
ជំនួបមន្ត្រីយោធាកម្ពុជា ជប៉ុនលើកទីមួយនេះ បានប្រព្រឹត្តិទៅនៅក្រសួងការបរទេសកម្ពុជានៅក្នុងសប្តាហ៍នេះ។ កិច្ចប្រជុំនេះដឹកនាំដោយលោកហោ សុធន អគ្គលេខាធិការក្រសួងការបរទេស ។ នៅក្នុងកិច្ចប្រជុំនោះ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ភាគីទាំង២បានជជែកគ្នាអំពីប្រធានបទធំៗសំខាន់ទាក់ទងនឹងសន្តិសុខអន្តរជាតិ។ ក្នុងនោះរួមមាន តួនាទីរបស់ប្រទេសមហាអំណាចនៅក្នុងតំបន់ ប្រទេសមហាអំណាចនោះគឺសំដៅលើសហរដ្ឋអាមេរិក ចិន ជប៉ុន ឥណ្ឌាជាដើម។ បន្ទាប់មកគឺការពិភាក្សាអំពីបញ្ហាប្រឈមថ្មីៗផ្នែកសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអំពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខក្នុងក្របខណ្ឌពហុភាគី។ កិច្ចសហប្រតិបត្តិការសន្តិសុខពហុភាគីនេះ គឺសំដៅការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ជំនួយមនុស្សធម៌ ការជួយជនរងគ្រោះពីគ្រោះថ្នាក់ធម្មជាតិ និងការប្រយុទ្ធប្រឆាំងអាវុធប្រល័យលោកជាដើម។

កន្លងមកមានប្រទេសធំៗមួយចំនួនដូចជាអាមេរិក បារាំង អូស្រ្តាលី ចិនដែលសុទ្ធសឹងជាប្រទេសដែលបានប្រកាសផ្តល់ជំនួយយោធាជាសម្ភារៈ និងបច្ចេកទេសជាបន្តបន្ទាប់មកអោយកម្ពុជា។ កប៉ាល់ទ័ពជើងទឹករបស់ប្រទេសទាំងនេះ ក៏ធ្លាប់បានចូលចតនៅកម្ពុជាជាហូរហែរមកដែរ។
មែនទែនទៅការជួបគ្នារវាងប្រតិភូមន្ត្រីយោធាទាំងពីរប្រទេសនៅពេលនេះ ក៏ជាឱកាសសម្រាប់ប្រទេសទាំងពីរជជែកគ្នាអំពីលទ្ធភាពនៃការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកយោធា។ នេះបើតាមការអត្ថាធិប្បាយរបស់លោកឧត្តមសេនីយឯកឈុំ សុជាតិ ដែលជាអ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជា។ លោក ឈុំ សុជាតិបានប្រាប់អោយដឹងថាកន្លងមកជំនួយរបស់ប្រទេសជប៉ុនក្នុងផ្នែកយោធាមិនសូវមានច្រើនឡើយ។ គឺមានខ្លះៗទេ តាមរយៈការបញ្ជូនមន្ត្រីយោធាកម្ពុជាទៅទទួលការបណ្តុះបណ្តាលនៅប្រទេសជប៉ុន។ ដូច្នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ គឺថាជំនួបលើកនេះ ក៏អាចអោយភាគីជប៉ុនស្វែងយល់ពីស្ថានភាពយោធាកម្ពុជាផងដែរ។ថ្វីត្បិតតែជំនួយផ្នែកយោធារបស់ជប៉ុនមិនសូវមាននៅកម្ពុជា ប៉ុន្តែបើនិយាយអំពីជំនួយអភិវឌ្ឍន៍វិញ ប្រទេសជប៉ុនគឺជាប្រទេសអ្នកផ្តល់ធំជាងគេនៅកម្ពុជា។
(ដកស្រង់ចេញពីគេហទំព័រ RFI ខេមរភាសា)
No comments:
Post a Comment