Thursday, June 10, 2010

ការ​ហាត់ប្រាណ​រយៈពេល​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ជួយ​ទប់ស្កាត់​ការឡើង​ទំងន់

យោង​តាម​កាសែត Wall Street Journal កាលពី​ថ្ងៃ​អង្គារ​បានឲ្យដឹងថា ការសិក្សា​ថ្មី​មួយ​ដោយ​សាលា​វេជ្ជសាស្ត្រ Harvard ប្រហែល​ជា​ជួយ​ដល់​ស្ត្រី​វ័យ​កណ្តាល ដែល​មាន​បញ្ហា​ដោយសារ​ភាពធាត់​របស់​ពួកគេ កាន់តែ​កើនឡើង ។
​    ​ក្រុម​អ្នកស្រាវជ្រាវ​បាន​ធ្វើ​ការតាមដាន ស្ត្រី​ដែល​មាន​សុខភាព​ល្អ​ជាង ៣៤.០០០​នាក់ ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​ដែល​មានឈ្មោះ​ថា ការសិក្សា​សុខភាព​របស់​ស្ត្រី ឬ Women's Health Study ។ នៅពេល​ការសិក្សា​បាន​ចាប់ផ្តើម​ធ្វើ​នៅក្នុង​ឆ្នាំ​១៩៩២ អាយុ​ជា​មធ្យម​របស់​ស្ត្រី​ទាំងនោះ គឺ ៥៤​ឆ្នាំ ។ ស្ត្រី​ទាំងអស់​ទទួលទាន​រប​ប​អាហារ​ធម្មតា ហើយ​គ្មាន​ការណែនាំ​ឲ្យ​កាត់បន្ថយ​ជាតិ​កាឡូរី​ទេ ។​
​    ​លទ្ធផល​បង្ហាញ​ថា ស្ត្រី​ទាំងនោះ​បាន​ឡើង​ទំងន់​ជា​មធ្យម ២,៥៨​គីឡូគ្រាម​ទូទៅ ។ មានតែ​១៣​ភាគរយ​ប៉ុណ្ណោះ​នៅក្នុង​ចំណោម​ស្ត្រី ដែល​ចូលរួម​នៅក្នុង​ការសិក្សា​នេះ រក្សាបាន​នូវ​ទំងន់​ដែល​ប្រកប​ដោយ​សុខភាព នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ហើយ​អ្នក​ដែល​ធ្វើការ​ហាត់ប្រាណ​ជា​មធ្យម រយៈពេល​មួយ​ម៉ោង​ក្នុង​មួយថ្ងៃ ឬ​ច្រើន​ជាង​នេះ ទំនង​ជា​ស្ថិតក្នុង​ក្រុម​នោះ ។​
​    ​មន្ត្រី​សុខាភិបាល​អាមេរិក ធ្លាប់​បាន​ណែនាំ​ពលរដ្ឋ​អាមេរិក ឲ្យធ្វើ​ការ​ហាត់ប្រាណ ពីរ​ម៉ោង​កន្លះ​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ធ្វើឲ្យ​សុខភាព​ល្អ ។ ឥឡូវនេះ​ទស្សនៈ​ពី​បុរាណ​ត្រូវបាន​បដិសេធ​លោកស្រី អ៊ី​មីន លី អ្នកស្រាវជ្រាវ​ឈានមុខ​គេ​នៅ​ក្នុង​ការសិក្សា​នេះ និង​ជា​សាស្ត្រាចារ្យ​នៅ​សាល​វេជ្ជសាស្ត្រ Harvard បាន​និយាយថា “ លទ្ធ​ផ​លើកឡើងថា ការណែនាំ​នាពេល​បច្ចុប្បន្នឲ្យ​ធ្វើ​ការហាត់​ប្រាណ ពីរ​ម៉ោង​កន្លះ​ក្នុង​មួយ​សប្តាហ៍​នោះ​គឺ មិន​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​ស្ត្រី​វ័យ​កណ្តាល មិន​ឲ្យ​ឡើង​ទំងន់​បានទេ ដោយសារ​ពួកគេ​កាន់តែ​ចាស់ ” ។​
​    ​លោកស្រី​ក៏​បាន​និយាយ​ផងដែរ​ថា ស្ត្រី​មិនត្រូវ​បាក់​ទឹកចិត្ត​ដោយសារ​ការណែនាំ ឲ្យធ្វើ​ការហាត់​យូរ​ជាង​នេះ​នោះ ។ លោកស្រី​បាន​និយាយថា “ ពួកគេ​អាច​ធ្វើ​ការផ្លាស់ប្តូរ​បន្តិច​បន្តួច ចំពោះ​របៀប​ហាត់ប្រាណ​របស់​ពួកគេ ដូចជា​ការដើរ​ឬ​ជិះ​កង់​ទៅ​ធ្វើការ ដោយ​ចត​រថយន្ត​របស់​ពួកគេ​នៅ​ឆ្ងាយ​ពី​ការិយាល័យ ។ ប្រសិនបើ​ការ​ហាត់ប្រាណ​៧​ម៉ោង​ក្នុង​មួយ​សប្តាហ៍ ពិបាក​ធ្វើ​ពេក ការ​ហាត់ប្រាណ​ដ៏​ខ្លាំងក្លា​ដូចជា ការ​រត់​នោះ អាច​កាត់បន្ថយ​តម្រូវការ​ពេលវេលា ប្រចាំ​សប្តាហ៍​ពាក់កណ្តាល ” ៕
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

No comments:

Post a Comment