សេចក្តីព្រាងច្បាប់នេះ មាន ១០ ជំពូក និង ៥៦ មាត្រា ។ ប៉ុន្តែនៅក្នុងកិច្ចប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែមិថុនានេះ ទើបតែអនុម័តបាន ៥ ជំពូក ប៉ុណ្ណោះ ។ នៅព្រឹកស្អែក រដ្ឋសភានឹងប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងច្បាប់នេះ នៅថ្ងៃពុធស្អែក ។
សេចក្តីព្រាងច្បាប់ ស្តីពី នីតិវិធីនៃរឿងក្តីរដ្ឋប្បវេណី ដែលមិនមែនជាបណ្តឹង បានចែងអំពី នីតិវិធីនៃការសម្រេចសេចក្តីសម្រាប់ករណី ដែលផ្តល់សិទ្ធិអំណាច ក្នុងការធ្វើការចាត់ចែងចាំបាច់ អំពីចំណុច ដែលពាក់ព័ន្ធនឹងជីវភាពរវាងបុគ្គលឯកជន ដែលគួរឲ្យរដ្ឋត្រូវធ្វើអន្តរាគមន៍ ដើម្បីការពារផលប្រយោជន៍សាធារណៈ ។
នៅក្នុងក្រមរដ្ឋប្បវេណី នៅមានបញ្ញត្តិជាច្រើនទៀត ដែលផ្តល់សិទ្ធិអំណាច ក្នុងការធ្វើការចាត់ចែងចាំបាច់ អំពីចំណុចដែលពាក់ព័ន្ធនឹងជីវភាពរវាងបុគ្គលឯកជន ដែលគួរឲ្យរដ្ឋត្រូវធ្វើអន្តរាគមន៍ ដើម្បីការពារផលប្រយោជន៍សាធារណៈ ។ ការដោះស្រាយអំពីចំណុចទាំងអស់នេះ គឺតម្រូវឲ្យធ្វើតាមទម្រង់នៃការសម្រេចសេចក្តី ដោយយោងតាមនីតិវិធី ដែលច្បាប់បានកំណត់ ទើបអាចអនុញ្ញាតឲ្យតុលាការ អាចប្រើសិទ្ធិអំណាចរបស់ខ្លួន ដែលទទួលស្គាល់ដោយក្រមរដ្ឋប្បវេណីបាន ។
ទោះបីជា ក្រមនីតិវិធីរដ្ឋប្បវេណី ដែលរដ្ឋសភា បានអនុម័ត កាលពីខែឧសភា និងព្រឹទ្ធសភា បានអនុ័ត កាលពីខែមិថុនា ឆ្នាំ២០០៦ និងកំពុងតែបន្តការអនុវត្ត ចាប់តាំងពីខែកក្កដា ឆ្នាំ២០០៧ រហូតមកដល់ពេលបច្ចុប្បន្ន ក៏នៅតែមិនអាចបំពេញ និងដោះស្រាយនូវបញ្ហាមួយចំនួន នៅក្នុងក្រមរដ្ឋប្បវេណី ឲ្យបានពេញលេញបានឡើយ ហើយបញ្ហាមួយចំនួនទៀត ទាមទារឲ្យមាននីតិវិធី ដោយឡែកផ្សេងទៀត ៕
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment