Saturday, June 5, 2010

រដ្ឋមន្ដ្រី​ហិរញវត្ថុ​ក្លាយជា​នាយក​រដ្ឋមន្ដ្រី​ថ្មី​ជប៉ុន

នាយករដ្ឋមន្រ្តីថ្មីជប៉ុនលោក​ណៅ​តូ កាន  (Naoto Kan)  រដ្ឋមន្ដ្រី ក្រសួង​ហិរញវត្ថុ​បាន​ក្លាយជា​នាយក​រដ្ឋមន្ដ្រីថ្មី​ជប៉ុន ហើយ​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសរើសជា​ប្រធាន​ថ្មី​នៃ​គណបក្ស​ប្រជាធិបតេយ្យ ។ លោក​ណៅ​តូ កាន បាន​ក្លាយជា​នាយក​រដ្ឋមន្ដ្រី​ថ្មី​ជប៉ុន ក្រោយ​ពី​ការ​សុំ​លាលែង​ពីតំណែង​របស់​លោក​យូគី​អូ ហា​តូ​យ៉ា​ម៉ា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ដោយសារ​ការ​បំពាន​កិច្ចសន្យា​ទាក់ទិន​ទៅ​នឹង​ការ​ផ្លាស់​ប្ដូរ​មូលដ្ឋានកង​ម៉ា​រី​ន​សហរដ្ឋអាមេរិក​ពី​កោះ​អូ​គី​ណា
វ៉ា ។ លោក​ណៅ​តូ កាន បាន​ទទួល​តំណែង​ជានាយក​រដ្ឋមន្ដ្រី​ថ្មី​របស់​ប្រទេស​ជប៉ុន ដោយទទួល​បាន​សំ​លេងឆ្នោត​គាំទ្រ​ចំនួន​៣១៣ សំលេង​ក្នុង​ចំណោម​សំ​លេងឆ្នោត​ក្នុង​សភាចំនួន​៤៧៧​សំលេង ។

លោក​ណៅ​តូ កាន បាន​ក្លាយជា​នាយករដ្ឋមន្ដ្រី​ទី​៩៤ របស់​ប្រទេស​ជប៉ុននឹង​ក្លាយជានាយក​រដ្ឋមន្ដ្រី​ទី​៥ ក្នុង​រយៈពេល​មិន​ដល់​៥​ឆ្នាំផង ។ មុន​ការ​លាលែង​របស់​លោក​យូគី​អូ ហា​តូ​យ៉ា​ម៉ា លោក​ណៅ​តូ កាន ត្រូវ​បាន​គេ រំពឹង​ទុក​រួច​ហើយ​ថា លោក​នឹង​ក្លាយជានាយក​រដ្ឋមន្ដ្រី​ថ្មី​របស់​ប្រទេស​ជប៉ុន ។ នៅទី​បញ្ចប់​លោក​បាន​ក្លាយជា​នាយក​រដ្ឋមន្ដ្រី​ថ្មីជប៉ុន​ដូច​ការ​រំពឹង​ទុក​មែន​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​នា​ថ្ងៃ​ទី​៤ មិថុនា ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

សម្ពោធ​អគារ​មណ្ឌលកុមារ​កំព្រា​សមាគម​ផ្ដល់​ភាព​ញញឹម​នៃ​កម្ពុជា

ក្រុង​ប៉ោយ​ប៉ែ​ត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣ មិថុនា លោកនាយ​ឧត្ដមសេនីយ៍​កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ដ្រី ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​អញ្ជើញ​ជា អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា ផ្លូវការ​នូវ​អគារ​មណ្ឌលកុមារ​កំព្រា​របស់ សមាគម​ផ្ដល់​ភាព​ញញឹម​នៃ​កម្ពុជា​ស្ថិត​ក្នុង ភូមិ​បា​លិ​លេ​យ្យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង ប៉ោយ​ប៉ែ​ត ។

អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នោះ​មាន​លោក អ៊ុ​ង អឿ​ន អភិបាល​ខេត្ដបន្ទាយមានជ័យ លោក​ប៉ុក សា​លុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ដ លោក​ឧត្ដមសេនីយ៍​ប្រតិភូ​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន អស់លោក លោក​ជំទាវ គណៈ​អភិបាលខេត្ដ ក្រុមប្រឹក្សា ខេត្ដ លោក​ទ្រី ណា​រិ​ន អភិបាលក្រុង​ប៉ោយ ប៉ែ​ត លោក​ស្ទេ វិ​ន​ច​ន​ហា​យ ប្រធាន​មណ្ឌល កុមារ​កំព្រា​និង​ភរិយា កងកំលាំង​ប្រដាប់ អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កុមារ កំព្រា ប្រជាពលរដ្ឋ និង​អង្គការ​ជាតិ​-​អន្ដរ ជាតិ​ចូលរួម​យ៉ាងច្រើន​កុះករ ។

លោក​អ៊ុ​ង អឿ​ន តាង​នាម​ក្រុមប្រឹក្សា ខេត្ដ គណៈ​អភិបាលខេត្ដ និង​ក្នុង​នាម​លោក ផ្ទាល់ បាន​សំដែង​នូវ​ភាព​កក់ក្ដៅ និង​លើក ឡើង​ថា ដោយ​មើលឃើញ​ពី​ការ​ខ្វះខាត របស់​កុមារ​មួយ​ចំនួន​តាម​ស្រុក ភូមិ ព្រោះ តែ​ជីវភាព​ក្រីក្រ ពិសេស​កុមារ​កំព្រា ទើប លោក​ចូលរួម​ក្នុង​ការ​កសាង​មណ្ឌល​នេះឡើង ។

(ដកស្រង់ចេញពីគេហទំព័រ កោះសន្តិភាព)

ព្រៃ​ក្នុង​មនុ​ស្ស “​បទ​កាកគតិ​”

- សត្វរ​ស់ពឹង​ព្រៃ             មនុស្ស​ពឹង​សំដី             ដោះស្រាយ​បញ្ហា
ពាក្យពេចន៍​ទន់ភ្លន់         ពិ​រោះ​ពិសារ                ឆ្គាំឆ្គង​ម្ដេច​ម្ដា          លើ​ការ​អប់រំ ។
- សីល​ធ​ម៍​រស់នៅ             ជួយ​កែតម្រូវ              លើក​ស្ទួយ​សង្គម
តែ​មាន​អ្នកខ្លះ               បែរជា​និយម              ទុក​ខ្លួន​ជា​ធំ              តាម​ម​ហិ​ឆ្ឆិ​តា​។
- ធ្វើ​ខុស​ទំនង                 សំដី​ជួរ​ជង                  មាន​តែ​ហឹ​ង្សា
ស្មានថា​ខ្លួនឯង              រែង​ខ្ពស់​អស្ចារ្យ            ដំកើង​អាត្មា             ថា​មាន​តែ​អញ ។
- ខ្លះ​អាង​អំណាច              ឬក​ពារ​កោងកាច         មិន​ដែល​ព្រម​ចាញ់
ដល់​គេ​រិះគន់                 កើត​ចិត្ដ​ខឹង​ខ្នា​ញ់          ចង់​បោះ​ចង់​បាញ់         ឱ្យ​គេ​វិនាស ។
- ជន​បាត​សង្គម                គ្មាន​គេ​និយម              គេ​ស្អប់​គេ​ជៀស
តែ​មនុស្ស​បែប​នេះ           មាន​ច្រើន​តែ​ពាស        យក​ដោត​ជន្លាស        ក៏​មិន​អស់​ផង ។
- ចិត្ដ​ដូច​សំដី                    ទ្រើស​ពាល​អប្រិ៍យ       នាំ​ក្ដី​មួរ​ហ្មង
សម្ដី​អ្នកលេង                 គ្រោតគ្រាត​កន្លង         ហារ​ស្ដី​ម្ដង​ៗ            គេ​ទាស់​ហរ​ទ័យ​។
- ចាស់​ៗ​ហៅ​ថា               “​ជា​ពាក្យបាតផ្សារ        ជា​ភាសា​ព្រៃ​”
រស់​ក្នុង​សង្គម                 មិន​ដូច​គេ​អី                បែកឆ្វេង​ទីទៃ          សំដី​សាមាន្យ ។
- មនុស្ស​ជាប់​ក្នុង​ព្រៃ          គេ​អាច​លក​លៃ            ជួយ​រំដោះ​បាន

តែព្រៃ​ក្នុង​មនុស្ស            ជា​គ្រោះ​រំខាន             តោងទាម​ជាប់​ប្រាណ   ជួយ​មិន​បាន​ទេ​។

ដោយ  ព្រុំ     គឹ​ម    ជឿន       prumkimchoeun@gmail.com

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

Friday, June 4, 2010

របៀប​ចិញ្ចឹម​គោ ក្របី

របៀប​ចិញ្ចឹម​គោ ក្របី


​I. ក្រោលគោ ក្របី :

​       ១. ទីកន្លែង : នៅលើ​ទីទួល មាន​ខ្យល់អាកាស​ចេញចូល និង​ស្រួល​បង្ហូរទឹក​ត្រូវ​នៅក្រោម​ខ្យល់​ ​ដើម្បី​កុំអោយ​ធុំក្លិន ។​
​       ២. ទិស : បណ្តោយ​ថ្ងៃ ឬ បញ្ឆៀង​ទៅ​ទិស​អាគ្នេយ៍ ។
​៣. របៀប​សង់ : កំរាល​ក្រោល​ត្រូវមាន​ចំណោទ ដើម្បី​បញ្ចេញ​ទឹក​

​ផ្ទៃក្រឡា :​

  • គោ ក្របី ឈ្មោល​ ​​: ៥ - ៦ ម​.​កា​រេ ក្នុង​មួយ​ក្បាល​ ​ ​

  • គោ ក្របី ញី​ ​ ​: ៤ ម​.​កា​រេ ក្នុង​មួយ​ក្បាល​ ​

  • មេ គោ ក្របី បំបៅកូន​ ​: ៤ - ៩ ម​.​កា​រេ ក្នុង​មួយ​ក្បាល​ ​

  • កូន គោ ក្របី​ ​ ​: ២ - ២.៥ ម​.​កា​រេ ក្នុង​មួយ​ក្បាល​


កំពស់​ក្រោល :​

  • គោ ក្របី ឈ្មោល​ ​: ១.៤០ ម - ១.៦០ ម​ ​ ​

  • ​គោ ក្របី ញី​ ​: ១.០០ ម - ១.២០ ម​ ​


​ត្រូវមាន​ទ្រុង​ដាក់​ស្មៅ ចំបើង ដើម្បី​ទុក​ឲ្យ​គោ ក្របី ស៊ី​បន្ថែម​ត្រូវ​មាន​អាង​ដាក់​លាមក សង់​ ​អោយ​ឆ្ងាយ​ពី​ក្រោល ។​

​II. ចំណី :​ ​

១. ប្រភេទ​ចំណី :​ ​

  • រុក្ខជាតិ​បៃតង : ស្មៅ​គ្រប់​ប្រភេទ ស្លឹក​ឈើ ដើម​ពោត ចុង​អំពៅ ទង​ដំឡូង ចំបើង ។​ល​។​​ ​

  • ប្រភេទ​មើម : ដំឡូងជ្វា ដំឡូង​មី​​ ​

  • ប្រភេទ​ផ្សេង​ទៀត : ចុង​អង្ករ ពោត កន្ទក់ កាក​សណ្តែក ម្សៅ​ត្រី ម្សៅ​ឆ្អឹង ម្សៅ​លាស​គ្រុំ​​អំបិល ។ ល ។​


​២. វិធានការ​ដោះស្រាយ​បញ្ហា​ចំណី :​

  • នៅ​រដូវប្រាំង និង រដូវ​លិច​ទឹក : ច្រើន​ខ្វះ​ស្មៅ ដូច្នេះ​អាច​អោយ​ស៊ី​ចំបើង ស្មៅ​ស្ងួត​..​។ ល​។​​ ​

  • រដូវ​ច្រូតកាត់ : ត្រូវ​ហាល​ចំបើង កញ្ជ្រាំង ធ្វើ​ជា​ស្នឹម រក្សាទុក​ឲ្យ​គោ ក្របី ស៊ី​បន្ថែម ។​​

  • ពេល​សំបូរ​ស្មៅ : ត្រូវ​កាត់​ស្មៅ​ខ្ចី ហាល​ឲ្យ​ស្ងួត ល្មម​ធ្វើជា​ស្នឹម ដូច​ចំបើង ដើម្បី​ទុក​ឲ្យ​វា​ស៊ី​​ ​ជ្រើស​យក​ស្មៅ​ដែល​ជិត​ចេញ​ផ្កា​ទើប​សំបូរ​ជីវជាតិ ។​



​របៀប​ចិញ្ចឹម​គោ​​


I. ការជ្រើសរើស​ពូជ :​

​១. ការជ្រើសរើស​ពូជ​គោ : ជាទូទៅ​កសិករ​របស់​យើង​ចិញ្ចឹម​គោ​គឺ ដើម្បី​ទុក​ភ្ជួរ រា​ស់ និង​អូស​ ​ទាញ ដូច្នេះ​ការជ្រើសរើស​គឺ ត្រូវ​ផ្អែក​លើ​សមត្ថភាព​ភ្ជួរ​រាស់ អូសទាញ​នេះឯង ។​​

​ក​/ អំពី​រូបរាង :​ ​

  • គោ​ឈ្មោល : មាឌ​ធំ មាន​លំនឹង ខ្ពស់​មុខទាប​ក្រោយ រហ័សរ​ហួន ស្លូត ។​ ​

  • ​គោ​ញី : មាឌ​ល្មម រហ័សរ​ហួន ស្លូត ។​ ​


​ខ​/ ផ្នែក​ដទៃទៀត :​ ​

  • ក្បាល : ធំ​ល្មមតែ​វែង ថ្ងាស​ទូលាយ មាត់​ទូលាយ ច្រមុះ​សើម ស្លឹកត្រចៀក​ធំ​ល្មម ធ្មេញ​ស​ ​ស្មើ ជិត​គ្មាន​ប្រេះស្រាំ ស្នែង​ស្មើ ។​ ​

  • ​ក និង ដងខ្លួន : កវែង​ល្មម ទ្រូង​ទូលាយ ស្មា​ទូលាយ ខ្នង​វែង​ត្រង់ ឬ កោង​ឡើងលើ​បន្តិច ឆ្អឹង​ ​ជំនី​ធំមូល គូទ​ទូលាយ ។​ ​

  • ​ជើង : ជើង​ទាំង​បួន​ធំ​ត្រង់ ជើង​មុខ​ទាំង​ពីរ​ឃ្លាត​គ្នា​ត្រង់ បាតជើង​ត្រង់​ខ្លី ធំ​ល្មម ក្បាលជង្គង់​ ​មូល ភ្លៅ​ក្រោយ​ទាំង​ពីរ​ធំ​វែង ក្រចកជើង​ជិត​រ៉ឹង​មាំ ។

  • កន្ទុយ : ធំ ​

  • ​ស្បែក : រលោង ស្តើង​ល្មម រោម​រាប​ជាប់​ស្បែក ​

  • ​ប្រដាប់​បន្ត​ពូជ : ​ ​


​គោ​ឈ្មោល : ពង​ទាំងពីរ​ធំ​ស្មើ​ ​ ​
​គោ​ញី : ក្រ​សោម​ដោះ​ធំ សរសៃឈាម​លើ​ដោះ លេច​ចេញ​ច្បាស់ ក្បាល់ដោះ​ធំ​ស្មើ​ ​ឃ្លាត​ពីគ្នា រោម​ទន់ យោនី​រីក​ស្មើ ។​ ​

​គ​/ លទ្ធភាព​ធ្វើ​ការងារ :

​ ​ដើរ​មិន​ទង្គិច​ជង្គង់ មិន​ក្បៀស​ក្រចក បាតជើង​ក្រោយ​ទាំង​ពីរ​ដើរ​ចំ​បាតជើង​មុខ ឬក៏​ហួស​ទៅ​ ​មុខ​បន្តិច ។​ ​ ​
- សាកល្បង​យក​វា​ទៅ​ភ្ជួរ​រា​ស់ អូសរ​ទះ រើស​ទុក​តែ​គោ​ណា ដែល​ដើរ​លឿន​មិន​ងាយ​ហត់ ។​ ​

​២. របៀប​បង្កាត់​ពូជ :

​ ​ត្រូវ​ជ្រើសរើស​រក​បា​ល្អ ដែល​នៅក្នុង​ភូមិ ឬ ក្នុង​ឃុំ​យើង​មាន​កាលណា មេគោ​រក​ឈ្មោល​យើង​ ​យក​បា​ណា​ដែល​យើង​ពេញចិត្ត ដែល​ក្នុង​តំបន់​ជិត​នោះ​មាន ឬ​ក៏​ប្រើ​វិធី​បង្កាត់​ដោយ​សិប្ប​និមិត្ត ជ្រើស​យក​ ​ទឹកកាម​បា​ដែល​យើង​ស្រឡាញ់​ចូលចិត្ត​មក​បង្កាត់ នោះ​នឹង​បាន​កូន​ល្អ តាម​ការចង់បាន ។​ ​

II. ការផ្តល់​ចំណីអាហារ និង ការ​ថែ​រទាំ :​ ​

១. ចិញ្ចឹម​គោ​ឈ្មោល :​

​ក​/ ការផ្តល់​ចំណី : រដូវរ​កញី ឈ្មោល ត្រូវ​បង្កើន​ចំណី​ពី ១០-២០% ក្នុង ១ ថ្ងៃ ប្រៀប​នឹង​​របប​ធម្មតា ។​​ ​

  • អោយ​ស៊ី​បន្ថែម​កន្ទក់ ពន្លក​ស្រូវ អំបិល (៣​គ​ក្រ ចំបើង + ០.៥ គ​ក្រ ពន្លក ស្រូវ +១.៥០ ​គ​ក្រ កន្ទក់​ម៉ត់ + ៦០​ក្រាម​អំបិល ក្នុង​គោ ១ ក្បាល ) ។​ ​


​ខ​/ ការ​ថែ​រទាំ :​

  • ​ខែ​ក្តៅ​ត្រូវ​ឧស្សាហ៍​មុជទឹក និង​លែង​ឲ្យ​វា​ដើរ​រកស៊ី​ដោយ​សេរី​ ​

  • ​ខែ​ភ្លៀង​បន្ថយ​ពេលវេលា​លែង​ឲ្យ​វា​ដើរ​រកស៊ី​ ​

  • ​ត្រូវ​ពិនិត្យមើល​ក្រចកជើង​វា​រាល់ថ្ងៃ ក្នុង​១​ឆ្នាំ ត្រូវ​ចិត​ក្រចក ២-៣ ដង ​

  • ​ចាប់ពី​អាយុ ៨ - ១០ ខែ ត្រូវ​ខ្លុះ​ច្រមុះ ដើម្បី​ងាយស្រួល​ដឹក​វា ។​ ​


​ចំពោះ​គោ​ឈ្មោ​អាច​ឲ្យ​ពាក់​ញី​ក្នុង​អាយុ ១៨ - ២៤ ខែ ។ ប្រើប្រាស់​មាន​ប្រសិទ្ធិភាព​ល្អ គឺ​ក្នុង​ ​ចន្លោះ​ពី ២-៦ ឆ្នាំ ។​ ​

​២. ចិញ្ចឹម​គោ​ញី :​

​ចំពោះ​គោ​ញី​ចាប់ផ្តើម​រក​ឈ្មោល​លើកដំបូង​អាយុ ១៨-២៤ ខែ​ ​

  • ​រដូវ : ២១ ថ្ងៃ​ ​

  • ​រយៈពេល​ផើម : ២៨០ - ២៨៥ ថ្ងៃ​ ​ ​


ក​/ ការផ្តល់​ចំណី :

ត្រូវ​ថែទាំ​មេគោ​ផើម​ឲ្យបាន​ហ្មត់ចត់ មិន​ត្រូវឲ្យ វា​ធ្វើការ​ហួសកម្លាំង​ទេ​។​ ​ពេល​កើតកូន​ត្រូវ​ឲ្យ​ស៊ី​ស្មៅ​ខ្ចី បន្ថែម​កន្ទក់ ម្សៅ​ត្រី អំបិល (៥០​ក្រាម​ក្នុង​គោ ១​ក្បាល ក្នុង​មួយ​ថ្ងៃ ) ។​ ​ ​

ខ​/ ការថែទាំ : ​ ​

* មុនពេល​កើត :​ ​ - ឲ្យ​មេគោ​សំរាក​ពី​ការងារ ១- ២ ខែ​មុន​ពេល​កើត​ ​ ​

  • អោយ​ស៊ី​ស្មៅ​ខ្ចី​ ​ ​

  • ក្រោល​ត្រូវ​ស្អាតបាត ស្ងៀមស្ងាត់​ ​


​* ពេល​កើត : ​ ​ជាទូទៅ​ការបង្កើត​កូន​របស់​មេ​គោ មិនសូវ​មាន​បញ្ហា​ទេ លើកលែងតែ​ក្នុង​ករណី​ដែល​មេ​ពិបាក​ ​កើត​ដោយ​សារ​កូនភ្លោះ ឬក៏​កូន​ក្នុង​ពោះ​ឋិត​ក្នុង​ស​ភាពមិនធម្មតា ។ ពេល​កើត​ភ្លាម​ត្រូវយក​ចំបើង​ជូត​ទឹក​ ​រំអិល​ឲ្យ​កូនគោ​ឲ្យបាន​ស្អាត រួច​ហើយ​ទុក​ឲ្យ​មេ​វាលិត ។ ឲ្យ​មេគោ​ផឹក​ទឹកអំបិល ឬ ក៏​ទឹកតែ​លាយ​ស្រា​ ( ទឹកតែ ១​លីត្រ + ស្រា ១០ សា្លប​ព្រាបា​យ ) តាម​ធម្មតា​សុក​ធ្លាក់​អស់​ក្នុង​ចន្លោះ​ពេល​ពី ៤-៦ ម៉ោង ។​ ​


* ក្រោយពេល​កើត : ​ ​យក​ទឹក​ក្តៅ​អ៊ុនៗ លាយ​អំបិល​លាង​ទឹក​សំអាត​ដោះ យោ​នី និង​ម្តុំ​គូទ ខាងក្រោយ ។​ ​

  • ​កើត​បាន ១ ម៉ោង​ត្រូវ​ឲ្យ​កូនគោ​បៅដោះ​ ​

  • ​ឲ្យ​មេគោ​ស៊ី​ស្មៅ​ខ្ចី ស៊ី​បបរ ឬក៏​ចំណី​ណា​ដែល​ស្រួល​រំលាយ​ ​

  • ​ឲ្យ​មេគោ​សំរាក ១​ខែ ក្រោយពេល​បង្កើតកូន រួច​ហើយ​ឲ្យធ្វើ​ការស្រាលៗ ជា​បណ្តើរៗ ។​ ​


​៣. ការ​ចិញ្ចឹម​កូន​គោ :

  • ​ឲ្យ​កូន​គោបៅ​ទឹកដោះ​ដំបូង​ភ្លាម ក្រោយពេល​វា​អាច​ងើបឈរ​បាន ។​ ​

  • ​ក្នុង ១០ ថ្ងៃ​ដំបូង​ត្រូវ​ឲ្យ​កូន​គោបៅ​ឲ្យបាន​ឆ្អែត​គ្រប់គ្រាន់​ ​ ​

  • មិន​ត្រូវ​លែង​កូន​គោ ឲ្យ​ដើរ​តាម​មេ​វា​ទេ​ ​ ​

  • ចាប់ពី​អាយុ ១ ខែ​ត្រូវ​បង្កាត់កូន​គោ​ឲ្យ​ចេះ​ស៊ី​ស្មៅ​ខ្ចី​ ​

  • ​អាច​ផ្តាច់ដោះ​កូន គោ​ក្នុង​អាយុ ៥- ៦ ខែ​


​៤. ចិញ្ចឹម​គោ​ភ្ជួរ​រាស់ អូសទាញ :​ ​

ក​/ ការផ្តល់​ចំណី :

បើ​ឲ្យ​គោ​ធ្វើការ​ពេញ ១ ថ្ងៃ​ត្រូវ​ឲ្យ​វា​ស៊ី ៣ ពេលព្រឹក ថ្ងៃត្រង់ និង​យប់ ។​ ​ត្រឡប់មក​ពី​ធ្វើការ មិន​ត្រូវ​ឲ្យ​ស៊ី​ភ្លាម​ទេ​ត្រូវ​ឲ្យ​វា​សំរាក លាង​ទឹក​សំអាត​ខ្លួនប្រាណ​ឲ្យ​វា រួចហើយ ៣០ ​នាទី​ក្រោយ​ឲ្យ​ផឹកទឹក លាយ​អំបិល (១០​ក្រាម​ក្នុង​ទំងន់ ១០០ គ​ក្រ​) រួច​ហើយ​សឹម​ឲ្យ​ស៊ី ។ ខែ​ក្តៅ ធ្វើការ​ ​ហើយ​មិន​ត្រូវ​ឲ្យ​គោ​ផឹកទឹក​ភ្លាម​ទេ ត្រូវ​ឲ្យ​វា​សំរាក ១៥-២០ នាទី សិន​សឹម​ឲ្យ​វា​ផឹកទឹក ។ ត្រូវ​ឲ្យ​គោ​ផឹក​ ​ទឹកស្អាត ២០ - ៣០ លីត្រ ។​ ​ ​

ខ​/ ការថែទាំ :

  • ក្រោយពេល​ភ្ជួរ​រាស់​រួច​ត្រូវ​ច្របាច់​ស្មា​ឲ្យ​វា​ ​

  • ​លាង​ទឹក​ឲ្យ​វា​រាល់ថ្ងៃ ក្រោយ​សំរាក​ពី​ការងារ ៣០ នាទី​ ​

  • ​បើ​ភ្ជួរ​ពេញ​មួយ​ព្រឹក ត្រូវ​ឲ្យ​សំរាក​ពី​រដង​ម្តង​ពី ២០-៣០ នាទី​ ​

  • ​បើ​ភ្ជួរ​រាស់​ជាប់​គ្នា ៥-៦ ថ្ងៃ គួរ​ឲ្យ​សំរាក ១ ថ្ងៃ​ ​

  • ​ក្នុង​រដូវ​ភ្ជួរ​រាស់​ខ្លាំង បើ​ឃើញ​សុខភាព​វា​ទ្រុឌទ្រោម​ត្រូវ​ឲ្យ​សំរាក ៣-៤​ថ្ងៃ បំប៉ន​ស្មៅ​ខ្ចី​ ​កន្ទក់ បបរ ។ ល​។​ ​ ​


៥. ចិញ្ចឹម​គោ​សាច់ :

ចែកជា ៣ តំណាក់កាល :

ក​/ តំណាក់កាល​បៅដោះ : គឺ​ចាប់ពី​ពេល​កើត​រហូតដល់​អាយុ ៦ ខែ​​

  • ​ក្រោយពេល​កើត គប្បី​ជូត​សំអាត​កូន​ឲ្យ​ស្អាត រួច​ហើយ​ឲ្យ​បៅ​ទឹកដោះ​ដំបូង​ ​ ​

  • អាយុ ២ ខែ ឲ្យ​ស៊ី​ស្មៅ​ខ្ចី​ ​ ​- អាយុ ៤ ខែ ឲ្យ​ស៊ី កន្ទក់ ចុង​អង្ករ កាក​សណ្តែក ម្សៅ​ត្រី ​


​ខ​/ ពី​អាយុ ៧ - ២១ ខែ :

​ ​អោយ​ស៊ី​បន្ថែម​ជាតិ​អុយ​រ៉េ (​តែ​មិនឲ្យ​លើស​ពី ២៥​ក្រាម ក្នុង​ទំងន់​សត្វ ១០០​គ​ក្រ​ក្នុង ១​ថ្ងៃ​) ​ហើយ​ត្រូវ​ចែក​ជា​ពីរ​ពេល ។ ដើម្បី​កុំ​ឲ្យ​ពិបាក ត្រូវ​គ្រៀវ​កូន គោ​ក្នុង​អាយុ ១ ឆ្នាំ ។​ ​

​គ​/ ពី​អាយុ ២២-២៤ ខែ :​ ​

  • រដូវក្តៅ លែង​ឲ្យ​ស៊ី​សេរី​លើ​វាលស្មៅ យប់​ឲ្យ​ស៊ី​បន្ថែម​ស្មៅ​ខ្ចី ចំបើង ស្មៅ​ស្ងួត ។​ ​

  • ​រដូវភ្លៀង មិន​ត្រូវ​ឲ្យ​គោ​នៅ​កណា្ត​ល​ភ្លៀង​យូរពេក​ទេ ត្រូវមាន​ស្មៅ ចំបើង បង្ការ​ទុក​ឲ្យ​គោ​ ​ស៊ី ។ ឲ្យ​ស៊ី​បន្ថែម កន្ទក់ កាក​សណ្តែក ម្សៅ​ត្រី ។​


របៀប​ចិញ្ចឹម​ក្របី​​


I. ការជ្រើសរើស​ពូជ :

​បើ​យើង​ជ្រើសរើស​ក្របី​សំរាប់​ភ្ជួរ​រា​ស់ អូសទាញ នោះ​ការជ្រើសរើស​គឺ ដូចគ្នា​នឹង​គោ​ដែរ ។​​

​II. របៀប​បង្កាត់​ពូជ :

​ ​អោយ​ពាក់​ផ្ទាល់ លែង​ក្របី​ញី និង ក្របី​ឈ្មោល ជាមួយគ្នា​ក្នុង ហ្វូង​នោះ​អត្រា​បង្ក​កំណើត​ខ្ពស់​ ​មិន​ចុះសោហ៊ុយ តែ​ក្របី ឆាប់​ចុះខ្សោយ ។​ ​ ​អោយ​ពាក់​តាម​ការកំណត់ : ចិញ្ចឹម​ក្របី​ញី​ដោយឡែក​ពី​ក្របី​ឈ្មោល ។ កាលណា​ក្របី​ញី​រក​ ​ឈ្មោល ទើប​យក​បា​ដែល​យើង​ពេញចិត្ត​មក​ឲ្យ​ពាក់ របៀប​នេះ​យើង​អាច​ដឹង ថ្ងៃ​ដាក់​ឈ្មោល និង​ថ្ងៃ​កើត​ ​ហើយ​អាច​ជ្រើសរើស ក្របី​ឈ្មោល​ល្អ​ទុក​ធ្វើ​ពូជ ។​ ​

III. ការផ្តល់​ចំណី និង ថែទាំ :​

​ក្របី​ឈ្មោល : អាយុ​ពី ២-២.៥​ឆ្នាំ ចាប់ផ្តើម​ហិត​ញី តែ​គប្បី​អោយ​វា​ពាក់​ញី​ក្នុង​អាយុ ៣-៤​ឆ្នាំ​ ​ហើយ​គ្រៀវ​ក្នុង​អាយុ ១០​ឆ្នាំ ។ ចំ​ពោះ​ក្របី​ឈ្មោល​ដែល​មិន​ទុក​ធ្វើ​ពូជ ត្រូវ​គ្រៀវ​ក្នុង​អាយុ ៥-៦ ឆ្នាំ ។​ ​

​ក្របី​ញី : អាយុ​ដាក់​ឈ្មោល​ជា​លើកដំបូង គឺ ២-៣ ឆ្នាំ ។​ ​

  • ​រយៈពេល​រក ឈ្មោល​ជា​មធ្យម​គឺ ៤ ថ្ងៃ (២-៩ ថ្ងៃ​) ។​ ​

  • ​រដូវ : ២៨ ថ្ងៃ​ ​

  • រយៈពេល​ផើម​ជា​មធ្យម ៣០៧ ថ្ងៃ (៣០០-៣១៥ ថ្ងៃ​) ​ ​ចំពោះ​ការថែទាំ និង ផ្តល់​ចំណី គឺ​ដូចគ្នា​នឹង​ការចិញ្ចឹម​គោ​ដែរ ។


(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)

សេ​ដាក​ធ្វើ​សិក្ខាសាលា​សហព័ន្ឋ​សហគមន៍​អ្ន៍ក​ផលិតស្រូវ​សរីរា​ង​ថ្នាក់ជាតិ

ភ្នំពេញ: អង្គការ​សេ​ដាក​បានរៀបចំ​សិក្ខាសាលា​សហព័ន្ឋ​សហគមន៍ អ្នក​ផលិត​ស្រូវ​សរីរាង្គ​ថ្នាក់ជាតិ មួយ​នៅ​ព្រឹក​ថ្ងៃ​ទី ៤ ខែមិថុនា ឆ្នាំ ២០១០​នៅ​ការិយាល័យ កណ្តាល​របស់ អង្គការ​សេ​ដាក ក្រុងភ្នំពេញ​ដែល​មាន​តំនាង​សហគមន៍​ចំនួន ​៥០​នាក់​ ចូលរួម​ ។​

​    ​អ្នក​រៀបចំ​កម្មវិធី​បាន​និយាយ​ថា​ដើម្បី​រៀបចំ​សហគមន៍​ផលិត​ស្រូវ​ សរីរាង្គ​ឲ្យមាន​លក្ខណៈ​ស្តង់ដា​ត្រឹមត្រូវ និង​ដើម្បី​ពង្រឹង​គណៈកម្មការ ក៏​ដូចជា​ក្រុមឲ្យមាន​សមត្ថភាព និង​រៀនសូត្រ​ពី​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​ទើប​មាន​ការរៀបចំ​សិក្ខាសាលា​ នេះ​ឡើង ​។ ​សមាជ​សហព័ន្ឋ​សហគមន៍​អ្នក​ផលិតស្រូវ​សរីរា​ង្គ ថ្នាក់​ជាតិ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់ៗ​មួយចំនួន​ក្នុងនោះ​ដូច​ជា​ ដើម្បី​ពង្រឹង​នូវ​សមត្ថភាព​និង​ការ​យល់​ដឹង​បន្ថែម​អំពី​ការ​បន្សុត​ ពូជស្រូវ​,​ ការបង្ហាញរបាយ​ការណ៏ ប្រមូល​ទិញស្រូវ​ក្នុង​ឆ្នាំ ២០០៩-២០១០,​ ការបង្ហាញរ​បាយ​ការណ៏ពង្រាង​ទិន្នន័យ​សំ​រាប់​ឆ្នាំ ២០១០២០១១, ​ផ្សព្វផ្សាយ​រៀបចំ​យុទ្ឋសាស្ត្រ​ការងារ សំរាប់​នៅ​រដូវខាងមុខ​ និង​ការរៀបចំ​យុទ្ឋសាស្ត្រ​ប្រមូលទុន​ភាគហ៊ុនរ​ក​ស៊ី​រួមគ្នា​របស់​សមាជិកសហព័ន្ឋ​ថ្នាក់ជាតិ ​។​

​    ​អង្គការ​សេ​ដាក​បាន​អនុវត្ត​នូវ​កម្មវិធី​អភិវឌ្ឍន៍​មូលដ្ឋាន​ចាប់តាំងពី​ ឆ្នាំ ១៩៩៩ ដែល​បាន​ចាប់​ផ្តើមដំបូង​នូវ​ភូមិ ចំនួន ៣ នៅ​ស្រុក​បាភ្ម្នំ ខេត្ត​ព្រៃវែង ​។ រហូតមកដល់ ​ឆ្នាំ ២០១០​នេះ កម្មវិធី​អភិវឌ្ឍន៍​មូលដ្ឋាន​បាន​គ្រប់​ដណ្តប់​នៅលើ​ភូមិ ចំនួន ៣២០០​ស្ថិត ក្នុង​ខេត្ត​ចំនួន ២០​នៅក្នុង​ប្រទេស​កម្ពុជា ​។ កសិករ​ប្រមាណ​ជា ១០០ ០០០ គ្រួសារ  បានទទួល ផលប្រយោជន៍​ពី​កម្មវិធី ជា​ពិសេស​បាន​កើន​នូវ​ផលិតផល​កសិកម្ម​។ ដើម្បី​ឲ្យកសិករ​ទទួល​បាន​នូវ​ផល​ចំនេញ​ច្រើន​ពី ផលិតកម្ម​របស់ខ្លួន ក៏​ដូចជា​បាននូវការអនុវត្ត​កម្មវិធី​ប្រកប​ដោយ​និរត្តរភាព សេ​ដាក​បាន​ផ្តួចផ្តើម​គំនិត​បង្កើត​នូវ​ទីផ្សារ អង្គការ​សេ​ដាក ដើម្បី​ភ្ជាប់​កសិករ​មក​ទីផ្សារ ជាពិសេស​ផលិតកម្ម​ស្រូវ​ ។ ទីផ្សារ​អង្គការ​សេ​ដាក បាន​ទិញ​ស្រូវ​ពី​ក្រុម​តាំងពី​ឆ្នាំ ២០០៣​មក​ម្លេះ ។ ការទិញ​ស្រូវ​របស់​ទីផ្សារ មាន​ការកើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដែល​ឆ្នាំ ២០០៣​ទីផ្សារ​បានទិញ​ស្រូវ​ចំនួន ១០​តោន​ពី​ក្រុម​ផលិត​ចំនួន ១៨​ក្រុម ហើយ​ឆ្នាំ ២០០៩-២០១០​នេះ ទីផ្សារ​បាន​ទិញ​ស្រូវ​បាន​ចំនួន​ប្រមាណ​១.៥០០ តោន ​៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)

ប្រមុខ​ការទូត​កម្ពុជា ចូលរួម​សន្និសីទ​កំពូល និយាយ​ពី​សន្តិសុខ នៅ​តំបន់​អាស៊ី

ភ្នំពេញ: លោក​ប្រមុខ​ការទូត​កម្ពុជា ហោ ណាំហុង នឹង​ធ្វើជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​ចូលរួម​ក្នុង​សន្និសីទ​កំពូល​លើក​ទី​៣ ស្តីពី អន្តរ​កម្ម និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី ( CICA ) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង អ៊ី​ស្តង់​ប៊ូ​ល ប្រទេស​ទួរគី ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១០​។ នេះ​បើ​តាម​សេចក្តី​ជូន​ព័ត៌មាន របស់​នាយកដ្ឋាន​ព័ត៌មាន ក្រសួងការបរទេស​ ។​

​      ​សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួងការបរទេស នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​មិថុនា​នេះ បានបញ្ជាក់​ថា សន្និសីទ​កំពូល រយៈពេល ៣ ថ្ងៃនេះ គឺជា​វេទិកា​សម្រាប់​សហប្រតិបត្តិ​ការ​ចម្រុះ កិច្ចសន្ទនា​នយោបាយ និង​ការកសាង​ទំនុកចិត្ត ដើម្បី​ធានា​សន្តិសុខ សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​អាស៊ី​ ។​

​    ​លោក​ប្រមុខ​ការទូត ហោ ណាំហុង ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​ចូលរួម​សន្និសីទ​កំពូល​នេះ តប​តាម​ការអញ្ជើញ​របស់​លោក ណី​ស៊ុល​តង់ ណាហ្សា​បេ​យូ ( Nursultan Nazarbayev ) ប្រធានាធិបតី នៃ​ប្រទេស​កា​ហ្សាក​ស្តង់ និង​លោក អាប់​ឌុល​ឡា ហ្គូល ( Abdulalah Gul ) ប្រធានាធិបតី នៃ​ប្រទេស​ទួរគី​ ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)

ភ្នំពេញ​នឹង​មាន​អគារ​កម្ពស់ ៣៨ ជាន់​នៅ​ឆ្នាំ​២០១២

Y2rkmtkzm2ភ្នំពេញ៖ គំរោង​សំណង់​អគារ​វឌ្ឍនៈ​កា​ពី​តា​ល ដែល​មាន​កម្ពស់ ៣៨ ជាន់ ដែល​មាន​តម្លៃ​ជាង ១៥០ លាន​ដុល្លារ​អាមេរិក​នឹង​លេចចេញ​រូបរាង​នៅក្នុង​ខែ​កញា ឆ្នាំ​២០១២ ខាង​មុខ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ ។
​    ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​សាងសង់​អគារ​កម្ពស់ ៣៨ ជាន់ ដែល​ចុះ​កិច្ចសន្យា​សាងសង់​រវាង​ក្រុមហ៊ុន Vattanac Properties Co.,Ltd និង​ក្រុមហ៊ុន POSCO E&C LTD របស់​ប្រទេស​ចិន កាលពី​រសៀល​ថ្ងៃ ពុធ ទី​២ ខែមិថុនា ឆ្នាំ​២០១០ ក្រោម​អធិបតីភាព​របស់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី និង​លោកស្រី  ។​

​    ​លោកស្រី ឈុន លាង បណ្ណាធិការ​ក្រុមហ៊ុន Vattan ac Properties បានឱ្យដឹងថា នៅ​ឆ្នាំ​២០០៥ ក្រុមហ៊ុន Vattan ac Properties បាន​ត្រៀម​ទុន​វិនិយោគ​គម្រោង​សំណង់​អគារ​នេះ ក្នុង​ទឹកប្រាក់​ប្រមាណ​ជា ៣០ លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ដោយសារ​ការជឿជាក់​លើ​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ ទោះបី ស្ថិត​ក្នុង​បរិយាកាស​នៃ​វិបត្តិ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ចពិភពលោក និង​ផលប៉ះពាល់​មួយចំនួន​ក៏​ដោយ​ក៏​ក្រុម​ហ៊ុនេ នៅតែ​ប្តេជ្ញាចិត្ត​តស៊ូ​សាងសង់​សំណង់​អគារ​នេះ​ឥត​រុញ​រា និង​បាន​បង្កើន​ទុន​វិនិយោគ​រហូតដល់ ១៥០ លាន​ដុល្លារ​អាមេរិក​ទៀត​ផង ។

​    ​លោកស្រី​បណ្ណាធិការ​ក្រុមហ៊ុន​បាន​បញ្ជាក់ថា គំរោង​សាងសង់​អគារ​នេះ នឹងត្រូវ​បញ្ចប់​ជា​ស្ថាពរ​តាម​កាលបរិច្ឆេត​កំណត់​នៅ​ខែ កញ្ញា ឆ្នាំ​២០១២ ខាងមុខ ។ អគារ​វឌ្ឍនៈ​កា​ពី​តា​ល​នេះ បាន​សាងសង់​លើ​ផ្ទៃដី ១២៨.០០០ ម៉ែត្រការ៉េ មាន ៣៨ ជាន់ កំពស់ ១៨៣,៨០ ម៉ែត្រ និង​ចំណតរថយន្ត​ក្រោម​ដី ៤ ជាន់ ដែល​នឹង​ផ្តល់​នូវ​ទីតាំង​សម្រាប់​សកម្មភាព​ពាណិជ្ជ​កម្ម​គ្រប់​ប្រភេទ​ដោយ​រួម​បញ្ចូល​ទាំង​ធនាគារ ការិយាល័យ ផ្សារ​ទំនើប ។ ល​។​

​    ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​មានប្រសាសន៍ថា ជំហរ​នយោបាយ​អភិវឌ្ឍ​ន៍​ដ៏​ច្បាស់លាស់ របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មាន​សន្ទុះ​ទៅ​មុខ​ជា​និច្ច ។ ចំណែក​ឯ​សកម្មភាព​សាង សង់​នានា​នៅ​កម្ពុជា​បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​លំហូរ​ចូល​នៃ​មូលធន​មក​កម្ពុជា ព្រមទាំង​ក្លាយជា​ប្រភព​ដ៏​សំខាន់​សំរាប់​ស្រូបយក កំលាំង​ពលកម្ម​ថ្មី​របស់​យុវជន​កម្ពុជា​លើ​ទីផ្សារ​ពលកម្ម ។ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង តែ​រៀបចំ​យុទ្ធសាស្ត្រ​បន្ទាន់​មួយចំនួន​ក្នុង​ការ​តំរង់​ទិស​កំលាំង​ពលកម្ម​ថ្មី​នេះ ឱ្យ​ស៊ីសង្វាក់​គ្នា​ជាមួយ​តំរូវការ ពលកម្ម​លើ​ទីផ្សារ​ការងារ​នាពេល​បច្ចុប្បន្ន ក៏ដូចជា​ពេល​អនាគត​តាមរយៈ​ការអប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ទីផ្សារពលកម្ម​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៏)