ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិង ជាប្រធានអាជ្ញាធរអប្សរា បានអនុញ្ញាតឲ្យលោក ណាហ្គា ហ្គាវ៉ាតាគីស៊ី អគ្គនាយកអង្គការជួសជុលប្រាសាទនៃរដ្ឋាភិបាលជប៉ុន បានចូលជួបសំដែងការគួរសម កាលពីរាត្រីថ្ងៃទី៨ ខែ មិថុនា ឆ្នាំ ២០១០ នៅសណ្ឋាគារ Angkor Palace Resort ក្នុងខេត្តសៀមរាប។
ក្នុងជំនួបនេះលោក ណាហ្គា ហ្គាវ៉ាតាគីស៊ី បានជំរាបជូនលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ថាអង្គការរបស់លោកកំពុងសហការជាមួយនឹងអាជ្ញាធរអប្សរា ដើម្បីធ្វើការជួសជុលបណ្ណាល័យខាងត្បូង នៃប្រាសាទបាយ័ន ដែលការងារនេះកំពុងតែមានដំណើរការទៅមុខ ។ក្រៅពីនេះក្រុមការងារក៏បានជួសជុលព្រះពុទ្ធរូបមួយអង្គ ដែលបារាំងបានធ្វើកំណាយ រកឃើញនៅក្រោមដីនៃប្រាសាទបាយ័នកាលពី ឆ្នាំ១៩៣០ មកម្ល៉េះ ហើយនៅពេលនោះបារាំងបានជួសជុលរួចយកទៅតម្កល់នៅកន្លែងផ្សេង។ លោក តាគីស៊ី បានស្នើសុំគោលការណ៍ពីលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដើម្បីយកព្រះពុទ្ធរូបអង្គនេះទៅតម្កល់នៅកន្លែងដើមវិញ ដែលស្ថិតនៅចំតួកណ្តាលនៃប្រាសាទបាយ័ន ក្រោយពេលបញ្ចប់ការជួសជុលប្រាសាទរួចរាល់។
ថ្លែងក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានសម្តែងការគាំទ្រទាំងស្រុងនូវគោលគំនិតទាំងនេះ ព្រមទាំងបានកោតសរសើរដល់ក្រុមការងាររបស់អង្គការជួសជុលប្រាសាទរបស់រដ្ឋាភិបាលជប៉ុន ក៏ដូចជាអាជ្ញាធរអប្សរាដែលបានសហការយ៉ាងសកម្មក្នុងការជួសជុលបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់មនុស្សជាតិ និងជូនពរឲ្យកិច្ចការជួសជុលនេះដំណើរការដោយជោគជ័យ ៕
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment