Monday, June 14, 2010

ស្តេច​ចម្រៀង​ខ្មែរ​ស៊ិន ស៊ី​សាមុតៈ​បុព្វហេតុ​មិន​ទាន់​បញ្ចប់

Ytu5zjyzzwភ្នំពេញ​: លោក ស៊ិន ស៊ី​សាមុត មាន​ជីវិត​ជា​អមតៈ ដោយសារ​បទ​ចម្រៀងរ​បស់​លោក​រស់នៅ​ជា​និច្ច​ជាមួយ ប្រជារាស្ត្រ​ខ្មែរ​គ្រប់រូប ទាំង​នៅក្នុង​ស្រុក ទាំង​នៅ​ក្រៅប្រទេស ។ ទោះជា​យ៉ាងណាក្តី បទ​ចម្រៀង​អាច​ពិរោះ​ទៅបាន លុះត្រាតែ​ពឹង​លើ​អ្នកនិពន្ធ​ពូកែ អ្នក​តែង​បទ​ភ្លេង​ស៊ី​អត្ថន័យ​នៃ​បទ អ្នក​សម្រួល​បទ​ភ្លេង​ប៉ិនប្រសប់ តន្ត្រីករ​មាន​ស្នាដៃ​ពូកែ​ស្មើៗ​គ្នា និង​ចុងក្រោយ​គឺ​អ្នកចម្រៀង​មានសំនៀង ពីរោះ​រណ្តំ​ថែមទៀត​ផង ។ ដូច្នេះ​បទ​ពីរោះៗ​របស់លោក ស៊ិន ស៊ី​សាមុត ក៏​មាន​មួយ​ចំនួន​ផ្អែក​លើ​កត្តា ខាងលើ​ដែល​ជំនាន់​មុន​គេ​បានឱ្យដឹងថា មាន​ជើង​ខ្លាំង​ល្បីៗ បាន​តែង​បទ​ចម្រៀង បទ​ភ្លេង​សម្រាប់​លោក ស៊ិន ស៊ី​សាមុត​ច្រៀង ដូចជា​លោក វ៉ោ​យ ហូរ​, លោក ហាស សាឡ​ន​, លោក​មែរ ប៊ុន​, លោក ពៅ ស៊ីផូ​, លោក ម៉ា ឡៅ​ពី​, លោក យ៉ង់ ឈាង ហៅ​សំនៀង​ប្ញ​ទ្ធី ៘​ និង​៘​

​    ​តាមរយៈ​សាក្សី​ជាច្រើន​ដូចជា អ្នកស្រី ស៊ិន ចាន់​ហម ដែល​ត្រូវ​ជាង​បងស្រី​បង្កើត​របស់​លោក ស៊ិន ស៊ី​សាមុត​, អ្នកស្រី សៀង វ៉ាន់​ធី​, លោក ហេង ហូ​វ៉េង អ្នកនិពន្ធ​បទ​ភ្លេង​ជា​មិត្តភក្តិ​លោក​ស៊ិន ស៊ី​សាមុត​, លោក​ហ៊ុល សុ​ផុន វិចិត្រករ​ជា​អ្នក​ធ្លាប់​ប្រកប​មុខរបរ​គូរ​ក្របសៀវភៅ​ចម្រៀង​លោក​ស៊ិន ស៊ី​សាមុត ពី​សង្គម​ចាស់​, លោក​គ្រួច ប៊ុន លី អ្នក​បោះពុម្ព​សៀវភៅ​ចម្រៀង និង​បទ​ភ្លេង​របស់​លោក​ស៊ិន ស៊ី​សាមុត​ពី​សង្គម​ចាស់ ព្រមទាំង​ញាតិមិត្ត និង អ្នកសិល្បៈ​ជំនាន់​ក្រោយ​ខ្លះទៀត ដែល​មាន​ទំនាក់ទំនង​តិច ឬ ច្រើន​ជាមួយ​លោក​កាលពី​អតីតកាល និង​ជា​ពិសេស​លោក ស៊ិន ច័ន្ទ​ឆាយា ដែលជា​កូនប្រុស​បង្កើត​របស់​លោក យើង​បានដឹង​ពី​ប្រវត្តិ​លោក​ស៊ិន ស៊ី​សាមុត ដូចខាងក្រោម​។​

​    ​    ​វ័យ​កុមារ​របស់លោក ស៊ិន ស៊ី​សាមុត​
​    ​លោក ស៊ិន ស៊ី​សាមុត កើត​នៅ​ឆ្នាំ​១៩៣៥ (​ឆ្នាំ​រកា​) ស្រុកកំណើត​នៅ​ទី​រួម​ខេត្ត​ស្ទឹង ត្រែង ។ ឪពុក​លោក​ឈ្មោះ​ស៊ិន លាង ម្តាយ​នាង​ឈ្មោះ ស៊ី​ប ប៊ុនលឿ មាន​សញ្ជាតិ​ដើម​ជា​លាវ​កាត់​ចិន ដែល​អ្នកផង​គេ​ហៅថា ខ្មែរ​ស្ទឹងត្រែង ។ លោក​មាន​បងប្អូន​បង្កើត​បីនាក់ ស្រី​ពីរ ប្រុស​មួយ គឺ​រូប​លោក​ជា​កូនប្រុស​ពៅ ។ ពេល​លោក​មាន​អាយុ​៦-៧​ឆ្នាំ ឪពុក​របស់​លោក​មាន​មុខរបរ​ធ្វើ​ជា​ទាហាន​ជំនាន់​បារាំង ហើយ​មុន​ពេល​ទទួលអនិច្ច កម្ម ឪពុក​លោក​មាន​តំណែង​ជា​ប្រធាន​ពន្ធនាគារ​ខេត្ត​បាត់ដំបង​, លោក​បាន​ទទួល មរណភាព​ដោយ​រោគាពាធ ។ ក្រោយមក​ម្តាយ​លោក​មាន​ស្វាមី​ក្រោយ​មាន​កូនស្រី​ពីរ​នាក់​ទៀត ដូច្នេះ​លោក​មាន​បងប្អូន​បង្កើត​សរុប​ចំនួន​៥​នាក់ ។
​    ​កុមារា ស៊ិន ស៊ី​សាមុត បាន​ចូល​សិក្សា​នៅ​សាលាបឋមសិក្សា​ទី​រួម​ខេត្តស្ទឹងត្រែង​តាំងពី​អាយុ​៥​ ឆ្នាំ​មក​ម្ល៉េះ ។ គេ​បាន​ចាប់ផ្តើម​បង្ហាញ​ពី​និស្ស័យ​ភ្លេង​តាំងពី​អាយុ​៦-៧​ឆ្នាំ គឺ​គេ​ចូលចិត្ត​កូតទ្រ ដេញ​ហ្គី​តា និង​ចាប៉ី ។​

​    ​    ​និស្ស័យ​មនុស្ស​ពី​កំណើត​
​     ​កុមារា ស៊ិន ស៊ី​សាមុត ជា​ក្មេង​ស្លូតបូត មនោ​សញ្ចោ​ត​នា​ច្រើន ឆាប់​អាណិត​គេ ។ គេ​ចូលចិត្ត​មនុស្ស​ទន់ភ្លន់ សម្តី​ផ្អែមល្ហែម ស្រឡាញ់​បងប្អូន​ក្នុងផ្ទះ តែ​ចូល​ចិត្ត​ស្ងប់សា្ងត់ ។ គេ​ចូលចិត្ត​ទី​វត្ត​អារាម ចូលចិត្ត​ជួប​ប្រាស្រ័យ​ទាក់ទង​នឹង​ព្រះសង្ឃ រៀនអក្សរ​បាលី​ជាមួយ​ព្រះសង្ឃ និង​ស្វែងយល់​ធម៌អាថ៌​តាំងពីក្មេង ។​
​    ​ក្រៅ​ពី​និស្ស័យ​ចូលចិត្ត​ភ្លេង គេ​ចូលចិត្ត​អាន​សៀវភៅ ពិសេស​ចូលចិត្ត​ល្បែង​បង្ហោះ​ខ្លែង​ណាស់ ។ ចំពោះ​កីឡា​ផ្សេងៗ គេ​ចូលចិត្ត​លេង​បាល់ទាត់ ។ ចំពោះ​ការបរិភោគ​ចូលចិត្ត​ញ៉ាំ​តែ​ម្ហូបគោក មាន​សាច់ មិន​ចូល​ចិត្ត​ញ៉ាំ​បន្លែ​ទេ ។ ពង​ទា​ចៀន​ជា​ម្ហូប​ដែល​គេ​ចូលចិត្ត​ញ៉ាំ​ជាប្រចាំ ។​

​    ​គេ​ជា​កុមារ​ស្រឡាញ់​ការរៀនសូត្រ ចំណូលចិត្ត​ក្រៅពី​រៀន​គឺ​ភ្លេង តែ​ពេល​នោះ​លោក​ពុំ​ទាន់​បាន​បង្ហាញ​ពី​និស្ស័យ​ច្រៀង​នៅឡើយ ។ រាល់ពេល​ដែល​សាលា​ប្រារឰ​ពិធី​បុណ្យទាន​ផ្សេងៗ គឺ​រូប​លោក​ត្រូវបាន លោកគ្រូ អ្នកគ្រូ នឹក​ដល់ ហៅ​ឱ្យ​មក​ប្រគំ​តន្ត្រី​រៀង​រាល់​ពេល ។ អាស្រ័យ​ដោយ​និស្ស័យ​នេះ កុមារា ស៊ិន ស៊ី​សាមុត ជា​សិស្ស​ដែល​គ្រូ​ស្រឡាញ់​ចូលចិត្ត ហើយ​មិត្តភក្តិ​ទាំងឡាយ ក៏​ស្រឡាញ់​ជិតស្និទ្ធ​ណាស់ដែរ ។​

​    ​ដោយ​លទ្ធផល​ប្រឡង​ជាប់​រៀងរាល់ឆ្នាំ នៅ​អាយុ​១៥-១៦​ឆ្នាំ លោក​បាន​ប្រឡង​បញ្ចប់​ថ្នាក់ឧត្តម​ដ្ឋា​ន ដែល​ជំនាន់​នោះ​គេ​ហៅថា ជាប់​ស៊ែរ​ទី​ហ្វីកា ​(Certificat d'etude primaire Complementaire) ។ សម័យ​នោះ​ក្រោយ​ជាប់​ស៊ែរ​ទី​ហ្វីកា​ហើយ សិស្ស​អាច​រក​ការងារ​ធ្វើ ឬ​រៀន​យក​ជំនាញ​ឯកទេស​បាន​ហើយ ។ លោក ស៊ិន ស៊ី​សាមុត បាន​ជ្រើស រើស​យក​មុខ​វិជ្ជាពេទ្យ​ជា​មុខរបរ ។ លោក​ត្រូវ​មក​សិក្សា​នៅ ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ​១៩៥០-៥១ ។​

​    ​    ​យុវវ័យ​របស់លោក ស៊ិន ស៊ី​សាមុត​
​    ​ឆ្នាំ​១៩៥០-៥១ លោក​បាន​មក​បន្ត​ការសិក្សា​ផ្នែក​វិជ្ជា​ពេទ្យ (​គិលានុបដ្ឋាក​រដ្ឋ​)​នៅ​ភ្នំពេញ ដោយ​ស្នាក់អាស្រ័យ​រៀនសូត្រ​នៅ​ផ្ទះ​អ៊ំ​របស់លោក ។ មូលហេតុ​នៃ​ការជ្រើស រើស​នេះ គឺ​អាស្រ័យ​ដោយ​ខ្លួន​លោក​ផ្ទាល់​ដែល​ប៉ងប្រាថ្នា ពុំ​មាន​សម្ពាធ​ណាមួយ​ពី​ឪពុកម្តាយ ក្រុមគ្រួសារ​ឡើយ តែ​មុខវិជ្ជា​នេះ​បាន​ធ្វើឱ្យ​ម្តាយ​និង ឪពុក​ក្រោយ​របស់​លោក​មាន​ការពេញចិត្ត​យ៉ាងខ្លាំង ។ ម្តាយ​និង​ឪពុក​ក្រោយ​របស់​លោក​មិន​ចូល​ចិត្ត​ឱ្យ​លោក​ក្លាយ​ជា​អ្នកចម្រៀង​ ឡើយ ព្រោះ​ពេល​ដែល​សំនៀង​របស់​លោក​ត្រូវបាន​វិទ្យុ​ចាក់ផ្សាយ លោក​ត្រូវ​ទទួលរង​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​ពួកគាត់ ។​

​គឺ​ក្នុង​ពេល ​ចូល​សិក្សា​វិជ្ចាពេទ្យ​នេះឯង​ហើយ ដែល​លោក ស៊ិន ស៊ី​សាមុត ចាប់ផ្តើម​រៀន​ច្រៀង និង រៀន​និពន្ធ​បទ​ភ្លេង​ចម្រៀង​ដោយ​ខ្លួនឯង ។ ដោយ​មាន​ឧបនិស្ស័យ​ពី​ធម្មជាតិ រួមជាមួយ​នឹង​ការ​ខិតខំ​ព្យាយាម ជាប្រចាំ រួម​ទាំង​ការ​សេពគប់​មិត្ត ដែល​មាន​ជំនាញ​ខាង​ភ្លេង​ទៀត​នោះ ក្នុង​រយៈពេល​មិន​ដល់​មួយ​ឆ្នាំ លោក ស៊ិន ស៊ី​សាមុត មាន ឈ្មោះ​ល្បី​ក្នុងចំណោម​សិស្ស​រួម​ថ្នាក់ រួម​សាលា​ជាមួយ​លោក​ថា កវី​វ័យក្មេង ថែម​ទាំង​ជា​អ្នក​ភ្លេង អ្នកចម្រៀង​យ៉ាង​វិសេស​ទៀតផង ។​

​     ​ក្នុង​មួយ​ថៃ្ងៗ​ក្នុង​វ័យ​សិក្សា​របស់​លោក លោក​គ្មាន​ពេល​ដើរ​ហ៊ឺហារ​សប្បាយ​ខុស​បែបបទ​ណាមួយ​ឡើយ ម្យ៉ាង​ដោយ​លោក​រស់នៅ​ជាមួយ​ឪពុក​ម្តាយធំ ម្យ៉ាង​ទៀត​ចំនួន​ប្រាក់​តិចតួច ដែល​ឪពុក​ម្តាយ​ផ្ញើមក វា​អនុញ្ញាតឱ្យ​លោក​បាន​ត្រឹមតែ​ទិញ​ឧបករណ៍​សៀវភៅ​សិក្សា ដូច្នេះ​លោក​យក​ពេលវេលា​ដែល​នៅសល់​ទាំង ប៉ុន្មាន​មក​ស្រាវជ្រាវ អំពី​ការ​តែង​បទ និង​រៀន​ច្រៀង​ដោយ​ស្ងប់សា្ងត់ ។​

​អាស្រ័យ​ដោយ​មាន ​សំឡេង​ពេជ្រ​ពី​ធម្មជាតិ ទោះបី​លោក​កំពុង​សិក្សា​មុខ​វិជ្ជាពេទ្យ​ក៏ដោយ ក៏​លោក​ត្រូវបាន​គេ​អញ្ជើញ​ជា​ញឹកញាប់​ឱ្យទៅ​ច្រៀង​ក្នុង​ពិធី​សំខាន់ៗ​ជាច្រើន ។​
​    ​នៅពេល​ដែល​ប្រទេស​ខ្មែរ​ទទួលបាន​ឯករាជ្យ​ពី​បារាំង​ឆ្នាំ​១៩៥៣ លោក​ក៏​បាន​ការសិក្សា​ខាង​ពេទ្យ​នោះ​ចប់​ដែរ តែ​ដោយសារ​ភាព​លេចធ្លោ​រ​របស់​លោក​ផ្នែក​សិល្បៈ​តន្ត្រី​និង​ចម្រៀង លោក​ត្រូវបាន​ការអញ្ជើញ​ឱ្យ​ចូល​ទៅ​ធ្វើការ​ក្នុង​អង្គភាព​វិទ្យុជាតិ ក្នុង​នាទី​ជា​អ្នកចម្រៀង​ទៅវិញ ។ តែ​យ៉ាងណា​ក៏​លោក​មិន​ចោល​ជំនាញ​របស់​លោក​ដែរ ។​

​    ​    ​អាពាហិពិពាហ៍​របស់លោ​ក ស៊ិន ស៊ី​សាមុត​
​    ​លោក ស៊ិន ស៊ី​សាមុត​ជា​មនុស្ស​មាន​មនោ​សញ្ចោ​ត​នា​ច្រើន តែ​រយៈពេល​នោះ​ដោយសារ​ការខិតខំ​សិក្សា​ជំនាញ និង​ខិតខំ​រៀន​វិជ្ជា​សិល្បៈ​បន្ថែម​លោក​គ្មាន​ពេល វេលា​សម្រាប់​ទំនាក់ ទំនង​ខាង​ផ្លូវ​ស្នេហា​ជាមួយ​នារី​ណា​ឡើយ​។ ក្រោយពី​បញ្ចប់​ការសិក្សា​ផ្នែក​វិជ្ជា​ពេទ្យ លោក ស៊ិន ស៊ី​សាមុត​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នាង ខា​វ ថង​ញ៉ុត ដែល​ជា​ប្អូនជីដូនមួយ របស់លោក តាម​ការណែនាំ​ពី​ចាស់ៗ និង​ឪពុក​ម្តាយ​លោក ។ លោក​ក៏​មិន​ជំទាស់​នឹង​ការរៀបចំ​នេះ ហើយ​អាពាហ៍ពិពាហ៍​នេះ នាំ​ឱ្យ​អ្នក​កវី​និង​លោកស្រី ខាវ ថង​ញ៉ុត បាន​បុត្រ​៤​នាក់ ដែល​មកដល់​បច្ចុប្បន្ន​នៅសល់​បីនាក់ ប្រុស​ពីរ ស្រី​មួយ ។ ឯ​កូនប្រុស​ម្នាក់​បាន​ស្លាប់​ក្នុង​ជំនាន់​ប៉ុល ពត ។

​    ​ជីវិត​គ្រួសារ​របស់​លោក​រស់នៅ​យ៉ាង​មាន​សុភមង្គល តែ​ក្រោយមក​ពេលដែល​លោក​ល្បី​ខ្លាំង ជីវិត​គ្រួសារ​របស់​លោក​ក៏​ទទួល​ការ​បោកបក់​នៃ​ព្យុះ​ព្យោមា ដោយសារ​ការ ចែករំលែក​សេចក្តីស្នេហា​តាម​សភាព​ជាក់ស្តែង​របស់​លោក ។ ចំណុច​នេះ​លោក​ស៊ិន ច័ន្ទ​ឆាយា ជា​កូន​បាន​និយាយថា ជាតិ​ជា​ស្ត្រី​ក្នុង​លោក​គ្មាន​ស្ត្រី​ណា​ដែល​ចិត្តធន់ ហើយ​ពូកែ​អត់ធ្មត់​ជាង​ម្តាយ​លោក​ទេ ។ ម្តាយ​លោក​បាន​កាន់សីល​(​សុំ​សីល​រមា្ង​ប់ចិត្ត​) តាំងពី​អាយុ​៣០​ឆ្នាំ​រហូត​មក ។ ធម្មតា​សិល្បករ កាន់តែ​ល្បី​កាន់តែ​វិសេស គេ​ក៏​កាន់តែ​ចោមរោម ពិសេស​ចំពោះ​មនុស្ស​ដែល​សម្បូរ​មនោ​សញ្ចោ​ត​នា គឺ​ពិបាក​នឹង​ចៀស​ឱ្យ​រួច​ពី​ការទាក់ទាញ​ទាំងអស់​នោះ​ខ្លាំង​ណាស់ ។​

​     ​    ​ទេពកោសល្យ​ សិល្បៈ​ចម្រៀង និង​តន្ត្រី​របស់លោក ស៊ិន ស៊ី​សាមុត​
​    ​ទេពកោសល្យ​ដ៏​ប៉ិនប្រសប់​ទាំងបី បាន​លេចឡើង​នៅលើ​ខ្លួន​លោក ស៊ិន ស៊ី​សាមុត តាមរយៈ​សំឡេង​ពេជ្រ​របស់លោក ដែល​វិទ្យុ​បាន​ចាក់​ផ្សាយ​នៅក្នុង​អំឡុង​ឆ្នាំ​១៩៥៣​រហូតមក ។ ទេពកោសល្យ​ទីមួយ គឺ​ទេពកោសល្យ​តាក់តែង​បទ​ភ្លេង​សម្រាប់​ច្រៀង ។ តាម​ទម្លាប់​របស់​លោក​ដែល​គេ​បាន​ប្រទះឃើញ គឺ​លោក​ប្រើ​តែ​ម៉ុង​ដូលីន​មួយគត់ ដើម្បី​កេះ​រាវរក​បទ​ភ្លេង ចំពោះ​បទ​ណាមួយ​ដែល​លោក​មានគំនិត​ថា​នឹង​តែង​វា ។ ក្រោយ​ពី​រាវរក​អឺ​ន​សំនៀង​តាម​ម៉ុង​ដូលីន​ឃើញ​ហើយ ទើប​លោក​សរសេរ​ទំនុក​ច្រៀង ។ ទំនុកច្រៀង​ដែល​លោក​និពន្ធ ភាគច្រើន​គឺ​បទ​មនោ​សញ្ចោ​ត​នា បង្ហាញ​ពី​ទឹកចិត្ត បង្ហាញ​ពី​ការស្រឡាញ់ ពី​ការឈឺចាប់ ពី​ការព្រាត់ប្រាស និង​ពី​ការ​នឹករលឹក​ចំពោះ​គូ ស្នេហ៍ ដែល​មាន​ពាក្យពេចន៍​យ៉ាង​សាមញ្ញ ងាយ​ស្តាប់ ងាយ​យល់ ហើយ​ទាក់ទង​នឹង​ជីវភាព​ពិតៗ​របស់​មនុស្ស​គ្រប់រូប​កំពុង​ឆ្លងកាត់ ។ ក្នុងការ​តែង​បទ​ពាក្យកាព្យ​ចាប់​ចុង​ចួន លោក​ត្រូវ​ប្រើ​វចនានុក្រម​ជាច្រើន​ដែល​មាន​ជា​បី​ភាសា គឺ​ភាសាសំស្ក្រឹត ភាសា បាលី និង​ភាសា​ខ្មែរ​-​នេះ​បើ​តាម​សម្តី​លោក​ឆាយា ជា​កូនបង្កើត​របស់​លោក​បាន​ឃើញ​នៅ​លើ​តុ​សរសេរ​នៅ​ការិយាល័យ​របស់​លោក ។ ក្នុងពេល​តែង​បទ លោក​តែង​ស្លុង​ទៅ​ក្នុង​ការនិពន្ធ ប្រសិនបើ​មាន​ការ​ទាក់​ទើស​ត្រង់​កន្លែង​ណា លោក​តែង​បើក​សៀវភៅ​វចនានុក្រម​នៅលើ​តុ​មើល​តែ​មួយសន្ទុះ​ប៉ុណ្ណោះ លោក​អាច​ស្រាយ​ចំណោទ ដែល​កំពុង​ទាល់​នោះ​បាន​ភ្លាម ដូច្នេះ​ក្នុង​ការ​តែង​និពន្ធ ពុំមែន​ជា​ការ​ដែល​លោក​តែង​តាម​ចិត្ត​លោក​នឹកឃើញ​ប៉ុណ្ណោះ​ទេ លោក​នៅ​ស្រាវជ្រាវ​បន្ថែម​អំពី​អត្ថន័យ​ខ្លឹមសារ​នៃ​ពាក្យ​នីមួយៗ​ថែម​ទៀត ។ ម្ល៉ោះហើយ​ពាក្យកាព្យ​របស់ លោក​ស្តាប់​ទៅ​រត់​ត្រចៀក​យ៉ាង​ស្រួល ហើយ​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ គ្មាន​ខ្វះ​មួយ​ពាក្យ​ណា​ទាល់តែ សោះ ធ្វើ​ឱ្យន័យ​ចម្រៀង​របស់​លោក​នីមួយៗ​មានជីវិត​ច្រើនសិប​ឆ្នាំ​ក៏​មិន​ ធ្វើឱ្យ​អ្នក​ស្តាប់​ធុញ ទ្រាន់​បានឡើយ​-​នេះ​ជា​ទេពកោសល្យ​ទី​ពីរ​។​

​     ​ទេព​កោ​ល​ស្យ​ទី​បី​របស់​លោក គឺ​សំនៀង​ដ៏​ក្រអួន មាន​ទឹកដម ហើយ​អាច​បត់បែន​កាច់​កុង​តាមតែ លោក​ចង់​បាន មិន​ភ្លាត់​មិន​ភ្លាវ ហើយ​ខ្យល់​សំនៀង​ដាក់​ត្រូវ​តាម​អត្ថន័យ​បទ​នីមួយៗ​ប្លែកៗ​គ្នា​ទៀត​ផង ។ ចំណុច​លេចធ្លោ​មួយទៀត​នៃ​សំនៀង​របស់​លោក គឺ​ណែន ពីរោះ ច្បាស់ គ្មាន​បន្លំ គ្មាន​លួច​បំភ័ន្ត​អ្នក​ស្តាប់​មួយ​ពាក្យ ឬ​មួយ​ឃ្លា​ណា​ឡើយ ។ សូរស័ព្ទ​សំនៀង ដែល​លោក​បន្លឺ​ពេញ​ចំ​ជា​ពាក្យ​ខ្មែរ ត្រូវ​តាម​អក្ខរាវិរុទ្ធ ហើយ​អឺ​ន​សំឡេង​ទៀតសោត ទោះជា​ដាក់​ទាប ឬ​លើក​ខ្ពស់ ក៏​លោក​រក្សាបាន​នូវ​កម្រិត​សំឡេង​ដដែល ហាក់​គ្មាន ប្រឹង​បង្ខំ​បន្តិច​ណា​ឡើយ ។​

​    ​ដោយសារ​សំឡេង​ទន់​ត្រជាក់ ណែន​ក្រអួន​របស់លោក ស៊ិន ស៊ី​សាមុត កាន់តែ​ពីរោះ ឈ្មោះ​របស់​លោក​បាន​កាន់​តែ​លេច​ត្រដែត​ក្នុងចំណោម​មហាជន ទើប​ក្រោយ មក​ក៏​ទទួលព្រះរាជទាន​ពី​ព្រះ​មហាក្សត្រិយានី ឱ្យ​ចូល​មក​បម្រើ​ការងា​រ​នៅក្នុង​តន្ត្រី​ព្រះរាជ​ទ្រព្យ​រហូតដល់​ឆ្នាំ​ ១៩៧០ ។  ហេតុដូច្នេះ​ហើយ លោក ស៊ិន ស៊ី​សាមុត មិន​ត្រឹមតែ​អាច​ច្រៀង​តែ​បទ​សម័យ​បាន​ពីរោះ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​បទ​បុរាណ​ខ្មែរ មាន​មហោរី អា​យ៉ៃ ចា​ប៉ី យី​កេ បាសាក់ ក៏​លោក​ច្រៀង​បាន​យ៉ាង​ពីរោះ​គ្រលួច​លើសគេ​ដែរ ។

​    ​លោក​គ្រួច ប៊ុនលី អតីត​អ្នក​បោះពុម្ព​សៀវភៅ​ភ្លេង​និង​ចម្រៀង​បាន​និយាយ​ក្នុង​អំឡុង​ទសវត្សរ៍ ​ឆ្នាំ​៩០​ថា លោក​ស៊ិន ស៊ី​សាមុត ជា​មនុស្ស​និយាយ​ម៉ាត់​ណា​គឺ​ម៉ាត់​ហ្នឹង ។ ពេលវេលា ឬ​តម្លៃ​ដែល​បាន​ព្រមព្រៀង​គ្នា ប៉ុនណា ប៉ុន្មាន គឺ​ប៉ុណ្ណោះ ហើយ​មិនឱ្យ​លើស មិន​ឱ្យ​យឺត ឱ្យ​ច្រើនជាង​ក៏​មិន​យក ឱ្យ​តិចជាង​ក៏​មិន​ព្រម ។​
​    ​នៅក្នុង​ផ្ទះ​លោក​មិនសូវ​និយាយស្តី​ច្រើន​ទេ ក្នុង​មួយ​ថៃ្ង​គេ​សង្កេត​ឃើញ​គាត់​មិន​និយាយ​លើសពី​១០​ម៉ាត់​ឡើយ ។ ក្រៅ​ពី​ការ​ដើរចេញ​ក្រៅ​ផ្ទះ លោក​តែង​បិទទ្វារ​បន្ទប់​សម្ងំ​ធ្វើការ រហូតដល់​មាន​ញាតិ​ញោម​ខ្លះ​ប្រកាន់​ថា លោក​ជា​មនុស្ស​ឆ្មើង​ឆ្មៃ ឬ​មិន​សូវ​រាប់​ញាតិ តាម​ការពិត​ពេលវេលា​របស់​លោក​ជា​មាស​ប្រាក់​ពិតៗ ថ្វី​បើ​មាសប្រាក់​នោះ​ចំពោះ​អ្នកដទៃ​វា​មិន​អាច​ធ្វើ​ដូច​លោក​ក៏​ដោយ ។ ក្នុងការ​ត្រិះរិះ​ឬ​ក្នុង​ការសរសេរ លោក​ដាក់​អារម្មណ៍​រហូតដល់​មិត្តភក្តិ​ទៅ​ឈរ​ក្រោយខ្នង​លោក​យ៉ាងយូរ ទើប​លោក​ផ្តាច់​អារម្មណ៍​ចេញមក​ពី​ការងារ  មក​សួរនាំ​បាន ។​

​    ​រៀងរាល់​យប់​ស្នូរ​ម៉ុង​ដូលីន​រាវរក​បទ​របស់លោ​ក អូសបន្លាយ​រហូតដល់​ម៉ោង​២​ឬ​៣​ទៀបភ្លឺ​ក៏​មាន ។ កាលដើមឡើយ​លោក​តែង​ច្រៀង​បទ​របស់លោក ពៅ ស៊ីផូ , លោក ស្វាយ សំ​អឿ​, លោក ម៉ា ឡៅ​ពី ឯ​បទ​របស់លោក មែ​រ ប៊ុន ដែល​ជា​មិត្ត​ជិតស្និទ្ធ​ជាងគេ​បំផុត​នោះ និង​លោក ហាស់ សាឡ​ន គឺ​លោក​ច្រៀង​មួយៗ ទេ ។ លុះ​ដល់​អំឡុង​ឆ្នាំ​១៩៧០​ដល់​១៩៧៥ លោក​ច្រៀង​បទ​របស់លោក វ៉ោ​យ ហូរ ច្រើន​ជាង​គេ​បំផុត ។ តែ​ទោះបីជា​លោក​ច្រៀង​បទ​របស់​លោក​ណាក៏ដោយ ក៏​លោក​កែសម្រួល​ទៅតាម​គំនិត​របស់​លោក​រួច​សិន​ដែរ ។ ក្រៅពី​នោះ​លោក​តែង​បទ​ដោយ​ខ្លួនឯង ដែល​មាន​រឿង​ខ្លះ​ជា​រឿង​ផ្ទាល់​របស់​លោក មាន​បទ​ខ្លះ​ជា​របស់​មិត្តភក្តិ មក​ដំណាល​ប្រាប់​លោក​ឱ្យ​លោក​តែង​ឱ្យគេ ។ ហេតុនេះហើយ​ទើប​រៀង​រាល់ថៃ្ង​តាំងពី​ព្រឹក​ព្រលឹម គឺ មាន​មនុស្ស​អង្គុយ​ចាំ​លោក​នៅ​មុខ​ផ្ទះ​រួចជាស្រេច ដើម្បី​សុំ​ឱ្យ​ជួយ​លោក​តែង​បទ​ពី​ជីវិត ឬ​ពី​ការ ឈឺចាប់​ណាមួយ​របស់​គេ ។ ចំពោះ​សំណូមពរ​នេះ លោក​តែង​ដោះស្រាយ​ឱ្យ​ជា​ហូរ ហែ​ដែរ ទើប​បទ​របស់លោក​ភាគច្រើន វា​ខ្លី មួយ​បទ​មែន តែ​វា​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​វិបត្តិ​មួយ​យ៉ាង​ធំ ពី​ព្រឹត្តិការណ៍​ធំ​ណាមួយ ឬ​ពី​ដំណើរ​ជីវិត របស់​មនុស្ស​ម្នាក់​តាំងពី​ដើម​រហូត​ដល់​ចប់ ហើយ​ពោរពេញ​ដោយ​មនោ​សញ្ចោ​ត​នា​យ៉ាង​ជ្រាលជ្រៅ​ទៀតផង​។​

​    ​    ​អំពី​ចំណង់​ចំណូលចិត្ត​របស់​លោក​ស៊ិន ស៊ី​សាមុត​
​    ​លោក ស៊ិន ស៊ី​សាមុត ជា​មនុស្ស​មិន​សូវ​និយាយ​ច្រើន ហើយ​មិន​ចូល​ចិត្ត​និយាយ​លេង​ដែរ ទោះបីជា នៅ​ជាមួយ​ប្រពន្ធ​កូន​នៅក្នុង​ផ្ទះ ក៏​ដូច​ជាមួយ​មិត្តភក្តិ ឬ​អ្នកទំនាក់ ទំនង​ទាំងពួង ។ បើសិនជា​គាត់​និយាយ គឺ​និយាយ​ពីសា​ច់ការ​តែម្តង ។ ជា​សិល្បករ​អ្នកចម្រៀង​ដូចគ្នា​លោក​មាន​មិត្ត​ច្រើន ដូចជា​នៅក្នុង​ក្រុម​តន្ត្រី ព្រះ​រាជទ្រព្យ មិត្ត​ជិតស្និទ្ធ​រួម​ការងារ​តាំងពី​ដំបូង​មាន​អ្នកស្រី ម៉ៅ សារ៉េត​, អ្នកស្រី សៀង ឌី​, លោក​សុះ ម៉ាត់ ៘ ក្រោយមក​ទៀត​ក្នុង​រង្វង់​អ្នកនិពន្ធ​បទ លោក​មាន​អ្នក​ជិតស្និទ្ធ​ជាងគេ គឺ​លោក មែ​រ ប៊ុន តែ​មនុស្ស ដែល​លោក​ទុកចិត្ត​ជាងគេ ហើយ​តាម​ជិត​នឹង​លោក​ដូចជា​ស្រ មោល​អន្ទោលតាមប្រាណ គឺ​លោក ស៊ីវ សុន ។ លោក​ស៊ីវ សុន ពុំមែន​ជា​សិល្បករ​ទេ តែ​លោក​ប្រៀប​ដូច​ជា​លេខា​ផ្ទាល់​សាមុត ដូច្នេះ​ការងារ​ទំនាក់ទំនង​ធំ​-​តូច គឺ​លោក​ចេញមុខ​ដោះស្រាយ​និង​សម្រួល​ទាំងអស់ ។​

​    ​លោក​ស៊ិន ស៊ី​សាមុត ចូលចិត្ត​លេង​ល្បែង​ជល់​មាន់ ចូល​ចិត្ត​មើល​មាន់​ជល់ រហូត​ដល់​លោក​ចិញ្ចឹម មាន់​ជល់​ទុក​ក្នុងផ្ទះ ដើម្បី​ពេលទំនេ​រលោក​យក​ទៅ​សាកល្បង​កម្សាន្ត​ចិត្ត មិត្ត​ជិតស្និទ្ធ​លើ​ល្បែង​កម្សាន្ត​នេះ គឺ លោក ម៉ា ឡៅ​ពី ។ បើ​កីឡា​វិញ​លោក​តែង​លើក​អាល់ទែ​រ​រាល់ព្រឹក​ពេល​លោក​ក្រោក​ពី​សម្រាន្ត ។​
​ ក្រៅពី​ជំនក់​ចិត្ត​ក្នុង​ការអាន​សៀវភៅ​ក្នុង​ការិយាល័យ លោក​ក៏​ចូលចិត្ត​ទស្សនា​ខ្សែ ភាពយន្ត​បារាំង នៅ​រោងកុន​លុច្ស ឬ​ព្រហ្ម​បាយ័ន ចូលចិត្ត​ការសប្បាយ​ជួបជុំ​មិត្តភក្តិ​ញ៉ាំ​បបរ​ពេលយប់​ពេល​លោក​ចេញពី ច្រៀង​នៅ​រង្គសាល​នានា ។ តាម​ព័ត៌មាន​ពី​អ្នក​ជិតស្និទ្ធ​បានឱ្យដឹងថា លោក​មាន​កុងត្រា​ជាមួយ​ម្ចាស់ រង្គសាល​បី​នៅ​ភ្នំពេញ ដែល​ក្នុង​មួយ​យប់​លោក​បង្ហាញខ្លួន តែ​ពីរ​ទៅ​បី​បទ​ក៏​បាន​ដែរ ក្នុងតម្លៃ​កុងត្រា​រង្គសាល មួយ​តម្លៃ​មួយ​យប់​១.៥០០​រៀល ​(​កាល​ជំនាន់​នោះ​គុយទាវ​នៅក្នុង​ហាង​មួយ​ចាន​ តែ​៥​រៀល​) ភាគច្រើន​លោក ច្រៀង​នៅ​បារ​ក្បាលថ្នល់ បារ​នៅត្រង់​នាគ​បាញ់​ទឹក និង​បារ​នៅត្រង់​ក្រសួងមហាផ្ទៃ​បច្ចុប្បន្ន​។​

​    ​ក្នុង​ការហូបចុក​ម្ហូបអាហារ​វិញ លោក​មិន​ជា​អ្នក​រិះ​ម្ហូប​ទេ តែ​ជា​ទូទៅ​លោក​ចូលចិត្ត​ម្ហូប​ឡាវ ។ ចំពោះ​ម្ហូប​ខ្មែរ​លោក​ចូលចិត្ត​តែ​ប្រហុក ផ្អក តែ​លោក​មិន​ញ៉ាំ​ផ្ទាល់​ទេ ។ ដោយឡែក ម្ទេស ស្រា បារី ទឹកក្រូច គឺ​លោក​មិន​ពិសា ដាច់​ខាត​ទោះ​ក្នុងករណី​ណា​ក៏​ដោយ ។​
​    ​អ្នកស្រី សៀង វ៉ាន​ធី បាន​ប្រាប់ថា​លោក ស៊ិន ស៊ី​សាមុត មានចិត្ត​ទូលំទូលាយ​ចំពោះ​អ្នកចម្រៀង​ស្រករ​ក្រោយ​ណាស់ លោក​តែង​ដាស់តឿន​ក្រើនរំលឹក អំពី​ការ ថែរក្សា​ការពារ​សំឡេង​របស់​ពួកគេ ដោយ​ចិត្ត​រាប់អាន​និង​ស្មោះស្ម័គ្រ ដែល​ធ្វើឱ្យ​អ្នក​នៅ​ជិតខាង មានចិត្ត​ស្រឡាញ់​និង​ចូល ចិត្ត​លោក​គ្រប់ៗ​គ្នា ។​

​    ​    ​ជីវភាព​រស់នៅ​របស់​លោក​ស៊ិន ស៊ី​សាមុត​
​    ​ជា​រួម​អាច​និយាយបាន​ថា លោក​មាន​ជីវភាព​មធ្យម ដោយសារ​តែ​ទេពកោសល្យ​និង​ការងារ​ចម្រៀង និង​តន្ត្រី​របស់លោក​សុទ្ធសាធ គ្មាន​ចំណូល​អ្វី​មក​ពី​ក្រៅ​ទៀត​ទេ ។ លុយកាក់​របស់​លោក​ត្រូវបាន​ស្វះស្វែង​រក ដោយ​សេចក្តី​ព្យាយាម និង​សន្សំសំចៃ រហូត​ដល់​លោក​សង់​បាន​វីឡា​ធុន​មធ្យម​មួយ​នៅ​ទួល​ទំពូង ។ ដំបូង លោក​ប្រើ​រថយន្ត​ម៉ាក​វ៉ុល​វ៉ា​ហ្គែ​ន​ពណ៌​ផ្ទៃមេឃ ក្រោយមក​លោក​ដូរ​ជិះ​ម៊ែ​រ​សឺ​ដេស ២២០D ពណ៌​ខៀវ​វិញ ។ លោក​រស់នៅ​យ៉ាង​សាមញ្ញ និង​ឧស្សាហ៍​ក្នុង​មុខរបរ​របស់​លោក​ដោយ​ផ្ចិត​ផ្ចង់ ។ ក្រៅពី​ធ្វើការ​ជូន​អង្គភាព​រដ្ឋ លោក​រក​ចំណូល​បាន​យ៉ាង​ក្រាស់ក្រែល​ពី​ក្រុមហ៊ុន​ថត​ថាស​ច័ន្ទ​ឆាយា ក្រោយ​មក​ក្រុមហ៊ុន​ហេង​ហេង និង និពន្ធ​តែង​បទ​សម្រាប់​ឱ្យ​ម្ចាស់​ផលិតកម្ម​ទាំងឡាយ ដែល​ត្រូវការ​បទ​សម្រាប់​បញ្ចូល​ក្នុង​ខ្សែភាពយន្ត​ទៀតផង​។

​    ​គេ​អាច​និយាយថា ក្នុងចំណោម​អ្នកចម្រៀង​ខ្មែរ លោក​ស៊ិន ស៊ី​សាមុត រក​ចំណូល​បាន​ច្រើនជាងគេ ផលិត​និង កសាង​ស្នាដៃ​បាន​ច្រើនជាងគេ ហើយ​ជីវភាព​របស់​លោក​បាន​ត្រឹម​មួយ​គ្រប់ សម្រាប់​ការ​ស្នាក់នៅ ហូបចុក ធ្វើ​ដំណើរ​និង​ចិញ្ចឹម​គ្រួសារ​តែ ប៉ុណ្ណោះ មិន​បាន​សេសសល់​ហូរហៀរ​ដូច​អ្នក​ប្រកប​មុខរបរ​ផ្សេងៗ​ទៀតឡើយ ។ ដោយសារតែ​លោក​យល់​បែប​នេះ​ហើយ​មើលទៅ ទើបបាន​ជា​គាត់​ហាមឃាត់​កូន​ទាំងអស់​របស់​លោក​មិនឱ្យ ដើរ​តាម​ផ្លូវ​របស់​លោក​ជាដាច់ខាត ។

​    ​លោក​ស៊ិន ច័ន្ទ​ឆាយា បាន​និយាយ​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៩០​ថា ឪពុក​របស់​លោក​មិន​ឱ្យ​លោក​រៀន​ច្រៀង​ជាដាច់ខាត ដោយ​គាត់​លើក​ហេតុផល​ថា នៅ​ស្រុក​ខ្មែរ​សិល្បករ​មិនសូវ​មាន​តម្លៃ​ទេ​...​ការរកចំណូល ក៏​មិន​បាន​ខ្ពស់​។ ហេតុនេះហើយ​ទើប បានជា​គាត់​មិន​ដែល​បង្ហាត់បង្ហាញ​កូន​ពី​មុខ​ជំនាញ​នេះ​សូម្បី​តែ​បន្តិច ទោះបី​ដឹងថា​កូន​ក៏​មាន​និស្ស័យ​នេះ​ខ្លះ​ក៏ ដោយ ។​

​    ​    ​ស្នាដៃ​របស់​លោក​ស៊ិន ស៊ី​សាមុត​
​    ​បើ​លោក​និយាយ​ពី​បទ​ចម្រៀង​របស់លោក គឺ​នៅ​មិនទាន់​មាន​អ្នកណា​ធ្វើ​ស្ថិតិ​បាន​ពិតប្រាកដ​ថា លោក​ច្រៀង​ពីមុន​មក​បាន​ប៉ុន្មាន​បទ​ច្បាស់​នៅឡើយ​ទេ គេ​គ្រាន់តែ​ដឹងថា លោក​ច្រៀង​បាន​ច្រើន​ណាស់​។​
​    ​ដោយឡែក​លោក គ្រួច ប៊ុនលី អ្នក​ប្រក​ម​មុខរបរ​បោះពុម្ព​សៀវភៅ​បទ​ភ្លេង​និង​ចម្រៀង​បាន​និយាយថា កាលពី​ឆ្នាំ​១៩៧២-១៩៧៣ លោក​បាន​ចេញ​សៀវភៅ​ចម្រៀង​មួយ​ឈ្មោះ​កម្រង​អនុស្សាវរីយ៍​ចម្រៀង​៥០០​បទ ដែល​ជា​បទ​ចម្រៀង​រប​ស់លោក​ស៊ិន ស៊ី​សាមុត សុទ្ធសាធ ។ នេះ​គ្រាន់តែ​ជា​ចំណែក​បទ​ដែល​លោក ស៊ិន ស៊ី​សាមុត លក់​ឱ្យ​ក្រុមហ៊ុន​លោក និង​គិត​ត្រឹម​ឆ្នាំ​១៩៧២​ប៉ុណ្ណោះ​។ លោក​គ្រួច ប៊ុនលី បានឱ្យដឹង​ទៀត​ថា នៅ​មុន​ព្រឹត្តិការណ៍​១៩៧៥​មកដល់ លោក​ស៊ិន ស៊ី​សាមុត ធ្វើបាន​១០០​បទ​ទៀត ដែល​ពុំ​ទាន់​បាន​ផ្សព្វផ្សាយ ដោយ​ទើបតែ​ថត​រួច​។​

​    ​    ​អនុស្សាវរីយ៍​ខ្លះ​នៃ​បទ​ចម្រៀង​ របស់លោក ស៊ិន ស៊ី​សាមុត​
​    ​ព័ត៌មាន​ពី​អ្នក​ជិតស្និទ្ធ​នឹង​លោក​បាន​ឱ្យដឹងថា បទ​ចម្រៀង​របស់លោក​មួយចំនួន មាន​ទាក់ទិន​នឹង រឿងរ៉ាវ​ជីវិត​របស់​លោក​ផ្ទាល់ ដែល​លោក​បាន​ចងក្រង​សម្រាប់​រូប លោក ហើយ​បទ​មួយចំនួន ក៏​ជា​សាច់​រឿង​រប​ស់មិត​ភក្តិ​របស់លោក ដែល​បាន​ស្នើសុំ​ឱ្យ​លោក​ជួយ​ធ្វើ​បទ​សម្រាប់​ជា​អនុស្សាវរីយ៍​របស់​ជីវិត​ ដែរ ។
​    ​យើង​អាច​ស្រាវជ្រាវ​បាន​បទ​ខ្លះ​ដូចជា​បទ  “​ឧត្តម​ដួងចិត្ត​” លោក​ឆាយា​ជា​កូន​បាន​ អះអាង​ថា ជា​បទ​អនុស្សាវរីយ៍ យ៉ាង​ជ្រាលជ្រៅ​របស់​ឪពុក​លោក​និង​ម្តាយ​របស់​លោក ក្នុង​រយៈពេល​ដែល​លោក​ទាំង​ពីរ​មាន​ទំនាស់​នឹង​គ្នា ហើយ​ម្តាយ​លោក បាន​ចុះចោល​លោក​ក្នុង​រយៈពេល​យ៉ាងយូរ​ធ្វើឱ្យ​លោក​តែង​បទ​ចម្រៀង​នេះ​ឡើង ក្នុង​បំណង​បង្ហាញ​ពី​ចិត្ត​ដែល​ពោរពេញ​ដោយ​វិប្បដិសារី​របស់លោក ។​

​     ​បទ “​អូន​ជា​ទេវី​ដួងចិត្ត​” ជា ​បទ​ដែល​រៀបរាប់​ពី​ការស្រឡាញ់​របស់លោក ចំពោះ​នារី​ម្នាក់​ដែល មាន​ឋានៈ​ខ្ពស់​ឆា្ងយ​ពី​លោក ហើយ​លោក​បាន​រក្សា​យ៉ាង​សមា្ង​ត់​ក្នុង​ដួងចិត្ត ។​
​    ​បទ “​មិនបាច់​រ៉ាយរ៉ាប់​ប្រាប់​ទៀត​ទេ​” ជា ​បទ​ចម្លង​ក្លាយ​ពី​បទ​អន្តរជាតិ តែ​លោក​ក៏​ចង់​សំដៅ​ដល់​នារី​ម្នាក់ ដែល​បាន​រួមរស់​ជាមួយ​លោក​មួយ​រយៈពេល ហើយ​បាន​បែក​ទៅ​ដោយសារ​ខ្វះ​ភក្តីភាព​នឹង​លោក ។​

​    ​បទ “​ស្លឹក​ឈើ​” ជា​បទ​របស់​លោក​ ឧត្តមសេនីយ៍ សាក់ ស៊ុត​សា​ខន តែ​ជា​បទ​ដែល​លោក ស៊ិន ស៊ី​សាមុត បាន​ល្បីឈ្មោះ​ស្មើ​នឹង​បទ “​សំរោង​ចុងកាល់​” របស់លោក ហាស់ សាឡ​ន ដែរ ។​
​     ​បទ “​ចាំ​ជួប​រាល់ថៃ្ង​លិច​” ជា​បទ​ដែល​តែង​ដោយ​លោក វ៉ោ​យ ហូរ កំពុងតែ​តាម​ស្រឡាញ់​នាង​តារា ចោម​ច័ន្ទ ។ តែ​បទ​នេះ​សំឡេង​ម៉ុង​ដូលីន​ក្បាលបទ គឺជា​ស្នាដៃ​របស់​លោក ស៊ិន ស៊ី​សាមុត ដេញ​ដោយ​ខ្លួន​លោក​ផ្ទាល់ មុននឹង​ចាប់ផ្តើម​វគ្គ​ទី​មួយ ។​

​    ​បទ “​ចម្រៀង​ឥត​ព្រាងទុក​” គឺជា​អនុស្សាវរីយ៍​របស់លោក ពៅ ស៊ីផូ ជា​មិត្ត​របស់លោក​ពេល​ជួប​ស្រី ម្នាក់​នៅក្នុង​រង្គសាល​ដោយ​ចៃដន្យ​។​បទ​នេះ​ត្រូវបាន​លោក​យក​ទៅ​កសាង​ជា​ ខ្សែភាពយន្ត​មានឈ្មោះ​ថា “​ចម្រៀង​ឥត​ព្រាងទុក​” ដែល​សម្តែង​ដោយ​លោក ជា យុទ្ធ​ថន , អ្នកស្រី វីជ្ជ​រ៉ា​ដានី , អ្នកស្រី រស់ សេរី​សុទ្ធា ផលិត​ដោយ​ខ្លួន​លោក ស៊ិន ស៊ី​សាមុត ផ្ទាល់ និង​បាន​បញ្ចាំង​នៅ​រោង​ភាពយន្ត​ហេម​ជាតិ ។​
​    ​បទ “​ពេល​រាត្រី​” ដែល​ជា​ស្នា​ព្រះ​ហ​ស្ថ​សម្តេច​ ព្រះ​បិតា​ឯករាជ្យ​ជាតិ គឺ​លោក ស៊ិន ស៊ី​សាមុត បាន ច្រៀង​រួមជាមួយ​អ្នកចម្រៀង កែវ សេដ្ឋា ។     ​

ពេលដែល​លោក​ចេញ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង និង ហុងកុង លោក​បាន​នាំ​ត្រឡប់​មកវិញ​នូវ​បទ​ចម្រៀង​អនុស្សាវរីយ៍​ចំនួន​២៥​បទ ដូចជា​បទ “​ស្តាប់​ស្នូរ​ទឹកភ្លៀង​”, បទ​“​លា​ហើយ​ប៉ារីស​”, បទ​“​អង់​តូ​នី​ញ៉ែ​តា​”, បទ​“​ម៉ា​រី​ណា​”, បទ​“​ម៉ាន់​ដេ​”, បទ​“​វី​យ៉ូ​ឡែ​ត្តា​”, បទ​“​រាត្រី​នៅ​ហុងកុង​” ជាដើម ៘ មានន័យ​ថា ទោះ​លោក​ទៅដល់​ទីណា នៅក្នុង​ប្រទេស​ណា​ក្តី គឺ​តែង​មាន អនុស្សារ​វីយ៍​នាំ​មក​ជាមួយ​ជានិច្ច ។​

​    ​    ​លោក ស៊ិន ស៊ី​សាមុត ស្លាប់​នៅ​ឯណា ?
​    ​បន្ទាប់​ពី​រដ្ឋប្រហារ​ថៃ្ង​ទី​១៨​មីនា​នៅ​ឆ្នាំ​១៩៧០ លោក ស៊ិន ស៊ី​សាមុត ត្រូវបាន​រំសាយ​ពី​វង់​តន្ត្រី ព្រះ​រាជទ្រព្យ ទៅ​ចូលរួម​បម្រើ​ក្នុង​ក្រុម​តន្ត្រី​យោធា​នៃ​ការិយាល័យ​ទី​៥ នៃ​អគ្គសេនាធិការ​កងទ័ព​ជាតិ​សាធារណរដ្ឋ​ខ្មែរ ។ ចូល​បម្រើ​ការងារ​នៅ​ការិយាល័យ​ទី​៥ ប្រហែល​បាន​មួយ​ឆ្នាំ​ប៉ុណ្ណោះ លោក​បាន​ចេញពី​ក្រុម​តន្ត្រី នេះ ទៅ​ចូល​ក្រុម​តន្ត្រី​យោធា​ដដែល ​(R.E.K) ​ដោយ​មាន​ឋានន្តរស័ក្តិ​ជា​ អនុសេនីយ៍ទោ ។​នៅ​ពេល​ជិត​បញ្ចប់​នៃ​របប​សាធារណរដ្ឋ​ខ្មែរ លោក ស៊ិន ស៊ី​សាមុត បាន​ឡើង​ឋានន្តរស័ក្តិ​ជា​អនុសេនីយ៍ឯក ។​
​    ​ឆ្នាំ​១៩៧៥ លោក​ស៊ិន ស៊ី​សាមុត ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ដែរ ត្រូវ​ពួក​ខ្មែរក្រហម​ជម្លៀស ចេញពី​ក្រុងភ្នំពេញ លោក​បាន​ធ្វើដំណើរ​ទៅ​ជាមួយ​ភរិយា​ទី​២​របស់លោក ដែលជា​អ្នក​រាំ​របាំ​ល្ខោន​ហ្លួង​ទៅ​តាម​ផ្លូវជាតិ​លេខ​១ ឯ​ភរិយា​ដើម​របស់​លោក​និង​កូនៗ ធ្វើដំណើរ​តាម​ផ្លូវ​តាខ្មៅ​សំដៅទៅ​ស្អាង​ព្រែក​តូច ។​

​    ​តាម​សម្តី​អ្នកស្រី សៀង វ៉ាន់​ធី បានឱ្យដឹងថា ពួកគេ​បាន​ទៅ​ជួបជុំគ្នា​ត្រឹម​វត្ត​ចម្ប៉ា​តាម​ផ្លូវជាតិ​លេខ​១ មាន​លោក ហាស សាឡ​ន​, លោក ប៉ិច សា​លឿន​, នាង​វិជ្ជ​រ៉ា​ដានី ជា​តារាភាពយន្ត ។ បងប្អូន​របស់​លោក​បាន​បបួល​លោក​ឱ្យ​បន្តដំណើរ​ទៅ​តំបន់​២២​ដែរ តែ​លោក​មិន​ព្រម ដោយសារ​ពេលនោះ​ភរិយា​លោក​គ្រប់​ខែ​ឆ្លងទន្លេ​កូន​ទី​២​របស់លោក ។​
​លា្ងច​មួយលោក​បាន​បបួល​លោក ហាស សាឡ​ន ឱ្យ​វិល​ចូល​ភ្នំពេញ​បម្រើ​ការងារ​តាម​សេចក្តី​អំពាវ នាវ​របស់​រដ្ឋអំណាច​ខ្មែរក្រហម​។ ពេលនោះ លោក ហាស សាឡ​ន មិន​ឯកភាព​ចំពោះ​ការ​បបួល​នេះ​ទេ តែ​ជំនោរ​ចិត្ត​របស់​លោក ស៊ិន ស៊ី​សាមុត ពេលនោះ លោក​ដូចជា​សម្រេចចិត្តថា វិល​ចូល​ភ្នំពេញ​វិញ​ដោយ​យោង​លើ​សុខភាព និង​ស្ថាន ភាព​ត្រូវ​ឆ្លង​ទន្លេ​របស់​ភរិយា លោក ដែល​មិន​អាច​បន្ត​ដំណើរ​បន្តទៅ​ទៀត​បាន ។​

​    ​ព័ត៌មាន​ដែល​យើង​បាន​ទទួល​គឺ​មាន​សាក្សី​ដល់​ត្រឹម​នេះ ដូច្នេះ​មិន​មាន​អ្នកណា​ម្នាក់​អះអាង​ថា បានឃើញ​ឬ​ដឹងថា គេ​យក​លោក​ទៅ​សម្លាប់​នៅទីណា​ឱ្យ​ពិតប្រាកដ​ទេ តែ​ពួកគេ​សន្និដ្ឋានថា លោក​ប្រហែល​ជា​ត្រូវ ពួក​ខ្មែរក្រហម​សម្លាប់​នៅ​ក្នុង​ចន្លោះ​ផ្លូវ​ពី​វត្ត​ចម្ប៉ា​ចូលមក​ ភ្នំពេញ​វិញ ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

No comments:

Post a Comment