Monday, June 14, 2010

តុលាការ​កំពូល​ចាត់​វិធានការ​ប្រឆាំង​លោកស្រី មួរ សុខហួរ

លោកស្រី​ មូរ សុខហូរតុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា​បាន​ ចាត់​វិធានការ​បង្ខំ​ឲ្យ​លោកស្រី​មួរ ​​សុខហួរ​​អ្នក​​តំណាង​រាស្រ្ត​គណបក្ស​សម​​រង្ស៊ី​​បង់​ ប្រាក់​ពិន័យ​ចំនួន​១៦​លាន​រៀល​ទៅ​តាម​ការ​​សម្រេច​របស់​តុលាការ​​ទាំង​បី​ ថ្នាក់​នៅ​ក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី​​ហ៊ុន​​ សែន។​​ ដីកា​របស់​តុលាការ​កំពូល​បាន​ ទៅ​ដល់​តុលាការ​សាលា​ដំបូង​រាជធានី​​ភ្នំពេញ​នៅ​ចុង​សប្តាហ៍នេះ។​​ប៉ុន្តែ​​លោក​ស្រី​មួរ​​សុខហួរ ​​ដែល​បាន​ហៅ​ការ​កាត់​សេចក្តី​​ របស់​តុលាការ​ថា​​ជា​អំពើ​អយុត្តិធម៌​នោះ​​នៅ​តែ​បដិសេធ​មិន​ព្រម​បង់​ ប្រាក់​ឡើយ។​ភាព​តានតឹង​អាច​នឹង​កើត ​មាន​ឡើង​នៅ​ពេល​ខាង​មុខ​ប្រសិន​បើ​ តុលាការ​ចាត់​វិធានការ​​ចាប់​បង្ខំ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សម​​រង្ស៊ី​ រូបនេះ​ដាក់​ពន្ធនាគារ។

ប្រភព​ពី​តុលាការ​ឲ្យ​ដឹង​ថា​​តុលាការ​កំពូល​បាន​សម្រេច​ចាត់​វិធានការ​បង្ខំ​ឲ្យ​​លោកស្រី​មួរ​​សុខហួរ​​អ្នក​តំណាងរាស្រ្ត​​ខេត្ត​កំពត​របស់​គណបក្ស​សម​​រង្ស៊ី​​បង់​ប្រាក់​​ពិន័យ​នៅ​ក្នុង​សំណុំ​រឿង​បរិហារ​កេរ្តិ៍​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​​សែន​។
ដីកា​របស់​តុលាការ​កំពូល​បាន​មក​ដល់​តុលាការ​រាជធានី​ភ្នំពេញ​ហើយ​នៅ​ចុង​​សប្តាហ៍​នេះ​ដើម្បី​ស្នើ​ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចាត់​វិធានការ​បន្ត។​​ប៉ុន្តែ​​លោកស្រី​មួរ​​សុខហួរ​​បាន​អះអាង​នៅ​ថ្ងៃ​នេះ​ថា​​លោកស្រី​មិន​ទាន់​បាន​ទទួល​ដីកា​ណា​មួយ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទាក់​ទង​នឹង​បញ្ហា​នេះ​នៅ​ឡើយ​ទេ។​យ៉ាង​​ណា​ក៏ដោយ​តំណាងរាស្ត្រ​ស្ត្រី​គណបក្ស​សម​​រង្ស៊ី​រូប​នេះ​នៅ​តែ​អះអាង​ជា​ថ្មី​ទៀត​ថា​​លោកស្រី​នឹង​មិន​ព្រម​បង់​ប្រាក់​ជា​ដាច់​ខាត​​ហើយ​ក៏​មិន​រត់​គេច​ទៅ​ណា​ដែរ។

