Monday, June 14, 2010

គម្រោងការធ្វើជំរឿន សេដ្ឋកិច្ចនៅ​កម្ពុជា នឹង​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០១១

កម្ពុជាត្រូវការជំរឿន​សេដ្ឋកិច្ច​ជាតិ​ដើម្បីជាជំនួយដល់​ការរៀប​ចំផែនការ​អភិវឌ្ឍជាតិ។ រូប​ថត​ដោយ ឃុន អាឡិច វិទ្យុអូស្រ្ដាលី។ក្រសួងផែនការ និងអង្គការចាយការ (JICA) របស់ប្រទេសជប៉ុនបានរៀបចំដំណើរការជំរឿន  សេដ្ឋកិច្ចថ្នាក់ជាតិ មួយមិនធ្លាប់មានពីមុនមកនេះ នៅកម្ពុជា។ ជំរឿនសេដ្ឋកិច្ចថ្នាក់ជាតិនេះគ្រោងនឹងចំណាយពេលវេលាចំនួន៤ឆ្នាំ និង៦ខែ និងចំណាយប្រាក់ជាង២លានដុល្លារ ហើយគ្រោងនឹង ប្រកាសលទ្ធផលឲ្យដឹងនៅដើមឆ្នាំ២០១៥។ លោក សរ សុវណ្ណារ៉ា ធ្វើសេចក្តីរាយការណ៍លម្អិតជូនលោកអ្នកនាងពីរាជធានីភ្នំពេញ។

មន្រ្តីស្ថិតិបានឲ្យដឹងថា ចាប់ពីខែមីនាឆ្នាំ២០១១ខាងមុខនេះតទៅ ការចុះធ្វើជំរឿនសេដ្ឋកិច្ចនឹងចាប់ផ្តើមទូទាំង ប្រទេស ដោយស្រង់ស្ថិតិគ្រប់រោងចក្រ សហគ្រាស ក្រុមហ៊ុន និងអាជីវកម្មតូចធំ។

លោក សន ស៊ីថន អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ បានមានប្រសាសន៍ថា ការធ្វើជំរឿនសេដ្ឋកិច្ចធ្វើឲ្យ ងទទួល បាន ទិន្នន័យ ដែលជាមូលដ្ឋានដើម្បី គេអាចយកទៅប្រើប្រាស់ច្រើនផ្នែក។ លោកបានមានប្រសាសន៍បញ្ជាក់ថា លទ្ធផលជំរឿនមានប្រយោជន៍ដល់ការអភិវឌ្ឍជាតិ។

(សំឡេងលោក សន ស៊ីថន)

សូមបញ្ជាក់ថា គម្រោងចាប់ផ្តើមធ្វើជំរឿនសេដ្ឋកិច្ចនេះ បានកើតឡើងបន្ទាប់ពីអង្គការចាយការ (JICA) ជប៉ុន បានសម្រេចផ្តល់ប្រាក់ចំនួន ២លាន ២សែន ដុល្លារ និងផ្តល់ក្រុមបច្ចេកទេសដើម្បីជួយមន្រ្តីកម្ពុជាក្នុងការធ្វើ ជំរឿនសេដ្ឋកិច្ចលើកដំបូងក្នុងប្រវត្តិសាស្រ្តខ្មែរនេះ។

លោក សន ស៊ីថនបានមានប្រសាសន៍បញ្ចាក់ថា ដើម្បីអភិវឌ្ឍប្រទេស ការធ្វើជំរឿនគឺជាការងារមិនអាចខ្វះបាន។ កន្លងមកនេះ ប្រទេសកម្ពុជា បាន ធ្លាប់ធ្វើជំរឿនប្រជាសាស្រ្តឆ្នាំ២០០៨ ដែលបានយកទៅប្រើប្រាស់នៅក្នុងការកំណត់យុទ្ធសាស្រ្តជាតិ។

លោកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិបានមានប្រសាសន៍អំពីតម្រូវការធ្វើជំរឿនចំនួន៣នៅកម្ពុជា។

(សំឡេងលោក សន ស៊ីថន)

មន្រ្តីក្រសួងផែនការបានឲ្យដឹងថា ការងាររៀបចំសម្រាប់ជំរឿនសេដ្ឋកិច្ចនេះ គឺបានចាប់ដំណើរការបណ្តើរៗហើយ ដើម្បីគេអាចឈានទៅចុះធ្វើ សម្ភាសន៍ នៅតាមរោងចក្រ សហគ្រាស និង ក្រុមហ៊ុនតូចធំនៅខែមីនា ឆ្នាំក្រោយនេះ៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)

No comments:

Post a Comment