លោកតាព្រហ្ម យិន អាយុ៦៨ឆ្នាំ ជាអ្នករៀបចំពិធីថ្វាយអារក្សអ្នកតាសុំទឹកភ្លៀងបានមានប្រសាសន៍ថា ប្រជាពលរដ្ឋចំនួន២ភូមិនៅឃុំផ្សេងៗគ្នាបាននាំគ្នាធ្វើពិធីបួង សួងសុំទឹកភ្លៀងដោយនិមន្ដព្រះសង្ឃចំរើនព្រះបរិត្ដ និងប្រគំភ្លេងថ្វាយអារក្សអ្នកតានាមជីកអន្ទង់ ។ អ្នកភូមិតែងតែធ្វើពិធីនេះមិនដែលខានឡើយ ដើម្បីសុំសេចក្ដីសុខ តែដោយឡែកឆ្នាំនេះចូលដល់រដូវវស្សាទៅហើយគ្មានភ្លៀងធ្លាក់សោះធ្វើឱ្យអ្នកភូមិមិនទាន់បានសាបព្រោះក៏ផ្ដួចផ្ដើមនាំគ្នាធ្វើពិធីបួងសួងសុំសេចក្ដីសុខនិងលេងភ្លេងថ្វាយអារក្សអ្នកតាសុំឱ្យមានភ្លៀងធ្លាក់។
លោកតាព្រហ្ម យិន បន្ដថា ការលេងភ្លេងថ្វាយអារក្សនេះក៏មានអ្នកស្នងរូប តាជីកអន្ទង់ចូលសណ្ឋិតដែរ ។ អ្នកភូមិដែលចូលរួមបានសួរអ្នកស្នងរូបថាតើថ្ងៃណា ទើបភ្លៀងធ្លាក់ ? ហើយមូលហេតុអ្វីបានជាមិនមានភ្លៀង ។ អ្នកឆ្លើយចេះតែឆ្លើយអ្នកសួរចេះតែសួរ ដែលនេះជាទំនៀមទំលាប់មួយរបស់អ្នកស្រុក ។
លោកហេង វន្ថា អភិបាលរងខេត្ដកំពត មានប្រសាសន៍ប្រាប់កោះសន្ដិភាពថា ខេត្ដកំពតជួបគ្រោះរាំងស្ងួតដូច្នេះមិនទាន់មានប្រជាពលរដ្ឋណាបានសាបព្រោះទេ ។ ការរាំងស្ងួតនេះធ្វើឱ្យអ្នកផលិតអំបិលមានចំនួនកើនឡើង តែអ្នកធ្វើស្រែចំការកំពុងខ្វល់ខ្វាយពីការបង្កបង្កើនផល ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment