Tuesday, June 15, 2010

ផ្លូវលំ​ដើម្បី​បង្រួបបង្រួម

Otq5zjc1n2


លោក ឆាំង យុ និង​មិត្ត​ចាស់​កាលពី​នៅ​កងចល័ត​ជាមួយគ្នា​កំពុងតែ​ដើរ​លើ​ផ្លូវ​ផ្សះផ្សា


ភ្នំពេញ: ក្រោយពី​បាន​ទទួល​សំណូមពរ​ពី​ប្រជាជន​ដែល​រស់នៅ​ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ដើម្បី​សាងសង់​ផ្លូវ​មួយ​ដែល​មាន​ប្រវែង​ប្រមាណ ២០០​ម៉ែត្រ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក៏​បាន​ចំណាយ​ថវិកា​ធ្វើ​ផ្លូវ​នេះ​ឡើង ។

​    ​ឃុំ​ព្រះនេត្រព្រះ​នេះ​នេះ គឺជា​កន្លែង​ដែល​លោក ឆាំង យុ និង​ក្រុមគ្រួសារ​របស់​គាត់​រស់​នៅ​នា សម័យកាល​កម្ពុជា​ប្រជាធិតេយ្យ ។ ក្រោយ​ពី​ចំណាយ​ពេល​ស្ថាបនា​អស់​រយៈពេល​ប្រហែល​ជា​ប្រាំ​ខែ​នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១០​នេះ ផ្លូវ​នេះ​ក៏​បាន​បើកសម្ពោធ​ជា​ផ្លូវការ ។ លោក ឆាំង យុ ដាក់ឈ្មោះថា “ ផ្លូវ​ផ្សះផ្សា ” ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​ដល់​លោក​ឪពុកមា​របស់​លោក ឈ្មោះ កែវ ឈឿន និង​អ្នក ដែល​បាន​ស្លាប់​នៅក្នុង​ភូមិ​ត្រពាំងវែង និង​ស្រុក​ព្រះនេត្រព្រះ​ទាំងមូល នៅក្នុង​របប​ខ្មែរក្រហម និង​សូម​ឱ្យ​ក្លាយទៅជា​ផ្លូវ​មួយ​សម្រាប់​ឱ្យ​អ្នក ដែល​រស់រាន​មានជីវិត​ពី​របប​ខ្មែរក្រហម​ធ្វើដំណើរ​ទៅ​រក​ការផ្សះផ្សា និង​ភាពរុងរឿង ។

​    ​នៅ​ថ្ងៃ​បើក​សម្ពោធ​នេះ មាន​ប្រជាជន​ជា​ច្រើន​កុះករ​បាន​ចូលរួម ក្រោម​អធិបតីភាព​លោកស្រី ទន់ សា​អ៊ី​ម អនុ​រដ្ឋលេខា​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​អភិបាលស្រុក​ព្រះនេត្រព្រះ លោក ឆាំង យុ ព្រមទាំង​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​អ្នកចូលរួម​ផ្សេងទៀត ។ អ្នកភូមិ​មានការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​ផ្លូវ​នេះ​ត្រូវបាន​កសាងឡើង ក្នុងនោះ​មាន​លោកយាយ​ម្នាក់​អាយុ ៧២​ឆ្នាំ​បាន​រៀបរាប់ថា ផ្លូវ​ផ្សះ ផ្សា​មាន​ផលប្រយោជន៍​ជា​ខ្លាំង​សម្រាប់​ឱ្យ​ប្រជាជន​ងាយស្រួល​ធ្វើដំណើរ ជា​ពិសេស​ផ្លូវ​នេះ​មានឈ្មោះ​ថា ផ្សះផ្សា ដែល​អាច​ផ្សះផ្សា​រវាង​ជនរងគ្រោះ និង​ជនដៃដល់ និង​អាច​ឱ្យ​ពួក​គាត់​ដើរ​លើ​ផ្លូវ​តែ​មួយ​ដែល​អាច​បញ្ចប់​ការ​សងសឹក និង​ការ​គុំគួន​ដែល​មាន​ពី​មុន ហើយ​នាំគ្នា​រួបរួម​គ្នា​កសាង​ប្រទេស​ឡើងវិញ ។​

Owq0zjuwmz(​ពីឆ្វេង​ទៅ​ស្តាំ​) លោក​អភិបាលស្រុក​ព្រះនេត្រព្រះ លោកជំទាវ ទន់ សា​អ៊ី​ម និង
លោក​មេឃុំ​ព្រះនេត្រព្រះ ហុង ហ៊ុយ (​ទី​បួន​) កំពុង​ដើរ​លើ​ផ្លូវ​ផ្សះផ្សា​ក្រោយពី​កាត់​ខ្សែបូរ​រួច


​    ​ចំណែក​លោកយាយ​ម្នាក់​ទៀត​ដែល​មាន​អាយុ ៨០​ឆ្នាំ បាន​រៀបរាប់​ថា នៅក្នុង​របប​ខ្មែរក្រហម គាត់​មាន​បងប្អូន​បីនាក់ ។ ក្រោយ​ពី​របប​នេះ​ដួលរលំ​ទៅ​បងប្អូន​របស់​គាត់​បាន​បាត់បង់​ជីវិត​អស់ហើយ ។ ឥឡូវនេះ​ពេល​ដែល​មាន​ការសាងសង់​ផ្លូវ​នេះ និង​បាន​ដាក់ឈ្មោះថា ផ្លូវ​ផ្សះផ្សា ធ្វើឱ្យ​គាត់​កាន់តែ​នឹកឃើញ​ពី​ការរស់នៅ​ក្នុង​របប​ខ្មែរក្រហម​ជា​ខ្លាំង ជាពិសេស​នឹក​ដល់​ប្អូន​របស់​គាត់​ដែល​បាន​ស្លាប់ រួមទាំង​សាច់ញាតិ​របស់​គាត់​ដែល​បាន​ស្លាប់​នៅក្នុង​ស្រុក​នេះ​ផង ។ ចុង​ក្រោយ​លោកយាយ​បាន​បន្ថែមថា សូម​ឱ្យ​ផ្លូវ​ផ្សះផ្សា​នេះ​ធ្វើឱ្យ​ប្រជាជន​ទាំងអស់​បញ្ឈប់​ការ​ចងកំហឹង​នឹង​គ្នា​ទៀត ហើយ​សូមឱ្យ​អ្នកស្លាប់​ធ្វើដំណើរ​ទៅកាន់​សុគតិភព ។​

​    ​ចំណែក​កូន​សិស្ស​ម្នាក់​ដែល​មាន​អាយុ ២០​ឆ្នាំ​ម្នាក់ បែរ​ជា​រៀបរាប់ថា “ ខ្ញុំ​កើត​មិនទាន់​របប​ខ្មែរក្រហម​ទេ ហើយក៏​មិន​ដឹង​ថា ការផ្សះផ្សា​នេះ​មាន​អត្ថន័យ​ធំ​ប៉ុនណា​នោះ​ដែរ​សម្រាប់​អ្នក​ដែល​បាន​ឆ្លងកាត់​របប​នេះ ។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​ក៏​ខ្ញុំ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែរ ដែល​ផ្លូវ​នេះ​សាងសង់ឡើង​ក្នុង​គោលបំណង​ឱ្យ​អ្នក​ដែល​រស់រាន​មានជីវិត​ពី​របប​នេះ​ធ្វើការ​ផ្សះផ្សា​គ្នា ចេះ​អត់ឱន និង​អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅវិញទៅមក ដែល​វា​ជា​កត្តា​មួយ​ធ្វើឱ្យ​ប្រទេស​ឆ្ពោះទៅរក​ភាពរុងរឿង​ថែមទៀត ” ។

​    ​ទោះបីជា​ផ្លូវ​ផ្សះផ្សា​នេះ​មាន​ប្រវែង​ខ្លី​ក៏​ដោយ ប៉ុន្តែ​ផ្លូវ​នេះ​មាន​អត្ថន័យ​យ៉ាង​ធំធែង ដែល​ធ្វើឱ្យ​ជនរងគ្រោះ និង​ជនដៃដល់​អាច​ដើរ​លើ​ផ្លូវ​តែ​មួយ​ឆ្ពោះទៅ​រក​ការផ្សះផ្សា​មួយ​ដែល​នាំ​ប្រទេស​ទៅរក​ភាពរុងរឿង និង​បញ្ចប់​គំនុំ​នឹង​គ្នា ៕


(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

No comments:

Post a Comment