បាត់ដំបង: ផ្ទះធ្វើពីឈើប្រក់សង្ក័សីទំហំ ៥ម៉ែត្រគុណ ៦ម៉ែត្រ ចំនួន ៣ខ្នង ត្រូវខ្យល់ព្យុះបក់បោកមកចំភូមិ អូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យរលំរាបដល់ដី ១ខ្នងនិងផ្ទះ ២ខ្នងទៀត ធ្លាក់ពីលើជើងតាង របើកជញ្ជាំងនិងរបើកដំបូលមួយចំនួន។
លោកអនុសេនីយ៍ទោ តាំង សារ៉ាន់ នាយប៉ុស្តិ៍រដ្ឋបាលឃុំគារ បានឱ្យដឹងថា កាលពីរសៀលម៉ោង៤ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១០ មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង ព្រមទាំងមានខ្យល់ព្យុះបក់បោក មកចំភូមិអូរគ្រៀត ឃុំគារ បណ្តាលឱ្យផ្ទះ ១ខ្នង ដួលរលំទាំងស្រុង ។ ផ្ទះនេះជាកម្មសិទ្ធិរបស់ ឈ្មោះគង់ ណយ ភេទប្រុស អាយុ៤៥ឆ្នាំ ។ ក្រៅពីនេះមានផ្ទះ ២ខ្នង ទៀតសាងសង់ពីឈើប្រក់ស័ង្កសី ទំហំដូចផ្ទះខាងលើ ជាកម្មសិទ្ធិរបស់ឈ្មោះគា វណ្ណៈ ភេទស្រី អាយុ ៣០ឆ្នាំ និងឈ្មោះនួន នឿន ភេទស្រី អាយុ ៥៦ឆ្នាំ ត្រូវខ្យល់កួចឱ្យរបើកដំបូលរបើកជញ្ជាំងនិងធ្លាក់ពីលើជើងតាង ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន។
លោកវរសេនីយ៍ត្រី គិត ហ៊ាង អធិការនគរបាលស្រុកមោងឫស្សី បានបញ្ជាក់ថា គ្រោះថ្នាក់ធម្មជាតិនេះមិនមានបណ្តាលឱ្យប្រជាពលរដ្ឋណាម្នាក់រងរបួសទេ ។ ហើយកន្លងមកនៅស្រុកមោងឫស្សីមានសំណាងល្អជៀសផុតពីខ្យល់ព្យុះនិងរន្ទះបាញ់ ៕
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment