


គួរបញ្ជាក់ថា កោះសន្ដិភាពបានចុះផ្សាយកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០០៩ ច្បាប់លេខ៦៦៤២ មានចំណងជើងថា “ដីព្រៃជាង២០ហិកតាត្រូវបានគេកាប់ទន្ទ្រានយកដី មន្ដ្រីរដ្ឋបាលព្រៃឈើបានអះអាងថា ទីនោះគឺជាដីរបស់រដ្ឋ” ដែលក្នុងខ្លឹមសារបាន សរសេរថា មានឈ្មោះនួន សុវណ្ណរិទ្ធ ហៅចូច ជាអ្នកកាប់ទន្ទ្រានយកប្រមាណ៥ហិកតា ។ ក្រោយមកស្រាប់តែឈ្មោះនួន សុវណ្ណរិទ្ធនេះ ប្ដឹងភ្នាក់ងារកាសែតកោះសន្ដិភាពថា សរសេរបរិហារកេរ្ដិ៍ ក្នុងនោះប្ដឹងទាំងលោក សុក មី ទៀតពីបទសមគំនិត និងបរិហារកេរ្ដិ៍ ដែលមន្ដ្រីរដ្ឋបាលព្រៃឈើរូបនោះគ្រាន់ តែបានផ្ដល់សំភាសន៍ថា ពិតជាដីរបស់រដ្ឋមែនហើយនៅចំណុចអូររលុះនោះ ។ ក្នុងបណ្ដឹងរបស់បុគ្គលកាប់រានដីរដ្ឋរូបនេះ ក៏នៅបានប្ដឹងលោកនូ ចាន់ ម្នាក់ទៀតផងដែរជាភ្នាក់ងារកាសែតខ្មែរស្ថាបនាពីបទសមគំនិត និងបរិហារកេរ្ដិ៍ផងដែរ ។
មកដល់ពេលនេះ ភស្ដុតាងសាក្សីបានបញ្ជាក់ថា ឈ្មោះនួន សុវណ្ណរិទ្ធ ពិតជាមានដីនៅចំណុចនោះជាង២ហិកតាមែនដែលបានកាប់រានយកព្រៃរបស់រដ្ឋ។ សួរតុលាការថា ត្រង់ណាទៅដែលថា បរិហារកេរ្ដិ៍ ។ ក្រោយពីព័ត៌មានស្ដីពីបុគ្គល នួន សុវណ្ណរិទ្ធ ហៅចូច ប្ដឹងអ្នកកាសែតនិងមេព្រៃដែលពួកគេសរសេរនិងផ្ដល់នូវព័ត៌មានស្ដីពីការកាប់រានដីព្រៃរបស់រដ្ឋ នៅចំណុចអូររលុះ ស្ថិតក្នុងស្រុកបរិបូណ៌ក្នុងគោលបំណងជួយការពារ ថែរក្សាដីរបស់រដ្ឋ ដោយការសរសេរមាន វិជ្ជាជីវៈយ៉ាងត្រឹមត្រូវមក ក៏មានបណ្ដាអង្គការអ្នកសារព័ត៌មាន ដូចជាក្លឹបអ្នកកាសែតកម្ពុជា ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាបានធ្វើលិខិត និងសេចក្ដីថ្លែងការណ៍ក្នុងគោលបំណងការពារអ្នកសារព័ត៌មានដែលសរសេរ មានវិជ្ជាជីវៈដែលកំពុងរងបណ្ដឹងពីបុគ្គលកាប់រានព្រៃរបស់រដ្ឋយ៉ាងអយុត្ដិធម៌នោះផងដែរ ។
ជុំវិញហេតុការណ៍ជនខិលខូចកំពុងបន្ដកាប់ទន្ទ្រានយកដីរដ្ឋ ដែលពេលនេះកំពុងត្រៀមបោះបង្គោលរបងព័ទ្ធយកដីចំណុចអូររលុះនោះ មានមតិរិះគន់ជាច្រើនបាននិយាយថា ចំណាត់ការរបស់សាលាដំបូងខេត្ដតាមបណ្ដឹងអ្នកកាប់បំផ្លាញព្រៃឈើ ហាក់ដូចជា ទី១-ទុកឱកាសឱ្យក្រុមជនទាំងនោះកំពុងបន្ដឱកាសកាប់រានដីព្រៃរដ្ឋបន្ដទៀត និងទី២-ហាក់ដូចជាលើកទឹកចិត្ដដល់ក្រុមបំផ្លាញព្រៃឈើរដ្ឋឱ្យកាន់តែបានចិត្ដបន្ដការបំផ្លាញថែមទៀត ហើយងាកមករិត.កអ្នកកាសែតជាម្ចាស់អត្ថបទជួយរដ្ឋនេះទៅវិញ ។
កោះសន្ដិភាពសូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ មានក្រសួងយុត្ដិធម៌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជួយជំរុញ ឱ្យស្ថាប័នជំនាញនៅខេត្ដ មានខណ្ឌរដ្ឋបាលព្រៃឈើប្រញាប់ធ្វើសំណើដកហូតដីរបស់រដ្ឋត្រឡប់មកវិញ និងចាប់ជនខិលខូចដែលកំពុងបន្ដកាប់រានដីរបស់រដ្ឋមកផ្ដន្ទាទោស តាមច្បាប់កុំទុកឱ្យជនខិលខូចទាំងនោះបន្ដសកម្មភាពរបស់ខ្លួនតទៅទៀត ។ កោះសន្ដិភាពនឹងផ្សាយបន្ដពីចំណាត់ការរបស់ស្ថាប័នយុត្ដិធម៌ខេត្ដកំពង់ឆ្នាំង លើសំណុំរឿងមួយនេះដែលមានរយៈពេល១ឆ្នាំទៅហើយឱ្យ ច្បាស់លាស់ថែមទៀត ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment