ដូចការគ្រោងទុក គឺនៅព្រឹកថ្ងៃច័ន្ទ ទី១៤មិថុនានេះ តំណាងសហគមន៍ដីធ្លី ព្រៃឈើ និងក្រុមអ្នកនេសាទនៅតាមខេត្តនានា បានដាក់ញត្តិដែលមានស្នាមមេដៃរាប់ម៉ឺន ទៅកាន់ការិយាល័យអង្គការសហប្រជាជាតិ ដើម្បីជម្រុញឲ្យអ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ស៊ូយ៉ា ប្រាសាទ ស៊ូប៊ឺឌី ( Surya Prasat Subedi ) ដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពួកគាត់។ លោក ស៊ូយ៉ាកំពុងបំពេញបេសកកម្មលើកទី៣នៅកម្ពុជា រយៈពេល ១០ ថ្ងៃដែលចាប់ផ្តើមពីថ្ងៃទី៨ ខែមិថុនា។
ញត្តិ និងស្នាមមេដៃរាប់ម៉ឺននាក់ ត្រូវបានតំណាងសហគមន៍មកពីខេត្តជាច្រើន ដែលកំពុងមានជម្លោះដីធ្លី បញ្ហាព្រៃឈើ និងទំនាស់ដែននេសាទ បានដាក់ទៅកាន់ការិយាល័យឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ដើម្បីជម្រុញឲ្យលោក ស៊ូយ៉ា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិដោះស្រាយក្នុងដំណើរបំពេញបេសកកម្មលើកទី៣ នៅកម្ពុជាពេលនេះ។
តំណាងសហគមន៍ដែលកំពុងជួបប្រទះនឹងការបណ្តេញចេញ និងការរឹបអូសយកដីធ្លី បានជម្រុញឲ្យអ្នករាយការណ៍ពិសេសនេះ យកបញ្ហាជម្លោះដីធ្លីដាក់លើតុពិភាក្សា ដោះស្រាយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តំណាងសហគមន៍ជម្លោះដីធ្លី ក៏ស្នើឲ្យអ្នករាយការណ៍ពិសេសជួយអន្តរាគមន៍ ដើម្បីដោះលែងតំណាងអ្នកភូមិដែលជាប់ពន្ធនាគារ ដោយសារតែវិវាទដីធ្លីផងដែរ។
សកម្មជនសិទ្ធិមនុស្ស អាដហុក លោក ចាន់ សាវ៉េត បានឲ្យដឹងថា ញត្តិជម្លោះដីធ្លីទាំងនោះ ក៏នឹងត្រូវតំណាងសហគមន៍បំបែកគ្នា ដើម្បីហែក្បួន នៅព្រឹកថ្ងៃ១៥មិថុនា ស្អែកនេះ ដាក់ទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី នៅជិតវិមានឯករាជ្យ ដាក់ទៅកាន់រដ្ឋសភា និងក្រសួងស្ថាប័ន ពាក់ព័ន្ធនឹងការផ្តល់ដីសម្បទានមួយចំនួនទៀត។
យុទ្ធនាការរបស់តំណាងសហគមន៍ជម្លោះដីធ្លីនាពេលនេះ ជួនចំពេលនៃដំណើររបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក ស៊ូយ៉ា នៅកម្ពុជា ដែលផ្តោតលើវិស័យយុត្តិធម៌។
យ៉ាងណាក៏ដោយ លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា ទុក្ខកង្វល់របស់តំណាងប្រជាពលរដ្ឋក្នុងរឿងជម្លោះដីធ្លីនេះ ក៏ជាទុក្ខកង្វល់របស់រដ្ឋាភិបាលផងដែរ។ ជម្លោះដីធ្លី នឹងក្លាយជាប្រធានបទរបស់អ្នករាយការណ៍ពិសេស ដើម្បីជួបរកច្រកដោះស្រាយជាមួយនឹងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយតម្លាភាព និងផ្អែកលើទិដ្ឋភាពច្បាប់នាពេលខាងមុខ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment