Tuesday, June 15, 2010

Auto Draft

អ្នកភូមិ​មក​ពី​ខេត្ត​កំពង់ចាម ស្នើ​ឲ្យ​លោក ហ៊ុន សែន អន្តរាគមន៍​រឿង​ដីធ្លី


ប្រជា​ពលរដ្ឋ​ចំនួន ៨០​នាក់ កំពុង​តវ៉ា​រឿង​ដីធ្លី​នៅ​មុខ​វត្ត​បទុមវតី ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៤ មិថុនា ២០១០


នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​មិថុនា​នេះ នៅ​មុខ​វត្ត​បទុមវតី និង​នៅ​មុខ​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រជា​ពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​មក​ពី​ខេត្ត​កំពង់ចាម បាន​ទទូច​សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍ ចំពោះ​ការ​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ដី​ស្រែ​ចម្ការ និង​ទី​លំនៅ​របស់​ពួក​គាត់។

ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន ៨០​នាក់ តំណាង​ឲ្យ​គ្រួសារ​រង​គ្រោះ ចំនួន​សរុប ១៣៦​គ្រួសារ នៅ​ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​មិថុនា​នេះ បាន​នាំ​គ្នា​អង្គុយ​រង់ចាំ​ដោយ​ស្ងៀម​ស្ងាត់ រយៈ​ពេល ២​ថ្ងៃ​មក​ហើយ តាំង​ពី​ថ្ងៃ​អាទិត្យ​មក នៅ​មុខ​វត្ត​បទុមវតី នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ប្រគល់​ដីធ្លី​ជាង ២០០​ហិកតារ មក​ឲ្យ​ពូក​គាត់​វិញ ដោយសារ​តែ​ដីធ្លី​នេះ បាន​រង​ការ​រឹប​អូស​យក​ដោយ​លោក ហែម ខន។

ក្រុម​ប្រជា​ពលរដ្ឋ​អ្នក​តវ៉ា​ពី​បញ្ហា​ដីធ្លី បាន​ឲ្យ​ដឹង​ទៀត​ថា ពួក​គាត់​មិន​មាន​ស្បៀង​អាហារ​សម្រាប់​បរិភោគ សម្រាប់​រយៈ​ពេល​ច្រើន​ថ្ងៃ​ទេ ក្នុង​ការ​រង់ចាំ​រក​ដំណោះ​ស្រាយ​នោះ។

ការ​មក​សំដែង​ការ​តវ៉ា ជុំវិញ​សំណុំ​រឿង​ដីធ្លី របស់​ប្រជា​ពលរដ្ឋ​នានា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ជា​បន្ត​បន្ទាប់​មក​នេះ គឺ​ស្រប​ពេល​ដែល​អ្នក​រាយការណ៍​ពិសេស ស្ដីពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក Surya Subedi កំពុង​តែ​បំពេញ​ទស្សនកិច្ច​លើក​ទី​៣ នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​មាន​គម្រោង​ការ​ជួប​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​ព្រហស្បតិ៍ ទី​១៧ ខែ​មិថុនា ឆាប់ៗ​នេះ នៅ​ឯ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

ប្រជា​ពលរដ្ឋ ឈ្មោះ ភេត ចាន់ថន អាយុ​៥៣​ឆ្នាំ មក​ពី​ភូមិ​សោម​ចាន់ ឃុំ​គុំពាន់ ស្រុក​មេមត់ ខេត្ត​កំពង់ចាម បាន​ថ្លែង​ថា ប្រជា​ពលរដ្ឋ​រស់​នៅ​លើ​ដី​នោះ តាំង​ពី​ដូន​តា​មក និង​ឆ្នាំ​១៩៧៩​មក ប៉ុន្តែ​លោក ហែម ខន បាន​ប្ដឹង​រឹប​អូស​យក​ដីធ្លី​នោះ នៅ​ក្នុង​ឆ្នាំ​២០០៦ ហើយ​បាន​ឈ្នះ​ក្តី​ទៀត។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «ឲ្យ​សម្ដេច​ជួយ​ធ្វើ​ម៉េច ឲ្យ​បាន​ដី​ហ្នឹង ឲ្យ​កូន​ចៅ​ធ្វើ​វិញ ហើយ​កុំ​ឲ្យ​គេ​ប្ដឹង​ផ្ដល់ កុំ​ឲ្យ​គេ​ដេញ​ចាប់។ អ៊ីចឹង​រវល់​តែ​ភ័យ អត់​បាន​ធ្វើ​អី ផ្ទះ​ក៏​គេ​ឲ្យ​រុះ ដំណាំ​កៅស៊ូ​ស្វាយ​គេ​ឲ្យ​កាប់​ចេញ។ ហើយ​ប្រជា​ពលរដ្ឋ​មិន​ដឹង​ជា​មាន​អី»

ប្រជា​ពលរដ្ឋ​ចំនួន ៥​នាក់ ដែល​បាន​រង​ការ​ប្តឹង​ដោយ​ឈ្មោះ ហែម ខន កំពុង​តែ​រត់​លាក់​ខ្លួន​ពី​ផ្ទះ​សំបែង។

ប្រជា​ពលរដ្ឋ​ម្នាក់​ទៀត ឈ្មោះ ជ្រះ យ៉ោក អាយុ​៥២​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ខែ​ឧសភា​ថ្មីៗ​នេះ ដាក់​ក្នុង​ពន្ធនាគារ។

ប្រជា​ពលរដ្ឋ ឈ្មោះ ចាប ថេន អាយុ​៣៥​ឆ្នាំ នៅ​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​មក​តវ៉ា​រឿង​ដីធ្លី​ខាង​លើ​នេះ បាន​ថ្លែង​ថា ៖ «ធ្លាប់​ប្ដឹង​ប្រជា​ពលរដ្ឋ ឈ្មោះ​គេ ហែម ខន តែ​មិន​ដឹង​មុខ​លោក ហែម ខន ហ្នឹង​ដូច​ម៉េច​ទេ មុខ​លោក ហែម ខន ហ្នឹង»

វិទ្យុ​អាស៊ី​សេរី បាន​ទាក់​ទង​ទៅ​លោក ប៊ុន សុខ មន្ត្រី​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សាក​សួរ ថា​តើ​នឹង​មាន​ការ​ជួយ​ដោះ​ស្រាយ​បែប​ណា ដល់​គ្រួសារ​ប្រជា​ពលរដ្ឋ​ទាំង​នោះ ប៉ុន្តែ​លោក​មិន​បាន​ឆ្លើយ​នឹង​សំណួរ​នោះ​ទេ ហើយ​បិត​ទូរស័ព្ទ។

ឯកសារ​សាលក្រម ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន បាន​ឲ្យ​ដឹង​ថា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៦​កន្លង​ទៅ តុលាការ​ខេត្ត​កំពង់ចាម បាន​កាត់​សេចក្ដី ឲ្យ​លោក ហែម ខន ឈ្នះ​ក្តី ក្នុង​នាម​ដើម​បន្តឹង ប្ដឹង​ប្រជា​ពលរដ្ឋ​ចំនួន ៦​នាក់ ដើម្បី​រឹប​យក​ដីធ្លី។ តុលាការ​បាន​បង្គាប់​ឲ្យ​ប្រជា​ពលរដ្ឋ​ចាញ់​ក្តី​ទាំង​នោះ រួម​គ្នា​សង​ជំងឺ​ចិត្ត​លោក ហែម ខន ចំនួន​១០​លាន​រៀល។

ប្រជា​ពលរដ្ឋ ដែល​មក​តវ៉ា បាន​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​ប្ដឹង​តវ៉ា​ទៅ​អាជ្ញាធរ​មូលដ្ឋាន​នានា ប្ដឹង​មក​ខុទ្ទកាល័យ​របស់​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា លោក ហេង សំរិន ប្រធាន​សភាជាតិ ប៉ុន្តែ​គ្មាន​ដំណោះ​ស្រាយ​ទេ។ ប្រជា​ពលរដ្ឋ​មិន​ស្គាល់​ឈ្មោះ ហែម ខន នោះ​ជា​នរណា​ទេ ហើយ​មាន​ឋានៈ​ជា​អ្វី​ឡើយ។

ពួក​គាត់​បាន​ថ្លែង​ថា ការ​មក​តវ៉ា​សុំ​កិច្ច​អន្តរាគមន៍ ពី​មន្ត្រី​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ពេល​នេះ គឺ​ជា​ជម្រើស​ចុង​ក្រោយ​របស់​ពួក​គាត់៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអាស៊ីសេរី)

អាជ្ញាធរ​រារាំង​មិន​ឲ្យ​អ្នក​តវ៉ា​រឿង​ដីធ្លី​ទៅ​កាន់​ផ្ទះ​លោក ហ៊ុន សែន


អាជ្ញាធរ​រារាំង​មិន​ឲ្យ​អ្នក​តវ៉ា​រឿង​ដីធ្លី​ទៅ​កាន់​ផ្ទះ​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៥ មិថុនា ២០១០


ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​ប្រមាណ ២០០​នាក់ មក​ពី​សហគមន៍​ចំនួន ២៤​នៅ​ទូទាំង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែ​មិថុនា​នេះ បាន​មក​ប្រមូល​ផ្ដុំ​គ្នា នៅ​មុខ​វត្ត​បទុមវតី នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​សំដែង​ការ​តវ៉ា និង​ស្នើ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​និង​បញ្ឈប់​ការ​ផ្ដល់​ដី​សម្បទាន ការ​រឹប​អូស​យក​ដីធ្លី​ពី​ប្រជា​ពលរដ្ឋ​ក្រីក្រ ព្រម​ទាំង​បញ្ឈប់​ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់ និង​ការ​នេសាទ​ខុស​ច្បាប់ ដែល​ញាំង​ឲ្យ​ហិន​ហោច​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។

អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ដាក់​ពង្រាយ​កង​កម្លាំង​នគរបាល​ចម្រុះ ប្រមាណ​ជាង ១០០​នាក់ និង​កង​កម្លាំង​នគរបាល​អន្តរាគមន៍ ជាង ៥០​នាក់ មាន​ខែល និង​ដំបង​ឆក់​ឈរ​ជា​ជួរ ដើម្បី​រារាំង​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ដើរ​ដង្ហែ​ក្បួន​ចេញ​ពី​មុខ​វត្ត​បទុមវតី ទៅ​កាន់​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ឆ្ងាយ​ប៉ុន្មាន​ពី​គ្នា។

ប្រជា​ពលរដ្ឋ​មួយ​ចំនួន កាន់​បដា​សរសេរ​ថា រួម​គ្នា​ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ និង​ខ្លះ​ទៀត​កាន់​រូប​ថត របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ជំទាវ ប៊ុន​រ៉ានី ហ៊ុន សែន នៅ​ក្នុង​ការ​ឈរ​តវ៉ា​នៅ​មួយ​កន្លែង នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែ​មិថុនា​នេះ។

ក្រុម​ប្រជា​ពលរដ្ឋ​តវ៉ា បាន​រំសាយ​គ្នា​វិញ ដោយ​ពុំ​មាន​កើត​មាន​អំពើ​ហិង្សា​អ្វី​ទេ។ ការ​មក​តវ៉ា​ផ្ដុំ​គ្នា​មក​ពី ២៤​ខេត្ត​ក្រុង​នេះ នៅ​ស្រប​ពេល​ដែល​អ្នក​រាយការណ៍​ពិសេស​របស់ អ.ស.ប. ទទួល​បន្ទុក​សិទ្ធិ​មនុស្ស នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) កំពុង​តែ​បំពេញ​ទស្សនកិច្ច​លើក​ទី​៣ រយៈ​ពេល ១០​ថ្ងៃ នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​មាន​គម្រោង​ការ​ជួប​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​មិថុនា ឆាប់ៗ​នេះ នៅ​ឯ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ផ្ដោត​លើ​បញ្ហា​ជា​ច្រើន រាប់​ទាំង​បញ្ហា​ដីធ្លី ប្រព័ន្ធ​តុលាការ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នានា​កន្លង​មក៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអាស៊ីសេរី)

អង្គការ​លីកាដូ​ថា តុលាការ​ខេត្ត​កំពង់​ឆ្នាំង​ឃុំ​ខ្លួន​មនុស្ស​ហួស​ថេរវេលា



គេហទំព័រ​របស់​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការ​ពារ​សិទ្ធិ​មនុស្ស លីកដូ (LICADHO)។


តុលាការ​ខេត្ត​កំពង់ឆ្នាំង បាន​មាន​ប្រតិកម្ម​ចំពោះ​របាយការណ៍​របស់​អ្នក​ស៊ើប​អង្កេត​អង្គការ​លីកាដូ ដែល​ថា មាន​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​បណ្ដោះ​អាសន្ន​លើស​នីតិ​វិធី​ច្បាប់។

តុលាការ​ខេត្ត​កំពង់ឆ្នាំង បាន​ច្រាន​ចោល​តួ​លេខ​នៃ​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​បណ្ដោះ​អាសន្ន លើស​នីតិ​វិធី​ច្បាប់ ដែល​អង្គការ​លីកាដូ​បាន​លើក​ឡើង​ក្នុង​របាយការណ៍​របស់​ខ្លួន នា​ពេល​ថ្មីៗ​កន្លង​ទៅ។

ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លោក ពេញ វិបុល មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា​ថា តួលេខ​ដែល​មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ បាន​លើក​ឡើង​មក​នោះ គឺ​ជា​តួ​លេខ​មិន​ពិត​ឡើយ។ លោក​បន្ត​ថា ក្នុង​ខេត្ត​កំពង់ឆ្នាំង ពុំ​មាន​ករណី​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​បណ្ដោះ​អាសន្ន​លើស នីតិ​វិធី ដូច​ក្នុង​របាយ​ការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​នោះ​ទេ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «ខ្ញុំ​មិន​អាច​ទទួល​យក​បាន នូវ​របាយការណ៍​របស់​អង្គការ​លីកាដូ ដែល​លើក​ឡើង​ថា នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​នេះ បាន​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ហួស​ថេរវេលា​កំណត់ ចំនួន ១៩​នាក់ តាំង​ពី​ខែ​មករា ដល់​ខែ​មេសា ២០១០ នោះ​ទេ។ ដោយ​ហេតុ​ថា កន្លង​មក​នេះ ខ្ញុំ​បាន​ទទួល​របាយការណ៍​ពី​ពន្ធនាគារ​ខេត្ត នៅ​ថ្ងៃ​ទី​៦ ឧសភា ឆ្នាំ​២០១០ ថា មាន​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ហួស​ថេរវេលា​កំណត់​តែ​៨​នាក់​ទេ»

លោក​សំណូមពរ​ឲ្យ​គ្រប់​អង្គការ ដែល​ពាក់ព័ន្ធ​មេត្តា​មក​ទាក់​ទង​ជា​មួយ​តុលាការ ដើម្បី​ទទួល​បាន​នូវ​របាយការណ៍​ពេញ​លេញ ត្រឹម​ត្រូវ មុន​នឹង​យក​ទៅ​ប្រើ​ប្រាស់​វា​ជា​ផ្លូវ​ការ​នោះ។

របាយការណ៍​របស់​អង្គការ​លីកាដូ​បង្ហាញ​ថា នៅ​ដើម​ឆ្នាំ​២០១០ នេះ គឺ​ចាប់​ពី​ខែ​មករា ដល់​ខែ​មេសា អង្គការ​លីកាដូ​បាន​រក​ឃើញ​ថា តុលាការ​នៅ​បណ្ដា​ខេត្ត​មួយ​ចំនួន បាន​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​បណ្ដោះ​អាសន្ន​លើស​នីតិ​វិធី​ចំនួន ៩២​ករណី។ ក្នុង​នោះ នៅ​ខេត្ត​ព្រះសីហនុ មាន ៤​ករណី ខែត្រ​កំពង់ស្ពឺ ២២​ករណី កំពង់ឆ្នាំង ១៩​ករណី កំពង់ធំ ៤​ករណី ពោធិ៍សាត់ ៤១​ករណី និង​ស្វាយរៀង ២​ករណី។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីការដូ លោក អំ សំអាត បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា​ថា ករណី​នៅ​ខេត្ត​កំពង់ឆ្នាំង អាច​មាន​ការ​យល់​ច្រឡំ​គ្នា ចំពោះ​ថិរវេលា​នៃ​របាយការណ៍​នោះ។ លោក​បន្ត​ថា តួ​លេខ​ដែល​លោក​បាន​លើក​យក​មក​និយាយ គឺ​គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​មេសា ឆ្នាំ​២០១០។ ឯ​ការ​បំភ្លឺ​របស់​ព្រះ​រាជ​អាជ្ញា គឺ​នៅ​ដើម​ខែ​មិថុនា។

លោក​ថា ចំនួន​អាច​មាន​ការ​ថយ​ចុះ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ៖ «តាម​ការ​ចេញ​ផ្សាយ​ថា ១៩​នោះ បើ​តាម​យើង​មើល​ពី​ខែ​១ ដល់​ខែ​បួន​នោះ ខ្ញុំ​ថា​ខ្ញុំ​យក​តែ​មធ្យម​ភាគ​ផង​ទេ»

នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក សុក សំអឿន មាន​ប្រសាសន៍​ថា ជា​រឿយៗ​គេ​តែង​សង្កេត​ឃើញ​មាន​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​បណ្ដោះ​អាសន្ន​លើស​នីតិ​វិធី នៅ​បណ្ដា​ខេត្ត​មួយ​ចំនួន​នោះ​មែន។ យ៉ាង​ណា​ក៏​ដោយ លោក​បាន​ក្រើន​រំលឹក​អំពី​នីតិ​វិធី​នៃ​ការ​ឃុំ​ខ្លួន​ថា ចំពោះ​បទ​ឧក្រិដ្ឋ ចៅក្រម​ស៊ើប​សួរ អាច​ធ្វើ​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​បណ្តោះ​អាសន្ន​រយៈ​ពេល ៦​ខែ ប៉ុន្តែ​បើ​សិន​ជា​ការ​ស៊ើប​អង្កេត​មិន​ទាន់​បញ្ចប់ ចៅក្រម​មាន​សិទ្ធិ​បន្ត​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ២​ដង​ទៀត សរុប​ចំនួន ១៨​ខែ។

