ភ្នំពេញ: ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា រួមសហការអង្គការជាតិ អន្តរជាតិនានា កាលពីព្រឹកថ្ងៃទី១០ មិថុនា កន្លងទៅនេះ បានរៀបចំបើកសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារ និងលើកកំពស់សិទ្ធជនពិការ និងផែនការសកម្មភាពជាតិស្តីពីជនពិការ រួមបញ្ចូលជនរងគ្រោះដោយសារមីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ។
អញ្ជើញចូលរួមក្នុងឱកាសនោះរួមមានលោក ស្រីម៉ាហ្គារីត អាដាំសុន ឯកអគ្គរដ្ឋទូតអូស្រាលីប្រចាំកម្ពុជា លោក រីឆាត ប្រ៊ីឌល ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា អស់លោក លោកស្រីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីជំណាញ មន្ត្រីសង្គមកិច្ច រាជធានី -ខេត្ត មន្ត្រីអង្គការជាតិ-អន្តរជាតិ ចំនួន ២២៥នាក់ ហើយអង្គសិក្ខាសាលានេះ នឹងប្រារព្ធពិធីបិទនាល្ងាចថ្ងៃដដែលនេះ ក្រោមអធិបតីភាពលោក ប្រាក់ សុខុន រដ្ឋលេខាធិការស្តីទីការ គណៈរដ្ឋមន្ត្រី ។
លោកស្រី ម៉ាហ្គារីត អាដាំសុន មានប្រសាសន៍ថា រដ្ឋាភិបាលប្រទេសអូស្ត្រាលី គ្រោងនឹងរៀបចំចុះហត្ថលេខាលើអនុសញ្ញា ស្តីពីជនពិការ ហើយអូស្ត្រាលីបានត្រៀមរៀបចំជួយដល់ប្រទេសកម្ពុជា ក្រោមអនុសញ្ញានេះ ។ អូស្ត្រាលីមានមូលនិធិសម្រាប់ជួយដល់អង្គការជនពិការជាតិ និងអន្តរជាតិ ដែលកំពុងធ្វើសកម្មភាពក្នុងប្រទេសកម្ពុជា ។
លោក អ៊ិត សំហេង មានប្រសាសន៍ថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយដល់ក្រសួងស្ថាប័ន មន្ទីរ អង្គការជាតិ - អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា នូវខ្លឹមសារនិងការចែករំលែក នូវបទពិសោធន៍ទាក់ទងនិងច្បាប់ ស្តីពីកិច្ចការពារ និងលើកកំពស់សិទ្ធិជនពិការ ផែនការជាតិស្តីពីជនពិការរួមបញ្ចូល ជនពិការដោយសារមីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនពិការ សំដៅបំផុសការយល់ដឹង និងជំរុញការចូលរួមការអនុវត្តន៍ច្បាប់ ផែនការសកម្មភាពការងារពាក់ព័ន្ធនឹង វិស័យពិការភាព និងការជួយជនពិការរួមបញ្ចូលទាំង ជនពិការដោយសារមីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ៕
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment