Friday, June 11, 2010

ពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល​ប្រតិកម្ម​ទៅ​នឹង​សកម្មភាព​បូម​ខ្សាច់​នៅ​ទន្លេ​មេគង្គ


៦-មិថុនា-២០១០: សកម្មភាព​សាឡង់​បូម​ខ្សាច់​នៅ​ក្នុង​ទន្លេ​មេគង្គ
ស្ថិត​នៅ​មុខ​ភូមិ​ចុងកោះ ឃុំ​កោះឧកញ៉ាតី ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល។


បញ្ហា​អាជីវកម្ម​ខ្សាច់​នៅ​តែ​ផ្ដល់​ការ​ព្រួយ​បារម្ភ​ដល់​ប្រជាពលរដ្ឋ ដោយសារ​អាជីវកម្ម​ទាំង​នោះ​តែងតែ​ផ្ដល់​នូវ​ផល​ប៉ះពាល់ ដូច​ជា​ធ្វើ​ឲ្យ​បាក់​ដី​ច្រាំង​ទន្លេ ព្រែក ស្ទឹង ផ្លូវ​ថ្នល់ និង​​ផ្ទះ​ប្រជាពលរដ្ឋ​​​ចូល​ក្នុង​​ទឹក។

អ្នក​ភូមិ​ចុងកោះ ឃុំ​កោះឧកញ៉ាតី ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្ដាល ស្ថិត​តាម​បណ្តោយ​ដង​ទន្លេ​មេគង្គ បាន​ធ្វើ​កូដកម្ម​ម្ដង​ហើយ​ម្ដង​ទៀត ចំពោះ​សកម្មភាព​សាឡង់ និង​កប៉ាល់​ធំៗ​រាប់​សិប​គ្រឿង​កំពុង​បូម​ខ្សាច់​ក្នុង​ទន្លេ ដែល​ពួកគាត់​អះអាង​ថា បាន​បង្ក​ឲ្យ​បាក់​ដី​ភូមិ និង​ដំណាំ​អស់​ជា​ច្រើន​ចូល​ក្នុង​ទឹក​ទន្លេ។

ប្រជាពលរដ្ឋ​ប្រមាណ ២០០​នាក់ បាន​ធ្វើ​កូដកម្ម​តាម​ដង​ទន្លេ​មេគង្គ ប្រឆាំង​នឹង​សកម្មភាព​បូម​ខ្សាច់​នៅ​ភូមិ​ចុងកោះ កាល​ពី​ថ្ងៃ​អាទិត្យ ទី​៦ ខែ​មិថុនា កន្លង​ទៅ​នេះ។

ស្ត្រី​វ័យ​ប្រមាណ​ជាង ៤០​ឆ្នាំ​ម្នាក់​​ជា​កូដករ មាន​ទឹក​មុខ​ស្រពាប់​ស្រពោន​លាយ​ឡំ​ទៅ​ដោយ​ក្ដី​ព្រួយ​បារម្ភ អ្នកស្រី ខូន ស្រី បាន​អធិប្បាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ដោយសារ​ការ​បូម​ខ្សាច់​នេះ បាន​ធ្វើ​ឲ្យ​ដី​ទីធ្លា​ផ្ទះ​របស់​គាត់​ជាប់​មាត់​ទន្លេ​ត្រូវ​បាន​បាក់​ចូល​ទឹក​ទន្លេ​អស់​កាល​ពី​ឆ្នាំ​ទៅ ហើយ​គាត់​ក៏​បង្ខំ​ចិត្ត​រើ​ផ្ទះ​ចេញ។

អ្នកស្រី ខូន ស្រី បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «បាក់​អស់ ២០-​៣០​ម៉ែត្រ​ហើយ នៅ​សល់​ប្រហែល​តែ ២០​ម៉ែត្រ​ទេ ដី​ផ្ទះ​ហ្នឹង។ បាក់​ដោយសារ​សាឡង់​បូម​ខ្សាច់។ ខ្ញុំ​រុះ​ផ្ទះ​រត់​ហើយ​ហ្នឹង។ ភ័យ​ខ្លាច​បាក់​ដី​ថែម​ទៀត​ទៅ​វា​អត់​មាន​អី​នៅ។ ដេក​អត់​លក់​ទេ។ ឈឺ​ចាប់​ណាស់ បាន​ជា​បបួល​គ្នា​ធ្វើ​បាតុកម្ម​ផ្អើល​ពេញ​ស្រុក ប៉ុន្តែ​គេ​អត់​មាន​ជួយ​យើង​ទេ តែ​ប្រជាជន​យើង​ទេ​ចេះ​តែ​ខំ​ប្រឹង​ជួយ​ទៅ»

ស្ត្រី​ជា​អ្នក​ភូមិ​ម្នាក់​ទៀត វ័យ​ប្រមាណ​ជាង ៣០​ឆ្នាំ ឈ្មោះ សុភ័ណ្ឌ បាន​ឲ្យ​ដឹង​ដែរ​ថា កប៉ាល់​បូម​ខ្សាច់​ធំៗ​ទាំង​នេះ មាន​ប្រហែល ៣០​គ្រឿង ចល័ត​គ្នា​ចុះ​ឡើង​បូម​ខ្សាច់​ទាំង​យប់​ទាំង​ថ្ងៃ​អស់​រយៈពេល ៥​ឆ្នាំ​មក​ហើយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ និង​បាន​បង្ក​ឲ្យ​បាក់​ដី​ច្រាំង​ទន្លេ ទី​ផ្ទះ​ប្រជាពលរដ្ឋ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់​បង់​ផ្ទះ​សម្បែង ផល​ដំណាំ​ជាដើម។

អ្នកស្រី សុភ័ណ្ឌ មាន​ប្រសាសន៍​ថា ៖ «៥​ឆ្នាំ​ហើយ​ដែល​គាត់​បូម ដល់​ឥឡូវ​គ្មាន​ខ្សាច់​បូម​ទៀត​ទេ ព្រោះ​ដី​ប្រជាជន​នៅ​ចុងកោះ បាក់​ដល់​កាំ​ជណ្ដើរ​ទៅ​ហើយ តើ​នៅ​បូម​ដល់​ណា​ទៀត? ខ្ញុំ​សូម​ឲ្យ​អាជីវករ ឬ​ឈ្មួញ​ទិញ​ឡូត៍ សូម​ឲ្យ​គាត់​ថយ​ទៅ។ ទាមទារ​ឲ្យ​គាត់​ចេញ ឈប់​បូម​តែម្ដង...»

ស្ត្រី​រូប​នេះ​បន្ត​ថា ពលរដ្ឋ​បាន​ប្ដឹង​ចំពោះ​បញ្ហា​នេះ​ទៅ​រដ្ឋាភិបាល​តាម​រយៈ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ និង​សូម​ឲ្យ​មាន​ការ​ដោះស្រាយ ប៉ុន្តែ​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ពុំ​ឃើញ​មាន​លទ្ធផល​អ្វី​ទាល់​តែសោះ ផ្ទុយ​ទៅ​វិញ​ចំនួន​កប៉ាល់​បូម​ខ្សាច់​កាន់​តែ​ច្រើន​ឡើង និង​មាន​ទំហំ​ធំៗ​ជាង​មុន​ទៅ​ទៀត។

ស្រី្ត​វ័យ​ចំណាស់​អាយុ ៧០​ឆ្នាំ​ម្នាក់​ទៀត ឈ្មោះ ខន ខៀវ ដែល​ជើង​សសរ​ផ្ទះ​គាត់​នៅ​សល់​តែ​ជាង ២​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ​ពី​មាត់​ច្រាំង​ទន្លេ បន្ទាប់​ពី​បាន​បាក់​ដី​ចម្ការ និង​ផ្លូវ​លំ​មួយ​នៅ​មុខ​ផ្ទះ​គាត់ កាល​ពី​ឆ្នាំ​២០០៩ ជា​បន្ត​បន្ទាប់​មក​នោះ បាន​សម្ដែង​នូវ​ក្ដី​ព្រួយ​បារម្ភ​យ៉ាង​ដូច្នេះ ៖ «សូម​កុំ​ឲ្យ​មក​បូម សព្វ​ថ្ងៃ​បាក់​ច្រាំង​បន្តិចៗ​មក​ហើយ។ បារម្ភ​ណាស់ ខ្លាច​ក្រែងលោ​យប់​កំពុង​តែ​ដេកៗ​រអិល​ទៅ តើ​មិន​ងាប់​អស់​កូន​ចៅ? ខ្លួន​ខ្ញុំ​អាយុ ៧០​ប៉ុណ្ណឹង​ខ្ញុំ​អត់​ស្ដាយ​ទេ នេះ​ចៅ​ខ្ញុំ​តាំង​ពី​ប៉ុណ្ណេះៗ ខ្ញុំ​ស្ដាយ​ប៉ុណ្ណឹង...»

អភិបាល​រង​ស្រុក​ខ្សាច់កណ្តាល លោក ខៀវ សុខណាត បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​បាន​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ឃុំ​កោះដាច់ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​ឧសភា ដោយ​សូម​ឲ្យ​ពួកគាត់​ទុក​ពេល​ឲ្យ​អាជ្ញាធរ​ខេត្ត និង​ក្រុង សមត្ថកិច្ច​ជំនាញ​ធ្វើការ​ដោះស្រាយ​សិន ព្រោះ​ការ​បូម​ខ្សាច់​នេះ​មាន​ការ​ពាក់ព័ន្ធ​ដែន​ដី​ក្រុង​ភ្នំពេញ និង​ខេត្ត​កណ្ដាល។

លោក ខៀវ សុខណាត មាន​ប្រសាសន៍​ដូច្នេះ ៖ «វា​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​របស់​ខាង​អាជីវកម្ម​បូម​ខ្សាច់​ហ្នឹង។ ទី​១ ខុស​ចំណុច​ផង រំលោភ​មក​ដែន​ឃុំ​របស់​ខេត្ត​កណ្ដាល ដែល​បំពាន​មក​ដល់​មាត់​ច្រាំង។ ទី​២ បូម​យប់ រំខាន​ការ​ដេក​ពូន​របស់​គាត់ ហើយ​និង​បូម​យប់​ហ្នឹង​ក៏​ខុស​គោលដៅ​ដែរ។ គាត់ (ពលរដ្ឋ) ភ័យ​ខ្លាច​បាក់​ច្រាំង​បង្ក​មក​ពី​ការ​បូម​ខ្សាច់​ខុស​ទី​តាំង​ផង។ ការងារ​ហ្នឹង​បាន​ជួប​គាត់​ហើយ ទាំង​ខាង​ស្រុក ទាំង​ជំនាញ​ក៏​នឹង​អញ្ជើញ​ក្រុមហ៊ុន​ដើម្បី​មក​ជជែក​ដោះស្រាយ​ដោយ​មាន​កិច្ចសន្យា​ជាក់​លាក់ កុំ​ឲ្យ​បូម​ខុស​ទីតាំង​អនាធិបតេយ្យ​អី​ទៀត កំណត់​ពេល​វេលា​ត្រឹមត្រូវ ហើយ​ទី​៣ មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ​តាម​ជំនាញ​គេ​កំណត់»

ពលរដ្ឋ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​អធិប្បាយ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​ដែល​ធ្វើ​សកម្មភាព​បូម​ខ្សាច់​យ៉ាង​អានាធិបតេយ្យ​នៅ​ទន្លេ​មេគង្គ មុខ​ភូមិ​ចុងកោះ​នោះ​ថា ៖ «ឆ្នាំ​នេះ​ខ្ញុំ​ទើប​ស៊ើប​ដឹង​ពី​ខាង​អង់គ្លេស គេ​ទូរស័ព្ទ​មក​វិញ​ថា ក្រុមហ៊ុន​របស់ លី យ៉ុងផាត់ និង ម៉ុង ឫទ្ធី គាត់​បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​សិង្ហបុរី ចំនួន ២០០​លាន​៤៨​ដុល្លារ»

អភិបាល​រង​ស្រុក​ខ្សាច់​កណ្តាល លោក ខៀវ សុខណាត បាន​ឲ្យ​ដឹង​ដែរ​ថា តាម​លោក​ដឹង​ខ្លះៗ កប៉ាល់​បូម​ខ្សាច់​នោះ​ជា​របស់​ក្រុមហ៊ុន​មួយ​ឈ្មោះ សំ ចិត្រា។ ក្រុមហ៊ុន​នេះ​លោក​មិន​ស្គាល់ និង​ក៏​មិន​ធ្លាប់​មាន​ទំនាក់​ទំនង​ដែរ។

លោក ខៀវ សុខណាត មាន​ប្រសាសន៍​ថា ៖ «តាម​ដែល​ខ្ញុំ​ទំនាក់​ទំនង​ខាង​ខេត្ត​ទៅ ខេត្ត​បាន​ជួប​ជាមួយ​ខាង​ក្រសួង លោក​ថា ក្រុមហ៊ុន​ដែល​យក​ហ្នឹង​គឺ​ក្រុមហ៊ុន សំ ចិត្រា អ្នក​ដែល​បូម ប៉ុន្តែ​ថា កន្លែង​ដែល​ចាក់​ហ្នឹង គឺ​កន្លែង​ឧកញ៉ា ម៉ុង ឫទ្ធី និង​ឧកញ៉ា លី យ៉ុងផាត់។ អ៊ីចឹង​គឺ​ឧកញ៉ា ម៉ុង ឫទ្ធី និង​ឧកញ៉ា លី យ៉ុងផាត់ គាត់​អ្នក​ទិញ​ទេ​តាម​មើល៍»

អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី ប្រធាន​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រូប បាន​បដិសេធ​ថា លោក​ពុំ​ដែល​មាន​អាជីវកម្ម​បូម​ខ្សាច់​ទេ ៖ «អត់​ទេ! ខ្ញុំ​អត់​ដែល​បូម​ខ្សាច់​ទន្លេ​ផង។ ខ្ញុំ​បូម​ឲ្យ​កប៉ាល់​ចូល ហើយ​គេ​ថា ខ្ញុំ​លក់​បាន​ ២៤​លាន​(ដុល្លារ)​មួយ​ខែ ខ្ញុំ​សប្បាយ​ចិត្ត​ងាប់​ហើយ។ ខ្ញុំ​អត់​ដែល​មាន​សាឡង់​អី​នឹង​គេ​ទេ​មួយ​ជីវិត​ហើយ ហើយ​រឿង​ខ្សាច់​ទន្លេ​ហ្នឹង​ក៏​អត់​ដែល​មាន​ដែរ គេ​ចេះ​តែ​ចោទ​អ៊ីចឹង​ទៅ»

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​រក​ការ​បំភ្លឺ​ពី​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក លោក លឹម គានហោ បាន​នៅ​ឡើយ ចំពោះ​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​បូម​ខ្សាច់​នៅ​តំបន់​ខាង​លើ​នេះ។

ដើម្បី​ការពារ​បរិស្ថាន​បាន រក្សា​នូវ​លំនឹង​បរិស្ថាន​ធម្មជាតិ ទាំង​ដែន​ទឹក​សាប ទាំង​ដែន​សមុទ្រ រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្ដី​សម្រេច​ស្ដី​ពី​ការ​កំណត់​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់ កាល​ពី​ឆ្នាំ​២០០៩ បាន​កំណត់​ថា ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ទឹក​សាប​ដែល​មាន​នៅ​ក្នុង​ទន្លេ ស្ទឹង ព្រែក អូរ អាច​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​បាន ក្នុង​ករណី​តែ​ការ​ធ្វើ​អាជីវកម្ម​នោះ គឺ​ដើម្បី​បម្រើ​ដល់​ការ​ប្រើប្រាស់​ក្នុង​ស្រុក កន្លែង​ណា​ដែល​បច្ចេកទេស​ពិនិត្យ​ទៅ​ឃើញ​ថា មាន​ខ្សាច់​ដុះ​កក​ស្ទះ ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ទឹក និង​បញ្ឈប់​ការ​នាំ​ខ្សាច់​ទៅ​បរទេស​ជាដើម។

ចំពោះ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​សមុទ្រ គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​លើ​ធន​ធាន​ខ្សាច់​សមុទ្រ​ទេ ទោះ​ជា​ទី​តាំង​នោះ​ស្ថិត​នៅ​ឆ្ងា​យ​ពី​ឆ្នេរ ឬ​ពី​កោះ​ក៏​ដោយ។

ការ​អនុញ្ញាត​បាន​តែ​ចំពោះ​ទី​តាំង​ណា​មាន​ខ្សាច់​ដុះ​គោក​រាក់ និង​អាច​​បំពេញ​វិញ​​​បាន​​ជា​លក្ខណៈ​ធម្មជាតិ​តែ​ត្រូវ​បំពេញ​លក្ខខណ្ឌ​បច្ចេកទេស​ជា​មុនសិន។ តែ​យ៉ាង​ណា​ក្តី គេ​នៅ​តែ​សង្កេត​ឃើញ​ថា មាន​ក្រុមហ៊ុន​តូច​ធំ​មួយ​ចំនួន​នៅ​តែ​បន្ត​អាជីវកម្ម​នេះ​តាម​សមុទ្រ និង​ទន្លេ​ជា​ហូរហែ​មក​ទល់​ពេល​នេះ ហើយ​ប្រជាពលរដ្ឋ​បាន​ត្រឹមតែ​តវ៉ា មិន​ទាន់​បាន​ចម្លើយ​ក្នុង​ពេល​ដែល​ដី​ច្រាំង​ទន្លេ​បាន​បាក់​ធ្លាក់​ចូល​ក្នុង​ទឹក​ជា​បន្ត​បន្ទាប់​នោះ​ទេ៕

(ដកស្រង់ចេញពីគេហទំព័រ ​វិទ្យុ​អាស៊ីសេរី)

No comments:

Post a Comment