ការ​បន្ត​ឃុំ​ខ្លួន​នេះ ត្រូវ​មាន​ដីកា​បន្ត​ឃុំ​ខ្លួន និង​មូលហេតុ​ច្បាស់​លាស់។ រី​ឯ​បទ​ល្មើស​មជ្ឈិម អាច​ឃុំ​ខ្លួន​បាន​ពី ៤ ទៅ​៦​ខែ។ លោក សុក សំអឿន​បន្ត​ថា ការ​ឃុំ​ខ្លួន​លើស​នីតិ​វិធី គឺ​ជា​ការ​រំលោភ​ច្បាប់ និង​រំលោភ​សិទ្ធិ​មនុស្ស៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអាស៊ីសេរី)

សង្គម​ស៊ីវិល​ថ្កោលទោស​អាជ្ញាធរ​ខែត្រ​តាកែវ​ជុំវិញ​រឿង​ព្រំដែន


រូបថត​ផ្ដល់​ដោយ​ក្រុម​អ្នក​បច្ចេកទេស​ខណ្ឌ​សីមា​បង្គោល​ព្រំដែន​គោក​កម្ពុជា​ទី​៤



បង្គោល​តម្រុយ​កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម លេខ​២៧០ នៅ​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ស្រុក​បុរីជលសា ខេត្ត​តាកែវ ដែល​អ្នក​ស្រុក​អះអាង​ថា បោះ​នៅ​លើ​ដី​ស្រែ​ពួក​គាត់។

ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​១៤ មិថុនា​នេះ ថ្កោលទោស​អាជ្ញាធរ​ខេត្ត​តាកែវ ក្នុង​ការ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ចូល​មើល​តម្រុយ​បង្គោល​ព្រំដែន ក្រោយ​ពី​មាន​របាយការណ៍​ថា ការ​បោះ​បង្គោល​នៅ​ក្នុង​ស្រុក​បុរី​ជលសា បាន​ប៉ះពាល់​ដី​ស្រែ​ពលរដ្ឋ។

មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ច​ព្រំដែន លោក វ៉ា គឹមហុង បាន​បដិសេធ​នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ មិថុនា​នេះ ថា អាជ្ញាធរ​មិន​បាន​បិទ​បាំង មិន​ឲ្យ​មាន​ការ​ឃ្លាំ​មើល​ការ​បោះ​បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា​វៀតណាម​ឡើយ ប៉ុន្តែ​ការ​រារាំង​កន្លង​មក​នេះ​បាន​ធ្វើ​ឡើង​ដោយសារ​គេ​កំពុង​ការពារ​មិន​ឲ្យ​មាន​ការ​បំផ្លាញ​បង្គោល​តម្រុយ​នោះ​ប៉ុណ្ណោះ។

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ថ្លែង​ថា បង្គោល​នោះ​គឺ​ជា​បង្គោល​ដែល​គេ​បាន​ធ្វើ​ឡើង​ទ្វេ​ភាគី ប្រើ​ពេល​អស់ ២​ឆ្នាំ ហើយ​បើ​សិន​ជា​មាន​ការ​បំផ្លាញ​នោះ វា​នឹង​នាំ​ឲ្យ​មាន​បញ្ហា​ច្រើន ដូច្នេះ​ហើយ​ទើប​គេ​រង់ចាំ​ឲ្យ​មាន​ការ​បោះ​ឲ្យ​បាន​ស្រេច​បាច់ ដើម្បី​បើក​ឲ្យ​មើល​ជា​សាធារណៈ។

លោក វ៉ា គឹមហុង បាន​បញ្ជាក់​ថា ៖ «ដើរ​ជាន់ បាក់​ខូច ទៅ​ដក រពឹស​ដៃ​ដូច​មុន ទៅ​ដក​ចោល​របស់​ខ្ញុំ​ទៅ! យើង​ខាត​លុយ​អស់​ច្រើន​ណាស់ មួយ​ឆ្នាំ ពីរ​ឆ្នាំ យើង​ធ្វើ​ការ​ទម្រាំ​បាន​ទីតាំង​ហ្នឹង ហើយ​ទៅ​ដក​ចោល! ដល់​គេ​មាន​វិធានការ ថា​រដ្ឋាភិបាល​អាក្រក់ រដ្ឋាភិបាល​កាច... ច្បាប់​មាន​ហើយ​តើ! គេ​ថា អត់​មាន​ហាម​ឃាត់​ទេ ប៉ុន្តែ​លុះត្រាតែ​បង្គោល​នោះ​បាន​បោះ​រួច ជា​បង្គោល​អចិន្ត្រៃយ៍»

លោក វ៉ា គឹមហុង ថ្លែង​បារម្ភ​ខ្លាច​មាន​ការ​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​យ៉ាង​ដូច្នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ចំហ​មួយ នៅ​ថ្ងៃ​ដដែល​នេះ ថ្កោលទោស​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​រារាំង​ពួក​គេ​មិន​ឲ្យ​ចូល​មើល​បង្គោល​ព្រំដែន​លេខ​២៧០ នៅ​ក្នុង​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ស្រុក​បុរីជលសា ខេត្ត​តាកែវ។

លោក ស្រី បេន អភិបាល​ខេត្ត​តាកែវ បាន​បញ្ជាក់​បន្ថែម​ថា អាជ្ញាធរ​មូលដ្ឋាន​គ្រាន់​តែ​ចង់​ការពារ​មិន​ឲ្យ​មាន​ការ​ប៉ះពាល់​ទៅ​ដល់​សន្តិសុខ​ផ្នែក​សតិ​អារម្មណ៍​របស់​ប្រជា​ពលរដ្ឋ។

លោក ស្រី បេន បាន​មាន​ប្រសាសន៍​ថា ៖ «គេ​ធ្វើ​អី ការងារ​ការពារ​សន្តិសុខ​ជូន​ប្រជា​ពលរដ្ឋ​រស់​នៅ​សុខសាន្ត​អ៊ីចឹង​ទៅ! ភារកិច្ច​គេ​អ៊ីចឹង​ណា៎! ហើយ​ក្រៅ​ពី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជា​ពលរដ្ឋ ឲ្យ​សុខសាន្ត​ទាំង​កម្លាំង​កាយ និង​សតិ​អារម្មណ៍ គេ​ធ្វើ​ការងារ​របស់​គេ គេ​ដឹង​តើ! គេ​មាន​អាជីព វិជ្ជាជីវៈ»

បើ​ទោះ​បី​ជា​មាន​ការ​បក​ស្រាយ​ដូច្នេះ​ក្ដី ការ​រារាំង​នេះ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​ចោទ​ប្រកាន់​ថា ជា​ការ​បំបិទ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​សេរី និង​ការ​ខ្វាយខ្វល់​អំពី​បញ្ហា​ទឹក​ដី​របស់​ខ្លួន។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ និង​ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​មាន​ប្រសាសន៍​ថា ពួក​គេ​ចង់​ស្វែង​យល់​អំពី​រឿង​នេះ ៖ «គ្រាន់តែ​ជា​ការ​អះអាង​ដើម្បី​លាក់​បាំង​នូវ​ការ​ពិត​តែ​ប៉ុណ្ណោះ! ហើយ​បើ​សិន​ជា​យើង​ចង់​ច្បាស់ យើង​ទៅ​មើល​ទាំង​អស់​គ្នា មិន​ចាំបាច់​ប្រើប្រាស់​កម្លាំង​អាជ្ញាធរ បញ្ជា​ឲ្យ​ឃាត់​ដំណើរ​អ្នក​តំណាង​រាស្ត្រ ក៏​ដូច​ជា​តំណាង​អង្គការ​សង្គម​ស៊ីវិល ជា​ពិសេស​ប្រតិភូ​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​ធ្វើ​ដំណើរ​ដឹកនាំ​ដោយ​រូប​ខ្ញុំ​ផ្ទាល់ នៅ​ថ្ងៃ​ទី​១៣ (មិថុនា)»

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ដែល​មាន​គ្នា​ចំនួន ៦​នាក់​សុទ្ធ​សឹង​តែ​ជា​គ្រូ​បង្រៀន បាន​នាំ​គ្នា​ចូល​ទៅ​មើល​តម្រុយ​ព្រំដែន​លេខ​២៧០ ក្រោយ​ពី​មាន​ព័ត៌មាន​ថា បង្គោល​តម្រុយ​ព្រំដែន​នោះ​បាន​បោះ​ចូល​ទៅ​ក្នុង​ដី​ខ្មែរ​ប្រហែល ១៥០​ម៉ែត្រ។

មក​ដល់​ចំណុច​ភូមិ​ដើម​ត្រសេក ចម្ងាយ​ប្រមាណ ១​គីឡូម៉ែត្រ​ពី​បង្គោល​តម្រុយ​ព្រំដែន​នោះ ក្រុម​អ្នក​ឃ្លាំ​មើល​ក៏​ត្រូវ​បាន​ប៉ូលិស​ឃាត់។

នេះ​ជា​ការ​ឃាត់​ឃាំង​មិន​ឲ្យ​ចូល​ទៅ​ជិត​ព្រំដែន​លេខ​២៧០ លើក​ទី​២​ហើយ  ក្រោយ​ពី​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ព្យាយាម​ចូល​ទៅ​ជិត​កន្លែង​នោះ​ម្ដង​រួច​ទៅ​ហើយ កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ។

