អាជ្ញាធររារាំងមិនឲ្យអ្នកតវ៉ារឿងដីធ្លីទៅកាន់ផ្ទះលោក ហ៊ុន សែន កាលពីថ្ងៃទី១៥ មិថុនា ២០១០
ប្រជាពលរដ្ឋខ្មែរចំនួនប្រមាណ ២០០នាក់ មកពីសហគមន៍ចំនួន ២៤នៅទូទាំងប្រទេសកម្ពុជា នៅថ្ងៃអង្គារ ទី១៥ ខែមិថុនានេះ បានមកប្រមូលផ្ដុំគ្នា នៅមុខវត្តបទុមវតី នៅក្នុងទីក្រុងភ្នំពេញ ដើម្បីសំដែងការតវ៉ា និងស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយដោះស្រាយនិងបញ្ឈប់ការផ្ដល់ដីសម្បទាន ការរឹបអូសយកដីធ្លីពីប្រជាពលរដ្ឋក្រីក្រ ព្រមទាំងបញ្ឈប់ការកាប់ព្រៃឈើខុសច្បាប់ និងការនេសាទខុសច្បាប់ ដែលញាំងឲ្យហិនហោចធនធានធម្មជាតិនៅកម្ពុជា។
អាជ្ញាធរក្រុងភ្នំពេញ បានដាក់ពង្រាយកងកម្លាំងនគរបាលចម្រុះ ប្រមាណជាង ១០០នាក់ និងកងកម្លាំងនគរបាលអន្តរាគមន៍ ជាង ៥០នាក់ មានខែល និងដំបងឆក់ឈរជាជួរ ដើម្បីរារាំងមិនឲ្យប្រជាពលរដ្ឋដើរដង្ហែក្បួនចេញពីមុខវត្តបទុមវតី ទៅកាន់គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនឆ្ងាយប៉ុន្មានពីគ្នា។
ប្រជាពលរដ្ឋមួយចំនួន កាន់បដាសរសេរថា រួមគ្នាការពារព្រៃឈើ និងធនធានធម្មជាតិ និងខ្លះទៀតកាន់រូបថត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវ ប៊ុនរ៉ានី ហ៊ុន សែន នៅក្នុងការឈរតវ៉ានៅមួយកន្លែង នៅថ្ងៃអង្គារ ទី១៥ ខែមិថុនានេះ។
ក្រុមប្រជាពលរដ្ឋតវ៉ា បានរំសាយគ្នាវិញ ដោយពុំមានកើតមានអំពើហិង្សាអ្វីទេ។ ការមកតវ៉ាផ្ដុំគ្នាមកពី ២៤ខេត្តក្រុងនេះ នៅស្របពេលដែលអ្នករាយការណ៍ពិសេសរបស់ អ.ស.ប. ទទួលបន្ទុកសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) កំពុងតែបំពេញទស្សនកិច្ចលើកទី៣ រយៈពេល ១០ថ្ងៃ នៅក្នុងប្រទេសកម្ពុជា។
លោកមានគម្រោងការជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆាប់ៗនេះ នៅឯទីស្ដីការគណៈរដ្ឋមន្ត្រី ផ្ដោតលើបញ្ហាជាច្រើន រាប់ទាំងបញ្ហាដីធ្លី ប្រព័ន្ធតុលាការ និងការរំលោភសិទ្ធិមនុស្សនានាកន្លងមក៕
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអាស៊ីសេរី)
No comments:
Post a Comment