លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ៖
សមាគមសិទ្ធិមនុស្ស ADHOCនៅថ្ងៃពុធនេះ បានធ្វើការរិះគន់ចំៗ ចំពោះដំណើរទស្សនកិច្ចរបស់ លោក ស៊ូយ៉ាប្រាសាទ ស៊ូប៊ីឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំប្រទេសកម្ពុជា ថាមិនបានលើកយកបញ្ហាឲ្យចំគោលដៅអំពីការរំលោភសិទ្ធិមនុស្ស យកមកពិភាក្សាជាមួយនិងរដ្ឋាភិបាលកម្ពុជាទេ ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានបង្ហាញថា លោក ស៊ូយ៉ាប្រាសាទ ស៊ូប៊ីឌី មកបំពេញទស្សនកិច្ចប្រទេសកម្ពុជាលើកនេះ ធ្វើឡើងចំនួន១០ថ្ងៃ គឺចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៧ ខែមិថុនា ខាងមុខនេះ ។
ដំណើរទស្សនកិច្ចរបស់លោក ស៊ូយ៉ា មកកាន់ប្រទេសកម្ពុជាលើកទី៣នេះ បានផ្តោតយ៉ាងសំខាន់ទៅលើដំណើរការវិវត្តន៍នៃកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ហើយលោកមានគម្រោងចូលគាល់ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ថាប័នតុលាការកម្ពុជានិងសាលាក្តីខ្មែរក្រហម។ ក៏ប៉ុន្តែលោក ស៊ូយ៉ា គ្មានគម្រោងជួបជាមួយនិងគណបក្សជំទាស់ និងអង្គការស៊ីវិលទេ។ នេះបើតាមការបញ្ជាក់របស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ ។
"ការកែទម្រង់តុលាការ វាជាបញ្ហាមួយដែលយើងគួរធ្វើដែរ។ ក៏ប៉ុន្តែយើងចង់ឲ្យមានការលើកយក បញ្ហាចម្បងៗដែលជាចាំបាច់ហើយជាបញ្ហាមួយដែលយើងនិយាយថាបន្ទាន់ ណាស់ ដើម្បីយកទៅពិភាក្សាជាមួយប្រមុខរាជរដ្ឋាភិបាល "។
នៅក្នុងសេចក្តីថ្លែងការណ៍មួយច្បាប់របស់សមាគមសិទ្ធិមនុស្ស ADHOC ដែលបានចេញផ្សាយនៅថ្ងៃពុធនេះ បានសម្តែងនូវការខកចិត្ត ចំពោះការកណត់បញ្ហាផ្តោតទៅលើបេសកកម្មរបស់លោក ស៊ូយ៉ា ប្រាសាទស៊ូប៊ីឌី មកកាន់ប្រទេសកម្ពជាលើកនេះ ។
លោក នី ចរិយា ប្រធានផ្នែកសិទ្ធិដីធ្លីរបស់សមាគមសិទ្ធិមនុស្ស ADHOC បានបញ្ជាក់ថា បញ្ហាវិវាទដីធ្លីដែលកំពុងតែកើតមានឡើងដោយសារតែការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិរបស់ប្រជាពលរដ្ឋ ។
លោក បានមានប្រសាសន៍ថា លោក ស៊ូយ៉ាប្រាសាទ ស៊ូប៊ីឌី គួរតែលើកយកបញ្ហានេះមកជជែកជាមួយនឹងរដ្ឋាភិបាលវាល្អប្រសើរជាងយកបញ្ហាប្រព័ន្ធតុលាការយកមកពិភាក្សា ។
"ការកែទម្រង់តុលាការ វាជាបញ្ហាមួយដែលយើងគួរធ្វើដែរ។ ក៏ប៉ុន្តែយើងចង់ឲ្យមានការលើកយក បញ្ហាចម្បងៗដែលជាចាំបាច់ហើយជាបញ្ហាមួយដែលយើងនិយាយថាបន្ទាន់ណាស់ ដើម្បីយកទៅពិភាក្សាជាមួយប្រមុខរាជរដ្ឋាភិបាល "។
លោក ទូច ហួន មន្រ្តីជំនួយការការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំប្រទេសកម្ពុជាពុំបានធ្វើអត្ថាធិប្បាយចំពោះការរិះគន់របស់សមាគមសិទ្ធិមនុស្ស ADHOC ទេ។
"អាហ្នឹងដល់តែគាត់ ហើយមួយទៀតខ្ញុំអត់ទាន់បានឃើញសេចក្តីថ្លែងការណ៍ហ្នឹង បើឃើញ ខ្ញុំដាក់ជូនឲ្យគាត់ ខ្ញុំជឿថា គាត់មិនទាន់បានឃើញដែរ" ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ការលើកឡើងរបស់អង្គការសង្គមស៊ីវិល គឺជាសិទ្ធិរបស់ពួកគេ ក៏ប៉ុន្តែប្រធានបទរបស់លោក ស៊ូយ៉ាប្រាសាទ ស៊ូប៊ីឌី យកមកពិភាក្សាលើកនេះ គឺជាការសម្រេចចិត្តរបស់លោក ក្នុងនាមតំណាងពិសេសរបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ។ លោក កុយ គួង បានបញ្ជាក់ទៀតថា ការលើកយកប្រធានបទកំណែទម្រង់ប្រព័ន្ធតុលាការនេះស្របទៅនិងគោលនយោបាយរបស់រដ្ឋាភិបាល ដែលកំពុងធ្វើកំណែទម្រង់សព្វថ្ងៃនេះ ៕
(ដកស្រង់ចេញពីគេហទំព័រ សំឡេងសហរដ្ឋអាមេរិក-ខ្មែរ)
No comments:
Post a Comment