បើ​ទោះ​បី​ជា​មាន​ការ​ចោទ​ប្រកាន់ មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​បាន​មាន​ប្រសាសន៍​ដដែល​ៗ​ថា ពួក​គេ​ធ្វើ​ការងារ​នេះ​យ៉ាង​ត្រឹមត្រូវ ហើយ​បើ​សិន​ជា​មាន​ការ​មិន​សុខ​ចិត្ត គេ​សូម​ឲ្យ​មាន​ការ​តវ៉ា​តាម​រយៈ​រដ្ឋ​សភា៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអាស៊ីសេរី)

ស​ហជីព​២​ធ្វើ​កូដកម្ម​ច្រៀងអាយ៉ៃដាក់គ្នា នៅ​រោងចក្រ​កាត់ដេរ OCEAN

Ywmynzq2odភ្នំពេញ: កូដកម្ម​អហិង្សា​មួយ​បាន​កើតឡើង នៅ​រោងចក្រ​កាត់ដេរ OCEAN Garment Co, LTD ដែល​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​បេតុង ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌដង្កោ កាលពី​ព្រឹក​ថ្ងៃទី​១៤ មិថុនា​នេះ ដោយ​មាន​សហជីព​ចំនួន​២ តំណាង​ឲ្យ​កម្មករស​រុប​ប្រមាណ ៣៥០០​នាក់ បានដាក់​ក្បាល​មេក្រូ​ទល់​មុខគា្ន ជេរ​បញ្ចោរ​គ្នា​ដោយ​សំអាង​ហេតុផល​រៀងៗ​ខ្លួន ។​

​ភាគី​ម្ខាង​គឺ​សម្ព័ន្ធ​សហជីព ចលនា​កម្មករ ដឹកនាំ​ដោយ​លោក ប៉ាវ ស៊ីណា ។ ចំណែក​ភាគី​ម្ខាង​ទៀត គឺ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ដោយ​លោក ម៉ាន់ សេង​ហាក់ ដោយ​លោក​ថៅកែ​រោងចក្រ​ជា​ជនជាតិ​បង់​ក្លា​ដែស ។ កម្មករ​កម្មការិនី​ប្រមាណ ៣៥០០​នាក់ ​គ្នា​ចេញ​ធ្វើ​កូដកម្ម​អហិង្សា នៅ​ពេញ​មុខ​រោងចក្រ ។​

Zddlntlhzg ​លោក ម៉ាន់ សេង​ហាក់ បាន​និយាយថា សហជីព​របស់លោក បានទាមទារ​ដល់​លោក​ថៅកែ​រោងចក្រ នៅ​ថ្ងៃ​បើក​ប្រាក់ខែ សុំ​ឲ្យ​កម្មករ​ឈប់​សម្រាក​ពី​ការងារ​នៅ​ម៉ោង ​៤​ល្ងាច ដើម្បី​បើក​ប្រាក់ខែ ។ ប៉ុន្តែ​សំណើ​នេះ​ត្រូវបាន​ខាង​រោងចក្រ​បដិសេធ និង​ចោទប្រកាន់​មេដឹកនាំ​សហជីព​ ៧​រូប​ថា ជា​អ្នកបះបោរ ហើយ​ចេញ​សេចក្តីសម្រេច​ព្យួរ​ការងារ មានឈ្មោះ សន ភេទ​ប្រុស​, ឃឹម សុធា ភេទ​ប្រុស​, កៅ សុខុម ភេទ​ប្រុស​, ចេង សុ​វណ្ណី ភេទ​ស្រី​, យិន សុ​រ៉ា​ម ភេទ​ស្រី​, ម៉ៅ សុផាត ភេទ​ស្រី​, និង​ឈ្មោះ មួង សុផាត ភេទ​ស្រី ។​

​លោក ម៉ាន់ សេង​ហាក់ បានឲ្យដឹង​ទៀតថា នៅពេល​ដែល​កម្មក​របា​ន​ដឹង ពី​ការ​ព្យួរការងារ​តំណាង​សហជីព​ទាំង​ ៧​នាក់​ខាងលើ កម្មករ​កម្មការិនី​ទាំងអស់ បាន​នាំគ្នា​ធ្វើ​កូដកម្ម ដើម្បី​ទាមទារ​ឲ្យ​តំណាង​រប​ស់​ខ្លួន​បាន​ចូលធ្វើការ​វិញ ។​

​    ​Mdrknmezzgលោក ហ្វា សាលី អគ្គលេខាធិការ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បានឲ្យដឹងថា សហជីព​របស់លោក បាន​អំពាវនាវ​ឲ្យ​កម្មករ កម្មការិនី​ទាំងអស់​ចូលធ្វើការ​វិញ ហើយ​កុំ​ជឿ​តាម​ការ​ញុះញង់​របស់​សហជីព សេរី​កម្មករ ព្រោះ​វា​ធ្វើឲ្យ​បាត់​ផលប្រយោជន៍​បងប្អូន​ទាំងអស់គ្នា ។ ចំពោះការ​ព្យួរ​ការងារ​មនុស្ស​ទាំង ​៧​នាក់​ខាងលើ គឺ​ខាង​រោងចក្រ​យោងតាម​មាត្រា ៧១ និង​ ៧២ នៃ​ច្បាប់​ការងារ ព្រោះ​កន្លងមក​ពួកគាត់​មិន​បាន​បំពេញការងារ ជា​អ្នកដឹកនាំ​មិន​ស្តាំនាយក​រោងចក្រ និង​ប្រធាន​រដ្ឋបាល ហើយ​អាង​អី​គំរាម​ទៅ Buyer ( អ្នក​បញ្ហា​ទិញ ) ធ្វើឲ្យ​ការដាក់​ទុន​វិនិយោគ​របស់​វិនិយោគិន​ថយចុះ កម្មករ​បាត់​ឱកាស​ធ្វើ​ការងារ ។​

​ទោះបី​យ៉ាងណា​ការធ្វើ​កូដក​ម្ម​រវាង​សហជីព​ទាំង ​២​ក្រុម មិន​មាន​អំពើ​ហិង្សា​ឡើយ ប៉ុន្តែ​ការ​ជេរ​ដៀល​គ្នា​ទៅវិញទៅមក ក៏​អាច​ជា​ឈ្នួន​មួយ​មិនល្អ ហើយ​មាន​កិច្ច​អន្តរាគមន៍​ពី​អង្គការ​ពាក់ព័ន្ធ ជាពិសេស​សង្គមកិច្ច ប៉ូលិស ប៉េអឹម ត្រូវ​ជួយ​សម្របសម្រួល កិច្ចការ​នេះ​ឲ្យបាន​ល្អ ។​

Mja5yweymd​ប៉ូលិស​មួយ​រូប​បានឲ្យដឹងថា ក្រសួង​ការងារ នឹង​កោះហៅ​សហជីព​ទាំង​២ នឹង​លោក​ថៅកែ​រោងចក្រ ជួបចរចា​គ្នា​នៅ​ទីស្តីការក្រសួង នា​ព្រឹក​ថ្ងៃទី ១៥ មិថុនា​នេះ ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

សមាសភាព​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ចេញ​ជា​រូបរាង​ហើយ

ភ្នំពេញ: ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​បើក​កិច្ចប្រជុំ​ជា​លើកដំបូង ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​ស្ថាប័ន​កំពូល​នេះ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ម៉ោង ៩ ថ្ងៃ​អង្គារ៍ ទី​១៥ ខែ​មិថុនា​នេះ ​។​    ​
​    ​នៅពេល​បើក​កិច្ចប្រជុំ លោក ហេងវង្ស ប៊ុនឆាត សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ដែល​មាន​វ័យចាស់​ជាងគេ បាន​ដឹកនាំ​អង្គប្រជុំ និង​បាន​ប្រកាស​ពី​សមាសភាព​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ទាំង ១១ រូប ដែល​រួមមាន​៖


​   ១-​ លោក គុយ សុផល តែងតាំង​ដោយ ព្រះមហាក្សត្រ​
​    ២- ​លោក ប្រាក់ សុខ តែងតាំង​ដោយ ព្រឹទ្ធសភា​
​    ​៣-​ លោក តុ​ប សំ តែងតាំង​ដោយ រដ្ឋសភា​
​    ​៤-​ លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​
​    ​៥-​ លោក កែវ រ៉េមី តែងតាំង​ដោយ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​
​    ​៦-​ លោក ជីវ កេង តែងតាំង​ដោយ ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​
​    ​៧-​ លោក អ៊ុត ឈន តែងតាំង​ដោយ អាជ្ញាធរ​សវនកម្ម​ជាតិ​
​    ​៨-​ លោកស្រី សោម គឹម​សួរ ជ្រើសតាំង​ដោយ ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​
​    ៩-​ លោក ស៊ុយ ម៉ុង​លាង ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​
​    ​១០- ​លោក ច័ន្ទ តា​នី តែងតាំង​ដោយ រដ្ឋាភិបាល​
​    ​១១-​ លោក ហេងវង្ស ប៊ុនឆាត តែងតាំង​ដោយ ក្រុមប្រឹក្សា​អ្នកច្បាប់​


​    ​សមាសភាព​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​ទាំង ១១ រូបនេះ ត្រូវ​ធ្វើ​ការបោះឆ្នោត​ជា​សម្ងាត់ ដើម្បី​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​ស្ថាប័ន​កំពូល​នេះ ។ ប៉ុន្តែ​ក្រុម​អ្នកកាសែត មិន​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​សង្កេតការ​ណ៍ ចំពោះ​ការបោះឆ្នោត​នោះទេ​ ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)