​         លោក​ស្រី​មួរ​​សុខហួរ​​អ្នក​តំណាង​រាស្ត្រ​ខេត្ត​កំពត​ត្រូវ​បាន​តុលាការ​ទាំង​បី​ថ្នាក់​​របស់​ប្រទេស​កម្ពុជា​កាត់​សេចក្តី​ឲ្យ​ចាញ់​ក្តី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​​សែន​​ក្នុង​បទ​​បរិហារ​កេរ្តិ៍។​​លោកស្រី​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​បង់ប្រាក់​ពិន័យ​សរុប​​១៦​​លាន​​រៀល​ឬ​ប្រហាក់​ប្រហែល​នឹង​៤០០០​​ដុល្លារ​អាមេរិក។​ប៉ុន្តែ​​តុលាការដដែល​បាន​ទាត់​​ចោល​ពាក្យ​បណ្តឹង​របស់​លោកស្រី​មួរ​​សុខហួរ​​ដែល​ប្តឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​​សែន​​ក្នុង​បទ​បរិហារ​កេរ្តិ៍ដូចគ្នា។

បើ​យោង​តាម​នីតិ​វិធីច្បាប់​​​លោកស្រី​​មួរ​​សុខហួរ​​អាច​នឹង​ត្រូវ​តុលាការ​ចាត់​វិធានការ​បង្ខំ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ​ក្នុង​បទ​មិន​ព្រម​គោរព​តាម​នីតិវិធី​របស់​​តុលាការ។​​នីតិវិធី​នេះ​មិន​បាន​ធ្វើ​ឲ្យ​លោកស្រី​មួរ​​សុខហួរ​កោត​ខ្លាច​ឡើយ។​លោកស្រី​​អះអាង​ថា​សុខ​ចិត្ត​ទទួល​យក​ជម្រើស​ជាប់​ពន្ធនាគារ​ជាជាង​ការ​បង់​ប្រាក់​ទៅ​តាម​ការ​​កាត់​សេចក្តី​របស់​តុលាការ​ដែល​លោក​ស្រី​ចាត់​ទុកថា​​«អយុត្តិធម៌»។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​​អ្នក​តំណាង​រាស្រ្ត​ស្ត្រី​គណបក្ស​សម​​រង្ស៊ី​កំពុង​បន្ត​​យុទ្ធនាការ​ប្រមូល​អ្នក​គាំទ្រ​ដើម្បី​ធ្វើ​ញ្ញត្តិ​សុំ​អន្តរាគមន៍​ពី​លោក​ប្រធានាធិបតី​អាមេរិក​​បារ៉ាក់​​អូបាម៉ា​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​នេះ។​លោកស្រី​មួរ​​សុខហួរ​បាន​ឲ្យ​ដឹង​នៅ​​ថ្ងៃ​នេះ​ថា​ញ្ញត្តិ​នោះ​ទទួល​បាន​អ្នកគាំទ្រ​ជិត​១០០០​នាក់​ហើយ​ដែល​បាន​ចុះ​ហត្ថលេខា​គាំទ្រ​លោក​ស្រី​ក្នុង​នោះ​ក៏​មាន​អ្នក​នៅ​ក្រៅ​ប្រទេស​ដែរ។​ញ្ញត្តិ​នេះ​ត្រូវ​​គេ​គ្រោង​នឹង​ផ្ញើ​ជូន​ប្រធានាធិបតី​អាមេរិក​​និង​អង្គការ​សហប្រជាជាតិ​ក្នុង​ពេល​ឆាប់​ៗ​នេះ។

ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​បាន​អះអាង​ថា​​ញ្ញត្តិ​របៀប​នេះ​នឹង​គ្មាន​ទម្ងន់​ទៅ​លើ​ប្រទេស​​ណា​មួយ​ទេ​ពី​ព្រោះ​នេះ​ជា​រឿង​ផ្លូវ​ច្បាប់​ដែល​លោកស្រី​មួរ​​សុខហួរ​មិន​គោរព។យ៉ាង​ណា​ក៏ដោយ​​លោកស្រី​មួរ​​សុខហួរ​បាន​ពន្យល់​តប​វិញ​ថា​​លោកស្រី​មិន​ប្រឆាំង​នឹង​​ច្បាប់​ឡើយ​​តែ​លោក​ស្រី​ប្រឆាំង​នឹង​ការ​អនុវត្តន៍​ច្បាប់​ដែល​លោកស្រី​អះអាង​ថា​​«អយុត្តិធម៌»​តែប៉ុណ្ណោះ៕

(ដកស្រង់ចេញពីគេហទំព័រ FRI ខេមរភាសា)

No comments:

Post a Comment