Wednesday, June 9, 2010

អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​របស់ UN មកដល់​កម្ពុជា​ហើយ

ភ្នំពេញ: អ្នករាយការណ៍​ពិសេស ស្តីពី ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា របស់​អង្គការសហប្រជាជាតិ លោក ស៊ូ​យ៉ា ប្រសាទ ស៊ូ​ប៊ឺ​ឌី ( Surya P. Subedi ) បាន​មក​ដល់​ទីក្រុង​ភ្នំពេញ​ហើយ នា​ព្រឹក​ម៉ោង ៩ ថ្ងៃ​អង្គារ ទី​៨ ខែមិថុនា ឆ្នាំ​២០១០ ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​អង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា​ ។​
​     ​អ្នករាយការណ៍​ពិសេស លោក ស៊ូ​យ៉ា ត្រូវ​បំពេញ​បេសកកម្ម​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១០​ ។ នេះ​ជា​បេសកកម្ម​លើក​ទី​៣ របស់លោក នៅ​កម្ពុជា ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​សិទ្ធិមនុស្ស ដោយ​ផ្តោត​សំខាន់​លើ​ដំណើរការ​វិស័យ​យុត្តិធម៌​ ។

​    ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្តមស្នងកា​រ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា បានបង្ហាញ​ថា ដំណើរ​បេសកកម្ម​របស់លោក ស៊ូ​យ៉ា ប្រសាទ ស៊ូ​ប៊ឺ​ឌី នៅក្នុង​ប្រទេស​កម្ពុជា លើក​ទី​៣​នេះ គឺ​ផ្តោតលើ​ដំណើរការ​វិស័យ​យុត្តិធម៌​ ។ អ្នករាយការណ៍​ពិសេស ស្តីពី សិទ្ធិមនុស្ស​នៅ​កម្ពុជា គូសបញ្ជាក់ថា វិស័យ​យុត្តិធម៌ គឺ​ស្ថាប័ន​ដ៏​សំខាន់ ដែល​លោក​នឹង​បន្ត​វាយតម្លៃ ដើម្បី​ចូលរួម​លើកស្ទូយ និង​ការពារ​សិទ្ធិមនុស្ស​ ។ ពោល​គឺ ដើម្បី​ឲ្យមាន​ការចូលរួ​ម​ពី​មនុស្ស​ទូទៅ ដើម្បី​ធ្វើឲ្យ​មាន​ប្រព័ន្ធ​យុត្តិធ​ម៌មួយ​ល្អ និង​ត្រឹមត្រូវ​ ។

​    ​នៅក្នុង​បេសកកម្ម​លើក​ទី​១ កាលពី​ឆ្នាំ ២០០៩ អ្នករាយការណ៍​ពិសេស​រូបនេះ បាន​ផ្តោតជាសំខាន់ លើ​ការស្វែងយល់​ពី​ស្ថានការណ៍​សិទ្ធិមនុស្ស​ទូទៅ​នៅ​កម្ពុជា ក្រោយពី​លោក​ត្រូវបាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ជ្រើសតាំង ឲ្យធ្វើ​ជា​អ្នករាយការណ៍​ពិសេស ជំនួស​តំណាង​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ យ៉ា​ស្ហ ហ្គាយ​ ។ បេសកកម្ម​លើក​ទី​២​របស់លោក ស៊ូ​យ៉ា មក​កាន់​កម្ពុជា បាន​ធ្វើឡើង នៅ​ខែ​មករា ឆ្នាំ ២០១០ ដើម្បី​តាមដាន និង​ពិនិត្យមើល​ប្រសិទ្ធភាព​ការងារ​របស់​ស្ថាប័នរដ្ឋ​ទាំងឡាយ ដែល​ទទួលខុសត្រូវ​ក្នុង​ការលើកស្ទួយ និង​ការពារ​នីតិរដ្ឋ និង​ដោះស្រាយ បញ្ហា​សិទ្ធិមនុស្ស​របស់​ប្រជាជន​កម្ពុជា ​។​

​សេចក្តីប្រកាស​ព័ត៌មាន បានបង្ហាញ​ថា ក្នុង​បេសកកម្ម​រយៈពេល ១០ ថ្ងៃនេះ អ្នករាយការណ៍​ពិសេស លោក ស៊ូ​យ៉ា នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី​, ជួប​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​, ជួបពិភាក្សា​ជាមួយនឹង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ជាពិសេស ក្រុម​មន្ត្រី​តំណាង​ឲ្យ​ស្ថាប័ន ដែល​មាន​ការពាក់ព័ន្ធ​នឹង​កំណែទម្រង់​ច្បាប់​និង​យុត្តិធម៌ និង​មន្ត្រី​នៅ​ក្រសួង​យុត្តិធម៌​, អង្គការ​សង្គម​ស៊ីវិល គណបក្ស​ន​យ​បាយ ក៏ដូចជា ប្រជាពលរដ្ឋ ដែល​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​នានា ដែល​បាន​ចូលរួម​ក្នុង​វិស័យ​យុត្តិធម៌ នៅ​ប្រទេស​កម្ពុជា​ ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

No comments:

Post a Comment