្រសាទស៊ូបីឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិមកកាន់ប្រទេសកម្ពុជា។
លោក ស៊ូយ៉ា បា្រសាទស៊ូបីឌី មកកាន់ប្រទេសកម្ពុជាលើកទី៣នេះ ក្នុងគោលបំណងដើម្បីស្វែងយល់ អំពីកំណែទម្រង់ប្រព័ន្ឋតុលាការ ។
លោក ហិន សំអាត អាយុ៣៥ឆ្នាំ ប្រជាពលរដ្ឋនៅភូមិបឹងឈូក បានថ្លែងប្រាប់ក្រុមអ្នកកាសែត នៅពីមុខការិយាល័យឧត្តមស្នងការសហប្រជាជាតិ ក្រោយពីប្រជាពលរដ្ឋចំនួន ១០រូប ផ្សេងទៀតត្រូវបានអនុញ្ញាតឲ្យចូលជួបដោយផ្ទាល់ជាមួយនឹងលោក ស៊ូយ៉ា បា្រសាទស៊ូបីឌី ថា លោកតំណាងពិសេសរបស់អង្គការសហប្រជាជាតិនេះ បានសន្យាថា នឹងពាំនាំរឿងទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋនេះ ទៅប្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងជំនួបមួយនាពេលខាងមុខនេះ ។
“ខ្ញុំ ទាំងអស់គ្នាមកប្រាប់រៀបរាប់អញ្ចឹងទៅ ឥឡូវគាត់ថា គាត់សន្យានិងថាទៅជួបសម្តេច ដើម្បីសួរ ឬក៏យកឯកសារ ដែលពួកយើងខ្ញុំមានហ្នឹង ទៅសួរហើយនិងជួយដោះស្រាយឲ្យពួកយើងខ្ញុំ” ។
អុំ ស្រី យិន យ៉ាន់ អាយុ ៧៥ឆ្នាំ និយាយបណ្តើរដៃកាន់ឈើច្រត់បណ្តើរ បានថ្លែងទុក្ខសោកប្រាប់ក្រុមអ្នកកាសែតថា ទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋនេះ ពុំទាន់ត្រូវបានដោះស្រាយពីរដ្ឋាភិបាលនៅឡើយទេ ។ អុំស្រីបានមានប្រសាសន៍ទៀតថា ពលរដ្ឋចង់ឲ្យលោក ស៊ូយ៉ា បា្រសាទស៊ូបីឌី នេះ ជួយរកដំណោះស្រាយរឿងវិវាទដីធ្លីនេះឲ្យបានឆាប់ ។
“សំណូមពរ ដល់សម្តេចឲ្យធ្វើសំណុំបែបបទ ធ្វើច្បាប់ទម្លាប់ឲ្យខ្ញុំ ខ្ញុំនៅស្របច្បាប់កន្លែងហ្នឹង ឲ្យខ្ញុំទៅណាទៀត បើខ្ញុំនៅយូរហើយ ខ្ញុំមិនទើបនៅឥឡូវឯណា។ ហើយឈ្មោះអា ឡៅ តុងងី ទើបឮលើកហ្នឹងទេ លើកមុនអត់មានឮទេ ទទេ” ។
លោក ទូច ហួន ជំនួយការការិយាល័យឧត្តមស្នងការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំប្រទេសកម្ពុជា បាននិយាយថា លោកពុំបានដឹងអំពីជំនួបរវាងលោក ស៊ូយ៉ា បា្រសាទស៊ូបីឌី ជាមួយ និងប្រជាពលរដ្ឋទេ ។
“ខ្ញុំអត់ដឹងដែរបាទ ដឹងថាគាត់បានជួបជាមួយគាត់ឬអត់ គាត់និយាយយ៉ាងម៉េច ខ្ញុំអត់ទាន់បានដឹង”។
ប្រជាពលរដ្ឋ ចំនួន ៣៥គ្រួសារ រស់នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ដែលកំពុងប្រឈមមុខនឹងការបណ្តេញចេញនេះ បានចោទប្រកាន់អាជ្ញាធររដ្ឋាភិបាលថា បានយកដីរបស់ពួកគេ ដែលមានទំហំទទឹង ១៦០ម៉ែត្រ និងបណ្តោយ ៦០ម៉ែត្រ ទៅលក់ឲ្យឯកជន ។
សេចក្តីជូនដំណឹងរបស់ខណ្ឌឬស្សីកែវ បានឲ្យដឹងថា ប្រជាពលរដ្ឋចំនួន ៣៥គ្រួសារ កំពុងរស់នៅលើដីដែលជាកម្មសិទ្ធិរបស់លោក ឡៅ តុងងី ។
“សំណូមពរ ដល់សម្តេចឲ្យធ្វើសំណុំបែបបទ ធ្វើច្បាប់ទម្លាប់ឲ្យខ្ញុំ ខ្ញុំនៅស្របច្បាប់កន្លែងហ្នឹង ឲ្យខ្ញុំទៅណាទៀត បើខ្ញុំនៅយូរហើយ ខ្ញុំមិនទើបនៅឥឡូវឯណា។ ហើយឈ្មោះអា ឡៅ តុងងី ទើបឮលើកហ្នឹងទេ លើកមុនអត់មានឮទេ ទទេ” ។
លោក ឃ្លាំង ហួត អភិបាលខណ្ឌឬស្សីកែវ ពុំអាចស្នើសុំដើម្បីទំនាក់ទំនងបានទេ នៅថ្ងៃសុក្រនេះ។ ក៏ប៉ុន្តែបើតាមការបញ្ជាក់របស់លោក សុខ ឃីម ចៅសង្កាត់គីឡូម៉ែត្រលេខ៦ គឺថា ពលរដ្ឋរស់នៅដោយស្របច្បាប់ ហើយនៅក្នុងសេចក្តីជូនដំណឹងនៃការបណ្តេញចេញនេះ គឺបានធ្វើឡើងមិនស្របទៅនិងគោលការណ៍ច្បាប់ទេ ។
“ដេញ គាត់ចេញ អាហ្នឹងជារឿងមួយធ្វើឲ្យអយុត្តិធម៌សម្រាប់គាត់ ព្រោះកាលដែលគាត់រស់នៅរបស់គាត់ហ្នឹង ឃើញជីវភាពរបស់គាត់នៅហ្នឹង” ។
លោក អ៊ូច ឡេង មន្រ្តីដីធ្លីរបស់សមាគមសិទ្ធិមនុស្ស ADHOC បាន និយាយថា ដីទំនាស់នេះ កំពុង ស្ថិតនៅក្នុងការប្រទាញប្រទង់គ្នារវាងសង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ទួលសង្កែ។ លោកមានប្រសាសន៍ថា អាជ្ញាធរគួរតែបញ្ជាក់ព្រំប្រទល់ឲ្យបានច្បាស់ ដើម្បីជៀសវាងកុំឲ្យមានទំនាស់៕
(ដកស្រង់ចេញពីគេហទំព័រ សំឡេងសហរដ្ឋអាមេរិក-ខ្មែរ)
No comments:
Post a Comment